លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រពីគណៈអភិបាល

សំបុត្រពីគណៈអភិបាល

ជូន​ចំពោះ​បង​ប្អូន​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា:

នៅ​ឆ្នាំ​១៩៧១ បង​ប្អូន​បាន​ចូល​រួម​សន្និបាត​តាម​តំបន់ ដែល​មាន​ប្រធាន​ថា​«​នាម​របស់​ព្រះ​»​ ពួក​គាត់​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ទទួល​បាន​សៀវភៅ​ថ្មី​ៗ។ ពួក​គាត់​រៀប​រាប់​ពី​សៀវភៅ​ទាំង​នោះ​ថា​«​គឺ​ហួស​ពី​ការ​នឹក​ស្មាន​»។ ស្ដី​អំ​ពី​សៀវភៅ​មួយ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖ ​«​នេះ​គឺ​ជា​សៀ​ភៅ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត ដែល​រៀប​រាប់​អំ​ពី​ព្រឹត្តិ​ការណ៍​នៅ​ថ្ងៃ​ខាង​មុខ​»។ តើ​គាត់​ចង់​សំដៅ​ទៅ​លើ​សៀវភៅ​មួយ​ណា? គឺ​ជា​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​តើ​តាម​របៀប​ណា​«​គ្រប់​ទាំង​សាសន៍​នឹង​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា​»​? ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​សៀវភៅ​នោះ​ធ្វើ​ឲ្យ​រំភើប​ចិត្ត? ពីព្រោះ​សៀវភៅ​នោះ​មាន​ការ​ពន្យល់​ថ្មី​បំផុត​អំ​ពី​ទំនាយ​ផ្សេង​ៗ​ក្នុង​សៀវភៅ​អេសេគាល ពោល​គឺ​ទំនាយ​ដែល​ទាក់​ទង​នឹង​អនាគត​របស់​មនុស្សជាតិ​ទាំង​អស់។

ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​ចេញ​សៀវភៅ​‹ដឹង​ថា​យេហូវ៉ា› រាស្ត្រ​របស់​ព្រះ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស គឺ​ចាប់​ពី​ប្រមាណ​១.៥០០.០០០​នាក់ រហូត​ដល់​ជាង​៨.០០០.០០០​នាក់។ (​អេ. ៦០:២២​) អ្នក​បម្រើ​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​ទាំង​នេះ និយាយ​ភាសា​ផ្សេង​ៗ​ពី​គ្នា​ជាង​៩០០​ភាសា។ (​សាក. ៨:២៣​) អ្នក​បម្រើ​ព្រះ​ជា​ច្រើន​នាក់​មិន​ដែល​មាន​ឱកាស​សិក្សា​សៀវភៅ​ដែល​ពន្យល់​យ៉ាង​ល្អិត​ល្អន់​អំ​ពី​ទំនាយ​អេសេគាល ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​កត់​ទុក​ទេ។

បន្ថែម​ទៅ​ទៀត អស់​ច្រើន​ទសវត្សរ៍​តាំង​ពី​ឆ្នាំ​១៩៧១ យើង​យល់​ដឹង​កាន់​តែ​ច្បាស់​នូវ​សេចក្ដី​ពិត​ជា​ច្រើន​ក្នុង​គម្ពីរ កាល​ដែល​ពន្លឺ​នៃ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង​ៗ។ (​សុភ. ៤:១៨​) នៅ​ឆ្នាំ​១៩៨៥ យើង​ចាប់​ផ្ដើម​ឃើញ​ច្បាស់​អំពី​របៀប​ដែល​ចៀម​ឯ​ទៀត បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​និង​ជា​សម្លាញ់​របស់​ព្រះ។ (​យ៉ូន. ១០:១៦; រ៉ូម ៥:១៨; យ៉ា. ២:២៣​) ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៥ ជា​លើក​ទី​១​យើង​បាន​យល់​ថា​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ទៅ​លើ​«​ចៀម​»​និង​«​ពពែ​»​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​នា​ពេល​ខាង​មុខ។ (​ម៉ាថ. ២៤:២១; ២៥:៣១, ៣២​) ការ​យល់​ដឹង​ថ្មី​នេះ ក៏​បាន​ជួយ​យើង​ឲ្យ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​ក្នុង​សៀវភៅ​អេសេគាល​ដែរ។

​«​កូន​មនុស្ស​អើយ! ចូរ​មើល​ឲ្យ​ហ្មត់​ចត់ ហើយ​ផ្ទៀង​ស្ដាប់ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បង្ហាញ​អ្នក ព្រោះ​នេះ​ជា​មូលហេតុ​ដែល​អ្នក​បាន​ត្រូវ​នាំ​មក​ទី​នេះ​»។—អេសេគាល ៤០:៤

ថ្មី​ៗ​នេះ ពន្លឺ​នៃ​សេ​ច​ក្ដី​ពិត​បន្ត​ភ្លឺ​ឡើង​ៗ។ សូម​ពិចារណា​មេ​រៀន​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ។ ឥឡូវ​យើង​យល់​កាន់​តែ​ច្បាស់​អំ​ពី​មេ​រៀន​ជា​ច្រើន​ទាំង​នោះ ហើយ​មេ​រៀន​នោះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។ ឧទាហរណ៍​មួយ​ចំនួន​របស់​លោក​យេស៊ូ សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ស្រដៀង​គ្នា​ដែរ ការ​យល់​ដឹង​អំ​ពី​ទំនាយ​មួយ​ចំនួន​ក្នុង​សៀវភៅ​អេសេគាល​បាន​ត្រូវ​កែ​តម្រូវ។ ក្នុង​ចំណោម​នោះ​មាន​ទំនាយ​អំ​ពី​កូក​នៃ​ស្រុក​ម៉ាកូក (​ជំពូក​ទី​៣៨​និង​៣៩​) កិច្ច​ការ​របស់​បុរស​ដែល​មាន​ប្រដាប់​ប្រដា​សរសេរ​របស់​លេខាធិការ (​ជំពូក​ទី​៩​) និង​ជ្រលង​ដែល​ពេញ​ទៅ​ដោយ​ឆ្អឹង​ស្ងួត ព្រម​ទាំង​ការ​ភ្ជាប់​ឈើ​ពីរ​ចូល​គ្នា (​ជំពូក​ទី​៣៧​)។ ការ​កែ​តម្រូវ​ទាំង​នេះ នាំ​ឲ្យ​យើង​កែ​ជា​ថ្មី​នូវ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ជា​ច្រើន​ឆ្នាំ​មុន​ក្នុង​សៀវភៅ​‹ដឹង​ថា​យេហូវ៉ា›។

ហេតុ​នេះ អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​សួរ​ថា​«​តើ​ពេល​ណា​យើង​នឹង​ទទួល​សៀវភៅ​ដែល​មាន​ការ​ពន្យល់​ថ្មី​អំ​ពី​ទំនាយ​ក្នុង​សៀវភៅ​អេសេគាល?​»។ ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ហើយ! កាល​ដែល​អ្នក​អាន​ពី​ជំពូក​ទី​១​ដល់​ជំពូក​ទី​២២ និង​រំពឹង​គិត​អំពី​រូប​ភាព​ស្អាត​ៗ​នៅ​ក្នុង​សៀវភៅ​នេះ អ្នក​នឹង​កោត​ស្ងើច​ចំពោះ​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រៀបចំ​សៀវភៅ​នេះ​ឡើង។ យើង​បាន​អធិដ្ឋាន​និង​រំពឹង​គិត​យ៉ាង​ច្រើន ដើម្បី​ស្វែង​យល់​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​សៀវភៅ​អេសេគាល​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។ យើង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​សំណួរ​ដូច​ត​ទៅ​៖ តើ​សៀវភៅ​អេសេគាល​ផ្ដល់​មេ​រៀន​អ្វី​ខ្លះ​ដល់​អ្នក​ដែល​រស់​នៅ​សម័យ​អេសេគាល និង​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ? តើ​ទំនាយ​មួយ​ណា​រៀប​រាប់​អំ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត? តើ​យើង​គួរ​ស្វែង​រក​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ​ក្នុង​ទំនាយ​អេសេគាល​ដែរ​ឬ​ទេ? ចម្លើយ​នៃ​សំណួរ​ទាំង​នេះ​ផ្ដល់​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថែម​ទៀត​ក្នុង​សៀវភៅ​អេសេគាល​ដែល​យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​អាន។

កាល​ដែល​អ្នក​អាន​សៀវភៅ​អេសេគាល​ពី​ដើម​ដល់​ចប់ អ្នក​ច្បាស់​ជា​កោត​ស្ងើច​យ៉ាង​ខ្លាំង​ចំពោះ​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ស្ថាន​សួគ៌។ អ្នក​ក៏​នឹង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​តម្រូវ​ពី​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​និង​មនុស្ស​នៅ​ផែនដី​ដែល​ចង់​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​អំណរ​គុណ​ថែម​ទៀត​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​រាស្ត្រ​លោក និង​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា​សៀវភៅ​នេះ​លើក​បញ្ជាក់​គោល​ចំណុច​ពីរ​ម្ដង​ហើយ​ម្ដង​ទៀត។ ទី​១ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង​ត្រូវ​ស្គាល់​លោក ហើយ​ទទួល​ស្គាល់​ថា​លោក​ជា​មហា​ក្សត្រ​សកល​លោក​ទាំង​មូល។ ទី​២ យើង​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត ហើយ​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។

យើង​សង្ឃឹម​យ៉ាង​អស់​ពី​ចិត្ត​ថា​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​តាំង​ចិត្ត​យ៉ាង​ខ្លាំង ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លើក​កិត្តិយស​ដល់​នាម​ដ៏​ឧត្តុង្គ​ឧត្តម​និង​បរិសុទ្ធ​របស់​លោក។ នៅ​ដំណាល​គ្នា​នោះ សូម​ឲ្យ​សៀវភៅ​នេះ​លើក​ទឹក​ចិត្ត​អ្នក​បន្ត​រង់​ចាំ​គ្រា​ដែល​ប្រជា​ជាតិ​ទាំង​អស់​នឹង​ដឹង​ច្បាស់​ថា​គឺ​លោក​ហើយ​ជា​យេហូវ៉ា។—អេគ. ៣៦:២៣; ៣៨:២៣

សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ឲ្យ​ពរ​អ្នក​យ៉ាង​បរិបូរ កាល​ដែល​អ្នក​ខំ​ស្វែង​យល់​អំ​ពី​សៀវភៅ​ដែល​លោក​ដឹក​នាំ​អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​សរសេរ។

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)