លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៤

តើអ្នកណាជា«បុគ្គលវិញ្ញាណដែលមានមុខបួន»?

តើអ្នកណាជា«បុគ្គលវិញ្ញាណដែលមានមុខបួន»?

អេសេគាល ១:១៥

គោល​ចំណុច: ពួក​បុគ្គល​វិញ្ញាណ​និង​អ្វី​ដែល​យើង​អាច​រៀន​ពី​ពួក​គេ

១, ២. ហេតុ​អ្វី​ពេល​ខ្លះ​ព្រះ​យេហូវ៉ា​ប្រើ​រូប​ភាព​ដើម្បី​ពន្យល់​សេចក្ដី​ពិត​ដល់​អ្នក​បម្រើ​របស់​លោក​នៅ​ផែនដី?

សូម​ស្រមៃ​គិត​អំពី​ក្រុម​គ្រួសារ​មួយ​ដែល​មាន​កូន​តូច​ៗ កំពុង​អង្គុយ​ជុំ​គ្នា​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ។ ដើម្បី​ជួយ​កូន​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ ឪពុក​បាន​បង្ហាញ​គំនូរ​ខ្លះ​ដល់​ពួក​គេ។ បន្ទាប់​មក កូន​ៗ​ញញឹម ហើយ​ឆ្លើយ​ដោយ​រំភើប។ នេះ​បង្ហាញ​ថា​ការ​បង្រៀន​របស់​ឪពុក​មាន​ប្រសិទ្ធិ​ភាព។ ដោយ​ប្រើ​គំនូរ​ឬ​រូប​ភាព គាត់​បាន​ជួយ​កូន​ឲ្យ​យល់​សេចក្ដី​បង្រៀន​អំពី​ព្រះ​យេហូវ៉ា ជា​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​ដែល​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​ពួក​គេ។

ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ប្រើ​រូប​ភាព​ដើម្បី​បង្រៀន​មនុស្ស​ដែល​ជា​កូន​របស់​លោក ឲ្យ​យល់​អំពី​អ្វី​ពិត​ដែល​មើល​មិន​ឃើញ​និង​ជា​អ្វី​ដែល​ពួក​គេ​ពិបាក​យល់ បើ​គ្មាន​ជំនួយ​ពី​លោក។ ជា​ឧទាហរណ៍ ដើម្បី​ពន្យល់​សេចក្ដី​ពិត​ជ្រាល​ជ្រៅ​អំពី​លោក ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អេសេគាល​ឃើញ​ក្នុង​គំនិត​នូវ​រូប​ភាព​ដ៏​រស់​រវើក។ នៅ​ជំពូក​មុន​ក្នុង​សៀវភៅ​នេះ យើង​បាន​ពិចារណា​នូវ​រូប​ភាព​មួយ​រួច​ហើយ។ ឥឡូវ​សូម​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្នែក​មួយ​នៃ​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​នោះ ហើយ​ការ​យល់​អត្ថន័យ​អំពី​ផ្នែក​នោះ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។

«​ខ្ញុំ​មើល​ទៅ . . . ដូច​ជា​បុគ្គល​វិញ្ញាណ​បួន​រួប​»​

៣. ​(​ក​) យោង​ទៅ​តាម​អេសេគាល ១:៤, ៥ តើ​អេសេគាល​បាន​ឃើញ​អ្វី​ក្នុង​គំនិត? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ស្ដី​អំពី​របៀប​ដែល​អេសេគាល​កត់​ទុក​ការ​ពណ៌នា​របស់​គាត់ តើ​អ្នក​បាន​កត់​សម្គាល់​អ្វី​ខ្លះ?

សូម​អាន អេសេគាល ១:៤, ៥អេសេគាល​បាន​រៀប​រាប់​អំពី​អ្វី​ដែល​«​មើល​ទៅ​ដូច​ជា​បុគ្គល​វិញ្ញាណ​បួន​រូប​»​ ដែល​មាន​រូប​រាង​ដូច​ជា​ទេវតា មនុស្ស និង​សត្វ។ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​អេសេគាល​បាន​កត់​ទុក​អំពី​ការ​ពណ៌នា​របស់​គាត់​យ៉ាង​ល្អិត​ល្អន់​ថា គាត់​ឃើញ​អ្វី​ដែល​«​មើល​ទៅ​ដូច​ជា​»​បុគ្គល​វិញ្ញាណ។ ពេល​ដែល​អ្នក​អាន​ការ​បើក​បង្ហាញ​ទាំង​មូល​ដែល​មាន​ក្នុង​សៀវភៅ​អេសេគាល​ជំពូក​ទី​១ អ្នក​នឹង​ឃើញ​ថា​អេសេគាល​ប្រើ​ពាក្យ​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត ដូច​ជា​«​មើល​ទៅ​ដូច​ជា​»​ ​«​មាន​ទ្រង់​ទ្រាយ​ដូច​ជា​»។ (​អេគ. ១:១៣, ២៤, ២៦​) នេះ​បញ្ជាក់​ថា​អេសេគាល​ទទួល​ស្គាល់​ថា​គាត់​គ្រាន់​តែ​ឃើញ​រូប​ភាព ឬ​អ្វី​ដែល​ស្រដៀង​នឹង​អ្វី​ពិត​ប្រាកដ​ដែល​មើល​មិន​ឃើញ​នៅ​ស្ថាន​សួគ៌។

៤. ​(​ក​) តើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អេសេគាល? (​ខ​) តើ​អេសេគាល​ច្បាស់​ជា​ដឹង​អ្វី​ខ្លះ​អំពី​ចេរូប៊ីន?

អ្វី​ដែល​អេសេគាល​ឃើញ​និង​ឮ​ក្នុង​ការ​បើក​បង្ហាញ​នោះ ច្បាស់​ជា​ធ្វើ​ឲ្យ​គាត់​កោត​ស្ងើច​ណាស់។ បុគ្គល​វិញ្ញាណ​ទាំង​បួន​រូប​នោះ​មាន​សណ្ឋាន​ដូច​ជា​«​រងើក​ភ្លើង​កំពុង​ឆេះ​»។ ពួក​គេ​មាន​ចលនា​យ៉ាង​លឿន​ដូច​ជា​«​ផ្លេក​បន្ទោរ​»។ សន្ធឹក​ស្លាប​របស់​ពួក​គេ​«​ដូច​ជា​សូរ​សន្ធឹក​ទឹក​បក់​បោក​»​ ហើយ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​«​ឮ​សូរ​ដូច​ជា​កង​ទ័ព​»។ (​អេ​គ. ១:១៣, ១៤, ២៤​-​២៨; សូម​មើល​ប្រអប់​«​ខ្ញុំ​កំពុង​មើល​បុគ្គល​វិញ្ញាណ​»​)។ ក្នុង​ការ​បើក​បង្ហាញ​ក្រោយ​មក អេសេគាល​បញ្ជាក់​ថា​បុគ្គល​វិញ្ញាណ​ទាំង​បួន​រូប​នោះ​ជា​«​ចេរូប៊ីន​»​ឬ​ទេវតា​ដ៏​ខ្លាំង​ក្លា។ (​អេ​គ. ១០:២​) ដោយ​សារ​អេសេគាល​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ជា​សង្ឃ គាត់​ច្បាស់​ជា​ដឹង​ថា​ចេរូប៊ីន​ទាក់​ទង​នឹង​វត្តមាន​របស់​ព្រះ ហើយ​ពួក​គេ​មាន​ភារកិច្ច​បម្រើ​លោក។—១​ប្រ. ២៨:១៨; ចសព. ១៨:១០

​«​បុគ្គល​មួយ​រូប​ៗ​មាន​មុខ​បួន​»​

៥. ​(​ក​) តើ​តាម​របៀប​ណា​ចេរូប៊ីន​និង​មុខ​ទាំង​បួន​របស់​ពួក​គេ ឆ្លុះ​បញ្ចាំង​អំពី​ភាព​អស្ចារ្យ​នៃ​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ រំលឹក​យើង​អំពី​អត្ថន័យ​នៃ​នាម​របស់​ព្រះ? (​សូម​មើល​កំណត់​សម្គាល់​)

សូម​អាន អេសេគាល ១:៦, ១០អេសេគាល​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ចេរូប៊ីន​មួយ​រូប​ៗ​មាន​មុខ​បួន គឺ​មុខ​មនុស្ស មុខ​តោ មុខ​គោ និង​មុខ​ឥន្ទ្រី។ ការ​ឃើញ​មុខ​ទាំង​បួន​នោះ​ច្បាស់​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អេសេគាល ស្ដី​អំពី​ភាព​អស្ចារ្យ​នៃ​សិរី​រុង​រឿង​និង​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​មុខ​នីមួយ​ៗ​ជា​ការ​បង្កើត​ដែល​តំណាង​ភាព​អស្ចារ្យ កម្លាំង និង​ថាមពល។ តោ​ជា​សត្វ​ព្រៃ​ដ៏​អស្ចារ្យ គោ​ជា​សត្វ​ស្រុក​ដ៏​ខ្លាំង​ក្លា ឥន្ទ្រី​ជា​សត្វ​ស្លាប​ដ៏​ពូកែ និង​មនុស្ស​ជា​ការ​បង្កើត​ដ៏​ស្ញប់​ស្ញែង​នៅ​ផែនដី​ដែល​មាន​អំណាច​លើ​ការ​បង្កើត​ទាំង​អស់។ (​ចសព. ៨:៤​-​៦​) យ៉ាង​ណា​ក្ដី ក្នុង​ការ​បើក​បង្ហាញ​នេះ អេសេគាល​បាន​ឃើញ​ការ​បង្កើត​ដ៏​អស្ចារ្យ​ទាំង​បួន​ដែល​តំណាង​ឲ្យ​មុខ​ទាំង​បួន​របស់​ចេរូប៊ីន ដែល​ស្ថិត​នៅ​ក្រោម​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ជា​មហា​ក្សត្រ​ដ៏​ឧត្តម​បំផុត​នៅ​លើ​សកល​លោក។ ការ​ពណ៌នា​នេះ​គឺ​សម​ត្រឹម​ត្រូវ​មែន​ដើម្បី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ប្រើ​អ្វី​ដែល​លោក​បាន​បង្កើត​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក! * ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ប្រកាស​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​រុង​រឿង​ថ្កុំ​ថ្កើង​លើ​ផែនដី​និង​សួគ៌ា​»។—ចសព. ១៤៨:១៣

តើ​បុគ្គល​វិញ្ញាណ​ទាំង​បួន​រូប​និង​មុខ​បួន​របស់​ពួក​គេ បង្ហាញ​អ្វី​ខ្លះ​អំពី​កម្លាំង សិរី​រុង​រឿង និង​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា? (សូម​មើល​វគ្គ​៥, ១៣)

៦. តើ​អ្វី​ទំនង​ជា​បាន​ជួយ​អេសេគាល​ឲ្យ​យល់​ថែម​ទៀត​អំពី​អ្វី​ដែល​មុខ​ទាំង​បួន​តំណាង?

អស់​មួយ​រយៈ​ពេល​កន្លង​ទៅ និង​ក្រោយ​ពី​អេសេគាល​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត គាត់​ប្រហែល​ជា​ចាំ​ថា​អ្នក​បម្រើ​ព្រះ​ដែល​រស់​នៅ​មុន​គាត់ ពួក​គេ​ក៏​ធ្លាប់​ប្រើ​សត្វ​ក្នុង​ការ​ប្រៀប​ធៀប​ដែរ។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​ប្រៀប​ប្រដូច​យូដា​កូន​ប្រុស​របស់​គាត់​ទៅ​នឹង​តោ ហើយ​ប្រៀប​ប្រដូច​បេនយ៉ាមីន​ទៅ​នឹង​ឆ្កែ​ចចក។ (​ដក. ៤៩:៩, ២៧​) ហេតុ​អ្វី? ពីព្រោះ​សត្វ​តោ​និង​ឆ្កែ​ចចក​តំណាង​ឲ្យ​គុណ​សម្បត្តិ​ដែល​លេច​ធ្លោ​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គាត់។ ដូច្នេះ ដោយ​គិត​អំពី​គំរូ​បែប​នេះ​ដែល​ព្រះ​បាន​ដឹក​នាំ​ម៉ូសេ​ឲ្យ​សរសេរ អេសេគាល​ប្រហែល​ជា​សន្និដ្ឋាន​ថា​មុខ​ទាំង​បួន​របស់​ចេរូប៊ីន​ទាំង​នោះ​ក៏​តំណាង​ឲ្យ​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ដែរ។ ប៉ុន្តែ តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ?

គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ស្ថាន​សួគ៌

៧, ៨. ជា​ញឹក​ញយ តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ​តំណាង​ដោយ​មុខ​ទាំង​បួន​របស់​ចេរូប៊ីន?

តើ​អ្នក​សរសេរ​គម្ពីរ​ដែល​រស់​នៅ​សម័យ​មុន​អេសេគាល​បាន​រៀប​រាប់​អ្វី​ខ្លះ​អំពី​គុណ​សម្បត្តិ​ដែល​ទាក់​ទង​នឹង​សត្វ​តោ ឥន្ទ្រី និង​គោ? សូម​កត់​សម្គាល់​ឃ្លា​ដូច​ត​ទៅ​៖ ​«​បុរស​មាន​ចិត្ត​អង់អាច​ក្លាហាន​ប្រៀប​ដូច​ជា​សត្វ​តោ​»។ (​២​សាំ. ១៧:១០; សុភ. ២៨:១​) ​«​សត្វ​ឥន្ទ្រី​ហោះ​ឡើង​ទៅ​លើ​»​ ហើយ​«​ភ្នែក​របស់​វា​មើល​ឃើញ​ឆ្ងាយ​»។ (​យ៉ូប ៣៩:២៧, ២៩​) ​«​កម្លាំង​របស់​សត្វ​គោ​នាំ​ឲ្យ​បាន​ផល​ជា​បរិបូរ​»។ (​សុភ. ១៤:៤​) ដោយ​មាន​មូលដ្ឋាន​ពី​ខ​គម្ពីរ​ដូច​នេះ មុខ​សត្វ​តោ​តំណាង​ឲ្យ​យុត្តិធម៌​ដែល​ប្រកប​ដោយ​សេចក្ដី​ក្លាហាន។ មុខ​សត្វ​ឥន្ទ្រី​តំណាង​ឲ្យ​ប្រាជ្ញា​ដែល​ចេះ​គិត​វែង​ឆ្ងាយ។ មុខ​សត្វ​គោ​តំណាង​ឲ្យ​កម្លាំង​ខ្លាំង​ក្លា​ដែល​គ្មាន​នរណា​អាច​តតាំង​បាន។ ការ​បក​ស្រាយ​ទាំង​នេះ ជា​ញឹក​ញយ​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​របស់​យើង។

ប៉ុន្តែ ចុះ​យ៉ាង​ណា​«​មុខ​មនុស្ស​»​? (​អេគ. ១០:១៤​) នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​គុណ​សម្បត្តិ​ដែល​សត្វ​មិន​អាច​បង្ហាញ​ទេ គឺ​មាន​តែ​មនុស្ស​ដែល​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ ទើប​អាច​បង្ហាញ​បាន។ (​ដក. ១:២៧​) គុណ​សម្បត្តិ​វិសេស​នេះ​របស់​មនុស្ស​បាន​ត្រូវ​បញ្ជាក់​ក្នុង​បង្គាប់​របស់​ព្រះ​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ឲ្យ​អស់​ពី​ដួង​ចិត្ត​»​ ហើយ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដូច​ខ្លួន​ឯង​ដែរ​»។ (​បច. ៦:៥; ចល. ១៩:១៨​) ពេល​យើង​ស្ដាប់​បង្គាប់​បញ្ញត្តិ​ទាំង​នេះ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មិន​គិត​ពី​ប្រយោជន៍​ខ្លួន នោះ​យើង​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ ដូច​សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​ព្រះ​បាន​ស្រឡាញ់​យើង​ជា​មុន​»។ (​១​យ៉ូន. ៤:៨, ១៩​) ដូច្នេះ ​«​មុខ​មនុស្ស​»​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់។

៩. តើ​គុណ​សម្បត្តិ​ដែល​តំណាង​ដោយ​មុខ​របស់​ចេរូប៊ីន​ជា​គុណ​សម្បត្តិ​របស់​អ្នក​ណា?

តើ​គុណ​សម្បត្តិ​ទាំង​នេះ​ជា​របស់​អ្នក​ណា? ដោយ​សារ​មុខ​ទាំង​បួន​ជា​មុខ​របស់​ចេរូប៊ីន ហើយ​ពួក​គេ​ជា​តំណាង​ឲ្យ​បុគ្គល​វិញ្ញាណ​ស្មោះ​ត្រង់​ទាំង​អស់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌ នោះ​គុណ​សម្បត្តិ​ទាំង​បួន​ក៏​ជា​គុណ​សម្បត្តិ​របស់​បុគ្គល​វិញ្ញាណ​ទាំង​អស់​ដែរ។ (​បប. ៥:១១​) បន្ថែម​ទៅ​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ជីវិត​របស់​ពួក​ចេរូប៊ីន នោះ​លោក​ក៏​ជា​ប្រភព​នៃ​គុណ​សម្បត្តិ​របស់​ពួក​គេ​ដែរ។ (​ចសព. ៣៦:៩​) ដូច្នេះ មុខ​ទាំង​បួន​របស់​ចេរូប៊ីន​តំណាង​ឲ្យ​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។ (​យ៉ូប ៣៧:២៣; ចសព. ៩៩:៤; សុភ. ២:៦; មីកា ៧:១៨​) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ទាំង​នេះ​តាម​វិធី​ណា​ខ្លះ?

១០, ១១. តើ​តាម​របៀប​ណា​យើង​ទទួល​ប្រយោជន៍​ពី​គុណ​សម្បត្តិ​ចម្បង​ទាំង​បួន​របស់​ព្រះ​យេហូវ៉ា?

១០ យុត្តិធម៌: ដោយ​សារ​ព្រះ​យេហូវ៉ា​«​ស្រឡាញ់​យុត្តិធម៌​»​ នោះ​លោក​«​មិន​រើស​មុខ​»​ទេ។ (​ចសព. ៣៧:២៨; បច. ១០:១៧​) ដូច្នេះ មនុស្ស​គ្រប់​រូប​មាន​ឱកាស​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​លោក ហើយ​មាន​ឯកសិទ្ធិ​បម្រើ​លោក​ជា​រៀង​រហូត ព្រម​ទាំង​ទទួល​ពរ​ជា​និរន្តរ៍ មិន​ថា​យើង​មាន​ឋានៈ​ឬ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។ ប្រាជ្ញា: ដោយ​សារ​ព្រះ​យេហូវ៉ា​«​ពេញ​ទៅ​ដោយ​ប្រាជ្ញា​»​ នោះ​លោក​ផ្ដល់​ឲ្យ​សៀវភៅ​ដែល​ប្រកប​ដោយ​«​ប្រាជ្ញា​»។ (​យ៉ូប ៩:៤; សុភ. ២:៧​) ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គម្ពីរ នោះ​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​រៀង​រាល់​ថ្ងៃ ហើយ​រស់​នៅ​ដោយ​មាន​ន័យ​ខ្លឹម​សារ។ ឫទ្ធានុភាព: ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​«​ឫទ្ធានុភាព​ខ្លាំង​ក្លា​»​ លោក​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ ដើម្បី​ឲ្យ​យើង​មាន​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»។ នេះ​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង​និង​សែន​ឈឺ​ចាប់​ដែល​យើង​ជួប​ប្រទះ។—ណា. ១:៣; ២​កូ. ៤:៧; ចសព. ៤៦:១

១១ សេចក្ដី​ស្រឡាញ់: ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​»​ នោះ​លោក​មិន​ដែល​បោះ​បង់​ចោល​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​ឡើយ។ (​ចសព. ១០៣:៨; ២​សាំ. ២២:២៦​) ដូច្នេះ ទោះ​ជា​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​បញ្ហា​សុខភាព ឬ​ភាព​ចាស់​ជរា​ដែល​រា​រាំង​យើង​មិន​ឲ្យ​បំពេញ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ដូច​មុន​ក៏​ដោយ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ​ជូន​លោក​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​អតីតកាល។ (​ហេ. ៦:១០​) ការ​ពិត យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​រួច​ហើយ ពី​យុត្តិធម៌ ប្រាជ្ញា ឫទ្ធានុភាព និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​គុណ​សម្បត្តិ​ទាំង​បួន​នេះ​នៅ​ថ្ងៃ​ខាង​មុខ។

១២. តើ​យើង​គួរ​ចាំ​អ្វី​អំពី​សមត្ថភាព​យល់​ដឹង​របស់​យើង​ចំពោះ​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា?

១២ យើង​គួរ​ចាំ​ថា​អ្វី​ដែល​មនុស្ស​អាច​យល់​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​គ្រាន់​តែ​«​បន្តិច​បន្តួច​»​ប៉ុណ្ណោះ។ (​យ៉ូប ២៦:១៤​) ​«​យើង​មិន​អាច​យល់​អំពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​ទេ​»​ ព្រោះ​«​ភាព​ឧត្តុង្គ​ឧត្តម​របស់​លោក​គឺ​ហួស​ពី​ការ​ដែល​អាច​ស្វែង​យល់​បាន​»។ (​យ៉ូប ៣៧:២៣; ចសព. ១៤៥:៣​) ដូច្នេះ យើង​ទទួល​ស្គាល់​ថា​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​គឺ​ច្រើន​ណាស់​មិន​អាច​រាប់​បាន​ឡើយ។ (​សូម​អាន រ៉ូម ១១:៣៣, ៣៤) ការ​ពិត អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​បង្ហាញ​ឲ្យ​ឃើញ​ថា គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​គ្មាន​កម្រិត​ឬ​មិន​អាច​វាស់​ស្ទង់​បាន​ទេ។ (​ចសព. ១៣៩:១៧, ១៨​) តើ​ផ្នែក​ណា​ក្នុង​ការ​បើក​បង្ហាញ​បញ្ជាក់​ការ​ពិត​ដ៏​សំខាន់​នេះ?

​«​មុខ​បួន . . . ស្លាប​បួន​»​

១៣, ១៤. តើ​មុខ​ទាំង​បួន​របស់​ចេរូប៊ីន​តំណាង​អ្វី? ហើយ​ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ដូច​នោះ?

១៣ អេសេគាល​ឃើញ​ក្នុង​គំនិត​ថា​ចេរូប៊ីន​មួយ​រូប​ៗ មាន​មុខ​បួន មិន​មែន​មាន​មុខ​មួយ​ទេ។ តើ​នោះ​បញ្ជាក់​យ៉ាង​ណា? ក្នុង​បណ្ដាំ​របស់​ព្រះ ពេល​ខ្លះ​លេខ​បួន​តំណាង​ឲ្យ​ការ​រួម​បញ្ចូល​ទាំង​អស់​ឬ​ភាព​ពេញ​លេញ។ (​អេ. ១១:១២; ម៉ាថ. ២៤:៣១; បប. ៧:១​) គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ក្នុង​ការ​បើក​បង្ហាញ​នេះ អេសេគាល​បាន​រៀប​រាប់​អំពី​លេខ​បួន​មិន​តិច​ជាង​១១​ដង។ (​អេគ. ១:៥​-​១៨​) ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? ដូច​ចេរូប៊ីន​បួន​រូប តំណាង​ឲ្យ​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់ នោះ​មុខ​បួន​របស់​ចេរូប៊ីន ពេល​គិត​ចូល​គ្នា តំណាង​ឲ្យ​គុណ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​មាន។ *

១៤ ដើម្បី​បង្ហាញ​ថា​អត្ថន័យ​នៃ​មុខ​ទាំង​បួន​របស់​ចេរូប៊ីន អាច​រួម​បញ្ចូល​គុណ​សម្បត្តិ​ច្រើន​ជាង​បួន សូម​ប្រៀប​ធៀប​អំពី​អ្វី​ដែល​កង់​ទាំង​បួន​តំណាង​ក្នុង​ការ​បើក​បង្ហាញ​នេះ។ កង់​នីមួយ​ៗ​គឺ​អស្ចារ្យ​ណាស់។ ប៉ុន្តែ​ពេល​គិត​អំពី​កង់​ទាំង​បួន​ជា​រួម កង់​ទាំង​នោះ​មិន​គ្រាន់​តែ​ជា​កង់​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ តែ​ជា​ទម្រ​ដ៏​មាំ​នៅ​ក្រោម​រទេះ​របស់​ព្រះ។ ស្រដៀង​គ្នា​ដែរ ពេល​គិត​ជា​រួម​អំពី​មុខ​ទាំង​បួន​របស់​ចេរូប៊ីន មុខ​ទាំង​នោះ​មិន​គ្រាន់​តែ​ជា​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​ជា​មូលដ្ឋាន​នៃ​បុគ្គលិក​លក្ខណៈ​ដ៏​គួរ​ឲ្យ​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក

១៥. តាម​រយៈ​ការ​បើក​បង្ហាញ​ដំបូង​ដែល​អេសេគាល​បាន​ទទួល តើ​គាត់​បាន​រៀន​នូវ​សេចក្ដី​ពិត​អ្វី?

១៥ តាម​រយៈ​ការ​បើក​បង្ហាញ​ដំបូង អេសេគាល​បាន​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់​និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​អំពី​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​នោះ​ជា​អ្វី? សេចក្ដី​ពិត​នោះ​បាន​ត្រូវ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​របស់​គាត់។ ក្រោយ​ពី​រៀប​រាប់​ថា​គាត់​នៅ​«​ស្រុក​ខាល់ដេ​»​ អេសេគាល​និយាយ​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​ថា​៖ ​«​នៅ​ទី​នោះ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​មក​សណ្ឋិត​លើ​ខ្ញុំ​»។ (​អេគ. ១:៣​) សូម​កត់​សម្គាល់​ថា​អេសេគាល​រៀប​រាប់​ថា គាត់​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត មិន​មែន​នៅ​ក្រុង​យេរូសាឡិម​ទេ តែ​នៅ​ទី​នោះ គឺ​បាប៊ីឡូន។ * ដូច្នេះ តើ​ការ​ពិត​នេះ​បង្ហាញ​អ្វី​ដល់​អេសេគាល? គឺ​ថា​ទោះ​ជា​គាត់​ជា​ជន​និរទេស​ដ៏​តូច​ទាប​ដែល​បាន​ត្រូវ​ពង្រាត់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​វិហារ​ក៏​ដោយ គាត់​មិន​បាន​ត្រូវ​ពង្រាត់​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​ការ​គោរព​ប្រណិប័តន៍​លោក​ទេ។ ការ​ដែល​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​អេសេគាល​ឃើញ​នៅ​បាប៊ីឡូន បង្ហាញ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​ចំពោះ​ព្រះ​មិន​អាស្រ័យ​ទៅ​លើ​ឋានៈ​ឬ​ទី​តាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​របស់​អេសេគាល​និង​បំណង​ប្រាថ្នា​ដែល​គាត់​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។

១៦. ​(​ក​) តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត? (​ខ​) តើ​អ្វី​ជំរុញ​ចិត្ត​អ្នក​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត?

១៦ ហេតុ​អ្វី​សេចក្ដី​ពិត​ដែល​អេសេគាល​បាន​រៀន ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​យើង​សព្វ​ថ្ងៃ? សេចក្ដី​ពិត​នោះ​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ថា ពេល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត នោះ​លោក​នៅ​ជិត​យើង​ជា​និច្ច ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា ឬ​មាន​កាលៈទេសៈ​ពិបាក​យ៉ាង​ណា​ក្នុង​ជីវិត​ក៏​ដោយ។ (​ចសព. ២៥:១៤; សកម្ម. ១៧:២៧​) ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​ចំពោះ​អ្នក​បម្រើ​របស់​លោក​ម្នាក់​ៗ ហើយ​លោក​មិន​ងាយ​បោះ​បង់​ចោល​យើង​ទេ។ (​ដច. ៣៤:៦​) ដូច្នេះ យើង​នឹង​មិន​នៅ​ឆ្ងាយ​ពេក​ដែល​មិន​អាច​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​ចសព. ១០០:៥; រ៉ូម ៨:៣៥​-​៣៩​) បន្ថែម​ទៅ​ទៀត ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។ (​បប. ៤:៩​-​១១​) យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដែល​លោក​បាន​ប្រើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដូច​នេះ ដើម្បី​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​សំខាន់​ៗ​អំពី​លោក​និង​គុណ​សម្បត្តិ​របស់​លោក។ ពេល​ដែល​យើង​យល់​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​គុណ​សម្បត្តិ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​របស់​ព្រះ​យេហូវ៉ា នោះ​ជួយ​យើង​ឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​លោក ហើយ​ជំរុញ​យើង​ឲ្យ​សរសើរ​និង​បម្រើ​លោក​អស់​ពី​កម្លាំង​កាយ​ចិត្ត។—លូក. ១០:២៧

យើង​មិន​នៅ​ឆ្ងាយ​ពេក​ដែល​មិន​អាច​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បាន​នោះ​ទេ (សូម​មើល​វគ្គ​១៦)

១៧. នៅ​ជំពូក​បន្ត​បន្ទាប់ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

១៧ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​សម័យ​អេសេគាល ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​ធ្វើ​ឲ្យ​ស្មោក​គ្រោក។ តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​ព្រឹត្តិការណ៍​ទាំង​នោះ​នៅ​សម័យ​បុរាណ​ទាក់​ទង​នឹង​យើង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​ជំពូក​បន្ត​បន្ទាប់។

^ វគ្គ 5 ការ​ពណ៌នា​របស់​អេសេគាល​អំពី​បុគ្គល​វិញ្ញាណ​ទាំង​នេះ រំលឹក​យើង​អំពី​នាម​របស់​ព្រះ​យេហូវ៉ា ដែល​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​កើត​មក​»​ឬ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ ផ្នែក​មួយ​នៃ​នាម​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា លោក​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​លោក​បង្កើត​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​(​សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​)។

^ វគ្គ 13 អស់​ច្រើន​ឆ្នាំ​កន្លង​មក សៀវភៅ​របស់​យើង​លើក​បញ្ជាក់​គុណ​សម្បត្តិ​ប្រហែល​៥០​របស់​ព្រះ​យេហូវ៉ា។ សូម​មើល​លិបិក្រម​សៀវភៅ​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា ក្រោម​ចំណង​ជើង“Jehovah” ចំណង​ជើង​តូច“Qualities by Name”។

^ វគ្គ 15 អ្នក​អធិប្បាយ​គម្ពីរ​ម្នាក់​កត់​សម្គាល់​ថា​ពាក្យ​«​នៅ​ទី​នោះ​អស្ចារ្យ​ណាស់ ព្រោះ​បញ្ជាក់​ថា​ព្រះ​នៅ​ទី​នោះ គឺ​នៅ​បាប៊ីឡូន​តែ​ម្ដង! គឺ​ពិត​ជា​គួរ​ឲ្យ​សម្រាល​ទុក្ខ​ណាស់!​»។