ជំពូកទី៦
«អ្នកមកដល់ទីបញ្ចប់ហើយ!»
គោលចំណុច: របៀបដែលការវិនិច្ឆ័យទាស់នឹងក្រុងយេរូសាឡិមដែលព្រះយេហូវ៉ាប្រកាសទុកជាមុនបានកើតឡើង
១, ២. (ក) តើអេសេគាលមានការប្រព្រឹត្តដ៏ចម្លែកអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើការប្រព្រឹត្តទាំងនោះបង្ហាញទុកជាមុនអំពីអ្វី?
អេសេគាលជាអ្នកប្រកាសទំនាយមានការប្រព្រឹត្តដ៏ចម្លែក ដំណឹងអំពីនោះបានឮយ៉ាងលឿនទៅដល់បណ្ដាជនយូដាដែលជាប់ជាឈ្លើយជាមួយគាត់នៅស្រុកបាប៊ីឡូន។ អស់មួយសប្ដាហ៍ គាត់បានអង្គុយធ្មឹង ហើយមិននិយាយស្ដីអ្វីឡើយ។ ប៉ុន្តែ ក្រោយមកគាត់ស្រាប់តែក្រោកឡើង ហើយចូលក្នុងផ្ទះ រួចបិទទ្វារ។ កាលដែលពួកអ្នកជិតខាងកំពុងមើលគាត់ទាំងងឿងឆ្ងល់ គាត់ក៏បានចេញមកវិញ រួចយកដុំឥដ្ឋមួយដាក់នៅមុខគាត់ ហើយឆ្លាក់រូបក្រុងយេរូសាឡិមនៅលើនោះ។ បន្ទាប់មក ដោយមិននិយាយអ្វីសោះ គាត់បានចាប់ផ្ដើមដាំបង្គោលរបងព័ទ្ធជុំវិញដុំឥដ្ឋនោះ។—អេគ. ៣:១០, ១១, ១៥, ២៤-២៦; ៤:១, ២
២ តាមមើលទៅ ពួកអ្នកដែលឈរមើលគាត់មានចំនួនកាន់តែច្រើនឡើង ហើយពួកគេប្រហែលជាឆ្ងល់ថា‹ការទាំងនោះមានន័យអ្វី?›។ ដំបូង បណ្ដាជនយូដាដែលជាប់ជាឈ្លើយ មិនបានយល់យ៉ាងច្បាស់អំពីការប្រព្រឹត្តដ៏ចម្លែករបស់អេសេគាលទេ។ លុះក្រោយមក ទើបពួកគេបានយល់យ៉ាងច្បាស់ថាការប្រព្រឹត្តនោះ គឺជាការបង្ហាញទុកជាមុនអំពីព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតដែលនឹងកើតឡើងនៅពេលខាងមុខ ពោលគឺការបង្ហាញសេចក្ដីក្រោធដ៏សុចរិតរបស់ព្រះយេហូវ៉ា។ តើនោះជាព្រឹត្តិការណ៍អ្វី? តើព្រឹត្តិការណ៍នោះមានឥទ្ធិពលយ៉ាងណាទៅលើប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណ? តើព្រឹត្តិការណ៍នោះមានន័យយ៉ាងណាចំពោះអ្នកគោរពប្រណិប័តន៍ពិតនៅសព្វថ្ងៃនេះ?
«ចូរយកដុំឥដ្ឋមួយ . . . ស្រូវសាលី . . . និងដាវមុតស្រួចមួយ»
៣, ៤. (ក) តើអេសេគាលបានបង្ហាញទិដ្ឋភាពបីអ្វីខ្លះនៃការវិនិច្ឆ័យរបស់ព្រះ? (ខ) ស្ដីអំពីការឡោមព័ទ្ធក្រុងយេរូសាឡិម តើអេសេគាលបានសម្ដែងយ៉ាងដូចម្ដេច?
៣ ប្រហែលនៅឆ្នាំ៦១៣ មុនគ.ស. ព្រះយេហូវ៉ាបានបង្គាប់អេសេគាលឲ្យធ្វើការសម្ដែងអំពីទិដ្ឋភាពបីនៃការវិនិច្ឆ័យរបស់ព្រះដែលនឹងមកដល់ ទាស់នឹងក្រុងយេរូសាឡិម គឺការឡោមព័ទ្ធក្រុងយេរូសាឡិម ការរងទុក្ខវេទនារបស់អ្នកក្រុងនោះ និងការបំផ្លាញក្រុងយេរូសាឡិមនិងបណ្ដាជននៅក្រុងនោះ។ * ឥឡូវ សូមឲ្យយើងពិចារណាទិដ្ឋភាពទាំងបីនោះយ៉ាងល្អិតល្អន់ជាង។
៤ ការឡោមព័ទ្ធក្រុងយេរូសាឡិម។ ព្រះយេហូវ៉ាបង្គាប់អេសេគាលថា៖ «ចូរយកដុំឥដ្ឋមួយមកដាក់នៅមុខអ្នក . . . ចូរត្រៀមវាយប្រហារក្រុងនេះ»។ (សូមអាន អេសេគាល ៤:១-៣) ដុំឥដ្ឋនោះតំណាងឲ្យក្រុងយេរូសាឡិម ហើយអេសេគាលតំណាងឲ្យកងទ័ពបាប៊ីឡូនដែលព្រះយេហូវ៉ាប្រើ។ អេសេគាលក៏បានត្រូវបង្គាប់ឲ្យដោតឈើជុំវិញ ពូនដី ហើយធ្វើគ្រឿងបុកទម្លាយ រួចគាត់ដាក់នៅជុំវិញដុំឥដ្ឋនោះ។ អ្វីទាំងនោះតំណាងឲ្យយុទ្ធសាស្ត្រដែលសត្រូវនឹងប្រើ ពេលដែលឡោមព័ទ្ធនិងវាយប្រហារក្រុងយេរូសាឡិម។ ដើម្បីបញ្ជាក់ថាទ័ពរបស់សត្រូវមានកម្លាំងខ្លាំងដូចដែក អេសេគាលបានយក«ខ្ទះដែក»ឬបន្ទះដែកមកដាក់នៅរវាងគាត់និងទីក្រុង រួចគាត់«សម្លឹងមើលទៅ»ក្រុងនោះ។ សកម្មភាពទាស់ប្រឆាំងទាំងនោះ «ជាសញ្ញាសម្គាល់ដល់ពូជពង្សអ៊ីស្រាអែល»អំពីព្រឹត្តិការណ៍ដ៏ស្មានមិនដល់ដែលហៀបនឹងកើតឡើង។ ព្រះយេហូវ៉ានឹងប្រើទ័ពសត្រូវឲ្យឡោមព័ទ្ធក្រុងយេរូសាឡិមជាក្រុងដ៏សំខាន់របស់រាស្ត្រព្រះ ពោលគឺទីតាំងនៃវិហាររបស់លោក!
៥. សូមរៀបរាប់អំពីរបៀបដែលអេសេគាលបង្ហាញអំពីអ្វីដែលនឹងកើតឡើងចំពោះអ្នកក្រុងយេរូសាឡិម។
៥ ការរងទុក្ខវេទនារបស់អ្នកក្រុងយេរូសាឡិម។ ព្រះយេហូវ៉ាបង្គាប់អេសេគាលថា៖ «អ្នកត្រូវយកអង្ករស្រូវសាលី ស្រូវបាលី ស្រូវមីឡេត និងស្រូវសាលីមួយប្រភេទទៀត . . . ធ្វើជានំប៉័ង» ហើយ«ជារៀងរាល់ថ្ងៃ អ្នកត្រូវថ្លឹងនំប៉័ងទម្ងន់២០ហ្សេគិលសម្រាប់បរិភោគ»។ រួចព្រះយេហូវ៉ាពន្យល់ថា៖ «ខ្ញុំនឹងផ្ដាច់ស្បៀងអាហារពីក្រុងយេរូសាឡិម»។ (អេគ. ៤:៩-១៦) នៅក្នុងការសម្ដែងនេះ អេសេគាលលែងតំណាងឲ្យទ័ពបាប៊ីឡូនទៀតហើយ តែតំណាងឲ្យអ្នកក្រុងយេរូសាឡិមវិញម្ដង។ សកម្មភាពទាំងនោះរបស់អេសេគាលបង្ហាញទុកជាមុនថា ការឡោមព័ទ្ធក្រុងយេរូសាឡិមដែលមាននៅពេលខាងមុខ នឹងនាំឲ្យមានការខ្វះខាតស្បៀងអាហារ។ នៅគ្រានោះ នំប៉័ងនឹងត្រូវធ្វើឡើងពីគ្រឿងផ្សេងៗលាយចូលគ្នា។ នោះបញ្ជាក់ថាបណ្ដាជននឹងបរិភោគអ្វីក៏ដោយ ដែលពួកគេរកបាន។ តើការអត់ឃ្លាននោះនឹងធ្ងន់ធ្ងរដល់កម្រិតណា? យើងនឹងដឹងចម្លើយតាមរយៈពាក្យសម្ដីរបស់អេសេគាល ដែលប្រៀបដូចជានិយាយដោយផ្ទាល់ទៅកាន់អ្នកក្រុងយេរូសាឡិមថា៖ «ឪពុកនឹងស៊ីសាច់កូនខ្លួន ហើយកូនក៏ស៊ីសាច់ឪពុកខ្លួនដែរ»។ នៅទីបំផុត មនុស្សជាច្រើននឹងរងទុក្ខដោយការអត់ឃ្លានដែល«ប្រៀបដូចជាព្រួញយ៉ាងមុត» ហើយពួកគេនឹង«ខ្សោយទៅៗ»។—អេគ. ៤:១៧; ៥:១០, ១៦
៦. (ក) នៅពេលដំណាលគ្នា តើអេសេគាលដើរតួពីរអ្វី? (ខ) តើបង្គាប់របស់ព្រះឲ្យ«ថ្លឹង»សក់ «រួចចែក»ជាចំណែកៗបញ្ជាក់អំពីអ្វី?
៦ ការបំផ្លាញក្រុងយេរូសាឡិមនិងអ្នកក្រុងនោះ។ ក្នុងផ្នែកនេះនៃការសម្ដែងដែលជាទំនាយ អេសេគាលបានដើរតួពីរក្នុងពេលដំណាលគ្នា។ តួទី១ អេសេគាលសម្ដែងអ្វីដែលព្រះយេហូវ៉ានឹងធ្វើ។ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «ចូរយកដាវមុតមួយមកប្រើដូចជាកាំបិតកោររបស់ជាងកាត់សក់»។ (សូមអាន អេសេគាល ៥:១, ២) ដៃអេសេគាលដែលវ័ធដាវតំណាង ឲ្យដៃរបស់ព្រះយេហូវ៉ា ពោលគឺការវិនិច្ឆ័យរបស់លោកតាមរយៈកងទ័ពបាប៊ីឡូន។ តួទី២ អេសេគាលសម្ដែងអំពីអ្វីដែលជនជាតិយូដានឹងឆ្លងកាត់។ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់គាត់ថា៖ «អ្នកត្រូវកោរសក់និងពុកចង្ការបស់ខ្លួន»។ ការកោរសក់របស់អេសេគាលតំណាងឲ្យរបៀបដែលជនជាតិយូដានឹងត្រូវវាយប្រហារ ហើយត្រូវបំផ្លាញចោល។ បន្ថែមទៅទៀត លោកបានបង្គាប់ឲ្យយកសក់ទាំងនោះទៅ«ថ្លឹង រួចចែកជាបីចំណែក»។ នេះបញ្ជាក់ថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាទាស់នឹងក្រុងយេរូសាឡិមនឹងកើតឡើងមិនមែនដោយចៃដន្យទេ តែដោយមានគោលបំណងជាក់លាក់ និងកើតឡើងយ៉ាងសព្វគ្រប់។
៧. ហេតុអ្វីព្រះយេហូវ៉ាប្រាប់អេសេគាលឲ្យចែកសក់ជាបីចំណែក ហើយឲ្យប្រើវិធីខុសគ្នាទៅលើចំណែកនីមួយៗ?
៧ ហេតុអ្វីព្រះយេហូវ៉ាប្រាប់អេសេគាលឲ្យចែកសក់ដែលគាត់កោរនោះទៅជាបីចំណែក ហើយប្រើវិធីខុសគ្នាទៅលើចំណែកនីមួយៗ? (សូមអាន អេសេគាល ៥:៧-១២) អេសេគាលបានដុតសក់មួយចំណែករបស់គាត់«នៅក្នុងក្រុងយេរូសាឡិម» ដើម្បីបង្ហាញដល់អ្នកដែលមើលគាត់ថា អ្នកក្រុងយេរូសាឡិមខ្លះនឹងត្រូវស្លាប់នៅក្នុងក្រុង។ សក់មួយចំណែកទៀត អេសេគាលយកមកកាត់ដោយដាវ«នៅជុំវិញក្រុងនោះ»ដើម្បីបញ្ជាក់ថាអ្នកឯទៀតនឹងត្រូវសម្លាប់នៅក្រៅទីក្រុង។ ឯសក់ជាចំណែកចុងក្រោយ គាត់យកទៅរោយឲ្យរសាត់តាមខ្យល់ ដើម្បីបង្ហាញថាអ្នកក្រុងខ្លះទៀតនឹងត្រូវខ្ចាត់ខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា តែ«ដាវ»នឹង«ដេញតាមពួកគេ»។ ហេតុនេះ ពួកអ្នករួចជីវិតដែលខ្ចាត់ខ្ចាយទៅនៅកន្លែងផ្សេងៗនឹងគ្មានសេចក្ដីសុខសាន្តទេ។
៨. (ក) តើការសម្ដែងរបស់អេសេគាលផ្ដល់សេចក្ដីសង្ឃឹមអ្វី? (ខ) តើពាក្យទំនាយអំពី«សក់ខ្លះ»បានកើតឡើងយ៉ាងដូចម្ដេច?
៨ ការសម្ដែងជាទំនាយដែលអេសេគាលបង្ហាញ ក៏ផ្ដល់សេចក្ដីសង្ឃឹមដែរ។ ស្ដីអំពីសក់ដែលអេសេគាលបានកោរ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «អ្នកត្រូវយកសក់ខ្លះ . . . មករុំនៅក្នុងថ្នក់អាវរបស់អ្នក»។ (អេគ. ៥:៣) បង្គាប់នេះបញ្ជាក់ថាពួកយូដាខ្លះដែលខ្ចាត់ខ្ចាយទៅក្នុងចំណោមប្រជាជាតិនានានឹងរួចជីវិត។ ពួកយូដាមួយចំនួនដែលជាជននិរទេសពីចំណោមអស់អ្នកដែលប្រៀបដូចជា«សក់ខ្លះ» នឹងត្រឡប់មកក្រុងយេរូសាឡិមវិញ ក្រោយពីជាប់ជាឈ្លើយនៅបាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។ (អេគ. ៦:៨, ៩; ១១:១៧) តើទំនាយនេះបានក្លាយជាការពិតឬទេ? គឺក្លាយជាការពិតមែន។ ប៉ុន្មានឆ្នាំក្រោយពីរួចផុតពីការជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន ហាកាយដែលជាអ្នកប្រកាសទំនាយបានរៀបរាប់ថាជនជាតិយូដាខ្លះដែលបានខ្ចាត់ខ្ចាយពិតជាបានត្រឡប់មកក្រុងយេរូសាឡិមមែន។ ពួកគេជា«បុរសវ័យចាស់ ដែលធ្លាប់ឃើញវិហារព្រះកាលពីមុន» ពោលគឺវិហារដែលសាឡូម៉ូនបានសាងសង់។ (អែស. ៣:១២; ហាក. ២:១-៣) ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាការគោរពប្រណិប័តន៍ពិតនៅគង់វង្សដូចដែលលោកបានសន្យា។ ព័ត៌មានបន្ថែមអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ នឹងត្រូវពិចារណានៅក្នុងជំពូកទី៩នៃសៀវភៅនេះ។—អេគ. ១១:១៧-២០
តាមរយៈទំនាយនេះ តើយើងដឹងអ្វីខ្លះ អំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃខាងមុខ?
៩, ១០. តើការសម្ដែងរបស់អេសគាល រំលឹកយើងអំពីព្រឹត្តិការណ៍សំខាន់ៗអ្វីដែលបានត្រូវប្រកាសទុកជាមុនសម្រាប់ថ្ងៃអនាគត?
៩ ការសម្ដែងរបស់អេសេគាលនាំឲ្យយើងគិតអំពីព្រឹត្តិការណ៍ដ៏សំខាន់ៗ ដែលបណ្ដាំរបស់ព្រះបានប្រកាសទុកជាមុនអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ តើនឹងមានព្រឹត្តិការណ៍អ្វីខ្លះ? ដូចអ្វីដែលបានកើតឡើងទៅលើក្រុងយេរូសាឡិមសម័យបុរាណ ព្រះបប. ១៧:១៦-១៨) ដូចការបំផ្លាញក្រុងយេរូសាឡិមជា«សេចក្ដីវេទនាដែលខុសប្លែកពីធម្មតា» នោះ«ទុក្ខវេទនាជាខ្លាំង» រួមទាំងសង្គ្រាមអាម៉ាគេដូននឹងទៅជាព្រឹត្តិការណ៍ដែល«មិនធ្លាប់មាន»ពីមុនមកទេ។—អេគ. ៥:៩; ៧:៥; ម៉ាថ. ២៤:២១
យេហូវ៉ានឹងប្រើទ័ពមនុស្សឲ្យធ្វើអ្វីដែលស្មានមិនដល់ ពោលគឺឲ្យវាយប្រហារទៅលើអង្គការសាសនាមិនពិតទាំងអស់នៅលើផែនដី។ (១០ បណ្ដាំរបស់ព្រះបង្ហាញថាពួកអ្នកគាំទ្រសាសនាមិនពិតនឹងរួចជីវិត ពេលដែលស្ថាប័នសាសនាត្រូវបំផ្លាញចោល។ ដោយសារការភ័យខ្លាច ពួកអ្នករួចជីវិតទាំងនេះនឹងចូលរួមជាមួយមនុស្សដែលមកពីគ្រប់ជាន់ថ្នាក់ដើម្បីស្វែងរកកន្លែងលាក់ខ្លួន។ (សាក. ១៣:៤-៦; បប. ៦:១៥-១៧) ស្ថានភាពរបស់ពួកគេធ្វើឲ្យយើងនឹកគិតដល់អ្វីដែលបានកើតឡើងចំពោះអ្នកក្រុងយេរូសាឡិមនៅសម័យបុរាណដែលរួចជីវិតពីការបំផ្លាញ ហើយបានត្រូវខ្ចាត់ខ្ចាយ«រសាត់តាមខ្យល់»។ ដូចយើងបានពិចារណានៅ វគ្គទី៧ ទោះជាពួកគេបានរួចជីវិតមួយរយៈពេលក្ដី ព្រះយេហូវ៉ាបានហូតដាវដេញតាមពួកគេ។ (អេគ. ៥:២) ស្រដៀងគ្នាដែរ កន្លែងលាក់ខ្លួនណាក៏ដោយដែលពួកអ្នករួចជីវិតពីការបំផ្លាញសាសនាមិនពិតរត់ទៅ កន្លែងទាំងនោះមិនអាចការពារពួកគេពីដាវរបស់ព្រះយេហូវ៉ាឡើយ។ នៅសង្គ្រាមអាម៉ាគេដូន ពួកគេនឹងត្រូវស្លាប់ជាមួយនឹងអស់អ្នកដែលមានលក្ខណៈដូចពពែ។—អេគ. ៧:៤; ម៉ាថ. ២៥:៣៣, ៤១, ៤៦; បប. ១៩:១៥, ១៨
ស្ដីអំពីការផ្សព្វផ្សាយដំណឹងល្អ យើងនឹងប្រៀបដូចជា«មនុស្សគ»
១១, ១២. (ក) តើការយល់ដឹងនៃទំនាយអេសេគាលអំពីការឡោមព័ទ្ធក្រុងយេរូសាឡិម មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះកិច្ចបម្រើនៅសព្វថ្ងៃនេះ? (ខ) ស្ដីអំពីកិច្ចផ្សព្វផ្សាយនិងដំណឹងដែលយើងផ្សាយ តើនឹងមានការផ្លាស់ប្ដូរអ្វី?
១១ តើការយល់ដឹងរបស់យើងស្ដីអំពីទំនាយនេះ មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះកិច្ចបម្រើផ្សាយនិងភាពបន្ទាន់នៃកិច្ចបម្រើនោះ? ការយល់ដឹងនេះជួយឲ្យយើងដឹងថា យើងត្រូវខំព្យាយាមអស់ពីសមត្ថភាពដើម្បីជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះពេលវេលាដែលនៅសល់ដើម្បីជួយ«មនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាម[គ្រិស្ត]» គឺនៅសល់តិចណាស់។ (ម៉ាថ. ២៨:១៩, ២០; អេគ. ៣៣:១៤-១៦) ពេលកងទ័ពរបស់មនុស្សដែលប្រៀបដូចជា«ដំបង» វាយប្រហារទៅលើសាសនាមិនពិត នោះយើងនឹងលែងផ្សព្វផ្សាយអំពីសេចក្ដីសង្គ្រោះទៀតហើយ។ (អេគ. ៧:១០) ស្ដីអំពីការផ្សព្វផ្សាយដំណឹងល្អ យើងនឹងប្រៀបដូចជា«មនុស្សគ»ដូចដែលអេសេគាលទៅជាមនុស្សគឬឈប់ផ្សព្វផ្សាយអស់មួយរយៈក្នុងអំឡុងកិច្ចបម្រើរបស់គាត់។ (អេគ. ៣:២៦, ២៧; ៣៣:២១, ២២) ក្រោយពីការបំផ្លាញសាសនាមិនពិត ក្នុងន័យម្យ៉ាងមនុស្សនឹង«ខំសួររកការបើកបង្ហាញពីព្រះតាមរយៈអ្នកប្រកាសទំនាយ» តែពួកគេនឹងមិនទទួលការណែនាំដែលនឹងសង្គ្រោះជីវិតរបស់ពួកគេឡើយ។ (អេគ. ៧:២៦) ព្រោះគ្រាទទួលការណែនាំនោះនិងឱកាសដើម្បីក្លាយទៅជាអ្នកកាន់តាមគ្រិស្ត នឹងកន្លងផុតទៅ។
១២ ប៉ុន្តែ កិច្ចផ្សព្វផ្សាយរបស់យើងនឹងមិនចប់ទេ។ ហេតុអ្វី? ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងប្រហែលជាចាប់ផ្ដើមផ្សព្វផ្សាយដំណឹងអំពីការវិនិច្ឆ័យដែលប្រៀបដូចជាដុំព្រិលធំៗ។ ដំណឹងនោះជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែកៀកណាស់ហើយ។—បប. ១៦:២១
«មើល! វាកំពុងមកហើយ!»
១៣. ហេតុអ្វីព្រះយេហូវ៉ាបានប្រាប់អេសេគាលឲ្យដេកផ្អៀងខាងឆ្វេង ហើយរួចមកឲ្យដេកផ្អៀងខាងស្ដាំ?
១៣ អេសេគាលមិនគ្រាន់តែប្រាប់ទុកជាមុនអំពីរបៀបដែលក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញនោះទេ តែគាត់ក៏ធ្វើការសម្ដែងអំពីពេលវេលាដែលនោះនឹងកើតឡើងដែរ។ ព្រះយេហូវ៉ាបានបង្គាប់ឲ្យអេសេគាលដេកផ្អៀងទៅខាងឆ្វេងអស់រយៈពេល៣៩០ថ្ងៃ ហើយឲ្យដេកផ្អៀងទៅខាងស្ដាំអស់រយៈពេល៤០ថ្ងៃ។ មួយថ្ងៃតំណាងឲ្យមួយឆ្នាំ។ (សូមអាន អេសេគាល ៤:៤-៦; ជប ១៤:៣៤) ការសម្ដែងនេះដែលអេសេគាលត្រូវបង្ហាញ ច្បាស់ជាគ្រាន់តែប៉ុន្មានម៉ោងក្នុងថ្ងៃនីមួយៗប៉ុណ្ណោះ តែនោះបញ្ជាក់ពីឆ្នាំពិតប្រាកដនៃការបំផ្លាញក្រុងយេរូសាឡិម។ ចំនួន៣៩០ឆ្នាំនៃអំពើខុសឆ្គងរបស់ពួកអ៊ីស្រាអែលទំនងជាចាប់ផ្ដើមនៅឆ្នាំ៩៩៧ មុនគ.ស. ជាឆ្នាំដែលរាជាណាចក្រមានកុលសម្ព័ន្ធ១២បានត្រូវបែងចែកទៅជាពីរផ្នែក។ (១បស. ១២:១២-២០) ចំនួន៤០ឆ្នាំនៃអំពើខុសឆ្គងរបស់ពួកយូដា ទំនងជាចាប់ផ្ដើមនៅឆ្នាំ៦៤៧ មុនគ.ស. ជាឆ្នាំដែលយេរេមាបានត្រូវតែងតាំងជាអ្នកប្រកាសទំនាយឲ្យព្រមានរាជាណាចក្រយូដា នូវសារចំៗអំពីការបំផ្លាញដែលនឹងមកនៅពេលឆាប់ៗខាងមុខ។ (យេ. ១:១, ២, ១៧-១៩; ១៩:៣, ៤) ហេតុនេះ រយៈពេលនៃគ្រាទាំងពីរនឹងត្រូវចប់ នៅឆ្នាំ៦០៧ មុនគ.ស. គឺជាឆ្នាំដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញ ដូចព្រះយេហូវ៉ាបានប្រកាសទុកជាមុនមែន។ *
១៤. (ក) តើតាមរបៀបណាអេសេគាលបានបង្ហាញទំនុកចិត្តថាព្រះយេហូវ៉ាតែងតែធ្វើតាមពេលវេលាដែលលោកបានកំណត់? (ខ) តើនឹងមានព្រឹត្តិការណ៍អ្វីកើតឡើងមុនការបំផ្លាញក្រុងយេរូសាឡិម?
១៤ នៅគ្រាដែលអេសេគាលទទួលទំនាយអំពី៣៩០ថ្ងៃនិង៤០ថ្ងៃ គាត់ប្រហែលជាមិនបានដឹងអំពីឆ្នាំពិតប្រាកដនៃទីបញ្ចប់របស់ក្រុងយេរូសាឡិមទេ។ ទោះជាយ៉ាងនោះក៏ដោយ ក្នុងអំឡុងឆ្នាំដែលការបំផ្លាញក្រុងយេរូសាឡិមជិតមកដល់ គាត់បានព្រមានម្ដងហើយម្ដងទៀតដល់ជនជាតិយូដាថា ការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ។ គាត់បានប្រកាសថា៖ «អ្នកមកដល់ទីបញ្ចប់ហើយ!»។ (សូមអាន អេសេគាល ៧:៣, ៥-១០) អេសេគាលជឿជាក់ថា ព្រះយេហូវ៉ាតែងតែធ្វើតាមពេលវេលាដែលលោកបានកំណត់។ (អេ. ៤៦:១០) អេសេគាលក៏បានប្រកាសទុកជាមុនផងដែរ អំពីព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតឡើងមុនការបំផ្លាញក្រុងយេរូសាឡិម គឺ«នឹងមានអន្តរាយមួយហើយមួយទៀត»។ ព្រឹត្តិការណ៍ទាំងនោះនឹងនាំទៅដល់ការដួលរលំផ្នែកខាងនយោបាយ សង្គម និងសាសនា។—អេគ. ៧:១១-១៣, ២៥-២៧
១៥. តើផ្នែកណាខ្លះនៃទំនាយអេសេគាលបានចាប់ផ្ដើមកើតឡើងតាំងពីឆ្នាំ៦០៩ មុនគ.ស.?
១៥ ប៉ុន្មានឆ្នាំក្រោយអេសេគាលបានប្រកាសអំពីការបំផ្លាញក្រុងយេរូសាឡិម ទំនាយនោះបានចាប់ផ្ដើមកើតឡើង។ នៅឆ្នាំ៦០៩ មុនគ.ស. អេសេគាលបានដឹងថាការវាយប្រហារទៅលើក្រុងយេរូសាឡិមបានចាប់ផ្ដើម។ នៅគ្រានោះ មានឮសំឡេងត្រែហៅអ្នកក្រុងឲ្យមកច្បាំងការពារក្រុង តែដូចអេសេគាលបានប្រកាសទុកជាមុន«គ្មានអ្នកណាចូលប្រយុទ្ធទេ»។ (អេគ. ៧:១៤) ដូច្នេះ អ្នកក្រុងយេរូសាឡិមមិនបានពួតដៃគ្នាមកច្បាំងនឹងកងទ័ពបាប៊ីឡូនដើម្បីការពារក្រុងឡើយ។ ពួកយូដាខ្លះប្រហែលជាគិតថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ ព្រោះលោកធ្លាប់ធ្វើដូច្នោះនៅពេលដែលពួកអាស៊ីរីបានគំរាមចាប់យកក្រុងយេរូសាឡិម។ ពេលនោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានបំផ្លាញទាហានជាច្រើនរបស់ពួកគេ។ (២បស. ១៩:៣២) ប៉ុន្តែ លើកនេះទេវតារបស់ព្រះ មិនបានមកជួយពួកគេទេ។ មិនយូរប៉ុន្មានក្រោយពីការឡោមព័ទ្ធ ក្រុងយេរូសាឡិមបានត្រូវប្រៀបប្រដូចទៅនឹង«ឆ្នាំង»ដែលនៅលើ«ភ្លើង» ហើយអ្នកក្រុងប្រៀបដូចជា«ដុំសាច់»នៅក្នុងឆ្នាំង។ (អេគ. ២៤:១-១០) ក្រោយពីការឡោមព័ទ្ធដ៏វេទនាអស់រយៈពេល១៨ខែ ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល។
«ចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌»
១៦. សព្វថ្ងៃនេះ តើតាមរបៀបណាយើងអាចបង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ាថាលោកតែងតែធ្វើតាមពេលវេលាដែលលោកបានកំណត់?
១៦ តើយើងអាចទាញមេរៀនអ្វីពីផ្នែកនេះនៃទំនាយអេសេគាល? តើនេះទាក់ទងនឹងដំណឹងដែលយើងផ្សាយនិងប្រតិកម្មរបស់មនុស្សដែលយើងផ្សាយដល់ឬ? ព្រះយេហូវ៉ាបានកំណត់ពេលរួចទៅហើយថា ពេលណាសាសនាមិនពិតនឹងត្រូវបំផ្លាញចោល ហើយម្ដងនេះទៀតលោកនឹងធ្វើតាមពេលវេលាដែលលោកបានកំណត់។ (២ពេ. ៣:៩, ១០; បប. ៧:១-៣) យើងមិនដឹងពេលវេលានោះច្បាស់ទេ តែដូចអេសេគាលដែរ យើងបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា ហើយព្រមានមនុស្សម្ដងហើយម្ដងទៀតថា៖ «អ្នកមកដល់ទីបញ្ចប់ហើយ!»។ ហេតុអ្វីយើងត្រូវផ្សាយដំណឹងនេះម្ដងហើយម្ដងទៀត? យើងមានមូលហេតុដូចអេសេគាលដែរ។ * មនុស្សភាគច្រើនដែលបានឮគាត់ប្រកាសដំណឹងពីព្រះអំពីការដួលរលំក្រុងយេរូសាឡិម មិនជឿគាត់នោះទេ។ (អេគ. ១២:២៧, ២៨) ប៉ុន្តែក្រោយ មក ជនជាតិយូដាខ្លះដែលជាជននិរទេសនៅបាប៊ីឡូន បានប្រែចិត្ត ហើយពួកគេបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ (អេ. ៤៩:៨) ស្រដៀងគ្នាដែរ មនុស្សជាច្រើននៅសព្វថ្ងៃនេះ មិនជឿថាពិភពលោកនឹងមកដល់ទីបញ្ចប់ឡើយ។ (២ពេ. ៣:៣, ៤) ទោះជាយ៉ាងនោះក៏ដោយ ដោយសារនៅមានឱកាសឲ្យមនុស្សទទួលដំណឹងពីព្រះ នោះយើងចង់ជួយមនុស្សដែលមានចិត្តស្មោះឲ្យរកឃើញផ្លូវដែលនាំទៅដល់ជីវិត។—ម៉ាថ. ៧:១៣, ១៤; ២កូ. ៦:២
១៧. ក្នុងអំឡុងគ្រាវេទនាជាខ្លាំងនៅថ្ងៃខាងមុខ តើយើងនឹងឃើញស្ថានភាពនិងព្រឹត្តិការណ៍អ្វីខ្លះ?
១៧ បន្ថែមទៅទៀត ទំនាយអេសេគាលរំលឹកយើងថា ពេលការវាយប្រហារទៅលើអង្គការសាសនាចាប់ផ្ដើម សមាជិកវិហារផ្សេងៗនឹងមិន«ចូលប្រយុទ្ធ»ដើម្បីការពារសាសនារបស់ពួកគេទេ។ ផ្ទុយទៅវិញ ពេលដែលពួកគេអង្វរសុំជំនួយដោយស្រែកថា៖ «លោកម្ចាស់! លោកម្ចាស់!» ហើយឃើញថាមិនបានទទួលជំនួយ នោះ«ពួកគេនឹងទន់ដៃទន់ជើង» ហើយ«ភ័យញាប់ញ័រជាខ្លាំង»។ (អេគ. ៧:៣, ១៤, ១៧, ១៨; ម៉ាថ. ៧:២១-២៣) តើពួកគេនឹងធ្វើអ្វីទៀត? (សូមអាន អេសេគាល ៧:១៩-២១) ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ពួកគេនឹងបោះចោលប្រាក់នៅតាមផ្លូវ»។ ប្រសាសន៍របស់ព្រះបានកើតឡើង ចំពោះអ្នកក្រុងយេរូសាឡិមសម័យបុរាណ ហើយក៏បញ្ជាក់អំពីអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែរ។ នៅពេលនោះ មនុស្សនឹងដឹងថាប្រាក់មិនអាចជួយសង្គ្រោះពួកគេពីអន្តរាយដែលនឹងមកដល់ឡើយ។
១៨. តើយើងទាញមេរៀនអ្វីពីទំនាយអេសេគាលស្ដីអំពីការចាត់ទុកអ្វីសំខាន់ជាង?
១៨ តើអ្នកបានទាញមេរៀនអ្វីពីផ្នែកនេះនៃទំនាយអេសេគាល? មេរៀនគឺយើងត្រូវដឹងថាអ្វីសំខាន់បំផុត។ សូមពិចារណាចំណុចនេះ ក្រោយពីអ្នកក្រុងយេរូសាឡិមយល់ថាទីក្រុងនិងជីវិតរបស់ពួកគេមកដល់ទីបញ្ចប់ ព្រមទាំងដឹងថាទ្រព្យសម្បត្តិមិនអាចសង្គ្រោះពួកគេ ទើបពួកគេផ្លាស់ប្ដូរទាំងស្រុងនូវអ្វីដែលពួកគេចាត់ទុកថាសំខាន់។ ពួកគេបានបោះទ្រព្យសម្បត្តិចោល ហើយចាប់ផ្ដើមសួររកការបើកបង្ហាញពីព្រះតាមរយៈអ្នកប្រកាសទំនាយ តែហួសពេលហើយ។ (អេគ. ៧:២៦) ចំណែកយើងវិញ យើងដឹងច្បាស់ថាទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ គឺកាន់តែកៀកណាស់ហើយ។ ហេតុនេះ ដោយសារយើងមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ នោះយើងបានកំណត់យ៉ាងត្រឹមត្រូវថាអ្វីសំខាន់បំផុតក្នុងជីវិត។ ជាលទ្ធផល យើងរវល់ប្រមូលទ្រព្យសម្បត្តិនៅស្ថានសួគ៌ដែលមានតម្លៃស្ថិតស្ថេរ ហើយនឹងមិនដែលត្រូវបោះចោល«នៅតាមផ្លូវ»ទេ។—សូមអាន ម៉ាថាយ ៦:១៩-២១, ២៤
១៩. តើការប្រកាសទុកជាមុនរបស់អេសេគាលមានឥទ្ធិពលយ៉ាងណាមកលើយើងនៅសព្វថ្ងៃនេះ?
១៩ សរុបទៅ តើតាមរបៀបណាទំនាយរបស់អេសេគាលស្ដីអំពីការដួលរលំក្រុងយេរូសាឡិមទាក់ទងនឹងយើងនៅសព្វថ្ងៃនេះ? ទំនាយអេសេគាលរំលឹកយើងថាពេលវេលាដើម្បីជួយអ្នកឯទៀតឲ្យក្លាយជាអ្នកបម្រើព្រះ គឺមិននៅសល់ច្រើនប៉ុន្មានទេ។ ដូច្នេះ យើងត្រូវបំពេញកិច្ចការបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្តជាបន្ទាន់! យើងមានអំណរខ្លាំងណាស់ ពេលអស់អ្នកដែលមានចិត្តស្មោះចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាបិតារបស់យើង។ ប៉ុន្តែ សូម្បីតែអស់អ្នកដែលមិនព្រមធ្វើដូចនោះក៏ដោយ យើងបន្តព្រមានពួកគេដូចអេសេគាលព្រមានមនុស្សនៅសម័យគាត់ថា៖ «អ្នកមកដល់ទីបញ្ចប់ហើយ!»។ (អេគ. ៣:១៩, ២១; ៧:៣) នៅដំណាលគ្នានោះ យើងបន្តទុកចិត្តទៅលើព្រះយេហូវ៉ា ហើយតែងតែចាត់ទុកការគោរពប្រណិប័តន៍ពិត ជាអ្វីសំខាន់បំផុតក្នុងជីវិត។—ចសព. ៥២:៧, ៨; សុភ. ១១:២៨; ម៉ាថ. ៦:៣៣
^ វគ្គ 3 ជាការសមហេតុសមផលឲ្យយើងសន្និដ្ឋានថា អេសេគាលធ្វើការសម្ដែងទាំងនេះជាសញ្ញាសម្គាល់នៅមុខបណ្ដាជន។ ហេតុអ្វី? ព្រោះស្ដីអំពីការសម្ដែងខ្លះដូចជាការដុតនំ និងការស្ពាយបង្វេចព្រះយេហូវ៉ាបានបង្គាប់អេសេគាលយ៉ាងជាក់លាក់ឲ្យធ្វើ«នៅចំពោះមុខពួកគេ»។—អេគ. ៤:១២; ១២:៧
^ វគ្គ 13 ដោយអនុញ្ញាតឲ្យក្រុងយេរូសាឡិមត្រូវបំផ្លាញចោល ព្រះយេហូវ៉ាមិនគ្រាន់តែវិនិច្ឆ័យរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធ២ប៉ុណ្ណោះទេ តែលោកក៏វិនិច្ឆ័យរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ដែរ។ (យេ. ១១:១៧; អេគ. ៩:៩, ១០) សូមមើលសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ ទំព័រ៤៦២ “Chronology—From 997 B.C.E. to Desolation of Jerusalem”។
^ វគ្គ 16 សូមកត់សម្គាល់ថាគ្រាន់តែនៅក្នុងអេសេគាល ៧:៥-៧ ព្រះយេហូវ៉ាប្រើពាក្យ«មកដល់»និង«កំពុងមក»អស់៦ដង។