របៀបរស់នៅជាគ្រិស្តសាសនិក
ចូរពង្រឹងជំនឿរបស់អ្នកលើបណ្ដាំរបស់ព្រះ
បណ្ដាំរបស់ព្រះអាចកែប្រែជីវិតរបស់យើង។ (ហេ. ៤:១២) ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពីការណែនាំនិងឱវាទក្នុងគម្ពីរ យើងត្រូវតែជឿជាក់ថាគម្ពីរគឺពិតជា«បណ្ដាំរបស់ព្រះ»មែន។ (១ថែ. ២:១៣) តើតាមរបៀបណាយើងអាចពង្រឹងជំនឿរបស់យើងទៅលើគម្ពីរ?
អានគម្ពីរជារៀងរាល់ថ្ងៃ។ ពេលដែលអ្នកអាន សូមរកភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាគឺជាអ្នកនិពន្ធគម្ពីរមែន។ ជាឧទាហរណ៍ សូមពិនិត្យមើលយោបល់ដែលមានក្នុងសៀវភៅសុភាសិត ហើយកត់សម្គាល់របៀបដែលប្រាជ្ញាដែលមានក្នុងសៀវភៅនេះអាចជួយយើងក្នុងជីវិតប្រចាំថ្ងៃ។—សុភ. ១៣:២០; ១៤:៣០
ចាប់ផ្ដើមសិក្សាស្រាវជ្រាវប្រធានបទណាមួយ។ សូមដឹងច្បាស់អំពីភ័ស្តុតាងផ្សេងៗដែលបញ្ជាក់ថាគម្ពីរគឺមកពីព្រះ។ ក្នុងសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា សូមមើលក្រោមប្រធានបទ«គម្ពីរបរិសុទ្ធ» រួចមើល«ក្រោមការដឹកនាំរបស់ព្រះ»។ អ្នកក៏អាចពង្រឹងទំនុកចិត្តរបស់អ្នកថាព័ត៌មានដែលមានក្នុងគម្ពីរមិនបានត្រូវផ្លាស់ប្ដូរទេ ដោយពិនិត្យមើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣នៃសេចក្ដីបកប្រែពិភពលោកថ្មី។
សូមទស្សនាវីដេអូមូលហេតុដែលយើងមានជំនឿ . . . លើបណ្ដាំរបស់ព្រះ រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើការរកឃើញជញ្ជាំងប្រាសាទមួយនៅស្រុកអេហ្ស៊ីបបញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្ដាំរបស់ព្រះយ៉ាងដូចម្ដេច?
-
តើតាមរបៀបណាយើងដឹងថាអត្ថន័យក្នុងគម្ពីរមិនបានត្រូវផ្លាស់ប្ដូរ?
-
ហេតុអ្វីការដែលគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃគឺជាភ័ស្តុតាងដែលបញ្ជាក់ថាគម្ពីរពិតជាបណ្ដាំរបស់ព្រះ?—សូមអាន អេសាយ ៤០:៨