របៀបរស់នៅជាគ្រិស្តសាសនិក
ចូរត្រៀមខ្លួនឥឡូវសម្រាប់ពេលមានរឿងបន្ទាន់ខាងសុខភាព
ហេតុអ្វីត្រូវត្រៀមខ្លួន? រឿងបន្ទាន់ខាងសុខភាពនិងគ្រោះថ្នាក់ដែលនាំឲ្យចូលមន្ទីរពេទ្យអាចកើតឡើងភ្លាមៗ។ ដូច្នេះ សូមត្រៀមខ្លួនដើម្បីឲ្យអ្នកអាចទទួលបានការព្យាបាលដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន មុនរឿងទាំងនេះកើតឡើង។ ដោយធ្វើដូច្នេះ អ្នកបង្ហាញថាអ្នកគោរពជីវិត និងច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីឈាម។—សកម្ម. ១៥:២៨, ២៩
តើអ្នកអាចធ្វើអ្វីដើម្បីត្រៀមខ្លួន?
-
សូមអធិដ្ឋាន ហើយបំពេញលិខិតប្រគល់សិទ្ធិអំណាចឲ្យមើលការខុសត្រូវក្នុងការថែទាំសុខភាព (កាតកុំចាក់បញ្ចូលឈាម) ដោយយកចិត្តទុកដាក់។ a អ្នកផ្សាយដែលបានទទួលការជ្រមុជទឹកហើយអាចយកកាតនេះពីបងប្អូនដែលទទួលខុសត្រូវផ្នែកសៀវភៅ និងយកប័ណ្ណសម្គាល់ (ic) សម្រាប់កូនៗដែលមិនទាន់គ្រប់អាយុ
-
បើអ្នកមានផ្ទៃពោះ ចូរសុំពួកអ្នកចាស់ទុំនូវព័ត៌មានសម្រាប់ស្ត្រីមានផ្ទៃពោះ (S-401)។ ព័ត៌មាននេះនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តល្អអំពីបញ្ហាសុខភាពផ្សេងៗដែលអាចកើតឡើងក្នុងអំឡុងពេលពរពោះ និងពេលសម្រាលកូន
-
បើអ្នកត្រូវការការវះកាត់ដែលអាចទាក់ទងនឹងការចាក់បញ្ចូលឈាម ឬស្នាក់នៅមន្ទីរពេទ្យ សូមប្រាប់អ្នកចាស់ទុំរបស់អ្នកទុកជាមុន ហើយប្រាប់មន្ទីរពេទ្យនោះថាអ្នកចង់ឲ្យសាក្សីព្រះយេហូវ៉ាមកសួរសុខទុក្ខអ្នក
តើអ្នកចាស់ទុំអាចផ្ដល់ជំនួយតាមរបៀបណា? ពួកគាត់អាចជួយអ្នកបំពេញកាតកុំចាក់បញ្ចូលឈាម។ ប៉ុន្តែ អ្នកចាស់ទុំមិនអាចធ្វើការសម្រេចចិត្តជំនួសអ្នកអំពីរឿងសុខភាពរបស់អ្នក ឬប្រាប់ទស្សនៈរបស់គាត់អំពីរឿងដែលគ្រិស្តសាសនិកម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួននោះទេ។ (រ៉ូម ១៤:១២; កាឡ. ៦:៥) ពេលដែលអ្នកប្រាប់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នកថាអ្នកនឹងទទួលការព្យាបាលដែលអាចទាក់ទងនឹងឈាម ពួកគាត់នឹងទាក់ទងគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យជាបន្ទាន់។
តើតាមរបៀបណាគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យអាចជួយ? បងប្អូនដែលជាសមាជិកនៃគណៈកម្មាធិការនេះបានទទួលការបង្ហាត់បង្រៀនដើម្បីជួយអ្នកដែលធ្វើការខាងពេទ្យនិងខាងច្បាប់ឲ្យយល់គោលការណ៍របស់យើងស្ដីអំពីឈាម។ ពួកគាត់អាចពិគ្រោះជាមួយនឹងគ្រូពេទ្យរបស់អ្នកអំពីវិធីព្យាបាលផ្សេងៗដែលជៀសវាងពីការចាក់បញ្ចូលឈាម។ បើចាំបាច់ ពួកគាត់ក៏អាចជួយអ្នកឲ្យរកគ្រូពេទ្យដែលមិនប្រើឈាមដែរ។
សូមទស្សនាវីដេអូ តើគួរសម្រេចចិត្តយ៉ាងណាអំពីវិធីព្យាបាលដែលទាក់ទងនឹងឈាម? រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើអ្នកបានរៀនអ្វីពីវីដេអូនេះដែលអាចជួយអ្នកឲ្យត្រៀមខ្លួនពេលមានរឿងបន្ទាន់ខាងសុខភាពដែលទាក់ទងនឹងឈាម?
a មេរៀនទី៣៩នៃសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តស្ដីអំពីឈាម។