លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

របៀបដែលយើងអាចផ្ដល់ជំនួយក្រោយគ្រោះមហន្តរាយ

របៀបដែលយើងអាចផ្ដល់ជំនួយក្រោយគ្រោះមហន្តរាយ

នៅ​សព្វ​ថ្ងៃ​នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​កើន​ឡើង​កាន់​តែ​ច្រើន។ ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​ឡើង កិច្ច​ការ​ផ្ដល់​ជំនួយ​ត្រូវ​តែ​មាន​ការ​រៀបចំ​និង​ការ​ចាត់​ចែង​ឲ្យ​បាន​ល្អ និង​ដោយ​មាន​ប្រសិទ្ធភាព។ ហេតុ​នេះ​ហើយ គណៈ​អភិបាល​បាន​រៀបចំ​ផ្នែក​កិច្ច​ការ​ផ្ដល់​ជំនួយ​នៅ​គ្រប់​ការិយាល័យ​សាខា​ទាំង​អស់។

ពេល​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ផ្នែក​ផ្ដល់​ជំនួយ​ឮ​ថា​មាន​គ្រោះ​មហន្តរាយ​នៅ​តំបន់​ណា​មួយ ពួក​គាត់​ទាក់​ទង​អ្នក​ចាស់​ទុំ​នៅ​ក្នុង​តំបន់​នោះ​ភ្លាម​ៗ​ដើម្បី​ស្វែង​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន។ បើ​មាន​ការ​ខូច​ខាត​លើស​ពី​អ្វី​ដែល​បង​ប្អូន​ក្នុង​តំបន់​អាច​ជួស​ជុល​បាន នោះ​ការិយាល័យ​សាខា​នឹង​ចាត់​បង​ប្រុស​ៗ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឲ្យ​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ។ បង​ប្រុស​ៗ​ទាំង​នោះ​ប្រហែល​ជា​នឹង​សុំ​ជំនួយ​ពី​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត ឲ្យ​ផ្ដល់​សម្ភារ​ផ្សេង​ៗ ឬ​បង​ប្រុស​ៗ​ទាំង​នោះ​ប្រហែល​ជា​ទិញ និង​ចែក​ចាយ​សម្ភារ​ដែល​បង​ប្អូន​ក្នុង​តំបន់​នោះ​ត្រូវ​ការ។

ការ​ចាត់​ចែង​តាម​របៀប​នេះ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់។ នេះ​អាច​ជួយ​មិន​ឲ្យ​បង​ប្អូន​ឯ​ទៀត​ធ្វើ​កិច្ចការ​ដែល​មិន​ចាំ​បាច់ មិន​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ និង​មិន​ឲ្យ​ខ្ជះ​ខ្ជាយ​លុយ​កាក់​ឬ​ធន​ធាន​ឡើយ ព្រោះ​នេះ​ជា​អ្វី​ដែល​អាច​កើត​ឡើង​បើ​បង​ប្អូន​ណា​ម្នាក់​សម្រេច​ចិត្ត​រៀបចំ​ផ្ដល់​ជំនួយ​ដោយ​ខ្លួន​ឯង។

បង​ប្អូន​ដែល​ការិយាល័យ​សាខា​ចាត់​ឲ្យ​ទៅ​ផ្ដល់​ជំនួយ​ដឹង​ថា ពួក​គាត់​ត្រូវ​ការ​ថវិកា និង​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ប៉ុន្មាន​នាក់​ដើម្បី​សម្រេច​កិច្ច​ការ​នោះ។ ពួក​គាត់​ក៏​អាច​ស្គាល់​មន្ត្រី​ដែល​នៅ​ក្នុង​តំបន់​នោះ​ដែរ ហើយ​នេះ​អាច​ជួយ​ឲ្យ​ពួក​គាត់​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​កាន់​តែ​រហ័ស។ ដូច្នេះ សូម​កុំ​ប្រមូល​ថវិកា ផ្ញើ​សម្ភារ​ផ្សេង​ៗ ឬ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​មហន្តរាយ​ដោយ​ខ្លួន​ឯង​ឡើយ លុះ​ត្រា​តែ​បង​ប្អូន​បាន​ត្រូវ​ណែនាំ​ឲ្យ​ធ្វើ​ដូច្នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ចង់​ជួយ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។ (​ហេ. ១៣:១៦​) យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង! តើ​យើង​អាច​ធ្វើ​អ្វី? សំខាន់​បំផុត យើង​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ និង​បង​ប្អូន​ដែល​កំពុង​ផ្ដល់​ជំនួយ។ យើង​ក៏​អាច​ធ្វើ​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ដែរ។ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​អភិបាល ការិយាល័យ​សាខា​ដឹង​ថា​ត្រូវ​ចាត់​ចែង​ថវិកា​តាម​របៀប​ណា​ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ បើ​យើង​ចង់​ជួយ​កិច្ច​ការ​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់ យើង​អាច​បំពេញ​ពាក្យ​សុំ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ (DC-50) ហើយ​ប្រាប់​អំពី​ពេល​ដែល​យើង​អាច​ជួយ​ក្នុង​កិច្ច​ការ​នោះ។

សូម​ទស្សនា​វីដេអូ​ទឹក​ជំនន់​ដ៏​សាហាវ​នៅ​ប្រទេស​ប្រេស៊ីល រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ចំពោះ​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្រោយ​ទឹក​ជំនន់​នៅ​ប្រទេស​ប្រេស៊ីល​ក្នុង​ឆ្នាំ​២០២០?