របៀបរស់នៅជាគ្រិស្ដសាសនិក
របៀបបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង
ទោះជាគ្រិស្ដសាសនិកមិនធ្វើតាមច្បាប់របស់ម៉ូសេក្ដី តែបញ្ញត្ដិពីរសំខាន់ជាងគេក្នុងច្បាប់នោះ ពោលគឺការស្រឡាញ់ព្រះនិងអ្នកជិតខាងនៅតែជាអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើ។ (ម៉ាថ. ២២:៣៧-៣៩) សេចក្ដីស្រឡាញ់បែបនេះមិនមែនកើតឡើងដោយស្វ័យប្រវត្ដិទេ គឺត្រូវតែបណ្ដុះឲ្យមាន។ តើតាមរបៀបណា? វិធីសំខាន់មួយគឺតាមរយៈការអានគម្ពីរជារៀងរាល់ថ្ងៃ។ ពេលយើងពិចារណាអំពីបុគ្គលិកលក្ខណៈផ្សេងៗរបស់ព្រះដែលយើងឃើញក្នុងគម្ពីរ យើងកំពុងមើល«សេចក្ដីលំអនៃព្រះយេហូវ៉ា»។ (ទំនុក. ២៧:៤) ជាលទ្ធផល យើងកាន់តែស្រឡាញ់លោក និងកាន់តែគិតដូចលោក។ នេះជំរុញចិត្ដយើងឲ្យកាន់តាមបញ្ញត្ដិរបស់ព្រះ រួមទាំងបញ្ញត្ដិដែលឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនចំពោះអ្នកឯទៀត។ (យ៉ូន. ១៣:៣៤, ៣៥; ១យ៉ូន. ៥:៣) មានយោបល់បីដើម្បីធ្វើឲ្យការអានគម្ពីរកាន់តែសប្បាយរីករាយ:
-
ប្រើការស្រមៃគិត និងដាក់អារម្មណ៍។ សូមស្រមៃគិតថាអ្នកស្ថិតក្នុងស្ថានភាពនោះ។ តើអ្នកបានឃើញ ឮ និងធុំក្លិនអ្វី? តើបុគ្គលដែលស្ថិតក្នុងស្ថានភាពនោះប្រហែលជាមានអារម្មណ៍យ៉ាងណា?
-
ប្រើវិធីផ្សេងៗ។ មានយោបល់មួយចំនួនដូចជា: អានឮៗ ឬអានតាម កាលដែលស្តាប់ឯកសារជាសំឡេង។ អានអំពីតួអង្គណាមួយក្នុងគម្ពីរ ឬប្រធានបទណាមួយ ជាជាងអានតាមជំពូក។ ជាឧទាហរណ៍ សូមប្រើផ្នែកទី៤ ឬទី១៦ក្នុងជំនួយសិក្សាបណ្ដាំរបស់ព្រះ ដើម្បីអានអំពីលោកយេស៊ូ។ អានមួយជំពូកពីបទគម្ពីរប្រចាំថ្ងៃដែលបានត្រូវដកស្រង់។ អានគម្ពីរតាមលំដាប់ពេលដែលបានត្រូវសរសេរ។
-
អានដើម្បីយល់។ ការអានដោយរំពឹងគិតដើម្បីយល់សូម្បីតែមួយជំពូកជារៀងរាល់ថ្ងៃ គឺច្បាស់ជាប្រសើរជាងការអានជាច្រើនជំពូកគ្រាន់តែដើម្បីមានពាក្យថាអាន។ គិតពិចារណាអំពីទីតាំងនិងពេលវេលា។ វិភាគយ៉ាងល្អិតល្អន់។ ប្រើផែនទីនិងឯកសារយោង។ ស្រាវជ្រាវយ៉ាងហោចណាស់ចំណុចមួយដែលអ្នកមិនយល់។ បើអាច ចំណាយពេលរំពឹងគិតស្មើនឹងពេលអាន។