របៀបរស់នៅជាគ្រិស្តសាសនិក
ចូរមានទំនុកចិត្តថាយើងនឹងទទួលសេចក្ដីសង្គ្រោះពេលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់
បន្តិចទៀត ព្រះយេហូវ៉ានឹងលែងមានចិត្តអត់ធ្មត់ចំពោះពិភពលោកនេះ។ សាសនាមិនពិតនឹងត្រូវបំផ្លាញចោល ប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នានឹងវាយប្រហាររាស្ត្ររបស់ព្រះ ហើយព្រះយេហូវ៉ានឹងបំផ្លាញមនុស្សទុច្ចរិតចោលនៅសង្គ្រាមអាម៉ាគេដូន។ យើងជាគ្រិស្តសាសនិកកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏សំខាន់ទាំងនោះ។
ពិតមែន យើងមិនដឹងព័ត៌មានល្អិតល្អន់ទាំងអស់អំពីគ្រាទុក្ខវេទនាជាខ្លាំងទេ។ ជាឧទាហរណ៍ យើងមិនដឹងថាគ្រានោះនឹងចាប់ផ្ដើមនៅពេលណាទេ។ យើងមិនដឹងថាពួកអ្នកនយោបាយនឹងប្រើមូលហេតុអ្វីដើម្បីវាយប្រហារសាសនាទាំងឡាយទេ។ យើងមិនដឹងថាប្រជាជាតិនានានឹងវាយប្រហាររាស្ត្ររបស់ព្រះអស់រយៈពេលយូរប៉ុណ្ណា ឬថាការវាយប្រហារនោះរួមបញ្ចូលអ្វីខ្លះនោះទេ។ យើងក៏មិនដឹងច្បាស់ថាព្រះយេហូវ៉ានឹងប្រើវិធីជាក់លាក់ណាដើម្បីបំផ្លាញមនុស្សទុច្ចរិតនៅសង្គ្រាមអាម៉ាគេដូនដែរ។
ក៏ប៉ុន្តែ បទគម្ពីរផ្ដល់ព័ត៌មានទាំងអស់ដែលយើងត្រូវការដើម្បីប្រឈមមុខនឹងអនាគតដោយមានទំនុកចិត្តនិងចិត្តក្លាហាន។ ជាឧទាហរណ៍ យើងដឹងថាយើងកំពុងរស់នៅទីបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»។ (២ធី. ៣:១) យើងដឹងថាការវាយប្រហារសាសនាទាំងឡាយនឹងត្រូវ‹កាត់បន្ថយឲ្យខ្លី› ដើម្បីកុំឲ្យសាសនាពិតត្រូវបំផ្លាញដែរ។ (ម៉ាថ. ២៤:២២) យើងដឹងថាព្រះយេហូវ៉ានឹងសង្គ្រោះរាស្ត្ររបស់លោក។ (២ពេ. ២:៩) ហើយយើងដឹងថាបុគ្គលដែលព្រះបានជ្រើសរើសឲ្យបំផ្លាញមនុស្សទុច្ចរិត និងសង្គ្រោះមនុស្សមួយក្រុមធំឲ្យរួចជីវិតពីសង្គ្រាមអាម៉ាគេដូន គឺសុចរិតនិងមានអំណាចខ្លាំងក្លា។—បប. ១៩:១១, ១៥, ១៦
ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃខាងមុខ នឹងនាំឲ្យមនុស្ស«សន្លប់បាត់ស្មារតីដោយសារភ័យខ្លាច»។ ប៉ុន្តែដោយអាននិងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាធ្លាប់បានសង្គ្រោះរាស្ត្ររបស់លោកនៅអតីតកាល យើងអាច«ឈរឲ្យត្រង់ខ្លួន ហើយងើបមុខឡើង»ដោយមានទំនុកចិត្តថាសេចក្ដីសង្គ្រោះរបស់យើងគឺជិតមកដល់ហើយ។—លូក. ២១:២៦, ២៨