ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២
ព័ត៌មានប្រទេសផ្សេងៗ
ជំនួយស្រាវជ្រាវក្នុងJWបណ្ណាល័យ មានកំណែថ្មីដែលបន្ថែមលិបិក្រមបទគម្ពីរច្រើនជាង
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កំណែថ្មីនៃជំនួយស្រាវជ្រាវរបស់សាក្សីព្រះយេហូវ៉ាបានត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធី JWបណ្ណាល័យ។ អត្ថបទជាច្រើនដែលពន្យល់អំពីបទគម្ពីរផ្សេងៗបានត្រូវបន្ថែមទៅក្នុងជំនួយស្រាវជ្រាវនោះ។
តើនៅក្នុងកំណែថ្មីមានអ្វីខ្លះ?
ជំនួយស្រាវជ្រាវ បានត្រូវបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងនោះមានលិបិក្រមបទគម្ពីរដែលមានឯកសារយោងពីសៀវភៅថ្មីៗរបស់អង្គការយើង។
ប៉ុន្មានឆ្នាំកន្លងទៅនេះ សៀវភៅចាស់ៗជាច្រើនរបស់យើងបានត្រូវដាក់បញ្ចូលក្នុង JWបណ្ណាល័យ។ ឥឡូវសៀវភៅជាច្រើនដែលមាននៅក្នុងបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម ក៏មាននៅក្នុងកម្មវិធីJWបណ្ណាល័យដែរ។ កំណែថ្មីរួមបញ្ចូលឯកសារយោងពីសៀវភៅចាស់ៗ និងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ។ នៅក្នុងJWបណ្ណាល័យ ជំនួយស្រាវជ្រាវ មានឯកសារយោងដែលបានដកស្រងចេញពីអត្ថបទនីមួយៗរួចហើយ ដូច្នេះអ្នកអាចអានដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។
បន្ថែមទៅទៀត កំណែថ្មីក៏មានឯកសារយោងពីក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! បងស្រីម្នាក់ឈ្មោះខារីបាននិយាយថា៖«ខ្ញុំចេះតែភ័យពេលផ្សព្វផ្សាយតាមទូរស័ព្ទ ប៉ុន្តែខ្ញុំដឹងថាមនុស្សជាច្រើនពិតជាត្រូវការការសម្រាលទុក្ខ។ ជួនកាល ខ្ញុំនឹកឃើញបទគម្ពីរណាមួយដែលខ្ញុំចង់បង្ហាញដល់ម្ចាស់ផ្ទះ ប៉ុន្តែ ខ្ញុំត្រូវការជំនួយដើម្បីអាចពន្យល់បទគម្ពីរនោះតាមរបៀបដែលស្រួលយល់ និងទាក់ទាញចិត្ត ដើម្បីអាចបន្តការសន្ទនា។ ការរកឃើញឯកសារយោងភ្លាមៗពីក្នុងជំនួយស្រាវជ្រាវ រួមទាំងអត្ថបទពីក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ពិតជាធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្ត និងមានអំណរក្នុងកិច្ចបម្រើផ្សាយ»។
ដំណើរការនៃការរៀបចំជំនួយស្រាវជ្រាវ កាន់តែងាយស្រួល ជាមូលហេតុដែលយើងអាចធ្វើកម្មវិធីនេះក្នុងភាសាជាច្រើន។ បងអ៊ីវ៉ូដែលបម្រើនៅការិយាល័យសាខាប្រទេសស៊ីលីបាននិយាយថា៖«នេះជាលើកទី១ដែលមានជំនួយស្រាវជ្រាវ ជាភាសាម៉ាពូឌូនហ្គូន។ ខ្ញុំមិនដែលធ្វើការខាងផ្នែកនេះទេ ប៉ុន្តែដំណើរការនៃការរៀបចំកម្មវិធីជំនួយស្រាវជ្រាវនេះគឺមិនស្មុគស្មាញឡើយ។ បងប្អូនភ្ញាក់ផ្អើលជាខ្លាំងពេលបានទទួលជំនួយស្រាវជ្រាវនេះជាភាសារបស់ខ្លួន។ ពួកគេមិននឹកស្មានថាសូម្បីតែភាសាដែលមានមនុស្សតិចណាស់និយាយក៏អាចមានឧបករណ៍នេះប្រើដែរ។ ពួកគេសប្បាយចិត្តណាស់ដែលបានទទួលឧបករណ៍ដ៏មានប្រយោជន៍សម្រាប់សិក្សាផ្ទាល់ខ្លួន សម្រាប់សុន្ទរកថា និងសម្រាប់រៀបចំចម្លើយ»។
របៀបប្រើជំនួយស្រាវជ្រាវ ដើម្បីរកលិបិក្រមបទគម្ពីរ
នៅក្នុងគម្ពីរ សូមបើកទៅខដែលអ្នកចង់ស្រាវជ្រាវ។
ចុចលើខនោះ ហើយនឹងលេចចេញប្រអប់ដែលមានរូបផ្សេងៗ បន្ទាប់មកសូមជ្រើសរើសរូបជំនួយស្រាវជ្រាវ។ ប្រសិនបើប្រអប់មិនមានរូបជំនួយស្រាវជ្រាវ ទេ នោះមានន័យថាគ្មានឯកសារយោងដើម្បីពន្យល់ខនោះឡើយ។
បើអ្នកចុចក្នុងជំនួយស្រាវជ្រាវ នោះអ្នកនឹងឃើញឯកសារយោងបានត្រូវរៀបតាមលំដាប់ពីថ្មីមកចាស់។ បើសិនជាអ្នកចង់មើលឯកសារយោងចាស់ៗ អ្នកត្រូវអូសចុះក្រោម។ សម្រាប់ខគម្ពីរដែលបានត្រូវកែសម្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការយល់ដឹងថ្មីបំផុតបានត្រូវដាក់នៅខាងលើ។