គោលការណ៍សកលស្ដីអំពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
យើងប្រមូល រក្សាទុក និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់តែគោលបំណងដែលលោកអ្នកបានស្នើសុំប៉ុណ្ណោះ។ យើងនឹងទុកព័ត៌មាននោះឲ្យបានយូរ ដរាបណាវាចាំបាច់សម្រាប់គោលបំណងទាំងនោះ ឬសម្រាប់តម្រូវការច្បាប់ដែលពាក់ព័ន្ធ។ ក្នុងករណីបែបនេះ បើលោកអ្នកមិនចង់ផ្ដល់ព័ត៌មានណាមួយដែលយើងស្នើសុំទេ នោះលោកអ្នកមិនអាចចូលទៅកាន់ផ្នែកមួយចំនួននៃគេហទំព័រ ឬកម្មវិធីរបស់ Watchtower Bible and Tract Society of New York, Inc បានឡើយ។ ណាមួយទៀត យើងក៏មិនអាចធ្វើតាមការស្នើសុំរបស់លោកអ្នកបានដែរ។
ព័ត៌មានដែលលោកបានអ្នកបានផ្ដល់ឲ្យនៅក្នុងសំណើឬក្នុងពាក្យសុំរបស់លោកអ្នក គឺអាចចូលប្រើបានតែបុគ្គលដែលពាក់ព័ន្ធនឹងដំណើរការព័ត៌មាននៃការបំពេញព័ត៌មាន និង/ឬដោយបុគ្គលជំនាញដែលមើលការខុសត្រូវ និងថែទាំប្រព័ន្ធបច្ចេកទេស។ យើងនឹងមិនផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដល់អ្នកណាផ្សេងទៀតទេ លុះត្រាតែ (១) បើចាំបាច់ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់លោកអ្នក ហើយយើងនឹងប្រាប់លោកអ្នកយ៉ាងច្បាស់លាស់ (២) យើងជឿថាការបង្ហាញព័ត៌មានផ្ទាល់ខ្លួនបែបនេះ គឺចាំបាច់ដើម្បីបំពេញតម្រូវការផ្លូវច្បាប់ ឬបញ្ញត្តិដែលចូលជាធរមាន (៣) នៅពេលមានការស្នើសុំពីអាជ្ញាធរដែលអនុវត្តច្បាប់ ឬ(៤) នៅពេលចាំបាច់ដើម្បីស្វែងរក និងទប់ស្កាត់ការក្លែងបន្លំដែលបណ្ដាលមកពីបញ្ហាសុវត្ថិភាព ឬបញ្ហាបច្ចេកទេស។ ពេលលោកអ្នកប្រើប្រាស់គេហទំព័រនេះនិងកម្មវិធីណាមួយដែលពាក់ព័ន្ធ នេះមានន័យថាលោកអ្នកយល់ព្រមឲ្យយើងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ភាគីទី៣ សម្រាប់គោលបំណងដែលបានត្រូវរៀបរាប់នៅខាងលើ។ មិនថាក្នុងកាលៈទេសៈបែបណាទេ យើងនឹងមិនយកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទៅលក់ ជួញដូរ ឬជួលឡើយ។
ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រ
លោកអ្នកអាចមើលមាតិកាភាគច្រើននៅលើគេហទំព័រនេះ ដោយមិនចាំបាច់ចុះឈ្មោះជាអ្នកប្រើប្រាស់ ឬផ្ញើព័ត៌មានណាមួយមកយើងទេ។ ប៉ុន្តែ មុខងារខ្លះអនុវត្តបានតែចំពោះអ្នកដែលបានចុះឈ្មោះប្រើប្រាស់ប៉ុណ្ណោះ ឬអ្នកប្រើប្រាស់ដែលបានដាក់ពាក្យសុំ ឬកម្មវិធី ឬអ្នកប្រើប្រាស់ដែលបានបញ្ជូនព័ត៌មានផ្ទាល់ខ្លួនក្នុងគេហទំព័រ តាមរយៈក្រុមជំនុំសាក្សីព្រះយេហូវ៉ា។ យើងដំណើរការព័ត៌មានរបស់លោកអ្នកដោយផ្អែកលើការយល់ព្រមពីលោកអ្នក។ ក្នុងករណីខ្លះ ទោះជាលោកអ្នកដកការយល់ព្រមរបស់ខ្លួនក៏ដោយ យើងនៅតែអាចមានមូលដ្ឋានច្បាប់ដើម្បីបន្តដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដោយអនុវត្តតាមលក្ខខណ្ឌដែលច្បាប់តម្រូវ។
ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកដាក់នៅលើគេហទំព័រនេះ នឹងត្រូវប្រើក្នុងគោលបំណងជូនដំណឹងដល់លោកអ្នក នៅពេលដែលលោកអ្នកដាក់ពាក្យប្រើប្រាស់។ គោលបំណងទាំងនេះរួមមានដូចតទៅ៖
គណនី។ អាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានផ្ដល់ឲ្យយើង ពេលអ្នកបង្កើតគណនីអ្នកប្រើប្រាស់ក្នុងគេហទំព័រនេះ អាចនឹងត្រូវប្រើដើម្បីទាក់ទងទៅអ្នក។ ជាឧទាហរណ៍ បើអ្នកភ្លេចឈ្មោះប្រើប្រាស់ ឬលេខសម្ងាត់របស់ខ្លួន នោះអ្នកអាចស្នើសុំជំនួយដោយចូលទៅក្នុង «logging in» រួចយើងនឹងផ្ញើសារទៅកាន់អាសយដ្ឋានអ៊ីម៉ែល ដែលអ្នកបានផ្ដល់ឲ្យយើងនៅក្នុងព័ត៌មានអ្នកប្រើប្រាស់របស់អ្នក។
ទំព័រគណនីរបស់ខ្ញុំ។ បន្ទាប់ពីអ្នកបានបង្កើតគណនីមួយ លេខាធិការនៃក្រុមជំនុំអាចផ្ដល់ឲ្យអ្នកនូវការចូលប្រើមុខងារ«ទំព័រគណនីរបស់ខ្ញុំ» («My Profile»)។ បើអ្នកចង់បន្ថែមព័ត៌មានផ្ទាល់ខ្លួនទៅក្នុង«ទំព័រគណនីរបស់ខ្ញុំ»នៅលើ hub.pr418.com អ្នកត្រូវសម្រេចចិត្តថាព្រមឬមិនព្រមឲ្យប្រើប្រាស់ព័ត៌មានបន្ថែមនោះ នេះគឺដើម្បីយើងអាចទាក់ទងអ្នក និងដើម្បីយើងអាចសុំអ្នកឲ្យជួយថែមទៀតក្នុងកិច្ចបម្រើ។ ប្រសិនបើអ្នកជួយក្នុងគម្រោងណាមួយ ហើយសរសេរបន្ថែមនូវជំនាញរបស់អ្នកក្នុង«ទំព័រគណនីរបស់ខ្ញុំ» នោះបងប្អូនដែលមានភារកិច្ចវាយតម្លៃជំនាញ អាចវាយតម្លៃថាតើអ្នកអាចជួយក្នុងកិច្ចការណាខ្លះបាន។ ដើម្បីដំណើរការព័ត៌មានរបស់អ្នក នោះយើងប្រហែលត្រូវចែករំលែកព័ត៌មានរបស់អ្នកដល់ការិយាល័យសាខាឯទៀតរបស់សាក្សីព្រះយេហូវ៉ា មន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ា ឬអង្គការ ឬសាជីវកម្មផ្សេងទៀតដែលសាក្សីព្រះយេហូវ៉ាប្រើនៅប្រទេសជាច្រើន។
ពាក្យស្នើសុំ។ ប្រសិនបើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ស្របតាមជំនឿនិងគោលការណ៍របស់សាក្សីព្រះយេហូវ៉ា អ្នកអាចប្រើគេហទំព័រនេះដើម្បីបង្កើតគណនីអ្នកប្រើប្រាស់ ហើយដាក់ពាក្យស្នើសុំ។ ម្យ៉ាងទៀត ក្រុមជំនុំរបស់អ្នកអាចដាក់ពាក្យស្នើសុំជំនួសអ្នកតាមរយៈគេហទំព័រនេះ។ ពាក្យស្នើសុំនីមួយៗគួរបញ្ជាក់នូវគោលបំណងជាក់លាក់ដូចជា ចង់ធ្វើកិច្ចការខាងសាសនាច្រើនជាង ឬស្នើសុំសេវាណាមួយ ឬផ្ដល់កន្លែងស្នាក់នៅសម្រាប់អ្នកដែលមកចូលរួមកម្មវិធីមហាសន្និបាត សន្និបាត ឬពិធីផ្សេងទៀត។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងពាក្យស្នើសុំ អាចរួមបញ្ចូលព័ត៌មានដែលដាក់ជូនដោយអ្នកផ្ទាល់ ឬដោយពួកអ្នកចាស់ទុំ ឬដោយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ព័ត៌មានដែលបានត្រូវផ្ដល់ឲ្យ នឹងត្រូវប្រើសម្រាប់គោលបំណងរៀបចំសំណុំឯកសារឲ្យត្រឹមត្រូវតាមផ្នែករដ្ឋបាលដែលពាក់ព័ន្ធ ដើម្បីដោះស្រាយនិងពិនិត្យមើលលើពាក្យស្នើសុំរបស់អ្នក ដូចជាការបង្កើតគណនីផ្ទាល់ខ្លួនរបស់អ្នក ដែលជាជំហាននៃដំណើរការកម្មវិធី។ បើចាំបាច់ដើម្បីដំណើរការពាក្យស្នើសុំរបស់អ្នក នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវផ្ញើទៅការិយាល័យសាខាផ្សេងទៀត ឬមន្ទីរចាត់ការពិភពលោកនៃសាក្សីព្រះយេហូវ៉ា ឬអង្គការស្រដៀងគ្នាផ្សេងទៀតដែលសាក្សីព្រះយេហូវ៉ាប្រើនៅប្រទេសផ្សេងៗ។ ក្នុងគ្រប់ពាក្យស្នើសុំទាំងអស់ នឹងបានត្រូវពិនិត្យពិចារណាដោយផ្អែកលើករណីនីមួយៗ មិនមែនជាការសម្រេចចិត្តដោយស្វ័យប្រវត្តិនោះទេ។
សកម្មភាពផ្សព្វផ្សាយពិសេស។ ប្រសិនបើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីដាក់ពាក្យស្នើសុំចូលរួមសកម្មភាពផ្សព្វផ្សាយពិសេស (SPC) អ្នកអាចប្រើគេហទំព័រនេះដើម្បីដាក់ពាក្យសុំ។ សូមមើលព័ត៌មានបន្ថែមដែលទាក់ទងនឹងពាក្យស្នើសុំទាំងអស់ដែលនៅក្រោមចំណងជើង «ពាក្យស្នើសុំ» («Applications») ខាងលើ។ បើអ្នកបានត្រូវជ្រើសរើសឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនោះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវចែករំលែកដល់ការិយាល័យសាខានៃសាក្សីព្រះយេហូវ៉ាដែលជាម្ចាស់ផ្ទះ ហើយពួកគាត់នឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវប្រើក្នុងសកម្មភាពផ្សព្វផ្សាយពិសេសរួមបញ្ចូល ព័ត៌មានសម្រាប់ទំនាក់ទំនង ព័ត៌មានក្រុម កន្លែងស្នាក់នៅ ថ្ងៃមកដល់ ថ្ងៃត្រឡប់ទៅវិញ ចេះនិយាយភាសាមួយណា និងព័ត៌មានចាំបាច់ផ្សេងទៀតដែលអ្នកបានដាក់។ គណៈកម្មាធិការនៃសកម្មភាពផ្សព្វផ្សាយពិសេសដែលស្ថិតនៅក្នុងការិយាល័យសាខាដែលជាម្ចាស់ផ្ទះ នឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងសកម្មភាពផ្សព្វផ្សាយនោះ ដើម្បីចាត់អ្នកឲ្យទៅផ្សព្វផ្សាយនៅកន្លែងណាមួយ ឬរៀបចំកន្លែងស្នាក់នៅជាដើម។ បុគ្គលសម្រាប់ទំនាក់ទំនងក្នុងតំបន់និងក្រុមអ្នកចាស់ទុំដែលជាម្ចាស់ផ្ទះ នឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីរៀបចំសម្រាប់សកម្មភាពនោះ។ បើអ្នកមិនព្រមផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬស្នើសុំឲ្យលុបព័ត៌មានផ្ទាល់ខ្លួនវិញ នោះអ្នកប្រហែលជាមិនអាចចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយពិសេសនេះឡើយ។
វគ្គសិក្សាបណ្ដុះបណ្ដាល។ ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីជួយក្នុងគម្រោងផ្សេងៗរួមទាំងគម្រោងសាងសង់ នោះអ្នកដែលរៀបចំវគ្គសិក្សាបណ្ដុះបណ្ដាលប្រហែលជាអញ្ជើញអ្នកឲ្យចូលរួមរៀន។ អ្នកអាចបដិសេធឬយល់ព្រម ឬលុបចោលការចូលរួមមុនដែលវគ្គសិក្សាចាប់ផ្ដើម។ បើអ្នកយល់ព្រមតាមការអញ្ជើញ ហើយទទួលការបណ្ដុះបណ្ដាល នោះអ្នកបង្ហាត់បង្រៀននឹងរក្សាកំណត់ត្រាដែលអ្នកបានចូលរួមវគ្គសិក្សានោះ ទាំងកំណត់ថាអ្នកចេះអ្វីខ្លះ ហើយពួកគេក៏សរសេរយោបល់ផងដែរ។ អ្នករៀបចំវគ្គសិក្សា និងអ្នកបង្ហាត់បង្រៀនវគ្គសិក្សានោះ អាចចូលមើលព័ត៌មាន និងវាយតម្លៃជំនាញដែលអ្នកបានដាក់បន្ថែមទៅក្នុង«ទំព័រគណនីរបស់ខ្ញុំ»នៅលើ hub.pr418.com។ ដើម្បីដំណើរការព័ត៌មានរបស់អ្នក យើងប្រហែលជាត្រូវចែករំលែកព័ត៌មានរបស់អ្នកដល់ការិយាល័យសាខាឯទៀតរបស់សាក្សីព្រះយេហូវ៉ា មន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ា ឬអង្គការ ឬសាជីវកម្មផ្សេងទៀតដែលសាក្សីព្រះយេហូវ៉ាប្រើនៅប្រទេសជាច្រើន។
វិភាគទាន។ ប្រសិនបើអ្នកជូនវិភាគទានតាមប្រព័ន្ធអ៊ីនធឺណិត យើងត្រូវការឈ្មោះ និងព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក។ យើងប្រើកម្មវិធីផ្ទេរប្រាក់ដែលមានសុវត្ថិភាពខ្ពស់ និងគោលការណ៍រក្សាព័ត៌មានផ្ទាល់ខ្លួន ដើម្បីអនុវត្តដំណើរការនៃការធ្វើវិភាគទានតាមរយៈប័ណ្ណឥណទាន។ យើងអាចទទួលព័ត៌មានស្ដីអំពីការផ្ទេរប្រាក់ដូចជា លេខប័ណ្ណឥណទាន ឬលេខគណនី ដើម្បីដំណើរការការធ្វើវិភាគទានរបស់អ្នក ហើយផ្ញើព័ត៌មានដែលចាំបាច់ទៅកាន់សេវាផ្ទេរប្រាក់ទាំងនោះ។ យើងដំណើរការវិភាគទានរបស់អ្នក ដោយប្រើវិធានការដែលស្របតាមស្តង់ដារសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់ («PCI DSS»)។ ផ្នែកទទួលវិភាគទាននឹងរក្សាទុកប្រវត្តិនៃប្រតិបត្តិការវិភាគទាន ដរាបណាមានការទាមទារចាំបាច់ ឬតម្រូវការផ្នែកច្បាប់ណាមួយ។ ប្រវត្តិនៃប្រតិបត្តិការនេះរួមបញ្ចូល កាលបរិច្ឆេទ ចំនួនទឹកប្រាក់ និងវិធីនៃការធ្វើវិភាគទាន។ ព័ត៌មាននេះនឹងជួយយើងឲ្យធ្វើតាមស្តង់ដារគណនេយ្យ ព្រមទាំងឆ្លើយតបចំពោះសំណួរដែលអ្នកប្រហែលជាមាននៅពេលក្រោយ។ យើងនឹងមិនទាក់ទងទៅអ្នក ដើម្បីសុំអ្នកឲ្យដាក់វិភាគទានថែមទេ។
ស្នើសុំសាក្សីព្រះយេហូវ៉ាឲ្យមកជួប។ អ្នកក៏អាចស្នើសាក្សីព្រះយេហូវ៉ាណាម្នាក់ឲ្យមកជួប ដើម្បីរៀនថែមទៀតអំពីគម្ពីរ ឬអំពីសាក្សីព្រះយេហូវ៉ា។ យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរឿងដែលពាក់ព័ន្ធនឹងសំណើជាក់លាក់របស់អ្នកប៉ុណ្ណោះ។ ពេលដែលអ្នកបញ្ជាក់លើការស្នើសុំរបស់អ្នក នោះយើងប្រហែលជាចែករំលែកព័ត៌មានរបស់អ្នកដល់ការិយាល័យសាខា ឬអង្គការ ឬសាជីវកម្មផ្សេងទៀតដែលសាក្សីព្រះយេហូវ៉ាប្រើ ប្រសិនបើនេះជាការចាំបាច់ដើម្បីបំពេញតាមសំណើរបស់អ្នក។
គោលបំណងផ្សេងទៀត។ អ្នកអាចដាក់ព័ត៌មានផ្ទាល់ខ្លួន (ដូចជាឈ្មោះ អាសយដ្ឋាន ឬអាសយដ្ឋានប្រៃសណីយ៍ និងលេខទូរស័ព្ទ) សម្រាប់គោលបំណងផ្សេងទៀត ក្រៅពីការបង្កើតគណនីអ្នកប្រើប្រាស់ ការដាក់ពាក្យស្នើសុំ ឬការធ្វើវិភាគទាន។ ក្នុងករណីនីមួយៗ យើងនឹងប្រាប់អ្នកយ៉ាងច្បាស់អំពីគោលបំណងដែលយើងសុំព័ត៌មានពីអ្នក។ យើងនឹងមិនប្រើទិន្នន័យរបស់អ្នកសម្រាប់គោលបំណងណាមួយដែលអ្នកមិនបានបញ្ជាក់ច្បាស់លាស់ នៅពេលដែលអ្នកផ្ដល់ព័ត៌មាននោះទេ។
ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងJWបណ្ណាល័យ
ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកម្មវិធីJWបណ្ណាល័យ បានត្រូវរៀបរាប់នៅក្នុងទំព័រ របៀបដែលJWបណ្ណាល័យ ប្រើព័ត៌មានរបស់អ្នក។
ដូចបានពណ៌នាក្នុងទំព័រនោះ កម្មវិធីJWបណ្ណាល័យ ដំណើរការដោយការទាញយកទិន្នន័យពីគេហទំព័រjw.org។ ក្នុងអំឡុងពេលទាញយកទិន្នន័យទាំងនោះ គេហទំព័រភ្ជាប់អាសយដ្ឋាន IP របស់អ្នកប្រើប្រាស់។ ទិន្នន័យដែលគេហទំព័រjw.org បានប្រមូលគឺដើម្បីផ្ដល់សេវាកម្មកម្មវិធី ដើម្បីកែលម្អកម្មវិធី និងដើម្បីថែទាំកម្មវិធីឲ្យមានសុវត្ថិភាព។ យើងប្រើព័ត៌មាននោះក្នុងករណីដូចតទៅ៖ ដើម្បីជួយអ្នកប្រើប្រាស់ឲ្យចូលប្រើកម្មវិធីនិងដំណើរការកម្មវិធី ដើម្បីគ្រប់គ្រងនិងរៀបចំកម្មវិធីឲ្យមានរបៀបរៀបរយ ដើម្បីទប់ស្កាត់និងស្វែងរកការក្លែងបន្លំ ហើយរារាំងពីកម្មវិធីអាក្រក់ ព្រមទាំងរក្សាសុវត្ថិភាពក្នុងករណីផ្សេងៗ។
ការផ្ទេរព័ត៌មានទៅក្រៅប្រទេស
អង្គការសាសនានេះធ្វើប្រតិបត្តិការទូទាំងពិភពលោក តាមរយៈនីតិបុគ្គលឬសាជីវកម្មក្នុងស្រុកផ្សេងៗ។ ម៉ាស៊ីនមេកុំព្យូទ័រមួយចំនួនដែលដំណើរការគេហទំព័រនេះ មានទីតាំងនៅសហរដ្ឋអាម៉េរិក។ យើងអាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅពីប្រទេសដែលអ្នករស់នៅ ហើយកម្រិតនៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននៅប្រទេសផ្សេង អាចខុសគ្នាពីកម្រិតនៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននៅក្នុងប្រទេសដែលអ្នករស់នៅ។ យើងនឹងប្រើវិធានការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលយើងដំណើរការផ្ទេរទិន្នន័យរបស់អ្នក។ យើងតម្រូវឲ្យគ្រប់អង្គការដែលយើងបានប្រើសម្រាប់កិច្ចការរបស់សាក្សីព្រះយេហូវ៉ា អនុវត្តតាមគោលការណ៍ការពារព័ត៌មានឬទិន្នន័យរបស់យើង និងអនុវត្តតាមច្បាប់ឬបញ្ញត្តិជាធរមានដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន។
នៅពេលអ្នកចូលមើលគេហទំព័ររបស់យើង ហើយទាក់ទងយើងតាមអេឡិចត្រូនិក នោះមានន័យថាអ្នកយល់ព្រមចំពោះការផ្ទេរព័ត៌មានទៅក្រៅប្រទេស។ ក្នុងករណីជាច្រើន យើងក៏ប្រើកិច្ចព្រមព្រៀងសម្រាប់ការផ្ទេរបែបនេះដែរ ដូចជាលក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដារជាដើម។
សិទ្ធិអ្នកប្រើប្រាស់
នៅពេលណាដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងនឹងចាត់វិធានការសមហេតុសមផល ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកថ្មីបំផុត និងមានភាពត្រឹមត្រូវ ស្របតាមគោលបំណងដែលបានត្រូវបញ្ជាក់។ អាស្រ័យទៅលើប្រទេសដែលអ្នករស់នៅ និងច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននៃប្រទេសនោះ អ្នកអាចមានសិទ្ធិដូចខាងក្រោមទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ឲ្យយើង៖
យោងតាមច្បាប់ក្នុងប្រទេស អ្នកអាចស្នើសុំព័ត៌មានដែលទាក់ទងនឹងការប្រមូលនោះ និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
អ្នកអាចស្នើសុំចូលប្រើ ទប់ស្កាត់ កែតម្រូវ ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើមានចំណុចខ្វះខាត ឬមានភាពមិនត្រឹមត្រូវ។
ប្រសិនបើអ្នកមានហេតុផលស្របច្បាប់ អ្នកអាចជំទាស់នឹងដំណើរការនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយស្នើសុំផ្អាកដំណើរការទិន្នន័យបន្ថែមទៀតរបស់អ្នក។
បើប្រទេសដែលអ្នករស់នៅមានច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន ហើយអ្នកចង់ចូលប្រើ កែតម្រូវ ឬលុបព័ត៌មានរបស់អ្នក នោះអ្នកអាចស្វែងរកព័ត៌មានទាក់ទងនៅក្នុងទំព័រព័ត៌មានទំនាក់ទំនងការពារទិន្នន័យ («Data Protection Contacts»)។
នៅពេលបានទទួលសំណើជាលាយលក្ខណ៍អក្សររបស់អ្នក បន្ទាប់ពីអ្នកបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់អំពីអត្តសញ្ញាណរបស់អ្នក និងព័ត៌មានល្មមដែលយើងអាចកំណត់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នោះយើងនឹងពិចារណាលើសំណើនោះ ដោយថ្លឹងថ្លែងពីប្រយោជន៍របស់បុគ្គលដែលចូលប្រើទិន្នន័យ ឬការកែតម្រូវ ឬការ|លុបព័ត៌មាន ជាមួយនឹងប្រយោជន៍ស្របច្បាប់របស់អង្គការ រួមទាំងថា តើការទទួលយកសំណើនោះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អង្គការ ក្នុងការប្រើសេរីភាពខាងសាសនា និងការអនុវត្តសាសនាដែរឬទេ? យើងក៏នឹងជូនដំណឹងដល់អ្នកទទួលដែលជាភាគីទី៣ អំពីការផ្លាស់ប្ដូរដ៏ចាំបាច់ណាមួយ។
សូមកត់សម្គាល់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងមិនអាចត្រូវលុបចោលទេ បើដំណើរការនោះតម្រូវដោយច្បាប់ ឬអាចត្រូវរក្សាទុកសម្រាប់ហេតុផលផ្លូវច្បាប់ផ្សេងទៀត។ ជាឧទាហរណ៍ អង្គការសាសនារបស់យើងមានសិទ្ធិរក្សាព័ត៌មានជាអចិន្ត្រៃយ៍ទាក់ទងនឹងឋានៈ ឬស្ថានភាពរបស់បុគ្គលណាម្នាក់ដែលជាសាក្សីព្រះយេហូវ៉ា។ ការលុបចេញនូវព័ត៌មានបែបនេះ នឹងទៅជាការបំពានលើជំនឿ និងការអនុវត្តសាសនារបស់អង្គការយើង។ សំណើលុបព័ត៌មានផ្ទាល់ខ្លួនត្រូវតែគោរពទៅតាមច្បាប់ដែលបានអនុវត្តចំពោះអង្គការយើង ទាក់ទងនឹងការរាយការណ៍ ឬការរក្សាទុកឯកសារ។ អ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរការពារទិន្នន័យក្នុងតំបន់របស់អ្នកផងដែរ ស្ដីអំពីដំណើរការព័ត៌មានដែលអ្នកបានផ្ដល់តាមរយៈគេហទំព័រនេះ។