លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

«ខ្ញុំកំពុងជីកផ្នូរកប់ខ្លួនឯង»

«ខ្ញុំកំពុងជីកផ្នូរកប់ខ្លួនឯង»
  • ឆ្នាំ​កំណើត: ១៩៧៨

  • ប្រទេស​កំណើត: អែលសាល់វ៉ាឌ័រ

  • ប្រវត្ដិ: សមាជិក​ក្រុម​បង​ធំ​ដ៏​សាហាវ

អតីតកាល​របស់​ខ្ញុំ

 ​«​បើ​អ្នក​ពិត​ជា​ចង់​រៀន​អំពី​ព្រះ ចូរ​នៅ​ជាប់​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​»។ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ពេល​ឮ​យោបល់​នេះ។ នៅ​ពេល​នោះ ខ្ញុំ​បាន​សិក្សា​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ​ហើយ។ ប៉ុន្តែ ដើម្បី​ឲ្យ​លោក​អ្នក​យល់​អំពី​មូលហេតុ​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើល ខ្ញុំ​សូម​រៀប​រាប់​បន្ដិច​អំពី​ខ្សែ​ជីវិត​ខ្ញុំ។

 ខ្ញុំ​បាន​កើត​នៅ​ក្រុង​ខ្វេសាលតិបេក ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ។ ខ្ញុំ​មាន​បង​ប្អូន​១៥​នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​៦។ ឪ​ពុក​ម្ដាយ​ខ្ញុំ​ព្យាយាម​ចិញ្ចឹម​អប់រំ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​និង​គោរព​ច្បាប់។ បន្ថែម​ទៅ​ទៀត យូរ​ៗ​ម្ដង បង​ឡេអូណាដូ​ជា​សាក្សី​ព្រះ​យេហូវ៉ា​និង​សាក្សី​ផ្សេង​ទៀត​បាន​មក​បង្រៀន​យើង​អំពី​គម្ពីរ។ ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​ទេ ហើយ​បាន​ធ្វើ​ការ​សម្រេច​មិន​ល្អ​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ផឹក​ស្រា និង​សេព​គ្រឿង​ញៀន​ជា​មួយ​នឹង​មិត្ត​ភក្ដិ​នៅ​សាលា។ ពួក​គេ​បាន​បោះ​បង់​ការ​រៀន​សូត្រ​ម្ដង​ម្នាក់​ៗ​ទៅ​ចូល​រួម​នឹង​ក្រុម​បង​ធំ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​តាម​គំរូ​អាក្រក់​របស់​ពួក​គេ​ដែរ។ ជា​រៀង​រាល់​ថ្ងៃ ពួក​យើង​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ជំរឹត​ទារ​លុយ​មនុស្ស ហើយ​លួច​គេ​ដើម្បី​យក​ទៅ​ចំណាយ​សម្រាប់​អំពើ​អបាយមុខ​របស់​យើង។

 ខ្ញុំ​បាន​ចាត់​ទុក​ក្រុម​បង​ធំ​ជា​ក្រុម​គ្រួសារ​ខ្ញុំ។ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ស្មោះ​ត្រង់​នឹង​ពួក​គេ។ ជា​ឧទាហរណ៍ ថ្ងៃ​មួយ​សមាជិក​ម្នាក់​ក្នុង​ក្រុម​បង​ធំ ត្រូវ​ឥទ្ធិពល​នៃ​គ្រឿង​ញៀន​ធ្វើ​ទុក្ខ​គាត់​ជា​ខ្លាំង ហើយ​គាត់​បាន​វាយ​តប់​ជា​មួយ​នឹង​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ ពេល​វាយ​គ្នា​នោះ មិត្ត​ភក្ដិ​របស់​អ្នក​ជិត​ខាង​ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ហើយ​ក៏​យក​ដំបង​ទៅ​វាយ​កម្ទេច​ឡាន​របស់​អ្នក​ជិត​ខាង​នោះ ក្នុង​បំណង​ឲ្យ​គាត់​ដោះ​លែង​មិត្ត​ភក្ដិ​ខ្ញុំ។ កាល​ដែល​ខ្ញុំ​វាយ​កម្ទេច​បង្អួច​ឡាន ហើយ​ចង់​បំផ្លាញ​ឡាន​ទាំង​មូល អ្នក​ជិត​ខាង​ខ្ញុំ​បាន​អង្វរ​ខ្ញុំ​ឲ្យ​ឈប់ តែ​ខ្ញុំ​មិន​ស្ដាប់​ទេ។

 ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ក្រុម​របស់​ខ្ញុំ​បាន​វាយ​តប់​ជា​មួយ​ប៉ូលិស។ ពេល​នោះ ខ្ញុំ​មាន​គ្រាប់​បែក​ក្នុង​ដៃ។ កាល​ដែល​ខ្ញុំ​ហៀបនឹង​គប់ វា​បាន​ផ្ទុះ​នៅ​ក្នុង​ដៃ​ខ្ញុំ​តែ​ម្ដង ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​វា​ផ្ទុះ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចាំ​ថា ពេល​មើល​ដៃ ខ្ញុំ​ឃើញ​វា​ដាច់ដោច​អស់ ហើយ​ខ្ញុំ​ក៏​សន្លប់​បាត់​ស្មារតី​ទៅ។ ពេល​ដឹង​ខ្លួន​ខ្ញុំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ហើយ​ខ្ញុំ​ដឹង​ថា​ដៃ​ស្ដាំ​ខ្ញុំ​បាន​ដាច់​ហើយ ត្រចៀក​ស្ដាំ​ខ្ញុំ​ស្ដាប់​លែង​ឮ​ទៀត ហើយ​ភ្នែក​ស្ដាំ​ខ្ញុំ​ស្ទើរតែ​ងងឹត​ទាំង​ស្រុង។

 ទោះ​ជា​ពិការ​ក្ដី ក្រោយ​ពី​ចេញ​ពី​មន្ទីរ​ពេទ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្រុម​បង​ធំ​វិញ។ មិន​យូរ​ក្រោយ​នោះ ប៉ូលិស​បាន​ចាប់​ខ្ញុំ រួច​បញ្ជូន​ខ្ញុំ​ចូល​គុក។ នៅ​ទី​នោះ ខ្ញុំ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​សមាជិក​ក្រុម​បង​ធំ។ យើង​បាន​ចំណាយ​ពេល​ជា​រៀង​រាល់​ថ្ងៃ​ជក់​កញ្ឆា​ជា​មួយ​គ្នា គឺ​ចាប់​ពី​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​រហូត​ដល់​ចូល​គេង។

វិធី​ដែល​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត

 កាល​ខ្ញុំ​នៅ​ក្នុង​គុក បង​ឡេអូណាដូ​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ពេល​យើង​និយាយ​គ្នា គាត់​បាន​ចង្អុល​ស្នាម​សាក់​ដែល​នៅ​លើ​ដៃ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា​៖​«​តើ​បង​ដឹង​ថា​ស្នាម​សាក់​ទាំង​បី​ដែល​នៅ​លើ​ដៃ​បង​មាន​ន័យ​ដូច​ម្ដេច​ទេ?​»។ ខ្ញុំ​ឆ្លើយ​ថា​៖​«​ដឹង​តើ​»​ គឺ​«​ការ​រួម​ភេទ គ្រឿង​ញៀន និង​បទ​រ៉ក​»។ ប៉ុន្តែ ឡេអូណាដូ​និយាយ​ថា​៖​«​ចំពោះ​ខ្ញុំ ស្នាម​ទាំង​បី​នោះ​មាន​ន័យ​ថា មន្ទីរ​ពេទ្យ គុក និង​សេចក្ដី​ស្លាប់។ បង​ធ្លាប់​ចូល​ពេទ្យ ឥឡូវ​ជាប់​គុក ហើយ​បង​ដឹង​ថា​នឹង​មាន​អ្វី​បន្ទាប់​មក​ទៀត​»។

 ពាក្យ​សម្ដី​របស់​បង​ឡេអូណាដូ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់។ គាត់​និយាយ​ត្រឹម​ត្រូវ​មែន។ ខ្ញុំ​កំពុង​ជីក​ផ្នូរ​កប់​ខ្លួន​ឯង​ហើយ។ បង​ឡេអូណាដូ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​គម្ពីរ​ជា​មួយ​គាត់ ហើយ​ខ្ញុំ​ក៏​ព្រម​រៀន។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត។ ជា​ឧទាហរណ៍ បទ​គម្ពីរ​ចែង​ថា​៖​«​ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។ (​កូរិនថូស​ទី១ ១៥:៣៣​) ម្ល៉ោះ​ហើយ អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​មុន​គេ គឺ​ស្វែង​រក​មិត្ត​ភក្ដិ​ថ្មី។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ទៅ​ប្រជុំ​ជា​មួយ​នឹង​ក្រុម​បង​ធំ​ទៀត តែ​ខ្ញុំ​ចាប់​ផ្ដើម​ទៅ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​គុក​វិញ។ នៅ​កិច្ច​ប្រជុំ​នោះ ខ្ញុំ​បាន​ជួប​អ្នក​ជាប់​គុក​ម្នាក់​ឈ្មោះ​អនទ្រេ ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្នុង​គុក។ គាត់​បាន​អញ្ជើញ​ខ្ញុំ​មក​បរិភោគ​អាហារ​ពេល​ព្រឹក​ជា​មួយ​គាត់។ តាំង​ពី​ពេល​នោះ​មក នៅ​ដើម​ថ្ងៃ​នីមួយ​ៗ​ខ្ញុំ​លែង​ជក់​កញ្ឆា​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​និង​បង​អនទ្រេ​បាន​ចំណាយ​ពេល​និយាយ​គ្នា​អំពី​ខ​គម្ពីរ​រៀង​រាល់​ព្រឹក។

 សមាជិក​ក្រុម​បង​ធំ​បាន​កត់​សម្គាល់​ឃើញ​ថា​ខ្ញុំ​កែ​ប្រែ​ខុស​ពី​មុន។ ដូច្នេះ អ្នក​ដឹក​នាំ​ម្នាក់​របស់​ក្រុម​បង​ធំ បាន​ប្រាប់​ថា​គាត់​ត្រូវ​ការ​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ ឮ​ដូច្នោះ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ មិន​ដឹង​ថា​គាត់​នឹង​ធ្វើ​យ៉ាង​ណា​មក​លើ​ខ្ញុំ​ទេ ព្រោះ​ការ​ចង់​ដក​ខ្លួន​ចេញ​ពី​ក្រុម​បង​ធំ គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ។ អ្នក​ដឹក​នាំ​នោះ​បាន​និយាយ​ថា​៖​«​ថ្មី​ៗ​នេះ យើង​មិន​បាន​ឃើញ​អ្នក​មក​ការ​ប្រជុំ​របស់​ពួក​យើង​ទេ តែ​ឃើញ​អ្នក​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទៅ​វិញ។ តើ​អ្នក​កំពុង​គិត​ចង់​ធ្វើ​អី?​»។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ចង់​បន្ត​រៀន​គម្ពីរ​និង​កែ​ប្រែ​ជីវិត។ គាត់​ប្រាប់​ថា​ដរាប​ណា​ខ្ញុំ​ពិត​ជា​ចង់​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ដរាប​នោះ​សមាជិក​ក្រុម​បង​ធំ​នឹង​គោរព​ខ្ញុំ។ សម្ដី​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ បន្ទាប់​មក គាត់​និយាយ​ថា​៖​«​បើ​អ្នក​ពិត​ជា​ចង់​រៀន​អំពី​ព្រះ ចូរ​នៅ​ជាប់​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ យើង​សង្ឃឹម​ថា​អ្នក​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត។ ខ្ញុំ​ចូល​រួម​ត្រេក​អរ​ជា​មួយ​នឹង​អ្នក។ អ្នក​កំពុង​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ​ហើយ។ សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ដឹង​ទេ ខ្ញុំ​ធ្លាប់​រៀន​ជា​មួយ​នឹង​ពួក​គេ​នៅ​សហរដ្ឋ​អាម៉េរិក ហើយ​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​ក៏​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ កុំ​ភ័យ​ខ្លាច​ឡើយ ហើយ​បន្ត​រៀន​ទៀត​ចុះ​»។ ពេល​នោះ​ខ្ញុំ​មិន​ទាន់​បាត់​ភ័យ​ទេ តែ​ពេល​ឮ​ដូច្នោះ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចិត្ត។ ខ្ញុំ​មាន​អារម្មណ៍​ដូច​សត្វ​ស្លាប​ត្រូវ​ដោះ​លែង​ពី​ទ្រុង ហើយ​ខ្ញុំ​បាន​យល់​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។—យ៉ូហាន ៨:៣២

 ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិត្ត​ភក្ដិ​ចាស់​ខ្លះ​បាន​ល្បួង​ខ្ញុំ​ឲ្យ​ប្រើ​គ្រឿង​ញៀន​ម្ដង​ទៀត។ ខ្ញុំ​សារភាព​ថា ពេល​ខ្លះ​ខ្ញុំ​បាន​ចាញ់​ការ​ល្បួង​នោះ។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ជា​ច្រើន​ដង ខ្ញុំ​បាន​យក​ឈ្នះ​ដោយ​ឈប់​ប្រព្រឹត្ត​អំពើ​អបាយមុខ​ទៀត។—ទំនុក​តម្កើង ៥១:១០, ១១

 ក្រោយ​ពី​ខ្ញុំ​បាន​ដោះ​លែង​ពី​គុក មនុស្ស​ជា​ច្រើន​គិត​ថា​ខ្ញុំ​ច្បាស់​ជា​មាន​របៀប​រស់​នៅ​ដូច​ពី​មុន​មិន​ខាន តែ​មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ត្រឡប់​ទៅ​គុក​វិញ​ដើម្បី​ប្រាប់​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​ដល់​អ្នក​ជាប់​គុក​ឯ​ទៀត។ ទី​បំផុត មិត្ត​ភក្ដិ​ចាស់​របស់​ខ្ញុំ​បាន​ជឿ​ជាក់​ថា​ខ្ញុំ​បាន​កែ​ប្រែ​មែន។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ ដែល​អតីត​សត្រូវ​របស់​ខ្ញុំ​មិន​ជឿ​ថា​ខ្ញុំ​បាន​កែ​ប្រែ​ទេ។

 ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ដៃ​គូ ស្រាប់​តែ​ក្រុម​បង​ធំ​ដែល​ធ្លាប់​ជា​សត្រូវ​ខ្ញុំ បាន​មក​ឡោម​ព័ទ្ធ​ខ្ញុំ។ ពួក​គេ​មាន​អាវុធ​ក្នុង​ដៃ ហើយ​ចង់​សម្លាប់​ខ្ញុំ។ ដៃ​គូ​ផ្សាយ​របស់​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ពួក​គេ​ដោយ​ក្លាហាន​និង​គោរព​ថា ខ្ញុំ​លែង​ជា​សមាជិក​ក្រុម​បង​ធំ​ទៀត​ហើយ។ ចន្លោះ​ពេល​នោះ ខ្ញុំ​ព្យាយាម​នៅ​ស្ងៀម។ ក្រោយ​ពី​ពួក​គេ​បាន​វាយ និង​ព្រមាន​ខ្ញុំ​មិន​ឲ្យ​មក​តំបន់​ពួក​គេ​ទៀត ពួក​គេ​បាន​ដាក់​កាំភ្លើង​ចុះ ហើយ​ឲ្យ​យើង​ចេញ​ទៅ។ គម្ពីរ​ពិត​ជា​បាន​កែ​ប្រែ​ជីវិត​ខ្ញុំ​មែន។ បើ​ខ្ញុំ​ដូច​ពី​មុន​ខ្ញុំ​មុខ​ជា​សង​សឹក​មិន​ខាន។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​បាន​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​នៅ​ថែស្សាឡូនិច​ទី១ ៥:១៥ ដែល​ចែង​ថា​៖​«​កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ប៉ុន្តែ​ចូរ​រក​វិធី​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចំពោះ​អ្នក​ឯ​ទៀត​ជា​និច្ច​»។

 តាំង​ពី​ខ្ញុំ​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ខំ​ព្យាយាម​ប្រព្រឹត្ត​ទៀង​ត្រង់។ ការ​ធ្វើ​ដូច្នេះ មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ការ​ណែនាំ​ពី​គម្ពីរ និង​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ​ថ្មី​ៗ នោះ​ខ្ញុំ​បាន​ទទួល​លទ្ធផល​ល្អ ហើយ​ខ្ញុំ​មិន​ចង់​ទៅ​ប្រព្រឹត្ត​អំពើ​ដូច​ពី​មុន​ទៀត​ឡើយ។—ពេត្រុស​ទី២ ២:២២

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល

 ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ដែល​ឃោរ​ឃៅ​និង​ឆេវ​ឆាវ​ណាស់។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​មិន​អាច​រស់​នៅ​រហូត​ដល់​ឥឡូវ​នេះ​ទេ បើ​ខ្ញុំ​មាន​របៀប​រស់​នៅ​ដ៏​ឃោរ​ឃៅ​ដូច​ពី​មុន។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ។ ខ្ញុំ​ឈប់​ប្រព្រឹត្ត​អំពើ​អបាយមុខ​ទៀត។ ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អតីត​សត្រូវ​របស់​ខ្ញុំ។ (​លូកា ៦:២៧​) ហើយ​ឥឡូវ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​ដែល​ជួយ​ខ្ញុំ​ឲ្យ​បណ្ដុះ​គុណ​សម្បត្ដិ​ល្អ​ៗ។ (​សុភាសិត ១៣:២០​) ឥឡូវ​ខ្ញុំ​កំពុង​បម្រើ​ព្រះ​ដែល​បាន​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​ទាំង​អស់​របស់​ខ្ញុំ។ នេះ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​និង​មាន​សុភមង្គល​ណាស់។—អេសាយ ១:១៨

 នៅ​ឆ្នាំ​២០០៦ ខ្ញុំ​បាន​ចូល​រៀន​ក្នុង​សាលា​ពិសេស​សម្រាប់​បង្ហាត់​បង្រៀន​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ហើយ​យើង​បាន​ចិញ្ចឹម​អប់រំ​កូន​ស្រី​ម្នាក់។ ឥឡូវ​ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ពី​គោល​ការណ៍​គម្ពីរ​ដែល​ជួយ​ខ្ញុំ។ សព្វ​ថ្ងៃ​ខ្ញុំ​បម្រើ​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ ហើយ​ខ្ញុំ​ព្យាយាម​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ដូច​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​អាយុ​ស្រករ​ពួក​គេ។ ឥឡូវ​ជា​ជាង​ជីក​ផ្នូរ​កប់​ខ្លួន​ឯង ខ្ញុំ​កំពុង​សង់​អនាគត​ដ៏​ស្ថិតស្ថេរ​ដែល​ព្រះ​បាន​សន្យា​នៅ​ក្នុង​គម្ពីរ។