លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ជីវិតរបស់ខ្ញុំតែលតោលគ្មានគោលដៅ

ជីវិតរបស់ខ្ញុំតែលតោលគ្មានគោលដៅ
  • ឆ្នាំ​កំណើត: ១៩៧១

  • ប្រទេស​កំណើត: តុងហ្គា

  • ប្រវត្ដិ: ញៀន​ថ្នាំ និង​ធ្លាប់​ជាប់​គុក

អតីតកាល​របស់​ខ្ញុំ

 ក្រុម​គ្រួសារ​របស់​ខ្ញុំ​មក​ពី​ប្រទេស​តុងហ្គា ដែល​មាន​កោះ​ជាង​១៧០ មាន​ទី​តាំង​នៅ​ភាគ​ខាង​ត្បូង​ប៉ាស៊ីហ្វិក។ នៅ​ប្រទេស​តុងហ្គា យើង​មាន​របៀប​រស់​នៅ​សាមញ្ញ គ្មាន​អគ្គិសនី​ឬ​ឡាន​ទេ។ ប៉ុន្តែ ផ្ទះ​យើង​មាន​ទឹក​ម៉ាស៊ីន ហើយ​យើង​មាន​មាន់​ពីរ​បី​ក្បាល។ ពេល​មាន​វិស្សមកាល​ពី​សាលា​បង​ប្អូន​ប្រុស​ខ្ញុំ​ពីរ​នាក់ រួម​ទាំង​ខ្ញុំ បាន​ជួយ​ឪ​ពុក​ធ្វើ​ចម្ការ ពួក​យើង​ដាំ​ដំណាំ​ដូច​ជា ចេក ដំឡូង​ជ្វា ត្រាវ និង​ដំឡូង​មី​ជា​ដើម។ ឪ​ពុក​របស់​ខ្ញុំ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ដោយ​លក់​គ្រាប់​ពូជ​ទាំង​នោះ និង​ធ្វើ​កិច្ច​ការ​កំប៊ិក​កំប៉ុក​ផ្សេង​ទៀត។ ដូច​អ្នក​កោះ​ឯ​ទៀត ក្រុម​គ្រួសារ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​គម្ពីរ ហើយ​តែង​តែ​ទៅ​វិហារ​ជា​ទៀង​ទាត់។ ប៉ុន្តែ យើង​គិត​ថា​មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ​ដែល​ជួយ​ឲ្យ​គ្រួសារ​យើង​មាន​សុភមង្គល គឺ​ទៅ​រស់​នៅ​ប្រទេស​អ្នក​មាន។

 ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ពូ​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ក្រុម​គ្រួសារ​យើង​ទៅ​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក។ ការ​សម្រប​ទៅ​តាម​វប្បធម៌​នៅ​ទី​នោះ​គឺ​ពិបាក​ណាស់​សម្រាប់​យើង! ទោះ​ជា​យើង​មាន​ជីវភាព​ធូរ​ធារ​ជាង​មុន​ក្ដី តែ​យើង​រស់​នៅ​ក្នុង​តំបន់​ក្រី​ក្រ ដែល​សម្បូរ​ទៅ​ដោយ​ឧក្រិដ្ឋកម្ម និង​ការ​ប្រើ​គ្រឿង​ញៀន។ នៅ​ពេល​យប់ យើង​ឧស្សាហ៍​ឮ​សំឡេង​បាញ់​កាំភ្លើង។ អ្នក​ជិត​ខាង​ភាគ​ច្រើន​នៅ​ទី​នោះ ភ័យ​ខ្លាច​ក្រុម​បង​ធំ​ដែល​ជា​ឧក្រិដ្ឋជន។ ក្នុង​តំបន់​នោះ មនុស្ស​ជា​ច្រើន​មាន​កាំភ្លើង​ដើម្បី​ការ​ពារ​ខ្លួន ឬ​ដើម្បី​ដោះ​ស្រាយ​រឿង​ជម្លោះ។ ខ្ញុំ​នៅ​តែ​មាន​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ទ្រូង​នៅ​ឡើយ ដែល​មក​ពី​ការ​ឈ្លោះ​គ្នា។

 ពេល​នៅ​វិទ្យាល័យ ខ្ញុំ​ចង់​ចូល​ចុះ​ជា​មួយ​នឹង​ពួក​យុវវ័យ​ឯ​ទៀត។ ដូច្នេះ បន្ដិច​ម្ដង​ៗ​ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ផឹក​ស្រា​ស្រវឹង ប្រព្រឹត្ត​អំពើ​ហិង្សា និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។ នៅ​ពេល​នោះ ខ្ញុំ​បាន​ញៀន​ថ្នាំ​ប្រភេទ​កូកាអ៊ីន ហើយ​ដើម្បី​បាន​ថ្នាំ​ញៀន ខ្ញុំ​ចាប់​ផ្ដើម​លួច។ ទោះ​ជា​សមាជិក​ក្រុម​គ្រួសារ​ខ្ញុំ​ជា​អ្នក​ជឿ​សាសនា​ស៊ប់​ក៏​ដោយ តែ​ខ្ញុំ​មិន​ដែល​ទទួល​ការ​ណែនាំ​ឲ្យ​យក​ឈ្នះ​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា​ដែល​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​នោះ​ទេ។ ខ្ញុំ​បាន​ត្រូវ​ចាប់​ខ្លួន​ជា​ច្រើន​ដង​ដោយ​សារ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ហិង្សា។ ជីវិត​របស់​ខ្ញុំ​តែលតោល​គ្មាន​គោល​ដៅ​ឡើយ! ទី​បំផុត ខ្ញុំ​បាន​ជាប់​គុក។

វិធី​ដែល​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត

 នៅ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​១៩៩៧ ពេល​ខ្ញុំ​នៅ​ក្នុង​គុក មាន​អ្នក​ទោស​ម្នាក់​បាន​ឃើញ​ខ្ញុំ​កាន់​គម្ពីរ។ ដោយ​សារ​ពេល​នោះ ជា​ពេល​ដែល​គេ​ធ្វើ​បុណ្យ​ណូអែល ដូច្នេះ អ្នក​កោះ​តុងហ្គា​ចាត់​ទុក​ពេល​វេលា​នោះ​ជា​បរិសុទ្ធ។ គាត់​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ស្គាល់​អ្វី​ដែល​គម្ពីរ​ពិត​ជា​ចែង​អំពី​ថ្ងៃ​កំណើត​របស់​គ្រិស្ត​ឬ​ទេ។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ណា​ទៅ​គាត់​ទេ។ គាត់​បង្ហាញ​ខ្ញុំ​នូវ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​កំណើត​របស់​លោក​យេស៊ូ ហើយ​ខ្ញុំ​បាន​ឃើញ​ថា​ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បុណ្យ​ណូអែល​មិន​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​ឡើយ។ (​ម៉ាថាយ ២:១​-​១២; លូកា ២:៥​-​១៤​) ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​ឆ្ងល់​ថា​តើ​មាន​អ្វី​ទៀត​ដែល​គម្ពីរ​បាន​ចែង។ តាម​ពិត អ្នក​ទោស​នោះ​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​គុក​ជា​រៀង​រាល់​សប្ដាហ៍ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​នឹង​គាត់​ដែរ។ ពេល​នោះ ពួក​គេ​កំពុង​ពិគ្រោះ​អំពី​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ទោះ​ជា​ខ្ញុំ​យល់​បាន​ខ្លះ​ៗ​អំពី​អ្វី​ដែល​ពួក​គេ​និយាយ​ក៏​ដោយ តែ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ពួក​គេ​បង្រៀន​គឺ​មក​ពី​គម្ពីរ។

 ពេល​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ស្នើ​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ ខ្ញុំ​បាន​យល់​ព្រម​ដោយ​ក្ដី​រីក​រាយ។ នេះ​ជា​លើក​ទី១ ដែល​ខ្ញុំ​បាន​រៀន​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្តី​អំពី​សួន​ឧទ្យាន​នៅ​ផែន​ដី​នា​ពេល​អនាគត។ (​អេសាយ ៣៥:៥​-​៨​) ខ្ញុំ​ដឹង​ថា​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត ខ្ញុំ​ត្រូវ​កែ​ប្រែ​ជីវិត​ខ្ញុំ​ជា​មុន​សិន។ ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ទេ បើ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដូច​នេះ​ទៀត។ (​កូរិនថូស​ទី១ ៦:៩, ១០​) ដូច្នេះ ខ្ញុំ​បាន​តាំង​ចិត្ត​ទប់​កំហឹង ឈប់​ជក់​បារី ឈប់​ផឹក​ស្រា​ស្រវឹង និង​ឈប់​ប្រើ​គ្រឿង​ញៀន​ទៀត។

 នៅ​ឆ្នាំ​១៩៩៩ មុន​ដល់​ពេល​ខ្ញុំ​ត្រូវ​ចេញ​ពី​គុក ពួក​អាជ្ញាធរ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ជំរំ​ជន​អន្ដោប្រវេសន៍។ ជាង​មួយ​ឆ្នាំ ខ្ញុំ​មិន​បាន​ទាក់​ទង​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​បន្ត​កែ​ខ្លួន។ នៅ​ឆ្នាំ​២០០០ រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​លែង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ទី​នោះ​ត​ទៅ​ទៀត ហើយ​បញ្ជូន​ខ្ញុំ​ទៅ​ប្រទេស​តុងហ្គា​វិញ។

 ពេល​ទៅ​ដល់​ប្រទេស​តុងហ្គា ខ្ញុំ​បាន​ស្វែង​រក​ទី​តាំង​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ម្ដង​ទៀត។ ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​នឹក​អស្ចារ្យ ពេល​ឃើញ​ថា​សាក្សី​នៅ​កោះ​នេះ បង្រៀន​អ្វី​ទាំង​អស់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដូច​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សហរដ្ឋ​អាម៉េរិក​ដែរ។

 ឪ​ពុក​របស់​ខ្ញុំ​ល្បី​ឈ្មោះ​ក្នុង​សហគមន៍ ព្រោះ​គាត់​មាន​តួនាទី​សំខាន់​នៅ​ក្នុង​វិហារ​របស់​គាត់។ ដំបូង ក្រុម​គ្រួសារ​ខ្ញុំ​ងឿង​ឆ្ងល់​និង​ទើស​ចិត្ត ពេល​ឃើញ​ខ្ញុំ​រាប់​អាន​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ក្រោយ​មក ឪ​ពុក​ម្ដាយ​ខ្ញុំ​បាន​ត្រេក​អរ​ពេល​ឃើញ​ថា​គោល​ការណ៍​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត។

ដូច​បុរស​ជា​ច្រើន​នៅ​កោះ​តុងហ្គា ខ្ញុំ​បាន​ចំណាយ​ពេល​អស់​រាប់​ម៉ោង​រាល់​សប្ដាហ៍​ផឹក​កាវ៉ា

 អ្វី​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ​ឲ្យ​កែ​ប្រែ គឺ​ទាក់​ទង​នឹង​ភេសជ្ជៈ​ម្យ៉ាង​ដែល​គេ​និយម​ពិសា​នៅ​កោះ​នោះ។ បុរស​ជា​ច្រើន​ដែល​នៅ​កោះ​តុងហ្គា​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​រាល់​សប្ដាហ៍​ផឹក​កាវ៉ា។ កាវ៉ា​ជា​គ្រឿង​ស្រវឹង​ម្យ៉ាង​ដែល​ធ្វើ​ពី​ឫស​ដើម​ម្រេច​ត្រាំ​ក្នុង​ទឹក។ ឥឡូវ​ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​កំណើត​ខ្ញុំ​វិញ ខ្ញុំ​បាន​សម្រប​ទៅ​តាម​ទម្លាប់​នៅ​ទី​នោះ​យ៉ាង​ងាយ ដោយ​ចូល​បារ​ស្ទើរតែ​រាល់​យប់​ផឹក​កាវ៉ា​រហូត​ដល់​ស្រវឹង។ ការ​សេពគប់​មិត្ត​ភក្ដិ​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ខ្នាត​តម្រា​ក្នុង​គម្ពីរ ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​នោះ។ ទី​បំផុត ខ្ញុំ​បាន​ត្រូវ​បំភ្លឺ​ឲ្យ​ឃើញ​ថា​ទម្លាប់​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ​ឈឺ​ចិត្ត​ណាស់។ ដូច្នេះ ខ្ញុំ​ត្រូវ​កែ​ខ្លួន ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​ទទួល​ពរ​ពី​លោក។

 ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួមកិច្ច​ប្រជុំ​ទាំង​អស់​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ការ​សេពគប់​ជា​មួយ​នឹង​ពួក​គាត់​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ការ​ល្បួង​ផ្សេង​ៗ។ នៅ​ឆ្នាំ​២០០២ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល

 ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​ក្នុង​គម្ពីរ​ថា​៖​«​ព្រះ​យេហូវ៉ា...អត់​ធ្មត់​នឹង​យើង ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​ពេត្រុស​ទី២ ៣:៩​) តាម​ពិត លោក​អាច​បំផ្លាញ​របៀប​របប​ពិភព​លោក​ដ៏​ពុក​រលួយ​នេះ​តាំង​ពី​យូរ​បាន តែ​លោក​អនុញ្ញាត​ឲ្យ​របៀប​របប​ពិភព​លោក​នេះ​នៅ​មាន ដើម្បី​មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ដូច​ជា​ខ្ញុំ​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ខ្ញុំ​សប្បាយ​ដែល​ដឹង​ថា ដោយ​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​លោក។

 បន្ថែម​ទៅ​ទៀត ដោយ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​ឈប់​បណ្ដោយ​ឲ្យ​ជីវិត​របស់​ខ្ញុំ​តែលតោល​គ្មាន​គោល​ដៅ​ទៀត។ ខ្ញុំ​ឈប់​លួច​គេ ដើម្បី​ទិញ​គ្រឿង​ញៀន​ដែល​បំផ្លាញ​ជីវិត​ខ្ញុំ​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ព្យាយាម​ជួយ​អ្នក​ជិត​ខាង​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ដែរ។ ដោយ​សារ​ការ​សេពគប់​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ជួប​ធី​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ សព្វ​ថ្ងៃ​នេះ យើង​មាន​កូន​ប្រុស​មួយ ហើយ​ក្រុម​គ្រួសារ​យើង​មាន​សុភមង្គល​ខ្លាំង​ណាស់។ ពួក​យើង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​ស្តី​អំពី​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្នុង​សួន​ឧទ្យាន​នា​ពេល​អនាគត។