គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ទីបំផុតខ្ញុំបានជួបជុំជាមួយនឹងឪពុកវិញ
ឆ្នាំកំណើត: ១៩៥៤
ប្រទេសកំណើត: ហ្វីលីពីន
ប្រវត្ដិ: បានផ្ដាច់ខ្លួនពីឪពុកដែលឃោរឃៅ
អតីតកាលរបស់ខ្ញុំ
ទេសចរជាច្រើនទៅលេងទឹកជ្រោះនៅក្បែរក្រុងប៉ាសាំងហាន ក្នុងប្រទេសហ្វីលីពីន។ នៅទីនោះ ឪពុកខ្ញុំឈ្មោះណាដូ ឡឺរ៉ូន បានធំឡើងនៅក្នុងភាពក្រីក្រ។ ពេលឃើញភាពពុករលួយរបស់ពួករដ្ឋាភិបាល ពួកនគរបាល និងនៅកន្លែងធ្វើការ គាត់បានមួម៉ៅចិត្តនិងខឹងយ៉ាងខ្លាំង។
ឪពុកម្ដាយខ្ញុំបានធ្វើការនឿយហត់ដើម្បីចិញ្ចឹមអប់រំកូន៨នាក់។ ពួកគាត់ច្រើនតែស្នាក់នៅឆ្ងាយពីផ្ទះអស់រយៈពេលយូរ ដើម្បីមើលថែចម្ការនៅតំបន់ភ្នំ។ បងប្រុសខ្ញុំរ៉ូឌីលីអូ និងខ្ញុំត្រូវមើលថែខ្លួនឯង ហើយជាញឹកញយពួកយើងគ្មានអាហារបរិភោគទេ។ ពេលនៅក្មេង ពួកយើងមិនសូវមានឱកាសលេងដូចក្មេងឯទៀតទេ។ ចាប់តាំងពីអាយុ៧ឆ្នាំ ពួកយើងក្មេងៗត្រូវធ្វើការនៅចម្ការ លីដូងទាំងធ្លាយៗឡើងជម្រាលភ្នំ។ បើធ្ងន់ពេកពួកយើងត្រូវគេបង្ខំឲ្យអូសវាឡើង។
យើងត្រូវទ្រាំនឹងការវាយធ្វើបាបពីឪពុក តែគួរឲ្យឈឺចាប់ជាងនោះទៅទៀត ពេលឃើញគាត់វាយធ្វើបាបម្ដាយរបស់ពួកយើង។ យើងព្យាយាមបញ្ឈប់គាត់ តែគ្មានប្រយោជន៍ទេ។ រ៉ូឌីលីអូនិងខ្ញុំបានព្រមព្រៀងគ្នាថានឹងសម្លាប់ឪពុកចោល ពេលយើងធំឡើង។ ខ្ញុំពិតជាចង់បានឪពុកដែលមានសេចក្ដីស្រឡាញ់ចំពោះយើងខ្លាំងណាស់!
ដោយសារធុញទ្រាន់និងខឹងឪពុកប្រព្រឹត្តអំពើឃោរឃៅ ខ្ញុំក៏បានចាកចេញពីផ្ទះពេលខ្ញុំមានអាយុ១៤ឆ្នាំ។ អស់មួយរយៈខ្ញុំបានរស់នៅតាមចិញ្ចើមថ្នល់ ហើយចាប់ផ្ដើមជក់កញ្ឆា។ ក្រោយមក ខ្ញុំបានធ្វើការជាអ្នកចែវទូកនាំភ្ញៀវទេសចរទៅមើលទឹកជ្រោះ។
ពីរបីឆ្នាំក្រោយមក ខ្ញុំចាប់ផ្ដើមចូលរៀននៅសកលវិទ្យាល័យនាក្រុងម៉ានីល។ ប៉ុន្តែ ដោយសារខ្ញុំធ្វើដំណើរទៅមកដើម្បីធ្វើការនៅក្រុងប៉ាសាំងហាននៅចុងសប្ដាហ៍ នោះខ្ញុំមិនសូវមានពេលរៀនទេ។ ជីវិតរបស់ខ្ញុំយ៉ាប់ណាស់ហើយគ្មានគោលដៅទេ។ សូម្បីតែកញ្ឆាក៏មិនអាចរម្ងាប់អារម្មណ៍ខ្វល់ខ្វាយរបស់ខ្ញុំបានដែរ។ ខ្ញុំចាប់ផ្ដើមសេពគ្រឿងញៀនផ្សេងៗដូចជាមេតំហ្វេតាមីន កូកាអ៊ីន និងហេរូអ៊ីនជាដើម។ គ្រឿងញៀនទាំងនោះច្រើនតែនាំទៅដល់ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ខ្ញុំរស់នៅក្នុងភាពក្រីក្រ ភាពអយុត្ដិធម៌ និងសេចក្ដីវេទនា។ ខ្ញុំស្អប់រដ្ឋាភិបាលដែលគ្មានទំនួលខុសត្រូវខ្លាំងណាស់។ ខ្ញុំបានសួរព្រះថា៖«ហេតុអ្វីបានជាជីវិតខ្ញុំទៅជាបែបនេះ?»។ ប៉ុន្តែ ទោះជាខ្ញុំខំស្វែងយល់អំពីសាសនាផ្សេងៗក៏ដោយ ក៏ខ្ញុំមិនបានទទួលចម្លើយដែរ។ ខ្ញុំបានជក់គ្រឿងញៀនកាន់តែច្រើនដើម្បីបន្ធូរអារម្មណ៍ខកចិត្ត។
នៅឆ្នាំ១៩៧២ សិស្សនិស្សិតនៅប្រទេសហ្វីលីពីនបានរៀបចំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ខ្ញុំបានចូលរួមក្នុងក្រុមបាតុកម្មមួយក្នុងចំណោមក្រុមបាតុកម្មឯទៀត ហើយនេះបានឈានទៅដល់ការប្រើអំពើហិង្សា។ មនុស្សជាច្រើនបានត្រូវចាប់ខ្លួន ហើយប៉ុន្មានខែក្រោយមក ច្បាប់យោធាបានត្រូវប្រកាសនៅទូទាំងប្រទេស។
នៅទីបំផុត ខ្ញុំបានទៅរស់នៅតាមចិញ្ចើមថ្នល់ម្ដងទៀត តែលើកនេះដោយសារខ្ញុំខ្លាចពួកអាជ្ញាធរចាប់ខ្លួន ព្រោះខ្ញុំបានចូលរួមជាមួយនឹងក្រុមបះបោរប្រឆាំង។ ដើម្បីបានប្រាក់ទិញថ្នាំញៀន ខ្ញុំចាប់ផ្ដើមលួច ហើយផ្ដល់សេវាកម្មខាងផ្លូវភេទដល់ពួកអ្នកមាននិងជនបរទេស។ ខ្ញុំមិនខ្វល់ថាខ្ញុំរស់ឬក៏ស្លាប់ទេ។
អំឡុងពេលនោះ ម្ដាយនិងប្អូនប្រុសខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ឪពុករបស់ខ្ញុំខឹងខ្លាំងណាស់ ហើយបានដុតសៀវភៅផ្សេងៗរបស់ពួកគាត់ ដែលមានមូលដ្ឋានលើគម្ពីរ។ ប៉ុន្តែ ពួកគាត់ទាំងពីរបានតស៊ូ ហើយបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ថ្ងៃមួយ សាក្សីព្រះយេហូវ៉ាម្នាក់បាននិយាយជាមួយឪពុករបស់ខ្ញុំអំពីសេចក្ដីសន្យាក្នុងគម្ពីរស្តីអំពីអនាគត ពេលដែលមានយុត្ដិធម៌ពិតនៅផែនដីទាំងមូល។ (ទំនុកតម្កើង ៧២:១២-១៤) សេចក្ដីសន្យានោះបានទាក់ទាញចិត្តឪពុកខ្ញុំខ្លាំងដល់ម្ល៉េះ រហូតដល់គាត់សម្រេចចិត្តស្រាវជ្រាវដោយខ្លួនគាត់ផ្ទាល់។ នៅក្នុងគម្ពីរ គាត់មិនគ្រាន់តែបានរកឃើញសេចក្ដីសន្យាអំពីរដ្ឋាភិបាលដែលមានយុត្ដិធម៌ប៉ុណ្ណោះទេ តែគាត់ក៏បានរៀនពីសេចក្ដីតម្រូវរបស់ព្រះស្តីអំពីការធ្វើជាប្ដីនិងឪពុកល្អដែរ។ (អេភេសូរ ៥:២៨; ៦:៤) មិនយូរក្រោយមក ឪពុកនិងបងប្អូនខ្ញុំទាំងអស់បានក្លាយជាសាក្សីព្រះយេហូវ៉ា។ ដោយសារខ្ញុំនៅឆ្ងាយពីផ្ទះ ខ្ញុំមិនបានដឹងអំពីរឿងនោះទេ។
វិធីដែលគម្ពីរជួយខ្ញុំឲ្យកែប្រែជីវិត
នៅឆ្នាំ១៩៧៨ ខ្ញុំបានទៅរស់នៅប្រទេសអូស្ដ្រាលី។ ទោះជារស់នៅក្នុងប្រទេសជឿនលឿននិងសុខសាន្តក៏ដោយ តែខ្ញុំមិនមានសេចក្ដីសុខសាន្តនៅក្នុងចិត្តខ្ញុំឡើយ។ ខ្ញុំបានបន្តផឹកស្រានិងជក់គ្រឿងញៀន។ មួយឆ្នាំក្រោយមក សាក្សីព្រះយេហូវ៉ាបានមកលេងខ្ញុំ។ ខ្ញុំចូលចិត្តអ្វីដែលពួកគេបានបង្ហាញខ្ញុំនៅក្នុងគម្ពីរស្តីអំពីសេចក្ដីសុខសាន្តនៅផែនដី តែខ្ញុំមិនទាន់ទុកចិត្តពួកគេទាំងស្រុងទេ។
មិនយូរក្រោយពីនោះ ខ្ញុំបានត្រឡប់ទៅប្រទេសហ្វីលីពីនអស់ពីរបីសប្ដាហ៍។ បងប្អូនខ្ញុំបានប្រាប់ខ្ញុំថា ឪពុករបស់យើងបានខំព្យាយាមធ្វើជាមនុស្សល្អប្រសើរជាង តែចិត្តខ្ញុំនៅតែខឹងគាត់ ហើយខ្ញុំគេចមុខមិននិយាយជាមួយនឹងគាត់ទេ។
ប្អូនស្រីរបស់ខ្ញុំបានពន្យល់ខ្ញុំអំពីគម្ពីរនូវមូលហេតុដែលជីវិតពេញដោយទុក្ខវេទនា និងភាពអយុត្ដិធម៌។ ខ្ញុំនឹកអស្ចារ្យក្នុងចិត្ត ពេលឃើញក្មេងជំទង់ម្នាក់ដែលមិនសូវមានបទពិសោធន៍អាចឆ្លើយសំណួរទាំងប៉ុន្មានដែលខ្ញុំឆ្ងល់។ មុនខ្ញុំចេញពីប្រទេសហ្វីលីពីន ឪពុកខ្ញុំបានឲ្យសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ a គាត់បាននិយាយថា៖«ឈប់រត់ទៀតទៅ។ សៀវភៅនេះនឹងជួយកូនស្វែងរកអ្វីដែលកូនកំពុងរកហើយ»។ គាត់បានលើកទឹកចិត្តខ្ញុំឲ្យស្វែងរកសាក្សីព្រះយេហូវ៉ា ពេលដែលខ្ញុំត្រឡប់ទៅប្រទេសអូស្ដ្រាលីវិញ។
ខ្ញុំបានធ្វើតាមយោបល់របស់ឪពុកខ្ញុំ ហើយបានរកឃើញសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ានៅជិតផ្ទះរបស់ខ្ញុំនៅក្រុងប៊្រីស្បិន។ ខ្ញុំបានយល់ព្រមរៀនគម្ពីរជាទៀងទាត់។ ទំនាយផ្សេងៗក្នុងគម្ពីរដូចជានៅក្នុងសៀវភៅដានីយ៉ែលជំពូកទី៧ និងអេសាយជំពូកទី៩ បានបង្ហាញអំពីរដ្ឋាភិបាលព្រះដែលនឹងបំបាត់ចោលអំពើពុករលួយ ហើយរដ្ឋាភិបាលនេះនឹងគ្រប់គ្រងលើមនុស្សនៅថ្ងៃអនាគត។ ខ្ញុំបានរៀនថាយើងនឹងមានស្ថានភាពដូចជាសួនឧទ្យាននៅផែនដី។ ខ្ញុំចង់ទទួលការពេញចិត្តពីព្រះ តែខ្ញុំទទួលស្គាល់ថាខ្ញុំត្រូវចេះទប់អារម្មណ៍ ត្រូវឈប់ប្រើគ្រឿងញៀន គ្រឿងស្រវឹង និងឈប់មានរបៀបរស់នៅអាវ៉ាសែទៀត។ ខ្ញុំបានបែកពីស្រីដែលខ្ញុំរស់នៅជាមួយ ហើយបានផ្ដាច់គ្រឿងញៀនទាំងស្រុង។ កាលដែលខ្ញុំមានទំនុកចិត្តចំពោះព្រះយេហូវ៉ាកាន់តែខ្លាំងឡើង ខ្ញុំបានអធិដ្ឋានសុំលោកជួយខ្ញុំឲ្យកែប្រែផ្សេងទៀត។
បន្ដិចម្ដងៗ ខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំកំពុងរៀនពិតជាអាចផ្លាស់ប្រែខ្ញុំមែន។ គម្ពីរចែងថាដោយការព្យាយាម យើងអាចបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»។ (កូឡុស ៣:៩, ១០) ពេលខ្ញុំព្យាយាមធ្វើដូច្នេះ ខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំបានឮអំពីការកែប្រែបុគ្គលិកលក្ខណៈរបស់ឪពុកខ្ញុំ គឺជាការពិតមែន។ ជាជាងមានអារម្មណ៍ខឹងនិងមានចិត្តស្អប់ ខ្ញុំចង់ជានាជាមួយនឹងគាត់។ ទីបំផុត ខ្ញុំបានអភ័យទោសឲ្យឪពុកខ្ញុំ ហើយបំបាត់ចោលចិត្តស្អប់ដែលខ្ញុំធ្លាប់គុំកួនតាំងពីក្មេងមក។
ផលប្រយោជន៍ដែលខ្ញុំទទួល
កាលនៅយុវវ័យ ខ្ញុំច្រើនតែធ្វើតាមអ្នកឯទៀតដោយមានការប្រព្រឹត្តខូចអាក្រក់ឬធ្វើទុក្ខដល់គេ។ ការព្រមានក្នុងគម្ពីរបញ្ជាក់ការពិតក្នុងករណីរបស់ខ្ញុំ ពោលគឺការសេពគប់អាក្រក់នាំឲ្យខ្ញុំវង្វេង។ (កូរិនថូសទី១ ១៥:៣៣) ប៉ុន្តែ ខ្ញុំមានមិត្តភក្ដិដែលគួរឲ្យទុកចិត្តក្នុងចំណោមសាក្សីព្រះយេហូវ៉ា ហើយពួកគេបានជួយខ្ញុំឲ្យក្លាយទៅជាមនុស្សល្អប្រសើរជាង។ ក្នុងចំណោមពួកគេ ខ្ញុំបានជួបឡូរីថឺជាប្រពន្ធអស្ចារ្យរបស់ខ្ញុំ។ យើងទាំងពីរនាក់បង្រៀនអ្នកឯទៀតអំពីរបៀបដែលគម្ពីរអាចជួយពួកគេ។
ដោយសារប្រយោជន៍ពីគម្ពីរ ខ្ញុំបានឃើញឪពុកខ្ញុំក្លាយទៅជាមនុស្សមួយផ្សេងដែលខ្ញុំមិននឹកស្មានដល់ ពោលគឺជាប្ដីដែលប្រកបដោយសេចក្ដីស្រឡាញ់ចំពោះម្ដាយខ្ញុំ និងជាគ្រិស្តសាសនិកដែលមានចិត្តរាបទាបនិងស្រឡាញ់សេចក្ដីសុខសាន្ត។ នៅឆ្នាំ១៩៨៧ ក្រោយពីខ្ញុំទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ពេលនោះឪពុកខ្ញុំបានឱបខ្ញុំជាលើកទី១ក្នុងជីវិតខ្ញុំ!
អស់ជាង៣៥ឆ្នាំ ឪពុកខ្ញុំបានបន្តផ្សព្វផ្សាយជាមួយម្ដាយខ្ញុំ អំពីសេចក្ដីសង្ឃឹមក្នុងគម្ពីរដល់អ្នកឯទៀត។ គាត់ក្លាយទៅជាមនុស្សឧស្សាហ៍ព្យាយាម និងចេះយកចិត្តទុកដាក់ ហើយគេស្គាល់គាត់ថាជាអ្នកដែលចូលចិត្តជួយមនុស្សឯទៀត។ អំឡុងពេលនោះ ខ្ញុំបានរៀនគោរពនិងស្រឡាញ់គាត់។ ខ្ញុំមានមោទនភាពណាស់ដែលបានកើតជាកូនគាត់! គាត់បានស្លាប់នៅឆ្នាំ២០១៦។ ពេលខ្ញុំគិតអំពីការកែប្រែយ៉ាងធំនូវបុគ្គលិកលក្ខណៈរបស់គាត់និងខ្ញុំ ដោយសារយើងបានធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ នោះធ្វើឲ្យខ្ញុំនឹកគាត់ជាខ្លាំង។ ខ្ញុំលែងមានចិត្តស្អប់ទៀតហើយ។ ខ្ញុំដឹងគុណណាស់ដែលខ្ញុំបានរកឃើញព្រះយេហូវ៉ាជាបិតានៅស្ថានសួគ៌ ដែលបានសន្យាថាបំបាត់ចោលនូវដើមហេតុនៃវិបត្ដិក្នុងក្រុមគ្រួសារនៅគ្រប់ទីកន្លែង។
a សៀវភៅនេះបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ប៉ុន្តែឥឡូវលែងបានត្រូវបោះពុម្ពហើយ។