គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ខ្ញុំធ្លាប់ជាមនុស្សឆាប់ផ្ទុះកំហឹង»
ឆ្នាំកំណើត: ១៩៧៥
ប្រទេសកំណើត: ម៉ិកស៊ិក
ប្រវត្តិ: ជាមនុស្សឆាប់ខឹង ហើយប្រើអំពើហិង្សា និងជាអ្នកទោស
អតីតកាលរបស់ខ្ញុំ
ខ្ញុំបានកើតនៅក្រុងសាំងហ្សង់ ឆាន់ខាឡាអ៊ីតូ ដែលជាក្រុងតូចមួយនៅរដ្ឋឈៀប៉ាស ប្រទេសម៉ិកស៊ិក។ ក្រុមគ្រួសាររបស់ខ្ញុំជាជាតិសាសន៍ឆូល ដែលមកពីពូជអំបូរម៉ាយ៉ា។ ឪពុកម្ដាយខ្ញុំមានកូន១២នាក់ ហើយខ្ញុំជាកូនទី៥។ ពេលខ្ញុំនៅក្មេង ខ្ញុំនិងបងប្អូនរបស់ខ្ញុំបានរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ប៉ុន្តែគួរឲ្យស្ដាយ ខ្ញុំមិនបានធ្វើតាមឱវាទពីគម្ពីរកាលដែលខ្ញុំនៅក្មេងទេ។
ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំបានប្រើប្រាស់គ្រឿងញៀននិងលួចគេ។ នៅពេលនោះ ខ្ញុំបានចាកចេញពីផ្ទះ ហើយរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ។ ពេលខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំចាប់ផ្ដើមធ្វើការនៅចម្ការកញ្ឆា។ ខ្ញុំនៅទីនោះប្រហែលជាមួយឆ្នាំ។ នៅយប់មួយ ពេលយើងដឹកកញ្ឆាមួយចំនួនធំតាមទូក មានក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធ បានមកវាយប្រហារយើង។ ខ្ញុំបានរត់គេចពីគ្រាប់កាំភ្លើងដែលពួកគេបាញ់រះ ហើយលោតចូលក្នុងទន្លេ រួចហែលតាមខ្សែទឹកហូរទាញទៅឆ្ងាយ។ ក្រោយមក ខ្ញុំបានភៀសខ្លួនទៅសហរដ្ឋអាម៉េរិក។
នៅសហរដ្ឋ ខ្ញុំបន្តជួញដូរគ្រឿងញៀន ហើយជួបបញ្ហាកាន់តែច្រើន។ ពេលអាយុ១៩ឆ្នាំ ប៉ូលិសបានចាប់ខ្ញុំ ហើយតុលាការកាត់ទោសខ្ញុំឲ្យជាប់គុកពីបទប្លន់និងប៉ុនប៉ងសម្លាប់មនុស្ស។ នៅក្នុងគុក ខ្ញុំបានចូលក្នុងក្រុមបងធំ ហើយបន្តធ្វើអំពើឃោរឃៅថែមទៀត។ ជាលទ្ធផល អាជ្ញាធរបានបញ្ជូនខ្ញុំទៅគុកផ្សេងទៀតដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនៅក្រុងលូវ៉ីសបឺក រដ្ឋប៉ិនស៊ីវ៉ានី។
ក្នុងគុកនាក្រុងលូវ៉ីសបឺក ខ្ញុំប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ។ ដោយសារខ្ញុំមានសាក់ដែលសម្គាល់ថាខ្ញុំជាសមាជិកក្រុមបងធំ នោះស្រួលឲ្យខ្ញុំចូលក្រុមបងធំដដែលនោះនៅក្នុងគុក។ ខ្ញុំកាន់តែឃោរឃៅ ដោយចាប់ផ្ដើមវ៉ៃគ្នាជាបន្តបន្ទាប់។ នៅពេលមួយ ខ្ញុំនិងក្រុមរបស់ខ្ញុំបានវ៉ៃគ្នាជាមួយនឹងក្រុមបងធំមួយទៀតនៅឯទីធ្លាគុក។ យើងវ៉ៃគ្នាយ៉ាងសាហាវ ដោយប្រើដំបងវាយកូនបាល់និងដុំដែកដែលប្រើសម្រាប់ហាត់ប្រាណ។ ដើម្បីបញ្ឈប់យើងវ៉ៃគ្នា ពួកអ្នកយាមគុកបានប្រើឧស្ម័នបង្ហូរទឹកភ្នែក។ បន្ទាប់ពីនោះមក ផ្នែកពន្ធនាគារបានប្ដូរខ្ញុំទៅអគារពិសេសសម្រាប់ពួកអ្នកទោសដ៏គ្រោះថ្នាក់។ ខ្ញុំធ្លាប់ជាមនុស្សដែលឆាប់ផ្ទុះកំហឹង និងប្រើពាក្យសម្ដីអសុរោះ។ ដូច្នេះ គឺស្រួលណាស់ឲ្យខ្ញុំវ៉ៃអ្នកណាម្នាក់។ និយាយឲ្យត្រង់ទៅ ខ្ញុំចូលចិត្តវ៉ៃគេ ហើយខ្ញុំគ្មានអារម្មណ៍ស្ដាយក្រោយចំពោះទង្វើរបស់ខ្ញុំឡើយ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត
នៅអគារគុកដ៏តឹងរ៉ឹងនោះ រាល់ថ្ងៃគេឃុំខ្ញុំក្នុងបន្ទប់ស្ទើរតែពេញមួយថ្ងៃ ដូច្នេះខ្ញុំចាប់ផ្ដើមអានគម្ពីរដើម្បីកែអផ្សុក។ ក្រោយមក អ្នកយាមគុកម្នាក់បានឲ្យសៀវភៅមួយមកខ្ញុំ គឺសៀវភៅអ្នកអាចរស់នៅជានិរន្ដរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ a ពេលខ្ញុំអានសៀវភៅសិក្សានោះ ខ្ញុំនឹកចាំអ្វីៗជាច្រើនដែលខ្ញុំធ្លាប់រៀនជាមួយនឹងសាក្សីព្រះយេហូវ៉ា កាលខ្ញុំនៅក្មេង។ ក្រោយមកខ្ញុំភ្ញាក់ខ្លួន ហើយដឹងថាខ្ញុំស្ថិតក្នុងសភាពអន់ថោកខ្លាំងណាស់ ដោយសារលក្ខណៈដ៏ឃោរឃៅរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមគិតអំពីក្រុមគ្រួសាររបស់ខ្ញុំ។ ដោយសារបងស្រីនិងប្អូនស្រីរបស់ខ្ញុំបានទៅជាសាក្សីព្រះយេហូវ៉ា នោះខ្ញុំស្រាប់តែគិតថា‹ពួកគេនឹងរស់ជារៀងរហូត›។ រួចខ្ញុំក៏សួរខ្លួនឯងថា‹ចុះចំណែកខ្ញុំវិញនឹងទៅជាយ៉ាងណា?›។ ចាប់ពីពេលនោះមក ខ្ញុំប្ដេជ្ញាចិត្តកែប្រែខ្លួន។
ក៏ប៉ុន្តែ ខ្ញុំដឹងថាខ្ញុំត្រូវការជំនួយដើម្បីកែខ្លួន។ ដូច្នេះ មុនដំបូង ខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ា និងអង្វរលោកឲ្យជួយខ្ញុំ។ បន្ទាប់មក ខ្ញុំសរសេរសំបុត្រទៅការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ានៅសហរដ្ឋអាម៉េរិក ហើយស្នើសុំរៀនគម្ពីរ។ ការិយាល័យសាខាបានរៀបចំឲ្យបងប្អូនដែលនៅក្រុមជំនុំជិតៗនោះ មកទាក់ទងខ្ញុំ។ ប៉ុន្តែ នៅពេលនោះ ច្បាប់គុកមិនអនុញ្ញាតឲ្យអ្នកដែលមិនមែនជាសមាជិកគ្រួសារជួបខ្ញុំទេ។ ដូច្នេះ សាក្សីម្នាក់ពីក្រុមជំនុំចាប់ផ្ដើមផ្ញើសៀវភៅផ្សេងៗនិងសំបុត្រដើម្បីលើកទឹកចិត្តខ្ញុំ ហើយនោះបានជំរុញចិត្តខ្ញុំឲ្យចង់កែខ្លួនកាន់តែខ្លាំង។
ក្រោយមក ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ធំមួយ គឺចាកចេញពីក្រុមបងធំដែលខ្ញុំបានចូលរួមអស់ជាច្រើនឆ្នាំហើយ។ មេក្រុមបងធំក៏នៅអគារឃុំឃាំងដ៏តឹងរ៉ឹងនេះដែរ។ ដូច្នេះ ពេលគេឲ្យយើងចេញមកស្រូបយកខ្យល់អាកាស ខ្ញុំបានទៅជួបគាត់ ហើយប្រាប់គាត់ថា ខ្ញុំចង់ទៅជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលគាត់និយាយថា៖«បាន បើឯងចង់មែន។ ខ្ញុំមិនអាចប្រឆាំងជាមួយនឹងព្រះបានទេ។ ប៉ុន្តែ បើនេះជាលេសដើម្បីចេញពីក្រុម ឯងដឹងច្បាស់ពីលទ្ធផលហើយ»។
ជាងពីរឆ្នាំក្រោយមក មន្ត្រីគុកកត់សម្គាល់ឃើញថាខ្ញុំបានកែប្រែចរិត។ ដូច្នេះបន្តិចម្ដងៗ ពួកគេកាន់តែយកចិត្តទុកដាក់ចំពោះខ្ញុំ។ ជាឧទាហរណ៍ ពេលអ្នកយាមនាំខ្ញុំចេញពីបន្ទប់ឃុំដើម្បីទៅងូតទឹក ពួកគេឈប់ដាក់ខ្នោះខ្ញុំទៀត។ អ្នកយាមម្នាក់ថែមទាំងបានមកជិតខ្ញុំ ហើយលើកទឹកចិត្តខ្ញុំឲ្យបន្តកែខ្លួន។ នៅឆ្នាំចុងក្រោយនៃទោសកម្រិតធ្ងន់របស់ខ្ញុំ មន្ត្រីពន្ធនាគារបានផ្លាស់ខ្ញុំទៅមន្ទីរឃុំឃាំងកម្រិតស្រាល ដែលនៅជាប់នឹងពន្ធនាគារធំ។ លុះឆ្នាំ២០០៤ ក្រោយពីខ្ញុំបានជាប់គុកអស់១០ឆ្នាំ គេបានដោះលែងខ្ញុំ ហើយបញ្ជូនខ្ញុំទៅម៉ិកស៊ិកវិញតាមឡានពន្ធនាគារ។
មិនយូរក្រោយពីខ្ញុំបានមកដល់ម៉ិកស៊ិក ខ្ញុំបានទៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ លើកទី១ដែលខ្ញុំចូលរួមកិច្ចប្រជុំ ខ្ញុំស្លៀកឯកសណ្ឋានគុក ព្រោះនោះជាសម្លៀកបំពាក់សមរម្យតែមួយគត់ដែលខ្ញុំមាន។ ទោះជាខ្ញុំស្លៀកពាក់បែបនោះក៏ដោយ សាក្សីបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ ពេលខ្ញុំឃើញចិត្តសប្បុរសរបស់ពួកគាត់ ខ្ញុំដឹងថាខ្ញុំកំពុងនៅក្នុងចំណោមគ្រិស្តសាសនិកពិត។ (យ៉ូហាន ១៣:៣៥) នៅកិច្ចប្រជុំនោះ ពួកអ្នកចាស់ទុំបានរៀបចំឲ្យខ្ញុំសិក្សាគម្ពីរជាផ្លូវការ។ មួយឆ្នាំក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៥។
ក្នុងខែមករា ឆ្នាំ២០០៧ ខ្ញុំចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល ដោយចំណាយពេល៧០ម៉ោងរាល់ខែក្នុងការបង្រៀនគម្ពីរដល់អ្នកឯទៀត។ នៅឆ្នាំ២០១១ ខ្ញុំបានបញ្ចប់វគ្គសិក្សានៅសាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ (ឥឡូវហៅថាសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ)។ សាលានេះជាជំនួយដ៏ធំមួយ ដែលជួយខ្ញុំឲ្យបំពេញភារកិច្ចរបស់ខ្ញុំក្នុងក្រុមជំនុំ។
មកដល់ឆ្នាំ២០១៣ ខ្ញុំបានរៀបការជាមួយនឹងភីឡា ដែលជាប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ នាងចូលចិត្តនិយាយកំប្លែងថា នាងពិបាកជឿអ្វីដែលខ្ញុំប្រាប់នាងអំពីអតីតកាលរបស់ខ្ញុំ។ ខ្ញុំមិនដែលនឹកចង់ត្រឡប់ទៅរកផ្លូវចាស់វិញទេ។ ខ្ញុំនិងប្រពន្ធជឿជាក់ថាលក្ខណៈដែលខ្ញុំមានសព្វថ្ងៃនេះជាភ័ស្តុតាងបញ្ជាក់ថា គម្ពីរមានឫទ្ធានុភាពកែប្រែជីវិតខ្ញុំទាំងស្រុង។—រ៉ូម ១២:២
ផលប្រយោជន៍ដែលខ្ញុំទទួល
ខ្ញុំដឹងថាប្រសាសន៍របស់លោកយេស៊ូនៅលូកា ១៩:១០ គឺសម្រាប់ខ្ញុំ។ ក្នុងខនោះ លោកមានប្រសាសន៍ថា៖«[ខ្ញុំ]បានមកដើម្បីរក ហើយសង្គ្រោះពួកអ្នកដែលបាត់បង់ទៅ»។ ឥឡូវ ខ្ញុំលែងមានអារម្មណ៍ថាខ្ញុំជាមនុស្សដែលបាត់បង់ទៅ។ ខ្ញុំក៏ឈប់ធ្វើបាបអ្នកឯទៀតដែរ។ អរគុណគម្ពីរ ខ្ញុំសប្បាយចិត្តដែលជីវិតមានគោលដៅដ៏ល្អប្រសើរ មានការប្រាស្រ័យទាក់ទងប្រកបដោយសន្តិភាពជាមួយនឹងអ្នកឯទៀត សំខាន់បំផុត ខ្ញុំមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាដែលជាអ្នកបង្កើត។
[កំណត់សម្គាល់]
a សៀវភៅនេះបានត្រូវបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ប៉ុន្តែឥឡូវសៀវភៅនេះឈប់បោះពុម្ពហើយ។ ឥឡូវសៀវភៅដែលប្រើសម្រាប់សិក្សាគឺសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!