គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ខ្ញុំលែងមានអារម្មណ៍ខ្មាសខ្លួនឯងទៀតហើយ»
ឆ្នាំកំណើត: ១៩៦៣
ប្រទេសកំណើត: ម៉ិកស៊ិក
ប្រវត្ដិ: ជាក្មេងចិញ្ចើមថ្នល់ និងមានអារម្មណ៍ថាខ្លួនអន់
អតីតកាលរបស់ខ្ញុំ
ខ្ញុំបានកើតនៅទីក្រុងស៊ីយូដាត អរប្រាហ្កន នៅភាគខាងជើងប្រទេសម៉ិកស៊ិក។ ខ្ញុំមានបងប្អូន៩នាក់ ហើយខ្ញុំជាកូនទី៥។ យើងរស់នៅជាយក្រុង ហើយនៅទីនោះឪពុកខ្ញុំមានចម្ការតូចមួយកន្លែង។ នៅទីនោះគួរឲ្យចង់រស់នៅណាស់ ហើយក្រុមគ្រួសាររបស់យើងរស់នៅដោយសុភមង្គលនិងសុខសាន្ត។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ ពេលខ្ញុំមានអាយុ៥ឆ្នាំ ព្យុះកំបុតត្បូងបានបក់បោកបំផ្លាញចម្ការរបស់យើង ដូច្នេះយើងត្រូវរើទៅរស់នៅក្រុងផ្សេង។
ក្រោយមក ឪពុកខ្ញុំចាប់ផ្ដើមមានការងារល្អមួយដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបាន តែដំណាលគ្នានោះ គាត់ក៏បានទៅជាមនុស្សប្រមឹកស្រា។ នេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើចំណងអាពាហ៍ពិពាហ៍របស់គាត់ និងមកលើពួកយើងជាកូនៗ។ យើងបានលួចបារីរបស់ឪពុកយកមកជក់។ នៅពេលខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំបានស្រវឹងស្រាជាលើកទី១។ មិនយូរក្រោយពីនោះ ឪពុកម្ដាយរបស់ខ្ញុំបានបែកគ្នា ហើយនេះធ្វើឲ្យជីវិតខ្ញុំកាន់តែអាក្រក់ទៅៗ។
ក្រោយពីនោះ ម្ដាយខ្ញុំបានទៅរស់នៅជាមួយនឹងបុរសផ្សេង គាត់បានយកពួកយើងទៅជាមួយដែរ។ ប្រុសនោះមិនបានឲ្យលុយគាត់ទេ ម្ដាយខ្ញុំត្រូវធ្វើការ តែលុយដែលគាត់រកបានមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់យើងទេ។ ដូច្នេះ បងប្អូនរបស់ខ្ញុំនិងខ្ញុំត្រូវធ្វើការដោយខ្លួនឯង តែនៅតែមិនគ្រប់គ្រាន់ដដែល។ ការងាររបស់ខ្ញុំជាអ្នកខាត់ស្បែកជើង លក់កាសែត នំប៉័ង ស្ករកៅស៊ូ និងអ្វីផ្សេងទៀត។ ខ្ញុំបានដើរសព្វក្នុងក្រុងដើម្បីរកអាហារដែលនៅក្នុងធុងសំរាមរបស់អ្នកមាន។
ពេលខ្ញុំមានអាយុ១០ឆ្នាំ មានបុរសម្នាក់បានមកបបួលខ្ញុំឲ្យទៅធ្វើការជាមួយនឹងគាត់នៅកន្លែងចាក់សំរាមក្នុងក្រុងមួយ។ ខ្ញុំក៏យល់ព្រម រួចឈប់រៀន ហើយចាកចេញពីផ្ទះ។ គាត់បានបង់ប្រាក់ឲ្យខ្ញុំតិចជាងមួយដុល្លារក្នុងមួយថ្ងៃ ហើយឲ្យអាហារដែលប្រមូលបានពីគំនរសំរាមដល់ខ្ញុំបរិភោគ។ ខ្ញុំបានរស់នៅក្នុងខ្ទមមួយដែលប្រក់ពីរបស់របរដែលយកបានពីគំនរសំរាមនោះ។ មនុស្សដែលនៅជុំវិញខ្ញុំ សុទ្ធតែប្រើពាក្យអសុរោះ និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ មនុស្សជាច្រើនញៀនថ្នាំ និងប្រមឹកស្រា។ នោះជាគ្រាដ៏ពិបាកបំផុតនៅក្នុងជីវិតខ្ញុំ ខ្ញុំភ័យញាប់ញ័រ ហើយដេកយំរាល់យប់។ ដោយសារតែភាពក្រីក្រនិងកម្រិតវប្បធម៌ទាប ខ្ញុំមានអារម្មណ៍ថាខ្មាសគេណាស់។ ខ្ញុំបានរស់នៅកន្លែងចាក់សំរាមនោះអស់រយៈពេលប្រហែលជាបីឆ្នាំ។ ក្រោយមក ខ្ញុំរើទៅតំបន់មួយទៀតនៅប្រទេសម៉ិកស៊ិក។ នៅទីនោះ ខ្ញុំបានធ្វើការនៅចម្ការ បេះផ្កា បេះកប្បាស ប្រមូលអំពៅនិងដំឡូង។
អស់រយៈពេលបួនឆ្នាំក្រោយមក ខ្ញុំបានរើទៅទីក្រុងស៊ីយូដាត អរប្រាហ្កនវិញ។ មីងខ្ញុំម្នាក់ធ្វើជាគ្រូធ្មប់ព្យាបាលជំងឺ។ គាត់បានផ្ដល់បន្ទប់មួយក្នុងផ្ទះគាត់ឲ្យខ្ញុំស្នាក់នៅ។ ពេលយប់ ខ្ញុំតែងយល់សប្ដិអាក្រក់ ហើយធ្លាក់ទឹកចិត្តជាខ្លាំង រហូតដល់គិតចង់សម្លាប់ខ្លួនទៀតផង។ នៅយប់មួយ ខ្ញុំបានអធិដ្ឋានទៅព្រះថា៖«ព្រះជាអម្ចាស់អើយ! បើពិតជាមានលោកមែន ខ្ញុំចង់ស្គាល់លោក ហើយខ្ញុំចង់បម្រើលោកជារៀងរហូត។ ប្រសិនបើមានសាសនាពិតមែន ខ្ញុំចង់ស្គាល់សាសនានោះ»។
វិធីដែលគម្ពីរជួយខ្ញុំឲ្យកែប្រែជីវិត
ខ្ញុំចូលចិត្តរៀនអំពីព្រះ។ ពេលខ្ញុំនៅក្មេង ខ្ញុំបានទៅវិហារពីនិកាយផ្សេងៗ តែនិកាយទាំងអស់មិនល្អដូចអ្វីដែលខ្ញុំគិតឡើយ។ ពួកគេមិននិយាយអំពីគម្ពីរ ឬជួយខ្ញុំស្គាល់ព្រះនោះទេ។ វិហារខ្លះផ្ដោតអារម្មណ៍ទៅលើលុយ ហើយសមាជិកក្នុងវិហារខ្លះទៀតបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
ពេលខ្ញុំមានអាយុ១៩ឆ្នាំ បងថ្លៃរបស់ខ្ញុំបានប្រាប់ខ្ញុំថាសាក្សីព្រះយេហូវ៉ាបានបង្ហាញគាត់អំពីអ្វីដែលគម្ពីរចែងដែលទាក់ទងនឹងរូបព្រះ។ គាត់បានអានឲ្យខ្ញុំស្ដាប់នៅនិក្ខមនំ ២០:៤, ៥ ខនោះរៀបរាប់ថាមិនត្រូវធ្វើរូបចម្លាក់ឡើយ។ នៅខ៥ចែងថា៖«ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាមនោះឡើយ។ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រច័ណ្ឌ»។ រួចមក បងថ្លៃខ្ញុំសួរខ្ញុំថា«បើព្រះប្រើរូបព្រះដើម្បីធ្វើអព្ភូតហេតុ ឬចង់ឲ្យយើងប្រើរូបនោះដើម្បីគោរពបូជា ហេតុអ្វីបានជាលោកហាមមិនឲ្យយើងប្រើរូបនោះទៅវិញ?»។ ពេលឮដូច្នោះ ខ្ញុំចាប់ផ្ដើមគិត។ បន្ទាប់មក យើងបាននិយាយគ្នាអំពីរឿងនោះ។ ដោយសារខ្ញុំជក់និយាយអំពីរឿងនោះខ្លាំងដល់ម្ល៉េះ រហូតដល់និយាយអស់ជាច្រើនម៉ោង។
ក្រោយមក គាត់បាននាំខ្ញុំទៅកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ អ្វីដែលខ្ញុំបានឃើញនិងឮនៅទីនោះធ្វើឲ្យខ្ញុំកោតស្ងើចខ្លាំងណាស់។ សូម្បីតែប្អូនៗវ័យក្មេង ក៏ចេះថ្លែងយ៉ាងស្ទាត់នៅលើវេទិកាដែរ! ខ្ញុំគិតថា‹មនុស្សនៅទីនេះពិតជាបានទទួលការអប់រំមែន!›។ ទោះជាខ្ញុំមានសក់វែង ហើយសម្លៀកបំពាក់មិនសមរម្យក៏ដោយ ក៏សាក្សីព្រះយេហូវ៉ាបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ ក្រោយពីកិច្ចប្រជុំនោះ មានក្រុមគ្រួសារមួយថែមទាំងបានអញ្ជើញខ្ញុំឲ្យទៅបរិភោគអាហារល្ងាចជាមួយនឹងពួកគាត់ទៀតផង!
តាមរយៈការសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ខ្ញុំបានរៀនថាព្រះយេហូវ៉ាគឺជាបិតាដែលមានសេចក្ដីស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង ទោះជាយើងមានឋានៈខ្ពស់ទាប មានឬក្រ ពូជសាសន៍ណា ឬកម្រិតវប្បធម៌ណាក៏ដោយ។ លោកពិតជាមិនរើសមុខឡើយ។ (សកម្មភាព ១០:៣៤, ៣៥) ទីបំផុត ខ្ញុំបានទទួលការណែនាំពីព្រះ។ ឥឡូវ ខ្ញុំលែងមានអារម្មណ៍ថាខ្វះអ្វីមួយក្នុងជីវិតទៀតហើយ។
ប្រយោជន៍ដែលខ្ញុំបានទទួល
ជីវិតរបស់ខ្ញុំចាប់ផ្ដើមកែប្រែទៅជាល្អប្រសើរជាងឆ្ងាយណាស់! ខ្ញុំបានផ្ដាច់ស្រា ផ្ដាច់បារី និងឈប់និយាយពាក្យអសុរោះទៀត។ បន្ដិចម្ដងៗ អារម្មណ៍តូចចិត្តដែលខ្ញុំមានតាំងពីក្មេងបានរសាយបាត់ទៅ ហើយការយល់សប្ដិអាក្រក់លែងមានទៀត។ ពីមុន ខ្ញុំធ្លាប់មានអារម្មណ៍ថាខ្លួនអន់ព្រោះតែកម្រិតវប្បធម៌របស់ខ្ញុំ តែឥឡូវខ្ញុំលែងមានអារម្មណ៍នោះទៀតហើយ។
ខ្ញុំមានប្រពន្ធដ៏អស្ចារ្យដែលស្រឡាញ់ព្រះយេហូវ៉ា និងជួយជ្រោមជ្រែងខ្ញុំយ៉ាងខ្លាំង។ សព្វថ្ងៃនេះ ខ្ញុំបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យរបស់សាក្សីព្រះយេហូវ៉ា យើងទៅលេងលើកទឹកចិត្តក្រុមជំនុំនានា និងបង្រៀនអំពីបណ្ដាំព្រះដល់បងប្អូនរួមជំនឿ។ ដោយសារឥទ្ធិពលល្អពីគម្ពីរ និងការអប់រំដ៏ប្រសើរបំផុតដែលព្រះផ្ដល់ឲ្យ ឥឡូវខ្ញុំលែងមានអារម្មណ៍ខ្មាសខ្លួនឯងទៀតហើយ។