លោតទៅអត្ថបទ

បញ្ឈប់​ការ​សម្លាប់​ខ្លួន​នៅ​លើ​ប៉ម​ស្កាយ​ថោវើ

បញ្ឈប់​ការ​សម្លាប់​ខ្លួន​នៅ​លើ​ប៉ម​ស្កាយ​ថោវើ

នៅ​ក្រុង​អូខ្លេន ប្រទេស​ញូវ​ហ្សេឡែន សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ​ហ្គ្រេមប្រោន​មាន​អាយុ​៨០​ឆ្នាំ បាន​ជួយ​និយាយ​ជា​មួយ​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​កុំ​ឲ្យ​លោត​សម្លាប់​ខ្លួន​ពី​ប៉ម​ស្កាយ​ថោវើ(Sky Tower)ដែល​មាន​កម្ពស់​៣២៨​ម៉ែត្រ(១​.​០៧៦​ហ្វីត)។ លោក​ហ្គ្រេម​បាន​និយាយ​ថា៖«ពេល​បុរស​នោះ​សុំ​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ប៉ូលិស​បាន​ទូរស័ព្ទ​សុំ​ខ្ញុំ​ជួយ»។

«បុគ្គលិក​នៃ​ប៉ម​ស្កាយ​ថោវើ​បាន​ឲ្យ​ខ្ញុំ​ពាក់​ឧបករណ៍​សុវត្ថិភាព​ដែល​មាន​ខ្សែ​ភ្ជាប់​ជា​មួយ។ ពួក​គេ​យក​ខ្សែ​មួយ​ទៀត​មក​ចង​គម្ពីរ​របស់​ខ្ញុំ​ផង​ដែរ។ រួច​មក ប៉ូលិស​បាន​នាំ​ខ្ញុំ​ទៅ​យ៉​ខាង​ក្រៅ​ជា​កន្លែង​ដែល​ភ្ញៀវ​មើល​ទេសភាព។ យ៉​នោះ​មាន​កម្ពស់​១៩២​ម៉ែត្រ(៦៣០​ហ្វីត)។ នៅ​ជុំ​វិញ​ប៉ម​នោះ ខ្យល់​ត្រជាក់​បក់​យ៉ាង​ខ្លាំង។ បុរស​ដែល​គំរាម​ថា​លោត​សម្លាប់​ខ្លួន​នោះ កំពុង​អង្គុយ​សំយុងជើង​នៅ​លើ​គែម​នៃ​ផ្លូវ​ដើរ​ដ៏​ចង្អៀត ដែល​មិន​ឆ្ងាយ​ពី​កន្លែង​ខ្ញុំ​ឈរ។

«ខ្ញុំ​បាន​ស្រែក​ប្រាប់​គាត់​ថា​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ជួយ។ ក្រោយ​ពី​ខ្ញុំ​បាន​អធិស្ឋាន​នៅ​ក្នុង​ចិត្ត ខ្ញុំ​បាន​បើក​គម្ពីរ ហើយ​ចាប់​ផ្ដើម​និយាយ។

«ខ្ញុំ​បាន​និយាយ​អំពី​ភាព​ពិសិដ្ឋ​នៃ​ជីវិត ជា​ចំណង​ជើង​នៃ​សុន្ទរកថា​ដែល​ខ្ញុំ​បាន​ថ្លែង​នៅ​សាល​ប្រជុំ​ពេល​ថ្មីៗ​នេះ។

«ខ្ញុំ​បាន​និយាយ​ថា៖‹ព្រះ​ចាត់​ទុក​ប្អូន​ជា​បុគ្គល​មាន​តម្លៃ ហើយ​លោក​បាន​ឲ្យ​អំណោយ​ដ៏​អស្ចារ្យ​ដល់​ប្អូន គឺ​ជា​ជីវិត។ ដូច្នេះ​សូម​ប្អូន​បង្ហាញ​ឲ្យ​លោក​ឃើញ​ថា​ប្អូន​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​នោះ។ សូម​ប្អូន​ចូល​មក​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ›។

«ខ្ញុំ​ក៏​បាន​អាន​ខ​គម្ពីរ​ផ្សេងៗ​រួម​ទាំង​យ៉ូហាន ៣:១៦​ដែល​ចែង​ថា៖‹ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ›។

«ខ្ញុំ​ប្រាប់​គាត់​ថា៖‹ដូច្នេះ ព្រះ​ស្រឡាញ់​ប្អូន ហើយ​លោក​ចង់​ឲ្យ​ប្អូន​រស់›។

«មុន​ដំបូង គាត់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ។ ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ដើម្បី​ខ្ញុំ​អាច​និយាយ​ជំរុញ​ចិត្ត​គាត់​កុំ​ឲ្យ​លោត​សម្លាប់​ខ្លួន។ នៅ​ទី​បំផុត គាត់​បាន​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ចូល​មក​ជិត​ខ្ញុំ។ គាត់​មើល​ទៅ​ពិបាក​ចិត្ត​ណាស់។

«គាត់​បាន​និយាយ​ថា៖‹ថ្មីៗ​នេះ សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ផ្ទះ​ខ្ញុំ តែ​ខ្ញុំ​បាន​ដេញ​ពួក​គេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិត​ជា​ស្ដាយ​ណាស់។ តើ​អ៊ំ​អភ័យ​ទោស​ឲ្យ​ខ្ញុំ​បាន​ទេ?›។

«ខ្ញុំ​និយាយ​ធានា​ចំពោះ​គាត់​ថា៖‹មិន​អី​ទេ​ប្អូន។ សូម្បី​តែ​ពួក​ខ្ញុំ​ខ្លះ​ក៏​ធ្លាប់​ធ្វើ​ដូច​នោះ​ដែរ មុន​យើង​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ សូម​ប្អូន​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​ប្អូន›។

«គាត់​ឆ្លើយ​ថា៖‹អរគុណ​អ៊ំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ចិត្ត​ហើយ›។

«ខ្ញុំ​និយាយ​បន្ត​ថា៖‹ប្អូន​ដឹង​ទេ ខ្ញុំ​ពិត​ជា​ខ្លាច​ជំនួស​ប្អូន​ណាស់។ ខ្ញុំ​កំពុង​ពាក់​ក្រវាត់​សុវត្ថិភាព តែ​ប្អូន​មិន​ពាក់​ទេ។ បើ​ប្អូន​រអិល​ជើង​តែ​បន្ដិច ជីវិត​ដ៏​មាន​តម្លៃ​របស់​ប្អូន​នឹង​បាត់​បង់​ជា​មិន​ខាន។ នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ក្រៀម​ក្រំ​ចិត្ត​ខ្លាំង​ណាស់។ ដូច្នេះ សូម​ប្អូន​ចូល​មក​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ›។

«ខ្ញុំ​អាច​ឃើញ​ថា​គាត់​ស្ងប់​ចិត្ត​ជាង​មុន។ គាត់​បាន​ឆ្លើយ​ដោយ​សុភាព​ថា៖‹បាទ ខ្ញុំ​នឹង​ចូល​ក្នុង›។

«គាត់​បាន​ឈាន​ជើង​ចូល​កន្លែង​សម្រាប់​ភ្ញៀវ​មើល​ទេសភាព ហើយ​ភ្លាម​នោះ​ប៉ូលិស​បាន​នាំ​គាត់​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ គាត់​និង​ខ្ញុំ​បាន​និយាយ​គ្នា​អស់​ប្រហែល​មួយ​ម៉ោង»។

សាក្សី​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត ជា​ពិសេស​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ។ នៅ​ទូ​ទាំង​ពិភព​លោក សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ​ដើម្បី​ប្រាប់​សេចក្ដី​សង្ឃឹម​និង​ផ្ដល់​ការ​សម្រាល​ទុក្ខ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ។