សៀវភៅរឿងព្រះគម្ពីរបានត្រូវប្រើនៅសាលារៀន
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជាភាសាប៉ាហ្គាស៊ីណាន់ បានចេញនៅឆ្នាំ២០១២ ហើយសៀវភៅនេះកំពុងជួយក្មេងៗនៅសាលាក្នុងប្រទេសហ្វីលីពីនដែលនិយាយភាសានេះ។ សៀវភៅនេះបានចេញចំពេលដែលក្រសួងអប់រំរបស់ប្រទេសហ្វីលីពីនប្រកាសឲ្យបង្រៀនក្មេងៗបឋមសិក្សានូវភាសាកំណើតរបស់ខ្លួន។
ក្នុងប្រទេសហ្វីលីពីន មានច្រើនជាង១០០ភាសា ហើយសំណួរដែលថា តើត្រូវប្រើភាសាអ្វីក្នុងថ្នាក់រៀនគឺជាអ្វីដែលគេឆ្ងល់ជាយូរមកហើយ។ ក្នុងឆ្នាំ២០១២ ក្រសួងអប់រំបានចេញបង្គាប់ថា «ការប្រើភាសាដែលប្រើនៅផ្ទះ»នាំឲ្យ«ក្មេងៗរៀនឆាប់យល់ និងរៀនបានលឿនជាង»។ ជាលទ្ធផល កម្មវិធី«រៀនជាភាសាកំណើត»បានត្រូវបង្កើតឡើង។
ភាសាប៉ាហ្គាស៊ីណាន់គឺជាភាសាមួយក្នុងចំណោមកម្មវិធីសិក្សានោះ។ ប៉ុន្តែមានបញ្ហាមួយ។ នាយកសាលាមួយបានសារភាពថា មិនសូវមានសៀវភៅសម្រាប់សិក្សាជាភាសាប៉ាហ្គាស៊ីណាន់ទេ។ ហេតុនេះ ពេលដែលសាក្សីព្រះយេហូវ៉ាចេញសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ជាភាសាប៉ាហ្គាស៊ីណាន់នៅមហាសន្និបាតប្រចាំតំបន់ក្នុងខែតុលា ឆ្នាំ២០១២នោះ គឺចំពេលតែម្ដង។
មានសៀវភៅប្រហែល១០.០០០ក្បាលបានត្រូវចែកចាយក្នុងមហាសន្និបាតនោះ។ ក្មេងៗនិងឪពុកម្ដាយរបស់ពួកគេសប្បាយចិត្តណាស់ដែលបានទទួលសៀវភៅនេះជាភាសាកំណើតរបស់ពួកគេ។ ប្ដីប្រពន្ធមួយគូបាននិយាយថា៖«កូនៗរបស់យើងស្រឡាញ់សៀវភៅនេះណាស់ ពីព្រោះពួកគេអាចយល់មួយរយភាគរយ»។
ក្រោយពីមហាសន្និបាតនោះភ្លាម សាក្សីព្រះយេហូវ៉ាខ្លះបានយកសៀវភៅរឿងព្រះគម្ពីរ ទៅសាលាមួយដែលនៅទីក្រុងដាហ្គូប៉ាន។ គ្រូបង្រៀននៅទីនោះដែលកំពុងជួបបញ្ហាស្វែងរកសៀវភៅបង្រៀនជាភាសាប៉ាហ្គាស៊ីណាន់ បានសប្បាយចិត្តទទួលសៀវភៅនេះ។ សៀវភៅច្រើនជាង៣៤០ក្បាលបានត្រូវចែកចាយ។ គ្រូបង្រៀនចាប់ផ្ដើមប្រើសៀវភៅនេះភ្លាមៗដើម្បីបង្រៀនក្មេងៗឲ្យចេះអានជាភាសាកំណើតរបស់ខ្លួន។
សាក្សីព្រះយេហូវ៉ាសប្បាយចិត្តណាស់ដែលសៀវភៅនេះមានតួនាទីដ៏សំខាន់ក្នុងការផ្ដល់ចំណេះដឹងដល់កូនក្មេង។ អ្នកបកប្រែម្នាក់ដែលបានជួយបកប្រែសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ បាននិយាយថា៖«ជាយូរមកហើយ យើងឲ្យតម្លៃទៅលើការបកប្រែសៀវភៅជាភាសាកំណើត ព្រោះការធ្វើដូច្នេះអាចមានឥទ្ធិពលទៅលើចិត្តរបស់មនុស្ស។ ហេតុនេះហើយ សាក្សីព្រះយេហូវ៉ាខំព្យាយាមយ៉ាងខ្លាំងដើម្បីបកប្រែគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរជារាប់រយភាសា»។