លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជាអ្នកបំបែកបំបាក់ក្រុមគ្រួសារឬជាអ្នកពង្រឹងក្រុមគ្រួសារ?

តើសាក្សីព្រះយេហូវ៉ាជាអ្នកបំបែកបំបាក់ក្រុមគ្រួសារឬជាអ្នកពង្រឹងក្រុមគ្រួសារ?

 ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល មិន​គ្រាន់​តែ​ក្រុម​គ្រួសារ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ព្យាយាម​ជួយ​ក្រុម​គ្រួសារ​ឯ​ទៀត​ដែរ។ យើង​គោរព​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ។ (​លោកុប្បត្តិ ២:២១​-​២៤; អេភេសូរ ៣:១៤, ១៥​) តាម​រយៈ​គម្ពីរ លោ​ក​ផ្ដល់​នូវ​គោល​ការណ៍​ផ្សេង​ៗ​ដែល​ជួយ​ក្រុម​គ្រួសារ​ទូទាំង​ពិភព​លោ​ក​ឲ្យ​មាន​សុភមង្គល​និង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។

របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា

 យើង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​កា​រ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ប្ដី ប្រពន្ធ និង​ឪពុក​ម្ដាយ​ដ៏​ល្អ​ប្រសើរ។ (​សុភាសិត ៣១:១០​-​៣១; អេភេសូរ ៥:២២–៦:៤; ធីម៉ូថេ​ទី​១ ៥:៨​) ប្រាជ្ញា​ពី​គម្ពីរ​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល​បាន ទោះ​ជា​ពួក​គេ​មាន​សាសនា​ខុស​គ្នា​ក្ដី។ (​ពេត្រុស​ទី​១ ៣:១, ២​) សូម​ពិចារណា​ពាក្យ​ខ្លះ​ៗ​ពី​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ដែល​មាន​គូ​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​៖

  •   «​ក្នុង​៦​ឆ្នាំ​ដំបូង​ដែល​យើង​បាន​រៀប​ការ​ជា​មួយ​គ្នា យើង​តែង​តែ​ឈ្លោះ​ប្រកែក និង​ខក​ចិត្ត​ចំពោះ​គ្នា។ ប៉ុន្តែ ក្រោយ​ពេល​ដែល​អ៊ី​វេត​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ នោះ​ធ្វើ​ឲ្យ​នាង​មាន​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​អត់​ធ្មត់​ជាង។ កា​រ​ផ្លាស់​ប្ដូរ​របស់​នាង​បាន​ជួយ​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​មាន​សុភមង្គល​»។—ក្លូវអឺ ពី​ប្រទេស​ប្រេស៊ីល

  •   «​ខ្ញុំ​បាន​ជំទាស់​ពេល​ដែល​ប្ដី​របស់​ខ្ញុំ​ឆេនសា​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ដោយ​សារ​ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​យើង​បែក​បាក់​គ្នា។ ប៉ុន្តែ ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ថា គម្ពីរ​ពិត​ជា​បាន​ជួយ​ក្រុម​គ្រួសារ​របស់​យើង​មែន​»។—អេកនេស ពី​ប្រទេស​សំប៊ី

 នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​បង្ហាញ​អ្នក​ឯ​ទៀត​ឲ្យ​ឃើញ​របៀប​ដែល​កា​រ​ធ្វើ​តាម​ប្រាជ្ញា​ពី​គម្ពីរ​អាច​ជួយ​ពួក​គេ​ឲ្យ

តើ​ការ​ផ្លាស់​ប្ដូរ​សាសនា​អាច​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ទេ?

 មែន​ហើយ ពេល​ខ្លះ​នេះ​អាច​កើត​ឡើង​មែន។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៩៨ មាន​សេចក្ដី​រាយ​ការណ៍​មួយ​របស់​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​សូ​ហ្វ្រេស​បាន​រក​ឃើញ​ថា មួយ​គូ​ក្នុង​ចំណោម​២០​គូ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ពេល​គូ​របស់​ខ្លួន​បាន​ក្លាយ​ទៅ​ជា​សាក្សី។

 លោ​ក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា អ្នក​ដែល​ធ្វើ​តាម​ការ​បង្រៀន​របស់​លោក ជួន​កាល​នឹង​ត្រូវ​រង​កា​រ​បៀត​បៀន​ពី​ក្រុម​គ្រួសារ។ (​ម៉ាថាយ ១០:៣២​-​៣៦​) អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​ល្បី​ម្នាក់​ឈ្មោះ​វិល ដូរេន បាន​សរសេរ​ថា ក្រោម​អំណាច​របស់​ចក្រភព​រ៉ូម​«​គ្រិស្ត​សាសនា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជា​អ្នក​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា​»​ ហើយ​សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​បាន​រង​កា​រ​ចោទ​ប្រកាន់​បែប​នោះ​ដែរ។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​កា​រ​ទាស់​ទែង​គ្នា​ក្នុង​ក្រុម​គ្រួសារ​ឬ?

តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប

 នៅ​ពេល​ដែល​មនុស្ស​ចោទ​ប្រកាន់​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​និយាយ​ថា ពួក​គេ​គឺ​ជា​អ្នក​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា នោះ​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​នោះ​គឺ​«​ដោយ​សារ​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា បាន​ជំទាស់​មិន​ព្រម​ទទួល​ស្គាល់ និង​គោរព​តាម​សេរី​ភាព​របស់​សាច់​ញាតិ​ពួក​គេ​ក្នុង​កា​រ​ជ្រើស​រើស​សាសនា​»។ តុលាការ​នោះ​បាន​បន្ថែម​ថា​៖​«​ស្ថានភាព​នេះ​មិន​គ្រាន់​តែ​មាន​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មាន​គូ​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ក៏​កើត​ឡើង​ចំពោះ​គូ​អាពាហ៍ពិពាហ៍​ទាំង​អស់​ដែល​មាន​សាសនា​ខុស​គ្នា​ដែរ​»។ ប៉ុន្តែ ទោះ​ជា​ជួប​ប្រទះ​នឹង​កា​រ​ប្រឆាំង​ក្ដី សាក្សី​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ចែង​ថា​៖​«​កុំ​តប​ស្នង​កា​រ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ . . . ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​»។—រ៉ូម ១២:១៧, ១៨

មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​ពួក​គេ​គួរ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​ដូច​គ្នា​ប៉ុណ្ណោះ

 សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​«​អ្នក​កាន់​តាម​លោ​ក​ម្ចាស់​»​ប៉ុណ្ណោះ។ (​កូរិនថូស​ទី​១ ៧:៣៩​) នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ណា​ដែល​មាន​ជំនឿ​ដូច​ពួក​គេ។ សេចក្ដី​បង្គាប់​នេះ​គឺ​មក​ពី​គម្ពីរ​ហើយ​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ ក្នុង​អត្ថបទ​មួយ​នៅ​ឆ្នាំ​២០១០​អំ​ពី​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​និយាយ​ថា​៖​«​គូ​ដែល​មាន​សាសនា និង​ជំនឿ​ដូច​គ្នា​»​មាន​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​ជាង (Journal of Marriage and Family)។

 ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​មិន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​ចាក​ចេញ​ពី​គូ​របស់​ខ្លួន​ទេ។ គម្ពីរ​ចែង​ថា​៖​«​ប្រសិន​បើ​បង​ប្រុស​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ ហើយ​នាង​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​គាត់ បង​ប្រុស​នោះ​មិន​ត្រូវ​ចុះ​ចោល​នាង​ឡើយ ហើយ​ស្ត្រី​ណា​មាន​ប្ដី ដែល​មិន​មែន​ជា​អ្នក​ជឿ តែ​គាត់​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​នាង នោះ​នាង​មិន​ត្រូវ​ចុះ​ចោល​ប្ដី​ឡើយ​»។ (​កូរិនថូស​ទី​១ ៧:១២, ១៣​) សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​បង្គាប់​នេះ។