តើបុរសដែលទទួលខុសត្រូវក្នុងក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ខែឬទេ?
តាមគំរូរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ សាក្សីព្រះយេហូវ៉ាគ្មានការបែងចែកគ្រូគង្វាលនិងអ្នកកាន់តាមទេ។ សាក្សីទាំងអស់ដែលបានទទួលការជ្រមុជទឹករួចហើយគឺជាអ្នកបម្រើព្រះ ហើយពួកគេចូលរួមក្នុងការផ្សព្វផ្សាយនិងការបង្រៀន។ សាក្សីព្រះយេហូវ៉ាបានត្រូវរៀបចំឡើងជាក្រុមជំនុំ ហើយក្នុងក្រុមជំនុំនីមួយៗមានគ្នាប្រហែល១០០នាក់។ ក្នុងក្រុមជំនុំនីមួយៗ មានបុរសដែលមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ បម្រើជា«អ្នកចាស់ទុំ»។ (ទីតុស ១:៥) ពួកគាត់បម្រើដោយស្ម័គ្រចិត្ត មិនទទួលប្រាក់ខែឡើយ។