តើសាក្សីព្រះយេហូវ៉ាជឿទៅលើអ្វី?
ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងខំព្យាយាមកាន់តាមគ្រិស្តសាសនាដែលមានមូលដ្ឋានលើការបង្រៀនរបស់លោកយេស៊ូ និងដែលមានមូលដ្ឋានលើគំរូរបស់ពួកសាវ័ករបស់លោក។ អត្ថបទនេះនឹងសង្ខេបពីមូលដ្ឋាននៃជំនឿរបស់យើង។
១. ព្រះ។ យើងគោរពប្រណិប័តន៍ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ជាព្រះពិតតែមួយ និងជាអ្នកបង្កើត ពោលគឺព្រះយេហូវ៉ា។ (ទំនុកតម្កើង ៨៣:១៨; ការបើកបង្ហាញ ៤:១១) លោកគឺជាព្រះរបស់អាប្រាហាំ ម៉ូសេ និងលោកយេស៊ូ។—និក្ខមនំ ៣:៦; ៣២:១១; យ៉ូហាន ២០:១៧
២. គម្ពីរ។ យើងទទួលស្គាល់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះដែលលោកបានដឹកនាំឲ្យសរសេរដល់មនុស្ស។ (យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦) ជំនឿរបស់យើងមានមូលដ្ឋានលើសៀវភៅទាំង៦៦ដែលមាននៅក្នុងគម្ពីរ រួមបញ្ចូលទាំង«សញ្ញាចាស់»ទាំង«សញ្ញាថ្មី»។ សាស្ដ្រាចារ្យចេសិន ប៊ីឌូនបានរៀបរាប់យ៉ាងសមហេតុផលអំពីសាក្សីព្រះយេហូវ៉ាថា៖«ជំនឿនិងការប្រព្រឹត្តរបស់ពួកគេមានមូលដ្ឋានលើអ្វីដែលគម្ពីរបង្រៀន ហើយពួកគេមិនចេះតែសន្និដ្ឋានផ្ដេសផ្ដាសអំពីអ្វីដែលបានត្រូវបង្រៀនក្នុងគម្ពីរឡើយ»។ a
យើងទទួលស្គាល់ថាគម្ពីរទាំងមូលជាសេចក្ដីពិត។ ប៉ុន្តែ ដោយសារយើងដឹងថាផ្នែកមួយចំនួននៃគម្ពីរបានត្រូវសរសេរក្នុងន័យធៀបឬជានិមិត្តរូប នោះយើងមិនអាចយល់ក្នុងន័យត្រង់បានទេ។—ការបើកបង្ហាញ ១:១
៣. លោកយេស៊ូ។ យើងធ្វើតាមសេចក្ដីបង្រៀននិងគំរូរបស់លោកយេស៊ូគ្រិស្ត ហើយលើកតម្កើងលោកដែលជាអ្នកសង្គ្រោះយើង និងជាបុត្ររបស់ព្រះ។ (ម៉ាថាយ ២០:២៨; សកម្មភាព ៥:៣១) ដូច្នេះ យើងជាគ្រិស្តសាសនិក។ (សកម្មភាព ១១:២៦) ប៉ុន្តែ យើងបានរៀនពីគម្ពីរថាលោកយេស៊ូមិនមែនជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ ហើយយើងក៏រៀនដែរថាសេចក្ដីបង្រៀនអំពីព្រះបីអង្គរួមជាព្រះតែមួយ គឺគ្មានមូលដ្ឋានលើបទគម្ពីរឡើយ។—យ៉ូហាន ១៤:២៨
៤. រាជាណាចក្ររបស់ព្រះ។ នេះគឺជារដ្ឋាភិបាលពិតនៅស្ថានសួគ៌ មិនមែនជាអារម្មណ៍ដែលមាននៅក្នុងចិត្តរបស់គ្រិស្តសាសនិកទេ។ រដ្ឋាភិបាលនេះនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលរបស់មនុស្ស ហើយគោលបំណងរបស់ព្រះនឹងបានសម្រេចនៅផែនដី។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០) ការគ្រប់គ្រងនេះនឹងកើតឡើងឆាប់ៗខាងមុខ ដោយសារទំនាយក្នុងគម្ពីរបានបញ្ជាក់ថាយើងកំពុងរស់នៅក្នុង«គ្រាចុងក្រោយបង្អស់»។—ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:៣-១៤
លោកយេស៊ូគឺជាស្តេចនៃរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ លោកបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។—ការបើកបង្ហាញ ១១:១៥
៥. សេចក្ដីសង្គ្រោះ។ មនុស្សអាចត្រូវរំដោះពីភាពខុសឆ្គងនិងរួចផុតពីសេចក្ដីស្លាប់ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូ។ (ម៉ាថាយ ២០:២៨; សកម្មភាព ៤:១២) ដើម្បីទទួលប្រយោជន៍ពីគ្រឿងបូជានោះ មនុស្សមិនគ្រាន់តែត្រូវបង្ហាញជំនឿទៅលើលោកយេស៊ូប៉ុណ្ណោះទេ តែពួកគេក៏ត្រូវកែប្រែរបៀបរស់នៅរបស់ពួកគេ ហើយទទួលការជ្រមុជទឹកដែរ។ (ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ៣:១៦; សកម្មភាព ៣:១៩, ២០) ការប្រព្រឹត្តរបស់បុគ្គលម្នាក់បង្ហាញពីជំនឿរបស់គាត់។ (យ៉ាកុប ២:២៤, ២៦) ទោះជាដូច្នោះក៏ដោយ មនុស្សមិនអាចទិញសេចក្ដីសង្គ្រោះបានទេ។ ប៉ុន្តែ ពួកគេអាចទទួលបាន ដោយសារតែ«គុណដ៏វិសេសលើសលប់របស់ព្រះ»ប៉ុណ្ណោះ។—កាឡាទី ២:១៦, ២១
៦. ស្ថានសួគ៌។ ព្រះយេហូវ៉ា លោកយេស៊ូគ្រិស្ត និងពួកទេវតាស្មោះត្រង់ រស់នៅស្ថានសួគ៌ដែលជាពិភពរបស់បុគ្គលវិញ្ញាណ។ b (ទំនុកតម្កើង ១០៣:១៩-២១; សកម្មភាព ៧:៥៥) គ្រិស្តសាសនិកមួយក្រុមតូចដែលមានចំនួន១៤៤.០០០នាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ ពួកគាត់នឹងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះជាមួយនឹងលោកយេស៊ូ។—ដានីយ៉ែល ៧:២៧; ធីម៉ូថេទី២ ២:១២; ការបើកបង្ហាញ ៥:៩, ១០; ១៤:១, ៣
៧. ផែនដី។ ព្រះបានបង្កើតផែនដីដើម្បីឲ្យមនុស្សជាតិរស់នៅជារៀងដរាប។ (ទំនុកតម្កើង ១០៤:៥; ១១៥:១៦; សាស្ដា ១:៤) ព្រះនឹងផ្ដល់ពរដល់អស់អ្នកដែលស្ដាប់បង្គាប់លោក ដោយឲ្យពួកគេមានសុខភាពដ៏ល្អឥតខ្ចោះ និងមានជីវិតជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន។—ទំនុកតម្កើង ៣៧:១១, ៣៤
៨. អំពើអាក្រក់និងទុក្ខវេទនា។ នេះបានចាប់ផ្ដើមតាំងពីពេលដែលទេវតារបស់ព្រះមួយរូបបានបះបោរប្រឆាំងព្រះ។ (យ៉ូហាន ៨:៤៤) ក្រោយពីបានបះបោរប្រឆាំងព្រះ ទេវតានេះដែលបានត្រូវហៅថា«សាថាន»ឬ«មេកំណាច»បានបញ្ចុះបញ្ចូលបុរសនិងស្ត្រីដំបូងឲ្យចូលរួមក្នុងការបះបោរនោះ ហើយជាលទ្ធផលនាំឲ្យមានអំពើអាក្រក់និងទុក្ខវេទនាដល់កូនចៅជំនាន់ក្រោយៗរបស់ពួកគេ។ (លោកុប្បត្តិ ៣:១-៦; រ៉ូម ៥:១២) ដើម្បីដោះស្រាយការចោទប្រកាន់ដែលមកពីសាថាន ព្រះបានអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា។ ប៉ុន្តែ លោកនឹងមិនអនុញ្ញាតឲ្យមានរហូតឡើយ។
៩. សេចក្ដីស្លាប់។ មនុស្សស្លាប់គឺមិនដឹងអ្វីឡើយ ហើយក៏សូន្យបាត់ទៅ។ (ទំនុកតម្កើង ១៤៦:៤; សាស្ដា ៩:៥, ១០) ពួកគេមិនបានទទួលទារុណកម្មនៅក្នុងភ្លើងនរកដូចសាសនាផ្សេងៗបង្រៀននោះទេ។
ព្រះនឹងប្រោសមនុស្សស្លាប់រាប់លាននាក់ឲ្យរស់ឡើងវិញ។ (សកម្មភាព ២៤:១៥) ប៉ុន្តែ ក្រោយពីបានត្រូវប្រោសឲ្យរស់ឡើងវិញ អស់អ្នកដែលបានបដិសេធរៀនអំពីផ្លូវរបស់ព្រះ ពួកគេនឹងត្រូវបំផ្លាញជារៀងរហូត ដោយគ្មានសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញម្ដងទៀតឡើយ។—ការបើកបង្ហាញ ២០:១៤, ១៥
១០. ក្រុមគ្រួសារ។ យើងកាន់ខ្ជាប់តាមខ្នាតតម្រាដើមរបស់ព្រះស្តីអំពីអាពាហ៍ពិពាហ៍ដែលជាការផ្សំផ្គុំរវាងបុរសម្នាក់និងស្ត្រីម្នាក់ ហើយមានតែមូលហេតុមួយប៉ុណ្ណោះដែលគូអាពាហ៍ពិពាហ៍អាចលែងលះគ្នាបាន គឺការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (ម៉ាថាយ ១៩:៤-៩) យើងជឿជាក់ថាប្រាជ្ញាដែលមាននៅក្នុងគម្ពីរជួយក្រុមគ្រួសារឲ្យទទួលជោគជ័យ។—អេភេសូរ ៥:២២–៦:១
១១. ការគោរពប្រណិប័តន៍របស់យើង។ យើងមិនគោរពឈើឆ្កាង ឬរូបព្រះផ្សេងៗឡើយ។ (ចោទិយកថា ៤:១៥-១៩; យ៉ូហានទី១ ៥:២១) ផ្នែកសំខាន់ៗនៃការគោរពប្រណិប័តន៍របស់យើងរួមបញ្ចូលដូចតទៅនេះ៖
ការអាននិងសិក្សាគម្ពីរ។—ទំនុកតម្កើង ១:១-៣
ការរំពឹងគិតអំពីអ្វីដែលយើងបានរៀនពីគម្ពីរ។—ទំនុកតម្កើង ៧៧:១២
ការជួបជុំគ្នាដោយអធិដ្ឋាន សិក្សាគម្ពីរ ច្រៀងចម្រៀង ប្រាប់ពីជំនឿរបស់យើងដោយលើកដៃឆ្លើយ ហើយលើកទឹកចិត្តបងប្អូនរួមជំនឿនិងអ្នកឯទៀត។—កូឡុស ៣:១៦; ហេប្រឺ ១០:២៣-២៥
ការផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›។—ម៉ាថាយ ២៤:១៤
ការសាងសង់ និងការថែរក្សាសាលប្រជុំ និងអគារផ្សេងៗដែលបានត្រូវប្រើដើម្បីបង្កើនកិច្ចការអប់រំអំពីគម្ពីរនៅទូទាំងពិភពលោក។—ទំនុកតម្កើង ១២៧:១
ការជួយអ្នកដែលរងគ្រោះដោយមហន្តរាយធម្មជាតិ។—សកម្មភាព ១១:២៧-៣០
១២. អង្គការរបស់យើង។ អង្គការរបស់យើងបានត្រូវរៀបចំជាក្រុមជំនុំផ្សេងៗ ហើយក្រុមជំនុំនីមួយៗមានអ្នកចាស់ទុំជាអ្នកមើលការខុសត្រូវ។ ប៉ុន្តែ អ្នកចាស់ទុំមិនមែនជាបព្វជិតទេ ហើយពួកគេក៏មិនទទួលប្រាក់ខែដែរ។ (ម៉ាថាយ ១០:៨; ២៣:៨) យើងមិនអនុវត្តន៍គោលការណ៍ មួយភាគក្នុង១០ទេ ហើយក៏គ្មានការរៃអង្គាសប្រាក់នៅឯកិច្ចប្រជុំរបស់យើងដែរ។ (កូរិនថូសទី២ ៩:៧) រាល់សកម្មភាពរបស់យើងបានត្រូវឧបត្ថម្ភដោយវិភាគទានស្ម័គ្រចិត្ត។
គណៈអភិបាលគឺជាគ្រិស្តសាសនិកក្រុមតូចដែលមានភាពចាស់ទុំ។ ពួកគាត់បម្រើនៅមន្ទីរចាត់ការពិភពលោករបស់អង្គការយើង ហើយផ្ដល់ការណែនាំដល់សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក។—ម៉ាថាយ ២៤:៤៥
១៣. សាមគ្គីភាពរបស់យើង។ នៅទូទាំងពិភពលោក យើងមានជំនឿដូចគ្នា។ (កូរិនថូសទី១ ១:១០) យើងក៏ខំប្រឹងយ៉ាងខ្លាំងដែរដើម្បីមិនឲ្យមានការប្រកាន់ពូជសាសន៍ ការបែងចែកឋានៈ អ្នកមានឬអ្នកក្រឡើយ។ (សកម្មភាព ១០:៣៤, ៣៥; យ៉ាកុប ២:៤) ទោះបីជាដូច្នេះក៏ដោយ សាមគ្គីភាពនៃជំនឿរបស់យើងមិនបានបិទបាំងសិទ្ធិសេរីភាពចំពោះជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗទេ។ សាក្សីព្រះយេហូវ៉ាម្នាក់ៗធ្វើការសម្រេចចិត្តស្របទៅតាមសមត្ថភាពវិនិច្ឆ័យរបស់ខ្លួនដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ។—រ៉ូម ១៤:១-៤; ហេប្រឺ ៥:១៤
១៤. ការប្រព្រឹត្តរបស់យើង។ យើងព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន នៅគ្រប់ការប្រព្រឹត្តទាំងអស់របស់យើង។ (យ៉ូហាន ១៣:៣៤, ៣៥) យើងជៀសវាងការប្រព្រឹត្តណាដែលធ្វើឲ្យព្រះមិនពេញចិត្ត នោះរួមបញ្ចូលការព្យាបាលដែលមិនត្រឹមត្រូវដោយប្រើឈាម និងតាមរយៈការចាក់បញ្ចូលឈាមជាដើម។ (សកម្មភាព ១៥:២៨, ២៩; កាឡាទី ៥:១៩-២១) យើងមានសន្ដិភាព ហើយយើងក៏មិនចូលរួមក្នុងការធ្វើសង្គ្រាមដែរ។ (ម៉ាថាយ ៥:៩; អេសាយ ២:៤) យើងគោពរដ្ឋាភិបាល និងច្បាប់របស់ប្រទេសដែលយើងរស់នៅ បើច្បាប់ទាំងនោះមិនធ្វើឲ្យយើងប្រព្រឹត្តខុសច្បាប់របស់ព្រះ។—ម៉ាថាយ ២២:២១; សកម្មភាព ៥:២៩
១៥. ទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀត។ លោកយេស៊ូបានបង្គាប់ថា៖«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ លោកក៏មានប្រសាសន៍ផងដែរថាគ្រិស្តសាសនិក«មិនរួមចំណែកក្នុងពិភពលោក»ទេ។ (ម៉ាថាយ ២២:៣៩; យ៉ូហាន ១៧:១៦)។ ដូច្នេះ យើងព្យាយាម«ធ្វើល្អដល់មនុស្សទាំងអស់» ហើយយើងរក្សាជំហរអព្យាក្រឹតក្នុងរឿងនយោបាយ និងមិនចូលរួមជាមួយនឹងសាសនាឯទៀតឡើយ។ (កាឡាទី ៦:១០; កូរិនថូសទី២ ៦:១៤) ប៉ុន្តែ យើងគោរពជម្រើសរបស់អ្នកឯទៀតចំពោះរឿងនេះ។—រ៉ូម ១៤:១២
ប្រសិនបើលោកអ្នកមានសំណួរថែមទៀតអំពីជំនឿរបស់សាក្សីព្រះយេហូវ៉ា លោកអ្នកអាចអានថែមទៀតអំពីយើងនៅក្នុងគេហទំព័ររបស់យើង ឬ, ទាក់ទងទៅការិយាល័យណាមួយរបស់យើង ឬចូលរួមកិច្ចប្រជុំនៅក្រុមជំនុំដែលជិតតំបន់លោកអ្នករស់នៅ ឬជួបជាមួយនឹងសាក្សីព្រះយេហូវ៉ាណាម្នាក់ដែលនៅតំបន់របស់លោកអ្នក។
a សូមមើល សេចក្ដីពិតនៅក្នុងការបកប្រែ ទំព័រ១៦៥។
b ពួកវិញ្ញាណកំណាចបានត្រូវបណ្ដេញចេញពីស្ថានសួគ៌។ ប៉ុន្តែ ពួកវានៅតែបន្តរស់នៅជាបុគ្គលវិញ្ញាណនៅក្នុងភពមួយផ្សេងទៀត។—ការបើកបង្ហាញ ១២:៧-៩