តើសាក្សីព្រះយេហូវ៉ាឈប់រាប់អានមនុស្សដែលលែងកាន់សាសនារបស់ពួកគេទេ?
យើងមិនឈប់រាប់អានអ្នកដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា តែឈប់ផ្សព្វផ្សាយដល់អ្នកឯទៀត ហើយប្រហែលជាបន្ដិចម្ដងៗឈប់ចូលរួមជាមួយអ្នករួមជំនឿឡើយ។ តាមពិតយើងខំជួយពួកគេឲ្យមានចំណាប់អារម្មណ៍ឡើងវិញចំពោះការគោរពប្រណិប័តន៍ព្រះ។
យើងមិនបណ្ដាច់មិត្តភាពជាស្វ័យប្រវត្ដិជាមួយអ្នកដែលធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរឡើយ។ ក៏ប៉ុន្តែ បើអ្នកដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាបំពានច្បាប់របស់ព្រះជាទម្លាប់ ហើយមិនប្រែចិត្ត បុគ្គលនោះនឹងត្រូវបណ្ដាច់មិត្តភាព លែងជាសាក្សីព្រះយេហូវ៉ាទៀត។ គម្ពីរបញ្ជាក់ច្បាស់ថា៖«ចូរដកមនុស្សទុច្ចរិតចេញពីចំណោមអ្នករាល់គ្នា»។—កូរិនថូសទី១ ៥:១៣
ចុះបើបុរសម្នាក់ត្រូវបណ្ដាច់មិត្តភាពតែប្រពន្ធនិងកូនរបស់គាត់ជាសាក្សីព្រះយេហូវ៉ានៅឡើយ? ទំនាក់ទំនងសាសនាជាមួយក្រុមគ្រួសារគឺមិនដូចពីមុនទេ តែទំនាក់ទំនងជាក្រុមគ្រួសារនៅមាននៅឡើយ។ ចំណងអាពាហ៍ពិពាហ៍ សេចក្ដីស្រឡាញ់ និងសកម្មភាពឯទៀតជាក្រុមគ្រួសារនៅតែបន្ត។
អ្នកដែលបានត្រូវបណ្ដាច់មិត្តភាពអាចចូលរួមកិច្ចប្រជុំរបស់យើងបាន។ បើពួកគេចង់ នោះពួកអ្នកចាស់ទុំក្នុងក្រុមជំនុំអាចឲ្យឱវាទពីគម្ពីរដល់ពួកគេ។ គោលដៅគឺដើម្បីជួយពួកគេឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យទៅជាសាក្សីព្រះយេហូវ៉ាម្ដងទៀត។ យើងតែងតែទទួលស្វាគមន៍មកវិញនូវអ្នកដែលបានត្រូវបណ្ដាច់មិត្តភាព តែឈប់ប្រព្រឹត្តអំពើខុសឆ្គង ហើយបង្ហាញថាពិតជាចង់រស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ។