តើនៅទូទាំងពិភពលោកមានសាក្សីព្រះយេហូវ៉ាប៉ុន្មាននាក់?
តើអ្នករាប់ចំនួនសាក្សីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
អ្នកដែលយើងរាប់ជាសាក្សីព្រះយេហូវ៉ា គឺជាអ្នកដែលរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះក្នុងខែនីមួយៗ។ (ម៉ាថាយ ២៤:១៤) នេះរួមបញ្ចូលអស់អ្នកដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់ ព្រមទាំងអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមកិច្ចការផ្សព្វផ្សាយ ទោះជាពួកគេមិនទាន់ទទួលការជ្រមុជទឹកក៏ដោយ។
តើបុគ្គលម្នាក់ត្រូវតែចូលវិភាគទានដើម្បីអាចរាប់ជាសាក្សីព្រះយេហូវ៉ាឬទេ?
មិនមែនទេ។ ការធ្វើវិភាគទានមិនជាប់ទាក់ទងនឹងការរាប់អ្នកណាម្នាក់ថាជាសាក្សីព្រះយេហូវ៉ា ហើយក៏មិនជួយបុគ្គលនោះឲ្យមានភារកិច្ច ឬឯកសិទ្ធិណាមួយក្នុងអង្គការរបស់យើងដែរ។ (សកម្មភាព ៨:១៨-២០) តាមពិត វិភាគទានភាគច្រើនត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត។ សាក្សីព្រះយេហូវ៉ាម្នាក់ៗចំណាយពេលវេលា កម្លាំង និងធនធានរបស់ខ្លួនដោយស្ម័គ្រចិត្តសម្រាប់កិច្ចការទូទាំងពិភពលោក ស្របតាមកាលៈទេសៈនិងការសម្រេចចិត្តរបស់ពួកគេ។—កូរិនថូសទី២ ៩:៧
តើតាមរបៀបណាអ្នកអាចដឹងពីចំនួនសាក្សីព្រះយេហូវ៉ាដែលរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយ?
នៅខែនីមួយៗ សាក្សីព្រះយេហូវ៉ារាយការណ៍អំពីសកម្មភាពកិច្ចការផ្សព្វផ្សាយរបស់ពួកគេដល់ក្រុមជំនុំរៀងៗខ្លួន។ សេចក្ដីរាយការណ៍នេះបានត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។
ក្រុមជំនុំនីមួយៗសរុបសេចក្ដីរាយការណ៍ទាំងនោះ រួចផ្ញើទៅកាន់ការិយាល័យសាខាក្នុងតំបន់។ ក្រោយមក ការិយាល័យសាខាផ្ញើសេចក្ដីរាយការណ៍សរុបក្នុងតំបន់ឬក្នុងប្រទេសនីមួយៗ ទៅកាន់មន្ទីរចាត់ការពិភពលោក។
នៅដំណាច់ឆ្នាំកិច្ចបម្រើនីមួយៗ a យើងអាចដឹងចំនួនសាក្សីព្រះយេហូវ៉ាថាកើនឡើងដល់កម្រិតណានៅប្រទេសនីមួយៗក្នុងអំឡុងឆ្នាំនោះ។ តួលេខទាំងនេះបានត្រូវបូកបញ្ចូលគ្នា ដើម្បីដឹងចំនួនសាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក។ សេចក្ដីរាយការណ៍លម្អិតរបស់ប្រទេសនីមួយៗ មាននៅអត្ថបទចំណងជើងថា«ទូទាំងពិភពលោក» នៅគេហទំព័ររបស់យើង។ សេចក្ដីរាយការណ៍ទាំងនេះលើកទឹកចិត្តយើង ស្រដៀងគ្នានឹងសេចក្ដីរាយការណ៍ដែលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសម័យដើមដែរ។—សកម្មភាព ២:៤១; ៤:៤; ១៥:៣
តើអ្នករាប់បញ្ចូលពួកអ្នកដែលមិនទាន់ផ្សព្វផ្សាយចូលក្នុងអង្គការអ្នកឬទេ?
យើងមិនរាប់បញ្ចូលពួកគេទេ។ ប៉ុន្តែយើងស្វាគមន៍ពួកគេចូលរួមកិច្ចប្រជុំរបស់យើង។ ពួកគេភាគច្រើនចូលរួមពិធីរំលឹកមរណៈភាពរបស់គ្រិស្តដែលធ្វើឡើងមួយឆ្នាំម្ដង ដូច្នេះយើងអាចដឹងចំនួនរបស់ពួកគេ ដោយយកចំនួនអ្នកដែលចូលរួមទាំងអស់ក្នុងពិធីនេះដកចំនួនសាក្សីព្រះយេហូវ៉ា។ ក្នុង២០២៣ អ្នកដែលបានចូលរួមពិធីរំលឹកមាន២០.៤៦១.៧៦៧។
មនុស្សជាច្រើនដែលមិនបានចូលរួមកិច្ចប្រជុំរបស់យើង ក៏ទទួលប្រយោជន៍ពីវគ្គសិក្សាគម្ពីរតាមផ្ទះដោយឥតគិតថ្លៃដែរ។ ក្នុងអំឡុង២០២៣ ក្នុងខែនីមួយៗយើងបង្រៀនគម្ពីរដល់មនុស្សជាមធ្យម៧.២៨១.២១២។ ពេលខ្លះយើងបង្រៀនគម្ពីរដល់មនុស្ស ច្រើនជាងម្នាក់នាក់ក្នុងពេលតែមួយ។
ហេតុអ្វីជំរឿនសាក្សីព្រះយេហូវ៉ាដែលរដ្ឋាភិបាលរាប់ ខ្ពស់ជាងតួលេខដែលអ្នករាប់?
ជារឿយៗ ការិយាល័យរដ្ឋាភិបាលដែលទទួលខុសត្រូវខាងជំរឿនប្រជាជន ប្រើសំណួរដើម្បីសួរពួកគេថាតើពួកគេកាន់សាសនាមួយណា។ ជាឧទាហរណ៍ ការិយាល័យរដ្ឋាភិបាលនៅសហរដ្ឋអាម៉េរិកបានបញ្ជាក់ថាពួកគេស្ទង់មតិ«ដើម្បីដឹងថាមនុស្សចាត់ទុកខ្លួនគេជាអ្នកកាន់តាមសាសនាឬយ៉ាងណា»។ បន្ថែមទៅទៀត លទ្ធផលនៃតួលេខនោះក៏បង្ហាញដែរថា«ចម្លើយទាំងនោះគ្រាន់តែជាការគិតរបស់ពួកគេ មិនតែងតែជាការពិតទេ»។ ផ្ទុយទៅវិញ យើងរាប់អ្នកណាម្នាក់ថាជាសាក្សីព្រះយេហូវ៉ា លុះត្រាតែគាត់ផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឯទៀត ហើយរាយការណ៍អំពីសកម្មភាពផ្សព្វផ្សាយរបស់គាត់ មិនមែនជាអ្នកដែលគ្រាន់តែចាត់ទុកខ្លួនឯងថាជាសាក្សីព្រះយេហូវ៉ាម្នាក់ប៉ុណ្ណោះទេ។
a កិច្ចបម្រើឆ្នាំនីមួយៗចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំក្រោយ។ ជាឧទាហរណ៍ កិច្ចបម្រើឆ្នាំ២០១៥ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។