លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជាសាសនាចម្លែកមួយឬ?

តើសាក្សីព្រះយេហូវ៉ាជាសាសនាចម្លែកមួយឬ?

 មិន​មែន​ទេ។ សាក្សី​ព្រះ​យេហូវ៉ា​មិន​មែន​ជា​សាសនា​ចម្លែក​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ជា​គ្រិស្ត​សាសនិក​ដែល​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​គ្រិស្ត និង​រស់​នៅ​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​លោក។

តើ​អ្វី​ជា​សាសនា​ចម្លែក?

 ពាក្យ​«​សាសនា​ចម្លែក​»​មាន​ន័យ​ថា​ខុស​ប្លែក​ពី​គេ។ ក៏​ប៉ុន្តែ សូម​ពិចារណា​អំពី​គំនិត​ពីរ​យ៉ាង​ដែល​មនុស្ស​ទូទៅ​មាន​ចំពោះ​សាសនា​ចម្លែក និង​អំពី​មូលហេតុ​ដែល​គំនិត​ទាំង​នោះ​មិន​ទាក់​ទង​នឹង​យើង។

  •   មនុស្ស​ខ្លះ​ចាត់​ទុក​សាសនា​ចម្លែក​ជា​សាសនា​ថ្មី​ឬ​មិន​ធម្មតា។ សាក្សី​ព្រះ​យេហូវ៉ា​មិន​មែន​ជា​សាសនា​ថ្មី​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គោរព​ប្រណិប័តន៍​ព្រះ​តាម​គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ហើយ​គំរូ​របស់​ពួក​គេ​និង​សេចក្ដី​បង្រៀន​ផ្សេង​ៗ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​) យើង​ជឿ​ថា​គម្ពីរ​បរិសុទ្ធ​គួរ​ជា​មូលដ្ឋាន​នៃ​ជំនឿ​របស់​យើង ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍។

  •   មនុស្ស​ខ្លះ​គិត​ថា​សាសនា​ចម្លែក​ជា​សាសនា​គ្រោះ​ថ្នាក់​ដែល​មាន​មនុស្ស​ជា​អ្នក​ដឹក​នាំ។ សាក្សី​ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​មនុស្ស​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ប្រព្រឹត្ត​ស្រប​តាម​ខ្នាត​តម្រា​ដែល​លោក​យេស៊ូ​ទុក​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​៖​«​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត​»។—ម៉ាថាយ ២៣:១០

 ផ្ទុយ​ស្រឡះ​ពី​សាសនា​ចម្លែក សាក្សី​ព្រះ​យេហូវ៉ា​ជា​សាសនា​ដែល​ជួយ​អ្នក​រួម​ជំនឿ​និង​អ្នក​ឯ​ទៀត​ក្នុង​សហគមន៍​ឲ្យ​ទទួល​ប្រយោជន៍។ ជា​ឧទាហរណ៍ កិច្ច​បម្រើ​របស់​យើង​បាន​ជួយ​មនុស្ស​យ៉ាង​ច្រើន​ឲ្យ​យក​ឈ្នះ​ទម្លាប់​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដូច​ជា​គ្រឿង​ញៀន និង​ស្រា​ជា​ដើម។ បន្ថែម​ទៅ​ទៀត យើង​បើក​ថ្នាក់​បង្រៀន​អ្នក​មិន​ចេះ​អក្សរ​នៅ​ទូទាំង​ពិភព​លោក ដោយ​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ចេះ​អាន​និង​សរសេរ។ ម្យ៉ាង​ទៀត យើង​ក៏​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ដែរ។ យើង​ខំ​ព្យាយាម​មាន​គំនិត​វិជ្ជមាន​ចំពោះ​អ្នក​ឯ​ទៀត ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្គាប់​ដល់​អ្នក​កាន់​តាម​លោក។—ម៉ាថាយ ៥:១៣​-​១៦