តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពិធីបុណ្យសព?
ទស្សនៈនិងជំនឿរបស់យើងចំពោះពិធីបុណ្យសពគឺមានមូលដ្ឋានពីសេចក្ដីបង្រៀនក្នុងគម្ពីរ រួមមានចំណុចដូចខាងក្រោម៖
ជាការធម្មតាទេដែលយើងកើតទុក្ខពេលមនុស្សជាទីស្រឡាញ់ស្លាប់។ ពួកអ្នកកាន់តាមលោកយេស៊ូបានកើតទុក្ខពេលដែលមនុស្សជាទីស្រឡាញ់របស់ពួកគេបានស្លាប់។ (យ៉ូហាន ១១:៣៣-៣៥, ៣៨; សកម្មភាព ៨:២; ៩:៣៩) ហេតុនេះ យើងមិនគិតថាពិធីបុណ្យសពគឺជាពេលសម្រាប់អរសប្បាយនោះទេ។ (អ្នកទូន្មាន ៣:១, ៤; ៧:១-៤) ផ្ទុយទៅវិញ យើងយល់ថានោះជាពេលដែលយើងចូលរួមរំលែកទុក្ខអ្នកឯទៀត។—រ៉ូម ១២:១៥
មនុស្សស្លាប់ឥតដឹងអ្វីឡើយ។ មិនថាយើងមានវប្បធម៌ឬមានជាតិសាសន៍ណាក្ដី យើងជៀសវាងពីទំនៀមទម្លាប់ឬការប្រព្រឹត្តណាដែលផ្ទុយពីគម្ពីរ រួមមានការជឿថាមនុស្សស្លាប់នៅមានជីវិត ហើយថាមនុស្សស្លាប់អាចមានឥទ្ធិពលមកលើមនុស្សដែលនៅរស់។ (អ្នកទូន្មាន ៩:៥, ៦, ១០) នេះក៏រួមបញ្ចូលទំនៀមទម្លាប់ផ្សេងទៀតដែរ ដូចជាការកំដរសព ពិធីបុណ្យសពធំដុំ បុណ្យគម្រប់ខួបមនុស្សស្លាប់យ៉ាងគគ្រឹកគគ្រេង ការសែនព្រេនដល់មនុស្សស្លាប់ ការនិយាយឬបន់ស្រន់សុំជំនួយពីមនុស្សស្លាប់ និងទំនៀមទម្លាប់សម្រាប់ស្ត្រីមេម៉ាយកាន់ទុក្ខជាដើម។ យើងជៀសវាងពីទំនៀមទម្លាប់និងការប្រព្រឹត្តទាំងអស់នេះ ដោយធ្វើតាមបង្គាប់ក្នុងគម្ពីរដែលថា៖«ញែកខ្លួនចេញ . . . ឈប់ពាល់អ្វីដែលមិនស្អាត»។—កូរិនថូសទី២ ៦:១៧
មានសេចក្ដីសង្ឃឹមសម្រាប់មនុស្សស្លាប់។ គម្ពីរបង្រៀនថានឹងមានការប្រោសឲ្យរស់ឡើងវិញ ហើយថានឹងមានគ្រាមួយដែលសេចក្ដីស្លាប់នឹងលែងមានទៀត។ (សកម្មភាព ២៤:១៥; ការបើកបង្ហាញ ២១:៤) ដូចគ្រិស្តសាសនិកនៅសម័យដើមដែរ សេចក្ដីសង្ឃឹមនេះជួយយើងកុំឲ្យកើតទុក្ខហួសហេតុពេក។—ថែស្សាឡូនិចទី១ ៤:១៣
គម្ពីរលើកទឹកចិត្តឲ្យមានចិត្តសុភាព។ (សុភាសិត ១១:២) យើងមិនគិតថាពិធីបុណ្យសពជាឱកាស«អួតសម្ញែង»ឋានៈឬមុខមាត់ក្នុងសង្គមឡើយ។ (យ៉ូហានទី១ ២:១៦) យើងមិនរៀបចំបុណ្យសពធំដុំគគ្រឹកគគ្រេង មឈូសថ្លៃៗ ឬតុបតែងយ៉ាងប្រណីតដើម្បីឲ្យគេមើលមកឃើញថាអស្ចារ្យនោះទេ។
យើងមិនព្យាយាមបង្ខំអ្នកឯទៀតឲ្យធ្វើពិធីបុណ្យសពតាមជំនឿរបស់យើងឡើយ។ ស្ដីអំពីរឿងនេះ យើងធ្វើតាមគោលការណ៍គម្ពីរដែលថា៖«ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមជំនឿរបស់យើង»។ (រ៉ូម ១៤:១២) ប៉ុន្តែ បើគេទុកឱកាសឲ្យយើងពន្យល់អំពីជំនឿរបស់យើង នោះយើងនឹងពន្យល់«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»។—ពេត្រុសទី១ ៣:១៥
តើពិធីបុណ្យសពរបស់សាក្សីព្រះយេហូវ៉ាប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
ទីកន្លែង៖ បើក្រុមគ្រួសារសម្រេចចិត្តធ្វើពិធីបុណ្យសព ពួកគេអាចជ្រើសរើសកន្លែងណាក៏បាន ដូចជានៅសាលប្រជុំ សាលសម្រាប់ធ្វើពិធីបុណ្យសព នៅផ្ទះ នៅកន្លែងបូជាសព ឬនៅកន្លែងបញ្ចុះសពជាដើម។
កម្មវិធី៖ មានការថ្លែងសុន្ទរកថាសម្រាលទុក្ខដែលពន្យល់ពីអ្វីដែលគម្ពីរចែងអំពីសេចក្ដីស្លាប់និងសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ១១:២៥; រ៉ូម ៥:១២; ពេត្រុសទី២ ៣:១៣) សុន្ទរកថានេះនឹងរំលឹកអំពីគុណសម្បត្តិរបស់បុគ្គលដែលបានស្លាប់ គឺប្រហែលជាលើកឡើងនូវមេរៀនដែលគួរឲ្យលើកទឹកចិត្តពីគំរូដ៏ស្មោះត្រង់របស់អ្នកស្លាប់នោះ។—សាំយូអែលទី២ ១:១៧-២៧
នៅពិធីនោះមានការច្រៀងចម្រៀងមួយបទដែលមានមូលដ្ឋានពីគម្ពីរ។ (កូឡុស ៣:១៦) ចុងបញ្ចប់ក៏មានសេចក្ដីអធិដ្ឋានដ៏គួរឲ្យសម្រាលទុក្ខផងដែរ។—ភីលីព ៤:៦, ៧
ការចំណាយឬការចូលបុណ្យ៖ មិនមានការបង់ថ្លៃសម្រាប់ពិធីណាមួយឡើយ រួមបញ្ចូលពិធីបុណ្យសពជាដើម។ យើងក៏មិនរៃអង្គាសប្រាក់នៅក្នុងកិច្ចប្រជុំរបស់យើងដែរ។—ម៉ាថាយ ១០:៨
អ្នកចូលរួម៖ អ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ាអាចចូលរួមពិធីបុណ្យសពដែលធ្វើឡើងនៅសាលប្រជុំបាន។ ដូចកិច្ចប្រជុំឯទៀត ពិធីបុណ្យសពក៏ត្រូវបើកឲ្យចូលរួមជាសាធារណៈដែរ។
តើសាក្សីព្រះយេហូវ៉ាចូលរួមពិធីបុណ្យសពរបស់សាសនាឯទៀតឬទេ?
សាក្សីព្រះយេហូវ៉ាម្នាក់ៗសម្រេចចិត្តខ្លួនឯងដោយផ្អែកទៅតាមសមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំពីគម្ពីរ។ (ធីម៉ូថេទី១ ១:១៩) ប៉ុន្តែ យើងមិនចូលរួមពិធីបុណ្យខាងសាសនាដែលយើងគិតថាមិនស្របតាមគម្ពីរនោះទេ។—កូរិនថូសទី២ ៦:១៤-១៧