តើសាក្សីព្រះយេហូវ៉ាព្រមទទួលការព្យាបាលទេ?
សាក្សីព្រះយេហូវ៉ាព្រមទទួលឱសថ និងការព្យាបាល។ ទោះជាយើងខំថែរក្សាឲ្យមានសុខភាពល្អក្ដី ក៏ពេលខ្លះយើងនៅតែ«ត្រូវការគ្រូពេទ្យ»ដែរ។ (លូកា ៥:៣១,សេចក្ដីបកប្រែពិភពលោកថ្មី) តាមការពិតសាក្សីព្រះយេហូវ៉ាខ្លះជាគ្រូពេទ្យ ដូចលូកាដែលជាគ្រិស្តសាសនិកម្នាក់នៅសតវត្សរ៍ទី១ គាត់ក៏ជាគ្រូពេទ្យដែរ។—កូឡុស ៤:១៤
ការព្យាបាលខ្លះប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរ ដូច្នេះយើងបដិសេធការព្យាបាលទាំងនេះ។ ជាឧទាហរណ៍ យើងមិនព្រមទទួលការចាក់បញ្ចូលឈាមទេ ដោយសារគម្ពីរហាមយើងមិនឲ្យប្រើឈាម។ (សកម្មភាព ១៥:២០) ដូចគ្នាដែរ គម្ពីរហាមមិនឲ្យប្រើការព្យាបាលឬវិធីណាដែលទាក់ទងនឹងមន្តអាគមទេ។—កាឡាទី ៥:១៩-២១
ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលភាគច្រើនមិនប្រឆាំងនឹងគោលការណ៍គម្ពីរទេ។ ដូច្នេះ ការប្រើវិធីព្យាបាលណាមួយជាការសម្រេចចិត្តផ្ទាល់ខ្លួន។ ជាឧទាហរណ៍ សាក្សីព្រះយេហូវ៉ាម្នាក់ប្រហែលជាសម្រេចចិត្តប្រើឱសថឬការព្យាបាលណាមួយ កាលដែលសាក្សីព្រះយេហូវ៉ាម្នាក់ទៀតប្រហែលជាបដិសេធមិនប្រើការព្យាបាលនោះ។—កាឡាទី ៦:៥