លោតទៅអត្ថបទ

តើកិច្ចការរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?

តើកិច្ចការរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?

 សំខាន់​ចម្បង កិច្ច​ការ​ទូទាំង​ពិភព​លោក​របស់​យើង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​វិភាគទាន​ស្ម័គ្រ​ចិត្ត​ពី​សាក្សី​ព្រះ​យេហូវ៉ា។ a នៅ​សាល​ប្រជុំ​របស់​យើង មាន​ប្រអប់​មួយ​សម្រាប់​ដាក់​វិភាគទាន ហើយ​យើង​ក៏​មាន​វិធី​ផ្សេង​ទៀត​ដើម្បី​ធ្វើ​វិភាគទាន​ដែរ គឺ​នៅ​ក្នុង​គេហទំព័រ​សម្រាប់​ធ្វើ​វិភាគទាន​«​Donations​»​ របស់​យើង។ អ្នក​ដែល​មាន​បំណង​ធ្វើ​វិភាគទាន​អាច​ជ្រើស​រើស​បាន​ថា គាត់​ចង់​ធ្វើ​វិភាគ​សម្រាប់​កិច្ច​ការ​ទូទាំង​ពិភព​លោក ឬ​សម្រាប់​កិច្ច​ការ​ក្នុង​តំបន់ ឬ​ចង់​ធ្វើ​ទាំង​ពីរ។

 សាក្សី​ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​បង់​១​ភាគ​ក្នុង​១០ ឬ​តម្រូវ​ឲ្យ​បង់​នូវ​ចំនួន​ជាក់​លាក់​ណា​មួយ​ពី​ប្រាក់​ចំណូល​របស់​ពួក​គេ​ទេ។ (កូរិនថូស​ទី​២ ៩:៧) នៅ​កិច្ច​ប្រជុំ​របស់​យើង​គ្មាន​ការ​ប្រមូល​ឬ​រៃ​អង្គាសប្រាក់​ឡើយ ហើយ​យើង​ក៏​មិន​គិត​ប្រាក់​សម្រាប់​ការ​ជ្រមុជ​ទឹក បុណ្យ​សព រៀប​ការ ឬ​កិច្ច​ការ​ផ្សេង​ទៀត​ខាង​សាសនា​ដែរ។ ម្យ៉ាង​ទៀត យើង​មិន​រៃ​អង្គាសប្រាក់​តាម​រយៈ​ការ​លក់​អីវ៉ាន់ ល្បែង​ប៊ីង​ហ្គោ​ ចាប់​ឆ្នោត ឬ​ពិធី​កម្សាន្ត​ផ្សេង​ៗ​ឡើយ ហើយ​ក៏​គ្មាន​ការ​បង្ហាញ​ឬ​ប្រកាស​ឈ្មោះ​របស់​អ្នក​ធ្វើ​វិភាគទាន​ដែរ។ (ម៉ាថាយ ៦:២​-​៤) ក្នុង​គេហទំព័រ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​រក​ប្រាក់​ចំណូល​ឡើយ។

 ជា​រៀង​រាល់​ខែ ក្រុម​ជំនុំ​ទាំង​អស់​របស់​សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​ប្រកាស​ប្រាប់​នូវ​របាយការណ៍​អំពី​គណនេយ្យ​របស់​ក្រុម​ជំនុំ​នៅ​ឯ​កិច្ច​ប្រជុំ។ បញ្ជី​គណនេយ្យ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​បាន​ត្រូវ​ពិនិត្យ​មើល​ជា​ទៀង​ទាត់​ដើម្បី​ប្រាកដ​ថា​ថវិកា​ដែល​បាន​មក​ពី​វិភាគទាន គឺ​បាន​ត្រូវ​ប្រើ​ប្រាស់​យ៉ាង​ត្រឹម​ត្រូវ។—កូរិនថូស​ទី​២ ៨:២០,២១

វិធី​ផ្សេង​ៗ​ដើម្បី​ធ្វើ​វិភាគទាន

  •   ប្រអប់​វិភាគទាន: អ្នក​អាច​ធ្វើ​វិភាគទាន​ជា​សាច់​ប្រាក់ ឬ​ជា​មូលប្បទានប័ត្រ​នៅ​ក្នុង​ប្រអប់​ដែល​នៅ​ឯ​សាល​ប្រជុំ សាល​សន្និបាត ឬ​កន្លែង​ផ្សេង​ទៀត​ដែល​មាន​កិច្ច​ប្រជុំ​របស់​យើង។

  •   វិភាគទាន​តាម​អ៊ីនធឺណិត: នៅ​ប្រទេស​ជា​ច្រើន អ្នក​អាច​ប្រើ​គេហទំព័រ«វិភាគទាន​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា» ដើម្បី​ធ្វើ​វិភាគទាន​តាម​រយៈ​ប័ណ្ណ​ឥណទាន ប័ណ្ណ​ឥណ​ពន្ធ តាម​រយៈ​ធនាគារ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេង​ទៀត។ b ជា​រៀង​រាល់​ខែ សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​បាន«ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក»សម្រាប់​ធ្វើ​វិភាគទាន ដោយ​ប្រើ​វិធី​ណា​មួយ​ក្នុង​ចំណោម​វិធី​ទាំង​នេះ។—កូរិនថូស​ទី​១ ១៦:២

  •   ការ​រៀបចំ​ទុក​ជា​មុន​ក្នុង​ការ​ឲ្យ: អ្នក​ខ្លះ​ប្រើ​វិធី​បរិច្ចាគ​ដោយ​រៀបចំ​ផែន​ការ​ទុក​ជា​មុន ឬ​ដោយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់។ ការ​រៀបចំ​ទុក​ជា​មុន​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ក្នុង​ប្រទេស​របស់​អ្នក។ មនុស្ស​ជា​ច្រើន​ទទួល​ប្រយោជន៍ កាល​ដែល​ពួក​គេ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​រៀបចំ​ឬ​វិធី​ជូន​អំណោយ​សប្បុរស​ដែល​ពួក​គេ​ចង់​ឲ្យ​ពេល​នៅ​រស់ ឬ​នៅ​ពេល​ដែល​ពួក​គេ​ស្លាប់។ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត សូម​ទាក់​ទង​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​ប្រទេស​របស់​អ្នក ប្រសិន​បើ​អ្នក​ចង់​ធ្វើ​វិភាគទាន​តាម​រយៈ​វិធី​ដូច​ខាង​ក្រោម​នេះ៖

    •   គណនី​ធនាគារ

    •   ប្រាក់​ធានា​រ៉ាប់​រង​និង​ប្រាក់​ចូល​និវត្តន៍

    •   ចលនទ្រព្យ​និង​អចលនទ្រព្យ

    •   ភាគ​ហ៊ុន​និង​ប័ណ្ណ​ខ្ចី​ប្រាក់

    •   បណ្ដាំ​មត៌ក​និង​កេរ្តិ៍​មត៌ក

 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​វិធី​ធ្វើ​វិភាគទាន​ដែល​មាន​ក្នុង​ប្រទេស​របស់​អ្នក សូម​មើល​គេហទំព័រ«វិភាគទាន​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា»។

a អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​អាច​ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​របស់​យើង​ដែរ។

b សូម​មើល​ព័ត៌មាន​ថែម​ទៀត​ក្នុង​វីដេអូ​របៀប​ដាក់​វិភាគទាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក