ហេតុអ្វីបានជាសាក្សីព្រះយេហូវ៉ាផ្លាស់ប្ដូរសេចក្ដីបង្រៀនខ្លះរបស់ពួកគេ?
យើងតែងតែប្រើគម្ពីរជាមូលដ្ឋានតែមួយគត់សម្រាប់ជំនឿរបស់យើង។ ហេតុនេះ ពេលយើងយល់បទគម្ពីរកាន់តែច្បាស់ សេចក្ដីបង្រៀនរបស់យើងក៏ផ្លាស់ប្ដូរតាមនោះដែរ។ a
ការផ្លាស់ប្ដូរសេចក្ដីបង្រៀនទាំងនោះគឺស្របតាមគោលការណ៍គម្ពីរនៅសុភាសិត ៤:១៨ដែលចែងថា៖«ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ ជាឧទាហរណ៍ ព្រះអាទិត្យដែលកំពុងរះឡើងបំភ្លឺអ្វីៗឲ្យឃើញកាន់តែច្បាស់បន្ដិចម្ដងៗ។ ស្រដៀងគ្នាដែរ ព្រះបើកបង្ហាញឲ្យយល់សេចក្ដីពិតកាន់តែច្បាស់បន្ដិចម្ដងៗ តាមពេលកំណត់របស់លោក។ (ពេត្រុសទី១ ១:១០-១២) ដូចគម្ពីរបានប្រកាសទុកជាមុន ព្រះនឹងបញ្ជឿនឲ្យសេចក្ដីបង្រៀនអំពីសេចក្ដីពិតភ្លឺកាន់តែច្បាស់ឡើងៗក្នុងអំឡុង«គ្រាចុងបំផុត»។—ដានីយ៉ែល ១២:៤
ការផ្លាស់ប្ដូរសេចក្ដីបង្រៀនរបស់យើងមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើល ឬរំខានដល់ចិត្តយើងឡើយ។ អ្នកគោរពប្រណិប័តន៍ព្រះនៅសម័យបុរាណក៏ធ្លាប់យល់ខុស ហើយត្រូវកែប្រែទស្សនៈរបស់ពួកគេដែរ។
ម៉ូសេបានសុខចិត្តទៅរំដោះប្រជាជាតិអ៊ីស្រាអែល៤០ឆ្នាំមុនពេលកំណត់របស់ព្រះមកដល់។—សកម្មភាព ៧:២៣-២៥, ៣០, ៣៥
ពួកសាវ័កបានយល់ខុសអំពីទំនាយដែលបានទាយទុកអំពីការស្លាប់និងការប្រោសឲ្យរស់ឡើងវិញរបស់មេស្ស៊ី។—អេសាយ ៥៣:៨-១២; ម៉ាថាយ ១៦:២១-២៣
គ្រិស្តសាសនិកនៅសម័យដើមបានយល់ខុសអំពីពេលកំណត់នៃ«ថ្ងៃរបស់ព្រះយេហូវ៉ា»។—ថែស្សាឡូនិចទី២ ២:១, ២
ក្រោយមកព្រះបានកែតម្រូវការយល់ខុសរបស់ពួកគេ ហើយយើងក៏អធិដ្ឋានសុំលោកឲ្យបន្តធ្វើដូច្នេះចំពោះយើងដែរ។—យ៉ាកុប ១:៥
a យើងមិនព្យាយាមលាក់បាំងការផ្លាស់ប្ដូរសេចក្ដីបង្រៀនរបស់យើងអំពីបទគម្ពីរទេ។ ជាក់ស្តែង យើងបានកត់ទុកនិងបោះពុម្ពផ្សាយតាមសៀវភៅ។ ជាឧទាហរណ៍ សូមលោកអ្នកមើលក្នុងសៀវភៅ«រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!»ក្នុងគេហទំព័ររបស់យើង។