លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនព្រមចាក់បញ្ចូលឈាម?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនព្រមចាក់បញ្ចូលឈាម?

អ្វី​ដែល​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​មិន​ជឿ​ថា​គ្រូ​ពេទ្យ​អាច​ជួយ​ពួក​គេ​បាន​ទេ ដូច្នេះ​ហើយ​ពួក​គេ​មិន​ស្វែង​រក​ការ​ព្យាបាល​ឡើយ។

 រឿង​ពិត: យើង​ស្វែង​រក​ការ​ព្យាបាល​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង​និង​ក្រុម​គ្រួសារ​របស់​យើង។ នៅ​ពេល​យើង​មាន​បញ្ហា​សុខភាព យើង​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​និង​វះ​កាត់​ដែល​មិន​ប្រើ​ឈាម។ យើង​សប្បាយ​ចិត្ត​ដែល​គ្រូ​ពេទ្យ​បាន​រក​ឃើញ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ព្យាបាល។ តាម​ពិត ការ​ព្យាបាល​ដោយ​មិន​ប្រើ​ឈាម​មិន​គ្រាន់​តែ​បាន​ជួយ​អ្នក​ជំងឺ​ដែល​ជា​សាក្សី​ប៉ុណ្ណោះ​ទេ តែ​សព្វ​ថ្ងៃ​នេះ​ការ​ព្យាបាល​ដូច​នេះ​ក៏​បាន​ត្រូវ​ផ្ដល់​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ក្នុង​សង្គម​ដែរ។ នៅ​បណ្ដា​ប្រទេស​ជា​ច្រើន អ្នក​ជំងឺ​ណា​ក៏​ដោយ​អាច​សម្រេច​ចិត្ត​ជៀស​វាង​ពី​ការ​ព្យាបាល​ណា​ដែល​អាច​បង្ខូច​សុខភាព​ដោយ​ការ​ចាក់​បញ្ចូល​ឈាម ដូច​ជា​ជំងឺ​មេ​រោគ​ក្នុង​ឈាម (blood-borne) ជំងឺ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ចុះ​ខ្សោយ (immune-system reactions) និង​ការ​វិនិច្ឆ័យ​រោគ​ខុស​ជា​ដើម។

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ជំនឿ​អាច​ជួយ​ព្យាបាល​ជំងឺ។

 រឿង​ពិត: យើង​មិន​ធ្វើ​ការ​ព្យាបាល​ដោយ​កម្លាំង​នៃ​ជំនឿ​ទេ។

 រឿង​មិន​ពិត: ការ​មិន​ចាក់​បញ្ចូល​ឈាម គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន​ណាស់។

 រឿង​ពិត: ការ​ព្យាបាល​ដែល​មិន​ចាក់​បញ្ចូល​ឈាម​មិន​សូវ​ចំណាយ​លុយ​ច្រើន​ទេ។ a

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់ រួម​ទាំង​កូន​ក្មេង ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​ពួក​គេ​មិន​ព្រម​ចាក់​បញ្ចូល​ឈាម។

 រឿង​ពិត: ការ​អះអាង​នេះ​គ្មាន​មូលដ្ឋាន​ទាល់​តែ​សោះ។ ជា​រឿយៗ គ្រូ​ពេទ្យ​ធ្វើ​ការ​វះ​កាត់​តាម​វិធី​ដ៏​ស្មុគ​ស្មាញ​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ទេ ដូច​ជា​ការ​វះ​កាត់​បេះ​ដូង សន្លាក់​ឆ្អឹង និង​ផ្លាស់​ប្ដូរ​សរីរាង្គ​ខាង​ក្នុង​ជា​ដើម។ b អ្នក​ជំងឺ​រួម​បញ្ចូល​កូន​ក្មេង​ដែល​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម ជា​ធម្មតា​ពួក​គេ​មាន​សុខភាព​ល្អ​ជាង​អ្នក​ដែល​ចាក់​បញ្ចូល​ឈាម។ c យ៉ាង​ណា​មិញ គ្មាន​បុគ្គល​ណា​ម្នាក់​អាច​និយាយ​យ៉ាង​ច្បាស់​ថា អ្នក​ជំងឺ​ម្នាក់​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​មិន​ព្រម​ទទួល​ឈាម ឬ​ក៏​រស់​ដោយ​សារ​ព្រម​ទទួល​ឈាម​នោះ​ទេ។

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចាក់​បញ្ចូល​ឈាម?

 នេះ​ទាក់​ទង​នឹង​រឿង​ជំនឿ​សាសនា​ជា​ជាង​រឿង​ព្យាបាល។ ក្នុង​គម្ពីរ​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី​មាន​សេចក្ដី​បង្គាប់​យ៉ាង​ចំៗឲ្យ​យើង​ជៀស​វាង​ពី​ឈាម។ (លោកុប្បត្តិ ៩:៤; លេវីវិន័យ ១៧:១០; ចោទិយកថា ១២:២៣; សកម្មភាព ១៥:២៨, ២៩) បន្ថែម​ទៀត ព្រះ​ចាត់​ទុក​ថា​ឈាម​ជា​ជីវិត។ (លេវីវិន័យ ១៧:១៤) ហេតុ​នេះ​ហើយ យើង​ជៀស​វាង​ពី​ការ​ប្រើ​ឈាម​មិន​គ្រាន់​តែ​ជា​ការ​ស្ដាប់​បង្គាប់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​នេះ​មក​ពី​ការ​គោរព​លោក​ដែល​ជា​អ្នក​ផ្ដល់​ជីវិត។

ការ​ផ្លាស់​ប្ដូរ​ទស្សនៈ

ការ​វះ​កាត់​ដែល​ស្មុគ​ស្មាញ​អាច​សម្រេច​បាន​ដោយ​មិន​ចាក់​បញ្ចូល​ឈាម

 ធ្លាប់​មាន​ពេល​មួយ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ចាត់​ទុក​ការ​ព្យាបាល​ដែល​មិន​ព្រម​ចាក់​បញ្ចូល​ឈាម ឬ​ហៅ​ថា​ឱសថ​ដែល​គ្មាន​ឈាម ថា​ជា​ការ​ព្យាបាល​ដែល​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ គឺ​ជា​ការ​ព្យាបាល​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗនេះ ទស្សនៈ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០៤ អត្ថបទ​មួយ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ខាង​ការ​អប់រំ​ផ្នែក​វេជ្ជសាស្ត្រ​បាន​បញ្ជាក់​ថា៖«បច្ចេកវិទ្យា​ជា​ច្រើន​ដែល​អ្នក​ជំងឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រើ​នឹង​ក្លាយ​ទៅ​ជា​មូលដ្ឋាន​នៃ​ការ​អនុវត្ត​ផ្នែក​វិជ្ជា​ពេទ្យ​នា​ពេល​អនាគត»។ d អត្ថបទ​មួយ​ទៀត​ក្នុង​ទស្សនាវដ្ដី​Heart, Lung and Circulation បាន​ប្រាប់​ថា​ក្នុង​ឆ្នាំ​២០១០​‹​ការ​វះ​កាត់​ដែល​មិន​ប្រើ​ឈាម​មិន​គួរ​មាន​ចំពោះ​តែ​សាក្សី​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​គួរ​ជា​ផ្នែក​ដ៏​សំខាន់​ពេល​ដែល​ត្រូវ​ធ្វើ​ការ​វះ​កាត់​ប្រចាំ​ថ្ងៃ​›។

 នៅ​សព្វ​ថ្ងៃ​នេះ ទូ​ទាំង​ពិភព​លោក​គ្រូ​ពេទ្យ​រាប់​ពាន់​នាក់​ប្រើ​បច្ចេកវិទ្យា​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ដើម្បី​ធ្វើ​ការ​វះ​កាត់​ដែល​ស្មុគ​ស្មាញ។ ជា​ឧទាហរណ៍ ការ​ព្យាបាល​ដោយ​មិន​ប្រើ​ឈាម​បាន​ត្រូវ​ប្រើ​នៅ​បណ្ដា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​អ្នក​ជំងឺ​ជា​ច្រើន​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​បាន​សុំ​ការ​ព្យាបាល​ដូច​នេះ​ដែរ។

a សូម​មើល​Transfusion and Apheresis Science, Vol​ume 33, No. 3, p. 349.

b សូម​មើល​The Journal of Thoracic and Cardiovascular Surgery, Vol​ume 134, No. 2, pp. 287-288; Texas Heart In​stitute Journal, Vol​ume 38, No. 5, p. 563; Basics of Blood Management, p. 2; and Cont​in​u​in​g Education in Anaesthesia, Critical Care & Pa​in, Vol​ume 4, No. 2, p. 39.

c សូម​មើល​The Journal of Thoracic and Cardiovascular Surgery, Vol​ume 89, No. 6, p. 918; and Heart, Lung and Circulation, Vol​ume 19, p. 658.

d Cont​in​u​in​g Education in Anaesthesia, Critical Care & Pa​in, Vol​ume 4, No. 2, page 39.