តើសាក្សីព្រះយេហូវ៉ាបង្កើតគម្ពីរសម្រាប់ខ្លួនឯងឬទេ?
សាក្សីព្រះយេហូវ៉ាបានប្រើសេចក្ដីបកប្រែគម្ពីរជាច្រើនក្នុងការសិក្សាគម្ពីរ។ ចំពោះភាសាណាដែលមានសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធ យើងពិតជាឲ្យតម្លៃខ្ពស់ទៅលើសេចក្ដីបកប្រែនេះ ដោយសារក្នុងនោះប្រើនាមរបស់ព្រះ បង្កប់អត្ថន័យត្រឹមត្រូវ និងមានភាពច្បាស់លាស់។
ការប្រើនាមរបស់ព្រះ។ អ្នកបកប្រែគម្ពីរខ្លះមិនបានលើកតម្កើងអ្នកនិពន្ធគម្ពីរទេ។ ជាឧទាហរណ៍ សេចក្ដីបកប្រែគម្ពីរមួយមានរាយឈ្មោះរបស់មនុស្ស៧០នាក់ ដែលបានរួមចំណែកក្នុងកិច្ចការបោះពុម្ពគម្ពីរនោះ។ ប៉ុន្តែ សេចក្ដីបកប្រែនេះបានលុបឈ្មោះព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរចោលទាំងស្រុងតែម្ដង!
ផ្ទុយទៅវិញ ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី បានដាក់នាមរបស់ព្រះយេហូវ៉ារាប់ពាន់ដងនៅកន្លែងដើមវិញតាមបទគម្ពីរភាសាដើម។ ប៉ុន្តែ គណៈកម្មាធិការដែលបោះពុម្ពសេចក្ដីបកប្រែគម្ពីរនេះមិនបានដាក់ឈ្មោះរបស់ពួកគេក្នុងនោះឡើយ។
អត្ថន័យត្រឹមត្រូវ។ មិនមែនសេចក្ដីបកប្រែគម្ពីរទាំងអស់សុទ្ធតែមានអត្ថន័យត្រឹមត្រូវដូចបទគម្ពីរភាសាដើមនោះទេ។ ជាឧទាហរណ៍ សេចក្ដីបកប្រែមួយនៅម៉ាថាយ ៧:១៣ បានត្រូវបកប្រែថា៖«ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះខ្លោងទ្វារនោះដែលនាំទៅដល់ស្ថាននរកគឺទូលាយ ហើយផ្លូវដែលនាំទៅដល់ស្ថាននោះគឺងាយស្រួល»។ ប៉ុន្តែ បទគម្ពីរភាសាដើមបានប្រើពាក្យ«សេចក្ដីហិនវិនាស» មិនមែន«ស្ថាននរក»ទេ។ ប្រហែលអ្នកបកប្រែខ្លះបានបញ្ចូលពាក្យ«ស្ថាននរក» ដោយសារពួកគេជឿថាមនុស្សអាក្រក់នឹងត្រូវទទួលទារុណកម្មជារៀងរហូតនៅក្នុងភ្លើងនរក។ ប៉ុន្តែ គម្ពីរមិនគាំទ្រគំនិតនេះទេ។ ដូច្នេះ សេចក្ដីបកប្រែពិភពលោកថ្មី ដែលមានអត្ថន័យត្រឹមត្រូវបានចែងថា៖«ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះផ្លូវដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង»។
ភាពច្បាស់លាស់។ សេចក្ដីបកប្រែល្អមួយមិនគ្រាន់តែមានអត្ថន័យត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏គួរមានភាពច្បាស់លាស់ ហើយស្រួលយល់ផងដែរ។ សូមពិចារណាឧទាហរណ៍មួយ។ នៅម៉ាថាយ ៥:៣ លោកយេស៊ូបានប្រើឃ្លាក្នុងន័យត្រង់ថា៖«មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ»។ ដោយសារឃ្លានេះពិបាកយល់នៅសព្វថ្ងៃនេះ សេចក្ដីបកប្រែពិភពលោកថ្មី បានបកប្រែខគម្ពីរនេះតាមរបៀបដែលស្រួលយល់ជាងថា៖«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។
ក្រៅពីការប្រើនាមរបស់ព្រះ បង្កប់អត្ថន័យត្រឹមត្រូវ និងមានភាពច្បាស់លាស់ សេចក្ដីបកប្រែពិភពលោកថ្មី បានត្រូវចែកចាយដោយឥតគិតថ្លៃ។ ជាលទ្ធផល មនុស្សរាប់លាននាក់អាចអានគម្ពីរជាភាសាកំណើតរបស់ពួកគេ ហើយសូម្បីអ្នកដែលគ្មានលទ្ធភាពទិញគម្ពីរ ក៏អាចមានគម្ពីរផ្ទាល់ខ្លួនដែរ។