ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ?
តើតាមរបៀបណាសាក្សីព្រះយេហូវ៉ាសម្រេចចិត្តថាពួកគេធ្វើឬមិនធ្វើពិធីបុណ្យណាមួយ?
មុនសម្រេចចិត្តថាធ្វើឬមិនធ្វើពិធីបុណ្យណាមួយ សាក្សីព្រះយេហូវ៉ាពិចារណាអ្វីដែលគម្ពីរចែង។ ពិធីបុណ្យខ្លះច្បាស់ជាបំពានគោលការណ៍គម្ពីរចំៗ។ ក្នុងករណីបែបនេះ សាក្សីព្រះយេហូវ៉ាមិនចូលរួមជាដាច់ខាត។ ស្ដីអំពីពិធីបុណ្យផ្សេងទៀត សាក្សីម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ដោយ«មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនៅចំពោះមុខព្រះនិងមនុស្ស»។—សកម្មភាព ២៤:១៦
សាក្សីព្រះយេហូវ៉ាពិចារណាសំណួរដូចតទៅនេះ មុនសម្រេចចិត្តថាធ្វើឬមិនធ្វើពិធីបុណ្យណាមួយ។ a
តើពិធីបុណ្យនេះមានមូលដ្ឋានលើសេចក្ដីបង្រៀនមិនពិតឬទេ?
គោលការណ៍គម្ពីរ: «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖‹ដូច្នេះ ចូរចេញពីចំណោមពួកគេមក ហើយញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត›»។—កូរិនថូសទី២ ៦:១៥-១៧
ដើម្បីញែកខ្លួនចេញទាំងស្រុងពីអ្វីដែលមិនស្អាត ពោលគឺសេចក្ដីបង្រៀនដែលផ្ទុយពីសេចក្ដីបង្រៀនក្នុងគម្ពីរ នោះសាក្សីព្រះយេហូវ៉ាមិនត្រូវធ្វើពិធីបុណ្យដែលមានលក្ខណៈដូចតទៅ៖
ពិធីបុណ្យដែលមានមូលដ្ឋានលើការជឿឬគោរពប្រណិប័តន៍ព្រះឯទៀត។ លោកយេស៊ូមានប្រសាសន៍ថា៖«គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ»។ (ម៉ាថាយ ៤:១០) ដោយធ្វើតាមការដាស់តឿននេះ សាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យណូអែលឬអ៊ីស្ទើរ៍ ដោយសារពិធីបុណ្យទាំងនេះទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះឯទៀតក្រៅពីព្រះយេហូវ៉ា។ បន្ថែមទៅទៀត សាក្សីព្រះយេហូវ៉មិនចូលរួមពិធីបុណ្យដូចតទៅ៖
បុណ្យចូលឆ្នាំសកល។ ស្ដីអំពីដើមកំណើតនៃបុណ្យចូលឆ្នាំសកល សព្វវចនាធិប្បាយមួយចែងថា៖«នៅឆ្នាំ៤៦មុនគ.ស. ស្ដេចជូលសេសា អ្នកគ្រប់គ្រងទីក្រុងរ៉ូមបានកំណត់ថ្ងៃទី១ ខែមករាជាថ្ងៃចូលឆ្នាំ។ ជនជាតិរ៉ូមបានធ្វើបុណ្យនេះថ្វាយព្រះយ៉ានុស[Janus]ដែលជាព្រះនៃរបង ទ្វារ និងការចាប់ផ្ដើម។ ឈ្មោះខែមករា[January]ជាឈ្មោះក្លាយមកពីព្រះនាមព្រះយ៉ានុស ដែលជាព្រះមួយអង្គមានព្រះភក្ត្រពីរ មួយទតទៅមុខ មួយទតទៅក្រោយ» (The World Book Encyclopedia)។
បុណ្យកថិន។ យោងទៅតាមវចនានុក្រមខ្មែរពុទ្ធសាសនបណ្ឌិត្យ រៀបរាប់ថាកថិនមានន័យថា‹សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្ដិក ដែលហៅថាបុណ្យកថិន គឺបុណ្យប្រគេនសំពត់នេះឯង›។
បុណ្យថ្លែងអំណរគុណ។ បុណ្យនេះមានប្រភពមកពីបុណ្យប្រមូលផលពីសម័យបុរាណដែលលើកកិត្តិយសព្រះផ្សេងៗ។ សៀវភៅមួយអំពីបុណ្យថ្លែងអំណរគុណបានពន្យល់ថាយូរៗទៅ«ពិភពគ្រិស្តសាសនាបានចាប់ផ្ដើមយកពិធីបុណ្យបុរាណទាំងនេះ មកធ្វើជាទំនៀមទម្លាប់របស់ពួកគេ»(A Great and Godly Adventure—The Pilgrims and the Myth of the First Thanksgiving)។
ពិធីបុណ្យដែលមានមូលដ្ឋានលើអបិយជំនឿ ឬជំនឿទៅលើលាភសំណាង។ គម្ពីរចែងថាពួកអ្នកដែល«រៀបតុឲ្យព្រះនៃលាភសំណាង»គឺនៅក្នុង«ចំណោមពួកអ្នក ដែលបោះបង់ចោលខ្ញុំជាយេហូវ៉ា»។ (អេសាយ ៦៥:១១) ដូច្នេះ សាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យដូចតទៅនេះ៖
បុណ្យចូលឆ្នាំថ្មី (បុណ្យចូលឆ្នាំចិនឬបុណ្យចូលឆ្នាំកូរ៉េ)។ សៀវភៅមួយដែលពន្យល់ពីពិធីបុណ្យផ្សេងៗក្នុងប្រទេសចិនបានរៀបរាប់ថា៖«ពេលបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារនីមួយៗ ព្រមទាំងសាច់ញាតិទាំងអស់នឹងធ្វើឲ្យប្រាកដថាពួកគេនឹងមានសំណាងល្អ គោរពព្រះនិងវិញ្ញាណទាំងឡាយ ហើយសុំឲ្យមានសំណាងល្អក្នុងឆ្នាំថ្មីដែលនឹងមកដល់»(Mooncakes and Hungry Ghosts—Festivals of China)។ ដូចគ្នាដែរ សព្វវចនាធិប្បាយមួយដែលពន្យល់ពីពិធីបុណ្យនៅទូទាំងពិភពលោកបានរៀបរាប់ថា បុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសកូរ៉េរួមបញ្ចូល«ការគោរពបូជាជីដូនជីតាដែលបានស្លាប់ទៅ ហើយរួមបញ្ចូលពិធីដើម្បីបណ្ដេញវិញ្ញាណកំណាច ពិធីដែលនាំឲ្យមានសំណាងល្អ និងការទាយអំពីអ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំថ្មី»(Encyclopedia of New Year’s Holidays Worldwide)។
បុណ្យចូលឆ្នាំខ្មែរ។ យោងទៅតាមសៀវភៅភាសាខ្មែរ ថ្នាក់ទី៦ បោះពុម្ពដោយនាយកដ្ឋានស្រាវជ្រាវគរុកោសល្យ រៀបរាប់ថា៖«បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រារព្ធឡើងរយៈពេលបីថ្ងៃ . . . ប្រជាជនតែងតែត្រៀមរៀបចំតុបតែងលំនៅស្ថាន និងទីកន្លែងជុំវិញផ្ទះសំបែងអោយបានស្អាតបាតដើម្បីទទួលទេវតាឆ្នាំថ្មី។ នៅមុខផ្ទះនីមួយៗមានកន្លែងទទួលទេវតាដោយមានរៀបរណ្ដាប់សំខាន់ៗដូចជាផ្កាស្រស់ . . . ទឹកអប់ . . . ម្លូស្លា បារី . . . ផ្លែឈើផ្សេងៗ . . . ព្រមទាំងនំនែកយ៉ាងច្រើន រួមនឹងភេសជ្ជៈខ្លះៗ . . . ប្រជាពលរដ្ឋយើងទាំងក្មេងចាស់ប្រុសស្រីនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនបុព្វការីជនទាំងឡាយដែលបានចែកឋានទៅ»។
ពិធីបុណ្យដែលមានមូលដ្ឋានលើជំនឿដែលថាមានព្រលឹងអមតៈ។ គម្ពីរមិនបានបង្រៀនថាក្រោយមនុស្សស្លាប់ នឹងមានវិញ្ញាណណាមួយនៅបន្ដរស់នៅជារៀងរហូតនោះទេ។ ប៉ុន្តែគម្ពីរបានពន្យល់យ៉ាងច្បាស់ថាវិញ្ញាណគឺជាថាមពលដែលទ្រទ្រង់ជីវិតមនុស្សដើម្បីរស់។ ដូច្នេះក្រោយពីវិញ្ញាណឬថាមពលដែលទ្រទ្រង់ជីវិតចេញពីខ្លួនមនុស្ស នោះមនុស្សនឹងស្លាប់ហើយក្លាយជាធូលីដី។ (ដំណើរចាកចេញ ៣៥:២១; ចម្រៀងសរសើរព្រះ ១០៤:២៩; ម៉ាថាយ ១២:៤៣) b ដូច្នេះ សាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យដែលមាននៅខាងក្រោមនេះទេ ព្រោះជាបុណ្យដែលលើកស្ទួយជំនឿទៅលើព្រលឹងអមតៈ។
បុណ្យឆេងម៉េងនិងបុណ្យសម្រាប់ខ្មោចអត់ឃ្លាន។ បុណ្យទាំងពីរបានត្រូវធ្វើឡើងដើម្បីគោរពបូជាជីដូនជីតា។ សៀវភៅមួយអំពីទំនៀមទម្លាប់នៅក្នុងពិភពលោកបានរៀបរាប់អំពីបុណ្យឆេងម៉េងថា៖«ម្ហូប ភេសជ្ជៈ និងលុយក្រដាសបានត្រូវដុតដើម្បីកុំឲ្យជីដូនជីតាដែលបានស្លាប់ទៅអត់ឃ្លានឬស្រេកទឹក ហើយខ្វះលុយកាក់»(Celebrating Life Customs Around the World—From Baby Showers to Funerals)។ សៀវភៅនេះក៏បានប្រាប់ដែរថា៖«ក្នុងអំឡុងថ្ងៃបុណ្យសម្រាប់ខ្មោចអត់ឃ្លាន ជាពិសេសនៅយប់ដែលមានព្រះចន្ទពេញវង់ គេជឿថាមនុស្សស្លាប់និងមនុស្សរស់អាចមានទំនាក់ទំនងជាមួយគ្នាជាងយប់ណាទាំងអស់ ដូច្នេះគឺសំខាន់ដែលពួកគេត្រូវធ្វើឲ្យមនុស្សស្លាប់ពេញចិត្ត ហើយគោរពបូជាជីដូនជីតាដែលបានស្លាប់ទៅ»។
បុណ្យផ្សេងៗដែលជាប់ទាក់ទងនឹងមន្តអាគម។ គម្ពីរចែងថា៖«មិនត្រូវឲ្យមានអ្នកណាម្នាក់យកកូនប្រុសកូនស្រីខ្លួនទៅដុតជូនជាគ្រឿងបូជាទេ ហើយមិនត្រូវឲ្យមានការទស្សន៍ទាយ ឬមានគ្រូវេទមន្ត គ្រូមើលប្រផ្នូល គ្រូធ្មប់ គ្រូដាក់អំពើណាឡើយ។ អ្នករាល់គ្នាក៏មិនត្រូវទៅរកគ្រូខាប គ្រូទាយ ឬគ្រូអន្ទងខ្មោចដែរ។ ព្រោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់»។ (ការបំភ្លឺច្បាប់ ១៨:១០-១២) ដើម្បីជៀសវាងពីមន្តអាគម ដែលរួមបញ្ចូលហោរាសាស្ត្រ (ដូចជាការទស្សន៍ទាយម្យ៉ាង) សាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យផ្សេងៗដូចជា៖
បុណ្យភ្ជុំបិណ្ឌ។ សៀវភៅពិធីប្រចាំដប់ពីរខែបោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ រៀបរាប់អំពីបុណ្យភ្ជុំបិណ្ឌថា៖«ជាពិធី . . . ដើម្បីឧទ្ទិសផលានិសង្សដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ . . . នៅខែភទ្របទ . . . រនោចព្រះច័ន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដងៗ។ នៅពេលនោះហើយដែលយមរាជ‹ស្ដេចមច្ចុរាជ›ដោះលែងពួកសត្វនរកទាំងឡាយក្នុង[មួយ]ឆ្នាំម្ដង ឲ្យឡើងទៅរកបងប្អូនកូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យដែលគេធ្វើឧទ្ទិសឲ្យ។ . . . អ្នកខ្លះនិយាយថា: តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមកខំដើររកបងប្អូនកូនចៅគ្រប់៧វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ»។
សង្ក្រាន្ត។ សព្វវចនាធិប្បាយមួយអំពីសាសនាផ្សេងៗបានរៀបរាប់ថា៖«សង្ក្រាន្តគឺជាឈ្មោះរបស់បុណ្យនៃជនជាតិអាស៊ី ដែលមកពីភាសាសំស្ក្រឹតដែលមានន័យថា‹ដំណើរឃ្លាតចាកទី›ឬ‹ការឈានចូលដល់›។ នៅថ្ងៃដែលគេធ្វើបុណ្យនេះ ព្រះអាទិត្យចូលដល់ទីជួបមួយជុំរាសិចក្រដែលពួកហោរាហៅថាអេរី»(Food, Feasts, and Faith—An Encyclopedia of Food Culture in World Religions)។
បុណ្យផ្សេងៗដែលត្រូវធ្វើឡើងក្រោមច្បាប់ម៉ូសេ តែបានត្រូវបញ្ចប់ដោយសារថ្លៃលោះរបស់លោកយេស៊ូ។ គម្ពីររៀបរាប់ថា៖«គ្រិស្តជាទីបញ្ចប់នៃច្បាប់»។ (រ៉ូម ១០:៤) គ្រិស្តសាសនិកនៅតែទទួលប្រយោជន៍ពីគោលការណ៍នៃច្បាប់ម៉ូសេដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែលពីបុរាណ។ ប៉ុន្តែ ពួកគេមិនធ្វើបុណ្យផ្សេងៗក្រោមច្បាប់នោះទេ ជាពិសេសបុណ្យដែលជួយមនុស្សឲ្យសម្គាល់អត្តសញ្ញាណមេស្ស៊ី ដោយសារគ្រិស្តសាសនិកជឿថាមេស្ស៊ីបានមកដល់រួចហើយ។ គម្ពីរចែងថា៖«ការទាំងនោះជាស្រមោលនៃអ្វីៗដែលនឹងមក តែរូបពិតគឺជាគ្រិស្ត»។ (កូឡុស ២:១៧) ដោយគិតអំពីចំណុចខាងលើនេះ ហើយដោយសារមនុស្សបានរួមបញ្ចូលទំនៀមទម្លាប់ដែលមិនមានមូលដ្ឋានលើគម្ពីរ នោះសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យដូចតទៅនេះ៖
បុណ្យឆានូកា។ បុណ្យនេះរំលឹកអំពីការថ្វាយជូនវិហាររបស់ជនជាតិយូដានៅយេរូសាឡិមទៅព្រះម្ដងទៀត។ ប៉ុន្តែ គម្ពីរប្រាប់ថាលោកយេស៊ូបានក្លាយជាសម្ដេចសង្ឃនៃ«ត្រសាលដែលឧត្ដុង្គឧត្ដមនិងល្អឥតខ្ចោះជាង ជាត្រសាលដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺថាមិនមែនជាអ្វីដែលបានត្រូវបង្កើតឡើងក្នុងពិភពលោកនេះឡើយ»។ (ហេប្រឺ ៩:១១) សម្រាប់គ្រិស្តសាសនិក វិហារនៅក្រុងយេរូសាឡិមបានត្រូវជំនួសដោយវិហារដ៏រុងរឿងរបស់ព្រះ ដែលជាការរៀបចំសម្រាប់ការគោរពប្រណិប័តន៍ពិត។
តើពិធីបុណ្យនេះមានការលាយឡំជាមួយសាសនាផ្សេងៗឬទេ?
គោលការណ៍គម្ពីរ: «តើអ្នកដែលជឿមានចំណែកអ្វីជាមួយនឹងអ្នកដែលមិនជឿ? ហើយតើវិហាររបស់ព្រះមានអ្វីត្រូវគ្នានឹងរូបព្រះ?»។—កូរិនថូសទី២ ៦:១៥-១៧
កាលដែលសាក្សីព្រះយេហូវ៉ាព្យាយាមរស់នៅដោយសន្តិភាពជាមួយអ្នកជិតខាង ហើយគោរពសិទ្ធិបុគ្គលម្នាក់ៗក្នុងការជ្រើសរើសជំនឿ ពួកគេក៏ជៀសវាងពីពិធីបុណ្យផ្សេងៗដែលចូលរួមជាមួយសាសនាឯទៀត ដូចមានខាងក្រោមនេះ។
ពិធីលើកស្ទួយពួកអ្នកដឹកនាំសាសនាឬព្រឹត្តិការណ៍ផ្សេងៗដែលលើកទឹកចិត្តមនុស្សដែលមកពីសាសនាផ្សេងៗឲ្យគោរពប្រណិប័តន៍ជាមួយគ្នាដោយសាមគ្គីភាព។ ពេលព្រះនាំរាស្ត្ររបស់លោកទៅស្រុកដែលមានសាសនាផ្សេងៗ លោកបានបង្គាប់ពួកគេថា៖«អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ឬបណ្ដាព្រះរបស់ពួកគេឡើយ។ . . . បើអ្នករាល់គ្នាគោរពបម្រើព្រះរបស់ពួកគេ នោះអ្នករាល់គ្នាមុខជាជាប់អន្ទាក់ពួកគេហើយ»។ (ដំណើរចាកចេញ ២៣:៣២, ៣៣) ដូច្នេះ សាក្សីព្រះយេហូវ៉ាមិនចូលរួមពិធីបុណ្យដូចតទៅ៖
ឡូយក្រាថង។ យោងទៅតាមសព្វវចនាធិប្បាយនៃពុទ្ធសាសនិកមួយបានពន្យល់ថា ក្នុងអំឡុងពិធីបុណ្យថៃនេះ «មនុស្សធ្វើប្រទីប ដោយមានទៀនឬធូប ហើយបណ្ដែតនៅលើទឹក។ ប្រទីបនោះនាំយករឿងអាក្រក់ចេញទៅឲ្យឆ្ងាយ។ តាមពិត បុណ្យនេះរំលឹកអំពីបាតជើងដ៏បរិសុទ្ធរបស់ព្រះពុទ្ធ»(Encyclopedia of Buddhism)។
បុណ្យវិសាខបូជា។ វចនានុក្រមមួយអំពីពិធីបុណ្យផ្សេងៗក្នុងពិភពលោកបានចែងថា៖«នេះគឺជាពិធីបុណ្យដ៏បរិសុទ្ធបំផុតរបស់ពុទ្ធសាសនិក ដែលជាថ្ងៃតែមួយដែលព្រះពុទ្ធបានកើត ត្រាស់ដឹង និងចូលនិព្វាន»(Holidays, Festivals, and Celebrations of the World Dictionary)។
បុណ្យមាឃបូជា។ យោងទៅតាមវចនានុក្រមខ្មែរពុទ្ធសាសនបណ្ឌិត្យ រៀបរាប់ថា៖«ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឭកដល់ សាវកសន្និបាត ‹ការប្រជុំសាវ័ក›នៃព្រះសម្ពុទ្ធ។ . . . ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា»។
ពិធីបុណ្យផ្សេងៗដែលមានមូលដ្ឋានលើទំនៀមទម្លាប់សាសនាដែលគ្មាននៅក្នុងគម្ពីរ។ លោកយេស៊ូបានប្រាប់ពួកអ្នកដឹកនាំសាសនាថា៖«អ្នករាល់គ្នាបានធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់របស់អ្នក»។ លោកក៏បានថាការគោរពប្រណិប័តន៍របស់ពួកគេគ្មានប្រយោជន៍ទេ ដោយសារសេចក្ដីបង្រៀនរបស់ពួកគេ«គឺជាបង្គាប់របស់មនុស្សតែប៉ុណ្ណោះ»។ (ម៉ាថាយ ១៥:៦, ៩) សាក្សីព្រះយេហូវ៉ាស្ដាប់តាមការព្រមាននេះ ហេតុនេះហើយពួកគេមិនចូលរួមធ្វើពិធីបុណ្យជាច្រើនដែលមានមូលដ្ឋានលើទំនៀមទម្លាប់សាសនាឡើយ។
បុណ្យឧទ្ទិសម៉ារៀក្រមុំបរិសុទ្ធទៅស្ថានសួគ៌។ បុណ្យនេះគេប្រារព្ធឡើងដោយជឿថាម៉ារៀជាម្ដាយលោកយេស៊ូ បានឡើងទៅស្ថានសួគ៌ដោយរូបកាយសាច់ឈាម។ យោងទៅតាមសព្វវចនាធិប្បាយមួយរៀបរាប់ថា៖«គ្រិស្តសាសនិកដំបូងមិនមានជំនឿនេះទេ ហើយគម្ពីរក៏មិនបានចែងអំពីជំនឿនេះដែរ»(Religion and Society—Encyclopedia of Fundamentalism)។
បុណ្យឧទ្ទិសម៉ារៀពពោះដ៏បរិសុទ្ធ។ បុណ្យនេះគេធ្វើឡើងដោយមានជំនឿថាពេលម៉ារៀពពោះទារកយេស៊ូ នាងគ្មានភាពខុសឆ្គងទៀត។ យោងទៅតាមសព្វវចនាធិប្បាយមួយរៀបរាប់ថា៖«បុណ្យនេះមិនមែនជាសេចក្ដីបង្រៀនក្នុងគម្ពីរទេ . . . ។ នេះជាសេចក្ដីបង្រៀនដែលវិហារសាសនាបង្កើតឡើង»(New Catholic Encyclopedia)។
តើបុណ្យនេះលើកតម្កើងមនុស្សណាម្នាក់ អង្គការឬប្រជាជាតិណាមួយឬ?
គោលការណ៍គម្ពីរ: «ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖‹ត្រូវបណ្ដាសាហើយ! អ្នកណាដែលទុកចិត្តលើមនុស្ស គឺអ្នកដែលពឹងផ្អែកលើកម្លាំងរបស់មនុស្ស ហើយដែលបែរចិត្តចេញពីខ្ញុំជាយេហូវ៉ា›»។—យេរេមា ១៧:៥
សាក្សីព្រះយេហូវ៉ាគោរពអ្នកឯទៀត ហើយអធិដ្ឋានឲ្យពួកគេ។ ប៉ុន្តែ សាក្សីព្រះយេហូវ៉ាមិនចូលរួមធ្វើពិធីឬបុណ្យណាមួយដូចខាងក្រោមនេះ៖
ពិធីបុណ្យដែលលើកតម្កើងអ្នកគ្រប់គ្រងឬបុគ្គលសំខាន់ណាម្នាក់។ គម្ពីរចែងថា៖«ដើម្បីប្រយោជន៍ខ្លួន ចូរឈប់ទុកចិត្តមនុស្ស ដែលអាចផុតដង្ហើមស្លាប់ទៅ។ តើគាត់អាចជួយម្ដេចនឹងបាន?»។ (អេសាយ ២:២២) ហេតុនេះ សាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យខួបកំណើតរបស់ក្សត្រឬក្សត្រីយ៍ណាឡើយ។
ពិធីគោរពទង់ជាតិ។ សាក្សីព្រះយេហូវ៉ាមិនគោរពទង់ជាតិទេ។ ហេតុអ្វី? ព្រោះគម្ពីរចែងថា៖«ចូរជៀសចេញពីរូបព្រះ»។ (យ៉ូហានទី១ ៥:២១) មនុស្សខ្លះនៅសព្វថ្ងៃនេះ មិនចាត់ទុកថាទង់ជាតិជារូបព្រះឬវត្ថុសម្រាប់គោរពបូជាទេ។ ប៉ុន្តែ ប្រវត្តិវិទូម្នាក់ឈ្មោះខាលថិន ហេស បានសរសេរថា៖«ទង់ជាតិជានិមិត្តរូបនៃជំនឿនិងជាវត្ថុតំណាងរបស់ប្រជាជាតិមួយសម្រាប់គោរពបូជា»។
បុណ្យដែលលើកតម្កើងមនុស្ស។ តើពេត្រុសមានអារម្មណ៍យ៉ាងណាពេលដែលបុរសម្នាក់ដែលកោតខ្លាចព្រះក្រាបគោរពចំពោះគាត់? គម្ពីរឆ្លើយថា៖«ពេត្រុសបានលើកគាត់ឡើង ដោយនិយាយថា៖‹ចូរក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ›»។ (សកម្មភាព ១០:២៥, ២៦) ដោយសារពេត្រុសនិងសាវ័កឯទៀតមិនព្រមទទួលការលើកតម្កើងពិសេស នោះសាក្សីព្រះយេហូវ៉ាក៏មិនចូលរួមពិធីណាដែលលើកតម្កើងមនុស្សដែលគេចាត់ទុកជាបរិសុទ្ធឡើយ។
បុណ្យដែលទាក់ទងនឹងនយោបាយឬសង្គម។ គម្ពីរចែងថា៖«ការពឹងជ្រកព្រះយេហូវ៉ាប្រសើរជាងការទុកចិត្តមនុស្ស។ ការពឹងជ្រកព្រះយេហូវ៉ាប្រសើរជាងការទុកចិត្តពួកមានឋានៈខ្ពស់»។ (ចម្រៀងសរសើរព្រះ ១១៨:៨, ៩) ជាជាងទុកចិត្តមនុស្សឲ្យដោះស្រាយបញ្ហា សាក្សីព្រះយេហូវ៉ាទុកចិត្តព្រះថាលោកនឹងដោះស្រាយបញ្ហាទាំងអស់របស់មនុស្ស។ ដូច្នេះ សាក្សីព្រះយេហូវ៉ាមិនចូលរួមពិធីបុណ្យដែលទាក់ទងនឹងនយោបាយឬសង្គមទេ ដូចជាបុណ្យសិទ្ធិនារីជាដើម។ សាក្សីព្រះយេហូវ៉ាជឿថាមានតែរាជាណាចក្រព្រះប៉ុណ្ណោះដែលនឹងដោះស្រាយការប្រកាន់ពូជសាសន៍និងភាពមិនស្មើគ្នា។—រ៉ូម ២:១១; ៨:២១
តើបុណ្យនេះចាត់ទុកជាតិសាសន៍មួយថាប្រសើរជាជាតិសាសន៍ឯទៀតទេ?
គោលការណ៍គម្ពីរ: «ព្រះមិនរើសមុខទេ។ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ»។—សកម្មភាព ១០:៣៤, ៣៥
ទោះជាសាក្សីព្រះយេហូវ៉ាជាច្រើនស្រឡាញ់ស្រុកកំណើតរបស់ខ្លួនក៏ពិតមែន តែពួកគេមិនធ្វើបុណ្យដែលលើកតម្កើងជាតិសាសន៍មួយទេដូចរៀបរាប់នៅខាងក្រោម។
ទិវាដែលលើកកិត្តិយសកងទ័ព។ លោកយេស៊ូមិនលើកទឹកចិត្តឲ្យធ្វើសង្គ្រាមទេ តែលោកបានប្រាប់អ្នកកាន់តាមលោកថា៖«ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានឲ្យអ្នកដែលបៀតបៀនអ្នក»។ (ម៉ាថាយ ៥:៤៤) ហេតុនេះហើយបានជាសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យដែលលើកកិត្តិយសកងទ័ព។
បុណ្យរំលឹកប្រវត្តិសាស្ត្រជាតិឬឯករាជ្យជាតិ។ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកថា៖«ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូហាន ១៧:១៦) ទោះជាសាក្សីព្រះយេហូវ៉ាចូលចិត្តរៀនប្រវត្តិសាស្ត្រក្ដី ពួកគេមិនចូលរួមទិវាដូចខាងក្រោម។
បុណ្យឯករាជ្យជាតិ។ វចនានុក្រមមួយពន្យល់ថា«នៅប្រទេសមួយចំនួន នេះជាថ្ងៃដែលគេញែកទុកដើម្បីអបអរការរួចផុតពីក្រោមអាណានិគមប្រទេសមួយទៀត»(Merriam-Webster’s Unabridged Dictionary)។
តើបុណ្យនេះទាក់ទងនឹងការប្រព្រឹត្តអសីលធម៌ឬទេ?
គោលការណ៍គម្ពីរ: «វេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ ជាវេលាដែលអ្នករាល់គ្នាប្រព្រឹត្តដោយឥតកោតក្រែង ដោយតណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា និងការគោរពបូជារូបព្រះដ៏គួរឲ្យស្អប់ខ្ពើម»។—ពេត្រុសទី១ ៤:៣
យោងទៅតាមគោលការណ៍នេះ សាក្សីព្រះយេហូវ៉ាជៀសវាងពិធីបុណ្យដែលមានការផឹកស្រាហួសប្រមាណនិងការជប់លៀងសប្បាយឥតបើគិត។ សាក្សីព្រះយេហូវ៉ាសប្បាយជួបជុំជាមួយមិត្តភក្តិ ហើយបើពួកគេសម្រេចចិត្តផឹកស្រា ពួកគេផឹកដោយចេះប្រមាណ។ ពួកគេព្យាយាមធ្វើតាមឱវាទក្នុងគម្ពីរឲ្យបានដិតដល់ ដែលថា៖«ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ១០:៣១
ដូច្នេះ សាក្សីព្រះយេហូវ៉ាមិនចូលរួមពិធីបុណ្យដែលលើកស្ទួយការប្រព្រឹត្តដែលប្រឆាំងនឹងគោលការណ៍គម្ពីរ។ នេះរួមបញ្ចូលពិធីបុណ្យរបស់ជនជាតិយូដាដែលគេហៅថាបុណ្យភូរឹមដែរ។ នៅសតវត្សរ៍ទី៥ មុនគ.ស. ជនជាតិយូដាបានធ្វើបុណ្យភូរឹមដើម្បីរំលឹកអំពីការសង្គ្រោះពួកគេ។ យោងទៅតាមសៀវភៅមួយរបស់សាសនាយូដាថា«ឥឡូវបុណ្យនេះស្រដៀងនឹងបុណ្យមួយដែលមានមនុស្សពាក់ខោអាវពណ៌ឆើតៗ ហើយរាំរែកនៅតាមផ្លូវ»(Essential Judaism)។ អ្នកចូលរួមជាច្រើនស្លៀកសម្លៀកបំពាក់ចម្លែកៗ(ជាញឹកញយប្រុសតែងខ្លួនជាស្រី) ផឹកស្រាច្រើន មានការប្រព្រឹត្តគ្មានសណ្ដាប់ធ្នាប់ ហើយស្រែកឡូឡា»។
តើសាក្សីព្រះយេហូវ៉ាដែលមិនធ្វើពិធីបុណ្យផ្សេងៗនៅតែស្រឡាញ់ក្រុមគ្រួសាររបស់ពួកគេទេ?
ពិតជាស្រឡាញ់។ គម្ពីរបង្រៀនឲ្យស្រឡាញ់និងគោរពសមាជិកគ្រួសារទាំងអស់ ទោះជាពួកគេកាន់សាសនាផ្សេងក៏ដោយ។ (ពេត្រុសទី១ ៣:១, ២, ៧) ពេលសាក្សីព្រះយេហូវ៉ាឈប់ធ្វើបុណ្យមួយចំនួន សាច់ញាតិខ្លះរបស់គាត់ប្រហែលជាអន់ចិត្ត ថែមទាំងឈឺចិត្តទៀតផង ហើយគិតថាគាត់ផ្ដាច់ទំនាក់ទំនងពីក្រុមគ្រួសារ។ ដូច្នេះ សាក្សីព្រះយេហូវ៉ាជាច្រើនខំព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ដល់ក្រុមគ្រួសារនិងសាច់ញាតិ ហើយក៏ព្យាយាមពន្យល់អំពីការសម្រេចចិត្តរបស់ខ្លួនដោយសប្បុរស ព្រមទាំងទៅលេងក្រុមគ្រួសារនិងសាច់ញាតិនៅពេលផ្សេងដែរ។
តើសាក្សីព្រះយេហូវ៉ាប្រាប់អ្នកឯទៀតមិនឲ្យធ្វើពិធីបុណ្យផ្សេងៗឬទេ?
មិនមែនទេ។ ពួកគេជឿថាបុគ្គលម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ (យ៉ូស្វេ ២៤:១៥) សាក្សីព្រះយេហូវ៉ា«គោរពមនុស្សគ្រប់ប្រភេទ» មិនថាពួកគេមានជំនឿសាសនាអ្វីក៏ដោយ។—ពេត្រុសទី១ ២:១៧