តើមានអ្វីកើតឡើងចំពោះសាក្សីព្រះយេហូវ៉ាក្នុងអំឡុងរបបប្រល័យពូជសាសន៍របស់ហ៊ីត្លែរ?
ក្នុងរបបប្រល័យពូជសាសន៍របស់ហ៊ីត្លែរ មានសាក្សីព្រះយេហូវ៉ាប្រមាណ៣៥.០០០នាក់ រស់នៅក្នុងប្រទេសអាល្លឺម៉ង់និងប្រទេសផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ណាត្ស៊ី។ ក្នុងចំណោមនោះមានសាក្សីព្រះយេហូវ៉ាប្រហែល១.៥០០នាក់បានត្រូវគេសម្លាប់។ យើងមិនដឹងមូលហេតុទាំងអស់ដែលបានបណ្ដាលឲ្យពួកគេស្លាប់ឡើយ។ ដោយសារនៅតែមានការស្រាវជ្រាវ ដូច្នេះព័ត៌មានល្អិតល្អន់ប្រហែលជានឹងត្រូវកែថ្មីនៅពេលក្រោយ។
តើពួកគេបានស្លាប់យ៉ាងដូចម្ដេច?
ការប្រហារជីវិត៖ សាក្សីព្រះយេហូវ៉ាជិត៤០០នាក់បានត្រូវគេប្រហារជីវិតនៅប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ណាត្ស៊ី។ ជនរងគ្រោះភាគច្រើនដែលត្រូវវិនិច្ឆ័យក្ដីនៅតុលាការ បានត្រូវកាត់ទោសប្រហារជីវិតនិងកាត់ក្បាល។ អ្នកខ្លះទៀតបានត្រូវបាញ់សម្លាប់ឬព្យួរ ដោយគ្មានការកាត់ក្ដីតាមផ្លូវការពីតុលាការទេ។
ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ៖ សាក្សីព្រះយេហូវ៉ាជាង១.០០០នាក់បានស្លាប់នៅជំរំឃុំឃាំងនិងនៅមន្ទីរឃុំឃាំងរបស់ណាត្ស៊ី។ ពួកគេបានធ្វើការនឿយហត់រហូតដល់ស្លាប់ ឬស្លាប់ដោយរងទារុណកម្ម ការអត់ឃ្លាន ត្រជាក់ខ្លាំង ជំងឺ ឬគ្មានការព្យាបាលត្រឹមត្រូវ។ ម្យ៉ាងទៀត ដោយសារការធ្វើបាបយ៉ាងព្រៃផ្សៃ នោះអ្នកផ្សេងទៀតបានស្លាប់ភ្លាមៗក្រោយពីមានសេរីភាពនៅចុងបញ្ចប់សង្គ្រាមលោកលើកទី២។
មូលហេតុផ្សេងទៀត៖ សាក្សីព្រះយេហូវ៉ាខ្លះបានត្រូវសម្លាប់ក្នុងបន្ទប់បង្ហុយផ្សែងហ្គាស ត្រូវស្លាប់ដោយការពិសោធខាងវេជ្ជសាស្ត្រ ឬត្រូវចាក់ថ្នាំសម្លាប់។
ហេតុអ្វីពួកគេទទួលការបៀតបៀន?
សាក្សីព្រះយេហូវ៉ាបានត្រូវគេបៀតបៀនដោយសារពួកគេធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ។ ពេលដែលពួកណាត្ស៊ីចេញបញ្ជាឲ្យសាក្សីព្រះយេហូវ៉ាធ្វើអ្វីដែលខុសពីបង្គាប់ក្នុងគម្ពីរ នោះពួកគេមិនព្រមធ្វើតាមទេ។ ពួកគេសម្រេចចិត្ត«ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ (សកម្មភាព ៥:២៩) សូមពិចារណាទិដ្ឋភាពពីរដែលពួកគេបានសម្រេចចិត្តដូច្នោះ។
១. ការកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ។ ដូចសាក្សីព្រះយេហូវ៉ានៅប្រទេសផ្សេងៗនាសព្វថ្ងៃដែរ សាក្សីព្រះយេហូវ៉ាដែលរស់នៅក្រោមការគ្រប់គ្រងរបស់ណាត្ស៊ី កាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ។ (យ៉ូហាន ១៨:៣៦) ហេតុនេះហើយបានជាពួកគេ
មិនព្រមធ្វើទាហានឬធ្វើកិច្ចការណាដែលគាំទ្រសង្គ្រាមឡើយ។—អេសាយ ២:៤; ម៉ាថាយ ២៦:៥២
មិនព្រមបោះឆ្នោតឬចូលរួមអង្គការផ្សេងៗរបស់ពួកណាត្ស៊ីទេ។—យ៉ូហាន ១៧:១៦
មិនព្រមគោរពនិមិត្តសញ្ញាហ៊ីត្លែរឬនិយាយថា៖«សេចក្ដីសង្គ្រោះមកពីហ៊ីត្លែរ!»ទេ។—ម៉ាថាយ ២៣:១០; កូរិនថូសទី១ ១០:១៤
២. ការធ្វើតាមជំនឿពួកគេ។ ទោះជាសកម្មភាពផ្សេងៗដែលទាក់ទងនឹងជំនឿរបស់សាក្សីព្រះយេហូវ៉ាបានត្រូវហាមឃាត់ក្ដី ពួកគេនៅតែបន្ត
ជួបជុំគ្នាដើម្បីអធិដ្ឋាននិងគោរពប្រណិប័តន៍ព្រះ។—ហេប្រឺ ១០:២៤, ២៥
ផ្សព្វផ្សាយដំណឹងពីគម្ពីរនិងចែកចាយសៀវភៅផ្សេងៗដែលមានមូលដ្ឋានក្នុងគម្ពីរ។—ម៉ាថាយ ២៨:១៩, ២០
បង្ហាញសេចក្ដីសប្បុរសចំពោះអ្នកជិតខាងរបស់ពួកគេ រួមទាំងជនជាតិយូដាជាដើម។—ម៉ាកុស ១២:៣១
កាន់ខ្ជាប់តាមជំនឿរបស់ពួកគេ ហើយមិនព្រមចុះហត្ថលេខាលើឯកសារលះបង់ចោលជំនឿពួកគេឡើយ។—ម៉ាកុស ១២:៣០
បណ្ឌិតរ៉ូបឺត ហ្គាវ៉ត បានសន្និដ្ឋានថាសាក្សីព្រះយេហូវ៉ាជា«ក្រុមតែមួយគត់ដែលរស់នៅក្រោមរបបណាត្ស៊ីបានទទួលរងការបៀតបៀនដោយសារតែជំនឿ»។ a អ្នកទោសឯទៀតដែលជាប់ក្នុងជំរំឃុំឃាំងដូចគ្នា បានសរសើរសាក្សីព្រះយេហូវ៉ាចំពោះការកាន់ជំហរមុតមាំរបស់ពួកគេ។ អ្នកទោសជនជាតិអូទ្រីសម្នាក់បានសង្កេតឃើញថា៖«សាក្សីព្រះយេហូវ៉ាមិនធ្វើសង្គ្រាមទេ។ ពួកគេសុខចិត្តស្លាប់ជាជាងសម្លាប់អ្នកឯទៀត»។
តើពួកគេបានស្លាប់នៅឯណា?
ជំរំឃុំឃាំង៖ សាក្សីព្រះយេហូវ៉ាភាគច្រើនបានស្លាប់នៅជំរំឃុំឃាំង។ ពួកគេបានត្រូវឃុំនៅក្នុងជំរំផ្សេងៗ ដូចជាអូឈ្វិត ប៊ូកីនវល ដាខាវ ផ្លសិនបឺក ម៉ោតោសិន ញូវអេនហ្គាំ នីដឺហេហ្គិន រ៉ាវិនប្រុក និងសាក្សិនហោសិន។ គ្រាន់តែជំរំសាក្សិនហោសិនប៉ុណ្ណោះ គេបានរកឃើញថាមានសាក្សីព្រះយេហូវ៉ាប្រហែល២០០នាក់បានស្លាប់។
មន្ទីរឃុំឃាំង៖ សាក្សីព្រះយេហូវ៉ាខ្លះបានរងទារុណកម្មរហូតដល់ស្លាប់នៅក្នុងគុក ហើយខ្លះទៀតបានស្លាប់ដោយសាររងទារុណកម្មពេលគេសួរចម្លើយ។
កន្លែងប្រហារជីវិត៖ សាក្សីព្រះយេហូវ៉ាភាគច្រើនបានត្រូវប្រហារជីវិតនៅមន្ទីរឃុំឃាំងផ្លសិនស៊ី(បែរឡាំង) ប្រេនឌេនបឺក និងហាលឡេ(សាឡឺ)។ បន្ថែមទៅទៀត យោងទៅតាមឯកសារបញ្ជាក់ថាមានប្រមាណ៧០កន្លែងទៀតដែលគេប្រហារជីវិតសាក្សីព្រះយេហូវ៉ា។
បងប្អូនខ្លះដែលត្រូវគេប្រហារជីវិត
ឈ្មោះ៖ ហាឡាណា ហ្គតហូល
កន្លែងប្រហារជីវិត៖ ផ្លសិនស៊ី(បែរឡាំង)
ហាឡាណាមានប្ដីនិងកូនពីរនាក់។ គាត់បានត្រូវចាប់ខ្លួនអស់ជាច្រើនដង។ នៅឆ្នាំ១៩៣៧ គាត់បានត្រូវគេវាយធ្វើបាបយ៉ាងសាហាវពេលសួរចម្លើយ រហូតដល់គាត់រលូតកូន។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៤៤ គាត់បានត្រូវកាត់ក្បាលដោយម៉ាស៊ីនកាត់ក្បាលក្នុងមន្ទីរឃុំឃាំងផ្លសិនស៊ី នៅក្រុងបែរឡាំង។
ឈ្មោះ៖ ហ្គឺតហាត លីបូត
កន្លែងប្រហារជីវិត៖ ប្រេនឌេនបឺក
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៣ ហ្គឺតហាតដែលមានអាយុ២០ឆ្នាំ បានត្រូវគេកាត់ក្បាល គឺពីរឆ្នាំក្រោយពីឪពុករបស់គាត់បានត្រូវគេកាត់ក្បាលនៅមន្ទីរឃុំឃាំងដូចគ្នា។ គាត់បានសរសេរសំបុត្រលាទៅកាន់ក្រុមគ្រួសារនិងគូដណ្ដឹងរបស់គាត់ថា៖«បើគ្មានឫទ្ធានុភាពពីព្រះទេ នោះខ្ញុំមិនអាចដើរតាមផ្លូវនេះបានឡើយ»។
ឈ្មោះ៖ រូដូហ្វ អូសឆ្នឺ
កន្លែងប្រហារជីវិត៖ ហាលឡេ(សាឡឺ)
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៤ រូដូហ្វបានត្រូវគេកាត់ក្បាល ហើយនៅពេលនោះគាត់មានអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ គាត់បានសរសេរសំបុត្រលាម្ដាយគាត់ថា៖«បងប្អូនជាច្រើនបានដើរតាមផ្លូវនេះ ហើយខ្ញុំក៏នឹងដើរដែរ»។
a សៀវភៅHitler’s Hangman: The Life of Heydrich ទំព័រ១០៥។