ជំនួយសម្រាប់ក្រុមគ្រួសារ
តើខ្ញុំគួរធ្វើអ្វីបើកូនត្រូវគេសម្លុតធ្វើបាប?
កូនរបស់អ្នកប្រាប់អ្នកថាមានគេសម្លុតធ្វើបាបគាត់នៅសាលារៀន។ តើអ្នកអាចធ្វើអ្វីបាន? តើអ្នកគួរទៅទាមទារឲ្យសាលាដាក់ទណ្ឌកម្មក្មេងដែលធ្វើបាបកូនរបស់អ្នកទេ? ឬបង្រៀនកូនឲ្យចេះតដៃនឹងក្មេងទាំងនោះវិញ? មុនសម្រេចចិត្តថាត្រូវធ្វើយ៉ាងណា សូមពិចារណាអំពីចំណុចសំខាន់ៗខ្លះស្ដីអំពីការសម្លុតធ្វើបាប។
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការសម្លុតធ្វើបាប?
តើអ្វីជាការសម្លុតធ្វើបាប? ការសម្លុតធ្វើបាបគឺជារឿងធ្ងន់ធ្ងរជាពិសេសនៅពេលដែលជនរងគ្រោះបានត្រូវគេធ្វើបាបខាងផ្លូវកាយនិងផ្លូវចិត្តឥតឈប់ឈរនិងដោយចេតនា។ ដូច្នេះមិនមែនការស្ដីបន្ទោសឬការប្រព្រឹត្តដោយមិនសប្បុរសទាំងអស់គឺជាការសម្លុតធ្វើបាបឡើយ។
មូលហេតុដែលចំណុចនេះសំខាន់: មនុស្សខ្លះប្រើពាក្យ«សម្លុតធ្វើបាប»ដើម្បីសំដៅទៅលើការប្រព្រឹត្តណាក៏ដោយដែលធ្វើឲ្យអាក់អន់ចិត្តមិនថាតូចតាចប៉ុណ្ណាក្ដី។ ប៉ុន្តែបើសិនជាអ្នកលូកដៃក្នុងរឿងតូចតាចដែលកូនជួបប្រទះ អ្នកកំពុងបង្រៀនកូនរបស់អ្នកថាពួកគេមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានឡើយ។ ការរៀនចេះដោះស្រាយបញ្ហាដែលខ្លួនមានជាមួយនឹងអ្នកឯទៀតគឺសំខាន់ចាំបាច់សម្រាប់កូននៅឥឡូវនេះនិងសម្រាប់ជីវិតជាមនុស្សពេញវ័យ។
គោលការណ៍គម្ពីរ: «កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ»។—សាស្ដា ៧:៩
សរុបសេចក្ដីមក: ទោះជាពេលខ្លះកូននឹងត្រូវការជំនួយពីអ្នកក៏ដោយ តែក្នុងស្ថានភាពឯទៀតអ្នកអាចផ្ដល់ឱកាសឲ្យពួកគេរៀនធ្វើជាមនុស្សរឹងមាំនឹងចេះប្រឈមមុខនឹងមនុស្សដទៃ។—កូឡុស ៣:១៣
ចុះយ៉ាងណាបើកូនរបស់អ្នកនិយាយថាគាត់ទទួលរងការសម្លុតធ្វើបាបដោយចេតនាឥតឈប់ឈរ?
តើខ្ញុំអាចជួយកូនតាមរបៀបណា?
ស្ដាប់កូនដោយចិត្តអត់ធ្មត់ សូមព្យាយាមយល់អ្វីពីរយ៉ាង។ (១) អ្វីដែលបានកើតឡើងនិង (២) មូលហេតុដែលកូនត្រូវគេធ្វើបាប។ កុំអាលសម្រេចចិត្តធ្វើអ្វីក៏ដោយបើអ្នកមិនទាន់ដឹងហេតុការណ៍ពិត។ ដើម្បីយល់ច្បាស់អំពីរឿងដែលបានកើតឡើង អ្នកប្រហែលជាត្រូវទៅនិយាយជាមួយគ្រូរបស់កូនឬឪពុកម្ដាយរបស់មិត្តរួមថ្នាក់កូន។
គោលការណ៍គម្ពីរ: «អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង»។—សុភាសិត ១៨:១៣
បើសិនកូនរបស់អ្នកទទួលរងការសម្លុតធ្វើបាបនៅសាលា សូមជួយពួកគេឲ្យឃើញថាប្រតិកម្មរបស់ពួកគេអាចធ្វើឲ្យស្ថានភាពនោះទៅជាល្អជាង ឬអាក្រក់ជាង។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។»។ (សុភាសិត ១៥:១) ការសងសឹកអាចបង្កឲ្យមានបញ្ហាកាន់តែធំឡើងជាជាងដោះស្រាយបញ្ហានោះ ហើយវាអាចធ្វើឲ្យកូនទទួលរងការធ្វើបាបកាន់តែសាហាវជាងមុន។
គោលការណ៍គម្ពីរ: «មិនមែនដោយធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬជេរប្រមាថសងអ្នកដែលជេរប្រមាថខ្លួនឡើយ»។—ពេត្រុសទី១ ៣:៩
សូមពន្យល់កូនថាការមិនតដៃមិនធ្វើឲ្យកូនក្លាយទៅជាមនុស្សកំសាកឡើយ។ ផ្ទុយទៅវិញ ការធ្វើដូច្នេះបង្ហាញថាកូនគឺជាមនុស្សរឹងមាំដោយសារគាត់មិនឲ្យនរណាម្នាក់គ្រប់គ្រងលើការប្រព្រឹត្តរបស់គាត់ឡើយ។ និយាយឲ្យស្រួលយល់ គាត់នឹងយកឈ្នះក្មេងដែលធ្វើបាបគាត់ដោយមិនប្រព្រឹត្តដូចគេ។
បើកូនបានទទួលការចំអកមើលងាយតាមអ៊ីនធឺណិតគឺជាការសំខាន់ណាស់ឲ្យកូនចាំចំណុចនេះ។ ការឈ្លោះគ្នាតាមអ៊ីនធឺណិតបើកឱកាសឲ្យកូនបន្តទទួលរងការធ្វើបាបហើយមិនត្រឹមតែប៉ុណ្ណោះ គាត់អាចត្រូវគេចោទប្រកាន់ថាជាអ្នកសម្លុតធ្វើបាបគេទៀតផង! ហេតុនេះហើយ ពេលខ្លះការមិនតបឆ្លើយអាចជាវិធីល្អបំផុតដោយសារក្មេងដែលធ្វើបាបនោះចង់ឃើញប្រតិកម្មរបស់កូន។ តែបើគាត់គ្មានប្រតិកម្ម ក្មេងនោះទំនងជានឹងឈប់ដោយសារគាត់ឃើញថាអ្វីទាំងនេះគ្មានឥទ្ធិពលលើកូនឡើយ។
គោលការណ៍គម្ពីរ: «ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់»។—សុភាសិត ២៦:២០
ពេលខ្លះកូនរបស់អ្នកអាចគេចចេញពីមនុស្សនឹងកន្លែងណាដែលអាចត្រូវគេសម្លុតធ្វើបាប។ ជាឧទាហរណ៍ បើគាត់ស្គាល់កន្លែងដែលក្មេងឬក្រុមដែលធ្វើបាបគេនោះច្រើនតែទៅ កូនអាចជៀសវាងពីបញ្ហាដោយដើរតាមផ្លូវផ្សេង។
គោលការណ៍គម្ពីរ: «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។—សុភាសិត ២២:៣
សូមសាកល្បងវិធីនេះ: សូមជួយកូនគិតអំពីផលប្រយោជន៍នឹងផលវិបាកមុនពេលសម្រេចចិត្តធ្វើអ្វីមួយ។ ជាឧទាហរណ៍:
តើអ្វីនឹងកើតឡើងបើកូនមិនអើពើនឹងក្មេងដែលធ្វើបាប?
តើនឹងមានអ្វីកើតឡើងបើកូនប្រាប់អ្នកដែលធ្វើបាបគាត់ឲ្យឈប់ធ្វើនោះដោយមានទំនុកចិត្ត?
តើនឹងមានអ្វីកើតឡើងបើកូនរាយការណ៍ប្រាប់សាលាអំពីហេតុការណ៍ទាំងនេះ?
តើកូនអាចធ្វើកំប្លែងដើម្បីកែប្រែស្ថានភាពទេ?
មិនថាការសម្លុតធ្វើបាបគឺផ្ទាល់មុខឬតាមតាមអ៊ីនធឺណិតក្ដី ស្ថានភាពនីមួយៗគឺខុសពីគ្នា។ ដូច្នេះសូមជួយកូនរបស់អ្នកឲ្យរកដំណោះស្រាយដែលមានប្រសិទ្ធភាព។ សូមពង្រឹងទំនុកចិត្តរបស់កូនដោយឲ្យគាត់ដឹងអ្នកនឹងគាំទ្រគាត់។
គោលការណ៍គម្ពីរ: «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។»។—សុភាសិត ១៧:១៧