ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
ចូរការពារកូនពីរូបអាសអាភាស
ម្ដាយម្នាក់ឈ្មោះនីខូលបានរៀបរាប់ថា៖«មិនមែនយើងមិនដឹងថាការមើលរូបអាសអាភាសនាំឲ្យមានគ្រោះថ្នាក់នោះទេ ការពិតយើងដឹងច្បាស់ថាវាមានគ្រោះថ្នាក់ តែយើងមិនដឹងថាវាងាយស្រួលឲ្យកូនស្រីរបស់យើងឃើញរូបទាំងនោះប៉ុណ្ណាទេ»។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា
អ្វីដែលអ្នកគួរដឹង
កុមារអាចមើលរូបអាសអាភាសតាំងពីក្មេង។ តាមការសិក្សាបង្ហាញថា ជាមធ្យមក្មេងដែលមើលរូបអាសអាភាសជាលើកដំបូង គឺអាយុ១១ឆ្នាំ។
កូនក្មេងអាចឃើញរូបអាសអាភាស ទោះជាពួកគេមិនបានរកមើលក៏ដោយ។ ជាឧទាហរណ៍ ពួកគេប្រហែលជាឃើញរូបអាសអាភាសនៅពេលដែលពួកគេកំពុងស្វែងរកព័ត៌មានណាមួយក្នុងអ៊ីនធឺណិត ឬពេលពួកគេកំពុងអូសមើលបណ្ដាញសង្គម។ ការផ្សាយពាណិជ្ជកម្មរូបអាសអាភាសប្រហែលជាលេចមកភ្លាមៗ កាលដែលពួកគេកំពុងលេងហ្គេមវីដេអូតាមអនឡាញ។ រូបអាសអាភាសអាចមានទម្រង់ខុសៗគ្នា តែភាគច្រើនជារូបភាពនិងវីដេអូ។ ប៉ុន្តែ បុគ្គលម្នាក់ស្រួលរកមើលរឿងអាសអាភាសតាមអ៊ីនធឺណិត មិនថាជាការស្ដាប់ឬអានក្ដី។
អ្វីមួយទៀតដែលគួរពិចារណា គឺថាក្មេងៗអាចទទួលសារជារូបអាសអាភាសដែលគេផ្ញើមកពួកគេតាមគ្រឿងអេឡិចត្រូនិក។ តាមការស្រាវជ្រាវមួយរៀបរាប់ថា មានយុវវ័យជាង៩០០នាក់បាននិយាយថាពួកគេឧស្សាហ៍ទទួលសារក្នុងទូរស័ព្ទជាវីដេអូនិងរូបថតស្រាតពីមិត្តរួមថ្នាក់ ក្នុងចំណោមយុវវ័យទាំងនោះមានក្មេងស្រីប្រមាណ៩០ភាគរយ និងក្មេងប្រុសប្រមាណ៥០ភាគរយ។
រូបអាសអាភាសដែលគេពេញនិយមច្រើនតែលាយឡំអំពើឃោរឃៅ។ រូបអាសអាភាសដែលងាយចូលមើលនិងពេញនិយម ភាគច្រើនមានការប្រព្រឹត្តយ៉ាងសាហាវទៅលើស្ត្រីភេទ។
រូបអាសអាភាសមានគ្រោះថ្នាក់ដល់កូនក្មេង។ តាមការស្រាវជ្រាវបានបង្ហាញថា ក្មេងៗដែលមើលរូបអាសអាភាសទំនងជាមានបញ្ហាដូចខាងក្រោម៖
រៀនខ្សោយ
ខ្វល់ចិត្ត តានតឹងចិត្ត និងគិតថាខ្លួនគ្មានតម្លៃ
ចាត់ទុកការបង្ខំរួមភេទគឺជារឿងធម្មតា
សរុបសេចក្ដី៖ បើក្មេងៗមើលរូបអាសអាភាស នោះពួកគេទំនងជាទទួលឥទ្ធិពលអាក្រក់។ ប៉ុន្តែ ឪពុកម្ដាយមានតួនាទីសំខាន់បំផុតក្នុងការការពារពួកគេ។
គោលការណ៍គម្ពីរ៖ «ពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នានៅថ្ងៃនេះ ត្រូវដក់ជាប់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវបង្ហាត់បង្រៀនដល់កូនចៅរបស់ខ្លួន ដោយនិយាយប្រាប់ពួកគេក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ក្នុងកាលដែលដើរតាមផ្លូវ ក្នុងកាលដែលដេក និងក្រោកឡើងផង»។—ការបំភ្លឺច្បាប់ ៦:៦, ៧
របៀបការពារកូនពីរូបអាសអាភាស
ដឹងអ្វីដែលនឹងកើតឡើង។ សូមគិតមើលថាតើពេលណានិងកន្លែងណាដែលកូនទំនងជានឹងឃើញរូបអាសអាភាស។ ជាឧទាហរណ៍ តើគាត់លេងអ៊ីនធឺណិតនៅពេលចេញលេងដោយគ្មានការត្រួតពិនិត្យឬ?
សូមស្វែងយល់ថាទូរស័ព្ទរបស់កូន aមានកម្មវិធីអ្វីខ្លះសម្រាប់ដាក់កម្រិតព័ត៌មានដែលគាត់ទទួល ហើយតើគាត់កំពុងប្រើប្រាស់កម្មវិធីអ្វី និងកំពុងលេងហ្គេមវីដេអូអ្វីខ្លះ។ ជាឧទាហរណ៍ កម្មវិធីខ្លះអាចកំណត់ឲ្យសាររូបភាព ឬវីដេអូ «បាត់ទៅដោយឯកឯង»ក្រោយមួយរយៈ។ វីដេអូហ្គេមកាន់តែច្រើន បើកឲ្យអ្នកលេងស្រួលមើលរូបអាសអាភាស ហើយថែមទាំងមានសកម្មភាពរួមភេទនៅក្នុងហ្គេមទៀតផង។
ឪពុកម្នាក់ឈ្មោះដាវីឌ បានរៀបរាប់ថា៖«ខ្ញុំហ៊ាននិយាយដូច្នេះដោយសារមានបទពិសោធន៍ផ្ទាល់ គឺថាបើកូនយើងមានទូរស័ព្ទទំនើប យើងជាឪពុកម្ដាយគួរដឹងអំពីរបៀបប្រើប្រាស់ទូរស័ព្ទនោះ ដឹងអំពីកម្មវិធីទប់ស្កាត់អ្វីដែលមិនសមរម្យ និងរបៀបតាមដានកូនកំពុងធ្វើអ្វីខ្លះក្នុងគ្រឿងអេឡិចត្រូនិករបស់គាត់»។
គោលការណ៍គម្ពីរ៖ «ចិត្តរបស់អ្នកដែលមានការយល់ដឹងខំឲ្យបានចំណេះ»។—សុភាសិត ១៨:១៥
សូមខំអស់ពីសមត្ថភាពដើម្បីការពារកូនពីរូបអាសអាភាស។ ចាត់វិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ជាឧទាហរណ៍ សូមដាក់កម្មវិធីទប់ស្កាត់រូបអាសអាភាសកុំឲ្យចូលក្នុងទូរស័ព្ទរបស់កូនអ្នក និងគ្រឿងអេឡិចត្រូនិកទាំងអស់ដែលក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ បើទូរស័ព្ទរបស់កូនមានកម្មវិធីមួយដែលឪពុកម្ដាយអាចត្រួតពិនិត្យថាកូនប្រើប្រាស់ទូរស័ព្ទយ៉ាងណា សូមប្រើប្រាស់កម្មវិធីនោះ។ បន្ថែមទៅទៀត សូមស្គាល់លេខសម្ងាត់ក្នុងទូរស័ព្ទរបស់កូនដែរ។
ឪពុកម្នាក់ឈ្មោះម៉ោរីតស្យូ បានរៀបរាប់ថា៖«ខ្ញុំឃើញថាជាការល្អបើឪពុកម្ដាយចុចបើកកម្មវិធីក្នុងទូរស័ព្ទកូនកុំឲ្យកូនមើលអ្វីមិនសមរម្យ ហើយត្រូវដឹងលេខសម្ងាត់ក្នុងទូរស័ព្ទរបស់គាត់ដែរ។ ម្យ៉ាងទៀត បើទូរទស្សន៍របស់យើងអាចភ្ជាប់អ៊ីនធឺណិត យើងអាចបិទវេបសាយដែលមិនល្អដើម្បីកុំឲ្យកូនមើល»។
ឪពុកម្នាក់ឈ្មោះជឹនលូកឹ បានរៀបរាប់ថា៖«ខ្ញុំមិនឲ្យកូនប្រុសៗខ្ញុំមើលវីដេអូនៅក្នុងបន្ទប់របស់គេទាំងបិទទ្វារទេ។ ពេលដល់ម៉ោងចូលគេង ខ្ញុំក៏មិនឲ្យពួកគេយកគ្រឿងអេឡិចត្រូនិកចូលបន្ទប់ពួកគេដែរ»។
គោលការណ៍គម្ពីរ៖ «មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន»។—សុភាសិត ២២:៣
បង្រៀនកូនឲ្យជៀសវាងពីការមើលរូបអាសអាភាស។ ម្ដាយម្នាក់ឈ្មោះផ្លាវីយ៉ាបានសារភាពថា៖«ឪពុកម្ដាយខ្លះមិននិយាយជាមួយកូនអំពីរូបអាសអាភាសទេ ព្រោះពួកគេគិតថាកូនរបស់ពួកគេនឹងមិនមើលរូបទាំងនោះទេ»។ ឪពុកម្ដាយឯទៀត ប្រហែលជាបារម្ភថា៖‹បើខ្ញុំលើកឡើងអំពីរឿងនោះ តិចកូនខ្ញុំទៅរកមើលទៅ›។ ការគិតដូចនេះគឺខុសហើយ។ ឪពុកម្ដាយដែលមានប្រាជ្ញានឹងបង្រៀនកូនអំពីគ្រោះថ្នាក់ដែលមកពីរូបអាសអាភាស មុនកូនឃើញរូបទាំងនោះ។ តើអ្នកអាចបង្រៀនកូនយ៉ាងដូចម្ដេច?
បង្រៀនកូនៗអំពីអ្វីដែលពួកគេគួរធ្វើ បើរូបភាពទាំងនោះលេចមក។ ជាឧទាហរណ៍ ពួកគេអាចបិទភ្នែកឬបិទគ្រឿងអេឡិចត្រូនិករបស់ពួកគេ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយជាមួយអ្នកអំពីអ្វីដែលពួកគេឮឬឃើញ។ b
ម៉ោរីតស្យូបានរៀបរាប់បន្ថែមថា៖«យើងចាប់ផ្ដើមនិយាយអំពីគ្រោះថ្នាក់នៃការមើលរូបអាសអាភាសតាំងពីកូននៅក្មេង។ ពេលគាត់អាយុជិត១១ឆ្នាំ មានពេលមួយការផ្សាយពាណិជ្ជកម្មអំពីរូបអាសអាភាសបានលេចមកក្នុងហ្គេមដែលគាត់បានថតចម្លងក្នុងទូរស័ព្ទរបស់គាត់។ ក្នុងពាណិជ្ជកម្មនោះក៏មានការស្នើសុំឲ្យផ្ញើរូបថតរបស់គាត់ដែរ។ ប៉ុន្តែ ដោយសារយើងបានពិភាក្សាគ្នាជាមុនរួចហើយ នោះគាត់បានមកប្រាប់ខ្ញុំភ្លាមអំពីអ្វីដែលបានកើតឡើង»។
គោលការណ៍គម្ពីរ៖ «ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ យ៉ាងនេះ ទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ»។—សុភាសិត ២២:៦
ជួយកូនជំទង់ឲ្យយកឈ្នះការល្បួងឲ្យអាន ស្ដាប់ ឬមើលរូបអាសអាភាស។ ជាឧទាហរណ៍ សូមឲ្យកូនធ្វើកិច្ចសន្យាដែលរៀបរាប់អំពីវិន័យគ្រួសារស្ដីអំពីអ្វីដែលគាត់នឹងធ្វើ បើគាត់ឃើញរូបអាសអាភាស និងមូលហេតុដែលគាត់ចង់ធ្វើដូចនោះ។ សូមឲ្យគាត់រៀបរាប់ផងដែរក្នុងកិច្ចសន្យានោះអំពីផលវិបាកដែលមកពីការមើលរូបអាសអាភាសដោយចេតនា ដូចជាលែងមានការគោរពចំពោះខ្លួន បាត់បង់ទំនុកចិត្តពីឪពុកម្ដាយ និងបង្ខូចចំណងមិត្តភាពជាមួយព្រះ។ c
ម្ដាយម្នាក់ឈ្មោះឡរីតឺបានរៀបរាប់ថា៖«ពេលដែលកូនធំជាង សូមជួយពួកគេឲ្យយកឈ្នះការល្បួងមើលរូបអាសអាភាស ដោយគិតពិចារណាអំពីផលវិបាកយូរអង្វែងដែលពួកគេនឹងទទួល»។
ឪពុកឈ្មោះដាវីឌ បានបន្ថែមថា៖«គឺមិនគ្រប់គ្រាន់ទេ បើកូនរបស់យើងយល់ថាការមើលរូបអាសអាភាសនាំឲ្យមានគ្រោះថ្នាក់ តែពួកគេក៏ត្រូវគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាដែរ។ បើពួកគេគិតដូចនោះ ពួកគេនឹងស្រួលយកឈ្នះការល្បួងឲ្យមើលរូបអាសអាភាសជាង»។
គោលការណ៍គម្ពីរ៖ «ប្រាជ្ញាជាគ្រឿងការពារ»។—អ្នកទូន្មាន ៧:១២
និយាយជាមួយកូនជាទៀងទាត់។ តាមការពិត កូនៗចង់និយាយជាមួយឪពុកម្ដាយអំពីរឿងខាងផ្លូវភេទ រួមទាំងរូបអាសអាភាសដែរ។ លោកស្រីរ៉ាជែល ដឺស៊ូសឹ ដែលជាស្នងការការពារកុមារនៅប្រទេសអង់គ្លេស បានរៀបរាប់ថា៖«សូម្បីតែពេលកូននៅក្មេងក្ដី ពួកគេចង់និយាយជាមួយឪពុកម្ដាយអំពីរឿងខាងផ្លូវភេទ ហើយចង់និយាយអំពីរឿងនេះជាញឹកញយដែរ។ ពេលកូននៅក្មេង ពួកគេចង់ឲ្យឪពុកម្ដាយនិយាយជាមួយពួកគេតាមកម្រិតយល់ដឹងរបស់ពួកគេ។ កាលដែលពួកគេធំបន្តិច ពួកគេចង់ដឹងអំពីរឿងនេះស៊ីជម្រៅជាង»។
ផ្លាវីយ៉ាបានរៀបរាប់បន្ថែមថា៖«សូម្បីតែខ្ញុំដឹងក្ដីហើយក៏ដោយ រឿងខ្លះឪពុកម្ដាយខ្ញុំមិននិយាយជាមួយខ្ញុំទេ។ ខ្ញុំចង់ឲ្យពួកគាត់និយាយអំពីរឿងនោះជាមួយខ្ញុំច្រើនជាង ហើយដោយឥតលាក់លៀម។ ឥឡូវខ្ញុំជាម្ដាយគេហើយ ដូច្នេះជារឿយៗខ្ញុំចង់និយាយអំពីរឿងខាងផ្លូវភេទជាមួយនឹងកូនខ្ញុំ តែនិយាយដោយថ្លៃថ្នូរ»។
បើកូនរបស់អ្នកបានមើលរូបអាសអាភាស
កុំឆាប់ច្រឡោត។ បើអ្នករកឃើញថាកូនរបស់អ្នកបានមើល ស្ដាប់ ឬអានអ្វីដែលទាក់ទងនឹងរូបអាសអាភាស សូមកុំរហ័សប្រតិកម្មពេក។ គាត់ប្រហែលជាមានអារម្មណ៍ពិបាកចិត្ត តក់ស្លុត ឬបន្ទោសខ្លួនចំពោះទង្វើរបស់គាត់រួចហើយ។ ការបង្ហាញប្រតិកម្មខឹងមិនគ្រាន់តែធ្វើឲ្យកូនមានអារម្មណ៍ពិបាកជាងទេ តែក៏ធ្វើឲ្យគាត់ពិបាកនិយាយជាមួយអ្នកអំពីរឿងនោះនៅពេលក្រោយដែរ។
គោលការណ៍គម្ពីរ៖ «អ្នកដែលមានចំណេះចេះទប់មាត់របស់ខ្លួន ហើយមនុស្សដែលមានសមត្ថភាពវែកញែកនឹងនៅស្ងៀម»។—សុភាសិត ១៧:២៧
ដឹងការពិតទាំងអស់សិន។ ជាជាងប្រញាប់សន្និដ្ឋាន សូមសួរសំណួរខ្លះដើម្បីដឹងថាតើកូនរបស់អ្នកបានឃើញរូបអាសអាភាសតាមរបៀបណា។ ជាឧទាហរណ៍ តើមានអ្នកផ្ញើរូបអាសអាភាសដល់គាត់ឬ? ឬក៏គាត់បានរកមើលដោយខ្លួនឯង? តើគាត់ទើបតែមើលម្ដងឬធ្លាប់មើលពីមុនដែរ? តើគ្រឿងអេឡិចត្រូនិកដែលគាត់កំពុងប្រើប្រាស់មានកម្មវិធីទប់ស្កាត់រូបទាំងនោះឬទេ? តើគ្រឿងអេឡិចត្រូនិករបស់គាត់មានកម្មវិធីដែលឪពុកម្ដាយអាចត្រួតពិនិត្យការប្រើប្រាស់របស់គាត់ឬទេ? បើមានមែន តើគាត់បានធ្វើអ្វីមួយបិទបាំងដើម្បីគាត់នៅតែអាចមើលរូបអាសអាភាសឬទេ? សូមចាំថា គោលដៅរបស់អ្នកគឺលើកទឹកចិត្តកូនឲ្យប្រាប់អារម្មណ៍របស់គាត់ មិនមែនសួរចម្លើយគាត់ទេ។
គោលការណ៍គម្ពីរ៖ «គំនិតនៅក្នុងចិត្តរបស់មនុស្ស ប្រៀបដូចជាទឹកដ៏ជ្រៅ តែអ្នកដែលមានសមត្ថភាពវែកញែកនឹងដងយកមកបាន»។—សុភាសិត ២០:៥
ចាត់វិធានការ។ ជាឧទាហរណ៍ បើកូនរបស់អ្នកឃើញរូបអាសអាភាសដោយចៃដន្យ អ្នកប្រហែលជាត្រូវឆែកមើលកម្មវិធីដែលរារាំងរូបអាសអាភាស ឬកែតម្រូវកម្មវិធីត្រួតពិនិត្យនៅក្នុងទូរស័ព្ទកូន។
បើអ្នកដឹងថាគាត់បានរកមើលរូបអាសអាភាស សូមប្រៀនប្រដៅគាត់ដោយសេចក្ដីស្រឡាញ់ តែម៉ឺងម៉ាត់។ សូមជួយកូនពង្រឹងការតាំងចិត្តរបស់គាត់ឲ្យជៀសចេញពីរូបអាសអាភាស ដោយលើកបញ្ជាក់ហេតុផលពីខគម្ពីរ ដូចជាយ៉ូប ៣១:១ ចម្រៀងសរសើរព្រះ ៩៧:១០ និងចម្រៀងសរសើរព្រះ១០១:៣ជាដើម។ d សូមប្រាប់គាត់ថា រាល់សប្ដាហ៍អ្នកនឹងតាមដានមើលការរីកចម្រើនរបស់គាត់ ហើយមើលថាមានអ្វីថែមទៀតដែលអ្នកអាចជួយគាត់បានឬយ៉ាងណា។
គោលការណ៍គម្ពីរ៖ «កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»។—អេភេសូរ ៦:៤
a ទោះជាអត្ថបទនេះសំដៅទៅក្មេងប្រុសក្ដី តែព័ត៌មានក្នុងអត្ថបទនេះក៏ទាក់ទងនឹងក្មេងស្រីដែរ។
b ដើម្បីទទួលយោបល់អំពីរបៀបនិយាយជាមួយកូនអំពីរឿងខាងផ្លូវភេទដោយថ្លៃថ្នូរ សូមមើលអត្ថបទដែលមានចំណងជើងថា«តើតាមរបៀបណាឪពុកម្ដាយអាចបង្រៀនកូនអំពីរឿងខាងផ្លូវភេទ?»។
c ដើម្បីទទួលយោបល់ថែមទៀតអំពីអ្វីដែលរួមបញ្ចូលក្នុងប្រធានបទនេះ សូមមើលក្រដាសលំហាត់«របៀបជៀសចេញពីរូបអាសអាភាស»។
d អ្នកក៏អាចពិចារណាជាមួយគ្នាអំពីអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីត្រូវជៀសចេញពីរូបអាសអាភាស?»។