ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
កូនៗនិងបណ្ដាញសង្គម ភាគទី១: តើកូនរបស់ខ្ញុំគួរប្រើបណ្ដាញសង្គមទេ?
តាមការស្ទង់មតិមួយបញ្ជាក់ថាយុវវ័យ៩៧ភាគរយបានប្រើបណ្ដាញសង្គម។ តើកូនរបស់អ្នកចង់ប្រើដែរទេ? បើចង់មែន មានចំណុចខ្លះដែលអ្នកគួរពិចារណា។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
របៀបដែលកូនអ្នកប្រើប្រាស់ពេលវេលា
គេហទំព័រមួយបានរៀបរាប់ថា៖«បណ្ដាញសង្គមបានត្រូវបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើង ដើម្បីឲ្យយើងបន្តប្រើប្រាស់ និងឆែកមើលទូរស័ព្ទជាញឹកញយដើម្បីមើលអ្វីថ្មីៗ»(HelpGuide)។
ប្អូនស្រីលីនដែលមានអាយុ២០ឆ្នាំ បានរៀបរាប់ថា៖«ខ្ញុំគ្រាន់តែចង់មើលបណ្ដាញសង្គមតែប៉ុន្មាននាទីប៉ុណ្ណោះ តែភ្លេចខ្លួនខ្ញុំមើលអស់រាប់ម៉ោង។ ខ្ញុំពិបាកឈប់មើលទូរស័ព្ទ ហើយរកអ្វីផ្សេងដែលមានប្រយោជន៍មកធ្វើជំនួសវិញណាស់»។
សូមសួរខ្លួនថា៖ តើកូនខ្ញុំធ្វើតាមពេលវេលាដែលខ្ញុំបានកំណត់ក្នុងការប្រើប្រាស់បណ្ដាញសង្គមឬទេ? តើកូនខ្ញុំមានគំនិតចាស់ទុំល្មមដើម្បីកំណត់ពេលវេលាប្រើប្រាស់បណ្ដាញសង្គមដោយខ្លួនឯងទេ?
គោលការណ៍គម្ពីរ៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន . . . ដូចមនុស្សដែលមានប្រាជ្ញាវិញ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភេសូរ ៥:១៥, ១៦
ទស្សនៈរបស់កូនអ្នកចំពោះមិត្តភាព
ពាក្យ«បណ្ដាញសង្គម»បានត្រូវបង្កើតឡើង ដើម្បីឲ្យមនុស្សមានអារម្មណ៍ថាពួកគេមានមិត្តភក្តិច្រើន។ ប៉ុន្តែ ភាគច្រើនមិត្តភាពទាំងនោះមិនមែនជាមិត្តភាពពិតប្រាកដទេ។
ប្អូនស្រីប៉ាទ្រីសាដែលមានអាយុ១៧ឆ្នាំបានរៀបរាប់ថា៖«តាមខ្ញុំឃើញ យុវវ័យជាច្រើនគិតខុសថាបើពួកគេមានចំនួនអ្នកចូលចិត្តឬអ្នកតាមដានច្រើន នោះមានន័យថាពួកគេមានអ្នកយកចិត្តទុកដាក់ច្រើនទោះជាពួកគេមិនស្គាល់អ្នកទាំងនោះក្ដី»។
សូមសួរខ្លួនថា៖ តើកូនខ្ញុំមានគំនិតចាស់ទុំល្មមដែលអាចដឹងថាការល្បីតាមអនឡាញគឺមិនសំខាន់ឬទេ? តើគាត់អាចរាប់អានមិត្តភក្តិក្រៅពីក្នុងអនឡាញទេ?
គោលការណ៍គម្ពីរ៖ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
ឥទ្ធិពលដែលអាចប៉ះពាល់ទៅលើផ្លូវចិត្តរបស់កូន
តាមការស្រាវជ្រាវបានបង្ហាញថាការប្រើបណ្ដាញសង្គមច្រើនហួសហេតុពេក ច្រើនតែធ្វើឲ្យមនុស្សឯកោ ខ្វល់ខ្វាយ និងធ្លាក់ទឹកចិត្ត។
ប្អូនស្រីសឺរីណឺដែលមានអាយុ១៩ឆ្នាំបានរៀបរាប់ថា៖«ពេលឃើញរូបថតមិត្តភក្ដិរបស់ខ្ញុំដើរលេងជាមួយមិត្តឯទៀតដោយគ្មានខ្ញុំ ខ្ញុំមិនសប្បាយចិត្តសោះ»។
សូមសួរខ្លួនថា៖ ពេលកូនខ្ញុំមើលអ្វីដែលអ្នកឯទៀតធ្វើក្នុងបណ្ដាញសង្គម តើគាត់នឹងមានគំនិតប្រកួតប្រជែង គិតតែពីខ្លួនឯង ឬទទួលឥទ្ធិពលមិនល្អទេ?
គោលការណ៍គម្ពីរ៖ «កុំឲ្យយើងទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា និងដោយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។—កាឡាទី ៥:២៦
តើកូនអ្នកនឹងធ្វើអ្វីតាមអនឡាញ?
បណ្ដាញសង្គមអាចនាំឲ្យមានការមាក់ងាយតាមអនឡាញ ការផ្ញើសារជាទម្រង់អាសអាភាស និងការមើលរូបអាសអាភាស។ ទោះជាដំបូងកូនរបស់អ្នកមិនមានបំណងធ្វើបែបនោះក្ដី តែពួកគេអាចទទួលឥទ្ធិពលពីនោះ។
ប្អូនស្រីលីនដាដែលមានអាយុ២៣ឆ្នាំបានរៀបរាប់ថា៖ «ខ្ញុំឃើញថាអ្វីដែលនៅក្នុងបណ្ដាញសង្គមមើលទៅដូចជាមិនខុស តែវាអាចទៅជាអ្វីដែលអាក្រក់យ៉ាងងាយ ដោយសារមានពាក្យអសុរោះ និងបទភ្លេងមិនសមរម្យ»។
សូមសួរខ្លួនថា៖ តើកូនរបស់ខ្ញុំមានគំនិតចាស់ទុំល្មមក្នុងការប្រើប្រាស់បណ្ដាញសង្គមដោយឈ្លាសវៃឬទេ? ឬតើកូនខ្ញុំចេះទប់ចិត្តមិនមើលអ្វីដែលមិនសមរម្យឬទេ?
គោលការណ៍គម្ពីរ៖ «អ្នករាល់គ្នាមិនត្រូវនិយាយទាល់តែសោះអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ឬការលោភលន់ណាឡើយ . . . អ្នករាល់គ្នាក៏មិនត្រូវមានការប្រព្រឹត្តដែលគួរឲ្យខ្មាស ការនិយាយពាក្យផ្ដេសផ្ដាស ការនិយាយកំប្លែងអាសអាភាស»។—អេភេសូរ ៥:៣, ៤
តើចាំបាច់ប្រើប្រាស់បណ្ដាញសង្គមឬទេ?
បុគ្គលម្នាក់មិនចាំបាច់ត្រូវការបណ្ដាញសង្គមដើម្បីរស់ឬមានជីវិតសប្បាយនោះទេ។ ប្អូនៗវ័យក្មេងជាច្រើនសុខចិត្តរស់នៅដោយមិនប្រើបណ្ដាញសង្គម នេះរួមបញ្ចូលអ្នកខ្លះដែលធ្លាប់ប្រើតែសម្រេចចិត្តឈប់ប្រើ។
ប្អូនប្រុសណេថិនដែលមានអាយុ១៧ឆ្នាំបានរៀបរាប់ថា៖ «ក្រោយពីឃើញបងស្រីខ្ញុំរងឥទ្ធិពលមិនល្អពីការប្រើប្រាស់បណ្ដាញសង្គម ខ្ញុំក៏សម្រេចចិត្តឈប់ប្រើវាតែម្ដងទៅ។ តាំងពីពេលនោះមក ខ្ញុំសប្បាយជាង ហើយខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំមានន័យខ្លឹមសារជាង»។
សរុបសេចក្ដី៖ មុនអនុញ្ញាតឲ្យកូនរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម សូមប្រាកដថាកូនរបស់អ្នកមានគំនិតចាស់ទុំល្មមក្នុងការធ្វើតាមពេលវេលាដែលអ្នកបានកំណត់ ក្នុងការរក្សាចំណងមិត្តភាពល្អជាមួយមិត្តភក្តិរបស់គាត់ និងជៀសវាងពីអ្វីដែលមិនសមរម្យតាមបណ្ដាញសង្គម។
គោលការណ៍គម្ពីរ៖ «មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភាសិត ១៤:១៥