ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
ចូរបង្រៀនកូនរបស់អ្នកឲ្យបង្ហាញអំណរគុណ
យោងទៅតាមការសិក្សាមួយបានបញ្ជាក់ថាមនុស្សដែលចេះដឹងគុណមានសុភមង្គលជាង សុខភាពល្អជាង អាចស៊ូទ្រាំនឹងទុក្ខលំបាកបានប្រសើរជាង ហើយមានចំណងមិត្តភាពរឹងមាំជាងជាមួយអ្នកឯទៀត។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះរ៉ូបឺត អេមម៉ិនកត់សម្គាល់ថា ការដឹងគុណ«ជួយការពារបុគ្គលម្នាក់ពីការច្រណែនឈ្នានីស ការចងគំនុំ ការលោភលន់ និងសេចក្ដីល្វីងជូរចត់»។ a
តើតាមរបៀបណាកូនៗទទួលប្រយោជន៍ពីការមានអំណរគុណ? យោងទៅតាមការសិក្សាស្រាវជ្រាវអស់រយៈពេលបួនឆ្នាំទៅលើពួកយុវវ័យចំនួន៧០០នាក់បានឲ្យដឹងថា យុវវ័យដែលមានអំណរគុណទំនងជាមិនសូវលួចចម្លងនៅពេលប្រឡង ប្រើគ្រឿងញៀន ផឹកគ្រឿងស្រវឹង ឬមានការប្រព្រឹត្តដែលនាំឲ្យខ្លួននិងអ្នកឯទៀតរងទុក្ខ។
ចិត្តគំនិតប្រកាន់លើសិទ្ធិខ្លួន។ កូនៗជាច្រើនមានអារម្មណ៍ថាពួកគេមានសិទ្ធិទទួលអ្វីល្អៗ។ បើកូនគិតថាពួកគេសមនឹងទទួលអ្វីល្អ ជាជាងចាត់ទុកថានោះជាអំណោយសម្រាប់ពួកគេ នោះពួកគេប្រហែលជាមិនសូវមានអំណរគុណ។
ចិត្តគំនិតនេះមានជាទូទៅនៅសព្វថ្ងៃ។ ម្ដាយម្នាក់ឈ្មោះកេតរ៉ឹនបានសង្កេតឃើញថា៖«ពិភពលោកនេះបង្រៀនមនុស្សថា ពួកគេគួរទទួលអ្វីដែលពួកគេចង់បាន។ ពិភពលោកនេះបង្ហាញយើងនូវរូបភាពជាច្រើន ជាឧទាហរណ៍ក្នុងទស្សនាវដ្ដី ទូរទស្សន៍ និងប្រព័ន្ធអ៊ីនធឺណិត តែងតែប្រាប់ថាយើងសមនឹងទទួលអ្វីៗទាំងនេះនិងអ្វីៗផ្សេងទៀត»។
កូនៗអាចរៀនឲ្យចេះដឹងគុណតាំងពីក្មេង។ ម្ដាយម្នាក់ឈ្មោះឃែបានរៀបរាប់ថា៖«ក្មេងៗឆាប់ចាប់បានអ្វីដែលពួកគេរៀន។ ការបង្រៀនពួកគេអំពីទម្លាប់ល្អកាលដែលពួកគេនៅក្មេង គឺប្រៀបដូចជាដាំបង្គោលមួយនៅក្បែរដើមឈើ ដើម្បីឲ្យដើមឈើនោះដុះត្រង់ល្អ»។
របៀបបង្រៀនកូនឲ្យចេះដឹងគុណ
បង្រៀនកូនឲ្យនិយាយអរគុណ។ សូម្បីតែកូនក្មេងតូចក្ដី ពួកគេអាចរៀននិយាយអរគុណ ពេលបុគ្គលណាម្នាក់ឲ្យអំណោយឬបង្ហាញចិត្តសប្បុរសចំពោះពួកគេ។ កាលដែលកូននោះកាន់តែធំឡើង បន្តិចម្ដងៗគាត់នឹងចេះឲ្យតម្លៃចំពោះការបង្ហាញចិត្តទូលាយចំពោះអ្នកឯទៀត ហើយគាត់មានចិត្តទូលាយកាន់តែខ្លាំងឡើងៗ។
គោលការណ៍គម្ពីរ៖ «ចូរអ្នករាល់គ្នាបង្ហាញអំណរគុណ»។—កូឡុស ៣:១៥
បងចេហ្វ្រីនិយាយថា៖«ចៅប្រុសរបស់យើងអាយុបួនឆ្នាំតែងតែនិយាយពាក្យ‹អរគុណ› ហើយតែងតែនិយាយពាក្យ‹សូម› ពេលគាត់សុំអ្វីមួយ។ គាត់រៀនពាក្យទាំងនោះពីឪពុកម្ដាយរបស់គាត់។ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់ឪពុកម្ដាយបានបង្រៀនកូនឲ្យចេះបង្ហាញអំណរគុណ»។
បង្រៀនកូនឲ្យបង្ហាញអំណរគុណ។ លើកក្រោយ នៅពេលដែលអ្នកណាម្នាក់ឲ្យអំណោយដល់កូនរបស់អ្នក សូមបង្រៀនកូនឲ្យសរសេរសំបុត្រអរគុណដល់បុគ្គលដែលបានឲ្យអំណោយនោះ។ ម្យ៉ាងទៀត ប្រសិនបើអ្នកឲ្យកូនអ្នកធ្វើកិច្ចការណាមួយនៅក្នុងផ្ទះ នោះអ្នកជួយកូនឲ្យយល់ថាកិច្ចការនោះគឺសំខាន់ណាស់ដើម្បីធ្វើឲ្យផ្ទះរបស់ពួកគេមានភាពស្អាតបាត។
គោលការណ៍គម្ពីរ៖ «ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
បងប៊ីវើលីបានរៀបរាប់ថា៖«កូនស្រីជំទង់ពីរនាក់របស់យើងបានជួយរៀបចំម្ហូប ចម្អិនម្ហូប ហើយធ្វើកិច្ចការផ្ទះ។ កាលដែលពួកគេបានជួយនោះ ពួកគេចាប់ផ្ដើមយល់ថាឪពុកម្ដាយបានធ្វើការនឿយហត់យ៉ាងណា ហើយពួកគេទំនងជាមានអំណរគុណច្រើនជាងចំពោះអ្វីទាំងនោះ»។
បង្រៀនកូនៗឲ្យមានចិត្តគំនិតដឹងគុណ។ ចិត្តគំនិតចេះដឹងគុណទាក់ទងនឹងចិត្តរាបទាប។ មនុស្សរាបទាបទទួលស្គាល់ថាពួកគេត្រូវការជំនួយដើម្បីជួយឲ្យពួកគេជោគជ័យក្នុងកិច្ចការអ្វីក៏ដោយដែលពួកគេធ្វើ ហើយនោះជួយឲ្យពួកគេដឹងគុណអ្នកឯទៀតដែលបានគាំទ្រពួកគេ។
គោលការណ៍គម្ពីរ៖ «ចូរមានចិត្តរាបទាបដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។ ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។—ភីលីព ២:៣, ៤
បងថាម៉ារ៉ាបានរៀបរាប់ថា៖«ម្ដងម្កាល នៅពេលបរិភោគអាហារពេលល្ងាច យើងលេងហ្គេមមួយអំពីការដឹងគុណ។ យើងម្នាក់ៗរៀបរាប់អំពីអ្វីមួយដែលនាំឲ្យយើងដឹងគុណ។ នេះលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាគិតចំណុចល្អៗដែលទាក់ទងនឹងអំណរគុណ ជាជាងមានគំនិតមិនល្អដែលគិតតែអំពីខ្លួនឯង»។
យោបល់៖ សូមទុកគំរូល្អឲ្យពួកគេ។ កូនៗឆាប់រៀនឲ្យចេះដឹងគុណជាង បើពួកគេឮអ្នកនិយាយនិងបង្ហាញអំណរគុណដល់អ្នកឯទៀតនិងដល់ពួកគេ។
a ពីសៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើងថា«សូមអរគុណ! របៀបបង្ហាញអំណរគុណនាំឲ្យអ្នកមានសុភមង្គលជាង»។