លោតទៅអត្ថបទ

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | ឪពុក​ម្ដាយ

ប្រយោជន៍ពីការលេងច្នៃប្រឌិត

ប្រយោជន៍ពីការលេងច្នៃប្រឌិត

 ពាក្យ​«​ការ​លេង​ច្នៃ​ប្រឌិត​»​សំដៅ​ទៅ​លើ​ការ​កម្សាន្ត​ដែល​បណ្ដុះ​សមត្ថភាព​ស្រមៃ​គិត​និង​ការ​ចង់​ដឹង​ចង់​យល់​របស់​កូន ហើយ​នេះ​ជួយ​កូន​ឲ្យ​បង្កើន​ភាព​លូត​លាស់​ខាង​គំនិត​និង​អារម្មណ៍ ថែម​ទាំង​ជួយ​កូន​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​ហត្ថកម្ម​ទៀត​ផង។

 ឧទាហរណ៍​រួម​មាន​៖

  •   ការ​គូរ​គំនូរ

  •   ការ​ដុត​នំ

  •   ការ​សម្ដែង​ជា​តួ​អង្គ​ផ្សេង​ៗ​

  •   ការ​ច្រៀង​ចម្រៀង

  •   ការ​លេង​សាង​សង់​ដោយ​ប្រើ​ប្រដាប់​ផ្គុំ

  •   ការ​លេង​ដោយ​ប្រើ​របស់​សាមញ្ញ​ធម្មតា(​សូម្បី​តែ​ប្រអប់​ក្រដាស​ក៏​អាច​មក​ប្រើ​ដើម្បី​ធ្វើ​អ្វី​មួយ​តាម​ការ​ច្នៃ​ប្រឌិត​)

 នៅ​ប្រទេស​ជា​ច្រើន ជា​ជាង​ឲ្យ​កូន​ៗ​ធ្វើ​អ្វី​មួយ​ដែល​ច្នៃ​ប្រឌិត គេ​គ្រាន់​តែ​ឲ្យ​កូន​ៗ​មើល​ការ​កម្សាន្ត​ឬ​ធ្វើ​កិច្ច​ការ​កម្សាន្ត​ដែល​គេ​បាន​រៀប​ចំ​ឲ្យ​កូន​ៗ​ប៉ុណ្ណោះ។

 តើ​អ្នក​គួរ​បារម្ភ​អំពី​រឿង​នេះ​ទេ?

 អ្វី​ដែល​អ្នក​គួរ​ដឹង

  •   ការ​លេង​ច្នៃ​ប្រឌិត​អាច​ជួយ​កូន​ឲ្យ​លូត​លាស់។ ការ​លេង​បែប​នេះ​អាច​ជួយ​សុខភាព​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​កូន​ៗ ហើយ​ជួយ​ឲ្យ​ចេះ​ច្នៃ​ប្រឌិត​និង​ចេះ​យោគ​យល់​អ្នក​ឯ​ទៀត។ ការ​លេង​បែប​នេះ​ក៏​អាច​បង្រៀន​កូន​ឲ្យ​ចេះ​អត់​ធ្មត់ ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត ចេះ​ទប់​ចិត្ត និង​ចុះ​សម្រុង​ជា​មួយ​កូន​ឯ​ទៀត​ដែរ។ បើ​និយាយ​ឲ្យ​ខ្លី ការ​លេង​ច្នៃ​ប្រឌិត​អាច​ជួយ​ត្រៀម​លក្ខណៈ​កូន​សម្រាប់​គ្រា​យុវវ័យ។

  •   ការ​មើល​គ្រឿង​អេឡិចត្រូនិក​ច្រើន​ពេក​អាច​បង្ក​គ្រោះ​ថ្នាក់។ ការ​មើល​គ្រឿង​អេឡិចត្រូនិក​ច្រើន​ពេក​អាច​ទៅ​ជា​ញៀន ហើយ​អាច​នាំ​ឲ្យ​កូន​ក្មេង​ទៅ​ជា​ធាត់​ជ្រុល និង​ឆាប់​មួម៉ៅ។ នេះ​ជា​ការ​ព្រមាន​ដល់​ឪពុក​ម្ដាយ​ដែល​យក​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ឲ្យ​កូន​តូច​ៗ​របស់​ពួក​គេ​នៅ​ស្ងៀម។

  •   បើ​អ្នក​រៀប​ចំ​កិច្ច​ការ​កម្សាន្ត​ច្រើន​ពេក​ឲ្យ​កូន​ៗ នោះ​ពួក​គេ​ពិបាក​លេង​ដោយ​សេរី។ ពេល​ឪពុក​ម្ដាយ​រៀប​ចំ​កិច្ច​ការ​កម្សាន្ត​ច្រើន​ពេក​ឲ្យ​កូន​ៗ នោះ​កូន​មិន​មាន​ពេល​ធ្វើ​អ្វី​ដែល​ជំរុញ​ពួក​គេ​ឲ្យ​ប្រើ​សមត្ថភាព​ត្រិះរិះ​និង​សមត្ថភាព​ច្នៃ​ប្រឌិត​នោះ​ទេ។

 អ្វី​ដែល​អ្នក​អាច​ធ្វើ

  •   បើក​ឱកាស​ឲ្យ​កូន​លេង​ច្នៃ​ប្រឌិត។ បើ​កាលៈទេសៈ​អំណោយ​ផល សូម​ទុក​ឲ្យ​កូន​លេង​នៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​ពួក​គេ​អាច​ស្គាល់​អ្វី​ដែល​នៅ​ក្នុង​ធម្មជាតិ។ សូម​ទុក​ឲ្យ​ពួក​គេ​ជ្រើស​រើស​ការ​កម្សាន្ត​ដោយ​ខ្លួន​ឯង ហើយ​ឲ្យ​ពួក​គេ​លេង​ជា​មួយ​ប្រដាប់​ប្រដា​លេង​ដែល​ច្នៃ​ប្រឌិត។ a

     សូម​ពិចារណា​៖ តើ​ការ​លេង​ច្នៃ​ប្រឌិត​អាច​ជួយ​កូន​ខ្ញុំ​ឲ្យ​មាន​គុណ​សម្បត្តិ​និង​សមត្ថភាព​អ្វី​ខ្លះ? ហើយ​តើ​នោះ​មាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​គាត់​នៅ​ថ្ងៃ​អនាគត?

     គោល​ការណ៍​គម្ពីរ​៖ ​«​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី​១ ៤:៨, កំណត់​សម្គាល់

  •   កំណត់​ពេល​វេលា​ប្រើ​គ្រឿង​អេឡិចត្រូនិក។ សូម​គិត​ឲ្យ​ច្បាស់​មុន​ឲ្យ​កូន​របស់​អ្នក​មើល​ទូរស័ព្ទ កុំព្យូទ័រ​បន្ទះ​ស្ដើង និង​ទូរទស្សន៍​ដើម្បី​ពួក​គេ​នៅ​ស្ងៀម។ គ្រូ​ពេទ្យ​ឯកទេស​ខាង​កុមារ​បាន​លើក​ទឹក​ចិត្ត​ថា​កុមារ​ក្រោម​អាយុ​ពីរ​ឆ្នាំ​មិន​គួរ​ឲ្យ​មាន​គ្រឿង​អេឡិចត្រូនិក​ទេ។ ហើយ​កុមារ​អាយុ​ចន្លោះ​ពី​ពីរ​ទៅ​ប្រាំ​ឆ្នាំ មិន​គួរ​មើល​គ្រឿង​អេឡិចត្រូនិក​លើស​ពី​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ b

     សូម​ពិចារណា​៖ តើ​ខ្ញុំ​គួរ​ដាក់​កម្រិត​ប៉ុណ្ណា​ក្នុង​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិក? តើ​ខ្ញុំ​គួរ​មើល​ជា​មួយ​កូន​ឬ​ទេ? តើ​មាន​ការ​កម្សាន្ត​អ្វី​ផ្សេង​ជំនួស​គ្រឿង​អេឡិចត្រូនិក​ទេ?

     គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—អេភេសូរ ៥:១៥, ១៦

  •   ចេះ​ថ្លឹង​ថ្លែង​ចំពោះ​ការ​កម្សាន្ត​ដែល​បាន​រៀប​ចំ។ ពិត​ណាស់ ការ​កម្សាន្ត​ទាំង​នោះ​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ពូកែ​ខាង​កីឡា​ឬ​បង្កើន​សមត្ថភាព​ធ្វើ​អ្វី​មួយ។ ប៉ុន្តែ ការ​កម្សាន្ត​បែប​នោះ​ច្រើន​ពេក អាច​បន្ថែម​ការ​តាន​តឹង​ចិត្ត មិន​គ្រាន់​តែ​ដល់​កូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដល់​ឪពុក​ម្ដាយ​ដែរ ព្រោះ​ពួក​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កូន​ៗ។ គោល​ការណ៍​គម្ពីរ​នៅ​អេភេសូរ ៥:១៥, ១៦ អំពី​ការ​ប្រើ​ពេល​វេលា​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​ក៏​ទាក់​ទង​នឹង​រឿង​នេះ​ដែរ។

     សូម​ពិចារណា​៖ តើ​កូន​ខ្ញុំ​មាន​ការ​កម្សាន្ត​ដែល​បាន​រៀប​ចំ​ហើយ​ច្រើន​ពេក​ឬ​ទេ? បើ​មែន តើ​យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​កែ​សម្រួល​អ្វី​ខ្លះ?

     គោល​ការណ៍​គម្ពីរ​៖ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

a របស់​របរ​លេង​ជា​ច្រើន មិន​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចេះ​ច្នៃ​ប្រឌិត​ទេ។ ផ្ទុយ​ទៅ​វិញ របស់​លេង​ធម្មតា​ឬ​អ្វី​ផ្សេង​ៗ ដូច​ជា​ប្រដាប់​ប្រដា​ផ្គុំ និង​ក្រដាស​កាតុង​ជា​ដើម អាច​ជួយ​កូន​ឲ្យ​ប្រើ​សមត្ថភាព​ស្រមៃ​គិត។

b ​«​ការ​មើល​គ្រឿង​អេឡិចត្រូនិក​»​សំដៅ​ទៅ​ការ​កម្សាន្ត មិន​មែន​សំដៅ​ទៅ​លើ​ការ​ទូរស័ព្ទ​មើល​ឃើញ​មុខ​គ្នា​ជា​មួយ​អ្នក​ជា​ទី​ស្រឡាញ់ ឬ​ការ​មើល​កិច្ច​ប្រជុំ សន្និបាត ឬ​ការ​ចាក់​ផ្សាយ​ផ្សេង​ៗ​ជា​មួយ​ក្រុម​គ្រួសារ​ទេ។