លោតទៅអត្ថបទ

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | ឪពុក​ម្ដាយ

ហេតុអ្វីការអានគឺសំខាន់សម្រាប់កូនៗ ភាគទី១៖ អានឬមើល?

ហេតុអ្វីការអានគឺសំខាន់សម្រាប់កូនៗ ភាគទី១៖ អានឬមើល?

 ពេល​ដែល​កូន​ៗ​របស់​អ្នក​ទំនេរ តើ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី? តើ​ពួក​គេ​ចូល​ចិត្ត​មើល​វីដេអូ​ឬ​ចូល​ចិត្ត​អាន​សៀវភៅ? តើ​ពួក​គេ​ទំនង​ជា​ជ្រើស​រើស​យក​ទូរស័ព្ទ​ដៃ​ឬ​ក៏​សៀវភៅ?

 អស់​ជា​ច្រើន​ឆ្នាំ មនុស្ស​បាន​ត្រូវ​បង្វែរ​អារម្មណ៍​ពី​ការ​អាន ដោយ​សារ​តែ​កម្ម​វិធី​ទូរទស្សន៍ និង​អ្វី​ដែល​ពួក​គេ​មើល​ឬ​ធ្វើ​តាម​អ៊ីនធឺណិត។ ជេន ហៀលី ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​នៅ​ឆ្នាំ​១៩៩០ បាន​រៀប​រាប់​ថា​៖​«​មិន​យូរ​ក្រោយ​មក​មនុស្ស​នឹង​ឈប់​អាន​»​(​Endangered Minds​)។

 នៅ​គ្រា​នោះ អ្នក​អាច​គិត​ថា​មនុស្ស​នឹង​មិន​ឈប់​អាន​ទេ។ ប៉ុន្តែ ៣០​ឆ្នាំ​ក្រោយ​មក អ្នក​ចេះ​ដឹង​ខ្លះ​នៅ​ប្រទេស​ផ្សេង​ៗ​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​បាន​កត់​សម្គាល់​ឃើញ​ថា យុវវ័យ​ជា​ច្រើន​មិន​អាច​អាន​បាន​ល្អ​ដូច​មនុស្ស​នៅ​សម័យ​មុន​ទេ។

ក្នុង​អត្ថបទ​នេះ​យើង​នឹង​រៀន

 ហេតុ​អ្វី​ការ​អាន​គឺ​សំខាន់​សម្រាប់​កូន​ៗ​?

  •   ពេល​ដែល​អ្នក​អាន​អ្នក​អាច​ស្រមៃ​គិត។ ជា​ឧទាហរណ៍ ពេល​អ្នក​អាន​រឿង​មួយ តើ​តួ​អង្គ​នីមួយ​ៗ​មាន​សំឡេង​យ៉ាង​ណា? តើ​ពួក​គេ​មាន​រូប​រាង​បែប​ណា? តើ​មាន​ទេសភាព​អ្វី​ខ្លះ? អ្នក​និពន្ធ​ឲ្យ​តម្រុយ​ខ្លះ​ៗ តែ​អ្នក​អាន​ត្រូវ​ស្រមៃ​គិត​ថែម​ទៀត។

     ម្ដាយ​ម្នាក់​ឈ្មោះ​ឡរ៉ា​បាន​និយាយ​ថា​៖​«​ពេល​យើង​មើល​វីដេអូ​ឬ​ភាពយន្ត យើង​កំពុង​មើល​មនុស្ស​ម្នាក់​ក្នុង​ការ​ស្រមៃ​របស់​អ្នក​ឯ​ទៀត។ ប៉ុន្តែ អ្វី​មួយ​ពិសេស​អំពី​ការ​អាន គឺ​យើង​ស្រមៃ​គិត​អ្វី​ដែល​បុគ្គល​ម្នាក់​បាន​សរសេរ​»។

  •   ការ​អាន​ជួយ​កូន​ៗ​បណ្ដុះ​គុណ​សម្បត្តិ​ល្អ។ កាល​ដែល​កូន​ៗ​អាន ពួក​គេ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែក​ញែក​ទៅ​លើ​បញ្ហា​ផ្សេង​ៗ ហើយ​ចេះ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ បន្ថែម​ទៅ​ទៀត ដើម្បី​អាន កូន​ៗ​ត្រូវ​ប្រមូល​អារម្មណ៍​ឲ្យ​មូល។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដូច​ជា ចិត្ត​អត់​ធ្មត់ ការ​ទប់​ចិត្ត និង​ការ​យល់​អារម្មណ៍​ជា​ដើម។

     ការ​អាន​ជួយ​ឲ្យ​ចេះ​យល់​អារម្មណ៍? មែន​ហើយ! អ្នក​ស្រាវ​ជ្រាវ​ខ្លះ​បាន​ជឿ​ថា ពេល​កូន​ៗ​អាន​យឺត​ៗ​និង​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​រឿង​ណា​មួយ នោះ​ជួយ​ពួក​គេ​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​តួ​អង្គ​ក្នុង​រឿង​នោះ។ ជា​លទ្ធផល នោះ​ប្រហែល​ជា​ជួយ​កូន​ៗ​ឲ្យ​ចេះ​យល់​អារម្មណ៍​អស់​អ្នក​ដែល​ពួក​គេ​ស្គាល់។

  •   ការ​អាន​ជួយ​ឲ្យ​ចេះ​គិត​ជ្រាល​ជ្រៅ។ មនុស្ស​ដែល​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អាន​តាម​ល្បឿន​របស់​ពួក​គេ ឬ​ថែម​ទាំង​អាន​ម្ដង​ទៀត​នៅ​កន្លែង​ដែល​ចាំ​បាច់ នោះ​ពួក​គេ​នឹង​យល់​អ្វី​ដែល​អ្នក​និពន្ធ​កំពុង​រៀប​រាប់។ កាល​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​ទំនង​ជា​ចង​ចាំ​អ្វី​ដែល​ពួក​គេ​អាន​ច្រើន​ជាង ហើយ​ទទួល​ប្រយោជន៍​ពី​ព័ត៌មាន​ទាំង​នោះ។—ធីម៉ូថេ​ទី​១ ៤:១៥

     ឪពុក​ម្នាក់​ឈ្មោះ​យ៉ូសែប​បាន​រៀប​រាប់​ថា​៖​«​ពេល​ដែល​អ្នក​អាន អ្នក​អាច​រំពឹង​គិត​ស្រួល​ជាង​អំពី​អត្ថន័យ​នៃ​ឃ្លា​ដែល​អ្នក​អាន ហើយ​អាច​ផ្សារ​ភ្ជាប់​គំនិត​នោះ​ជា​មួយ​នឹង​អ្វី​ដែល​អ្នក​ស្គាល់ បន្ទាប់​មក គិត​ពិចារណា​អំពី​មេ​រៀន​ដែល​អ្នក​អាច​ធ្វើ​តាម។ ប៉ុន្តែ វីដេអូ​និង​ភាពយន្ត​មិន​តែង​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គិត​ជ្រាល​ជ្រៅ​អំពី​រឿង​ផ្សេង​ៗ​ទេ​»។

 សរុប​សេចក្ដី​៖ ទោះ​ជា​វីដេអូ​និង​ភាពយន្ត​នោះ​មាន​ប្រយោជន៍​ខ្លះ​ៗ​ក្ដី តែ​កូន​ៗ​របស់​អ្នក​អាច​ខក​ខាន​ពី​អ្វី​ដែល​សំខាន់​បើ​ពួក​គេ​មិន​ចំណាយ​ពេល​អាន។

 របៀប​លើក​ទឹក​ចិត្ត​ឲ្យ​អាន

  •   ចាប់​ផ្ដើម​តាំង​ពី​ដំបូង។ ម្ដាយ​ម្នាក់​ឈ្មោះ​ខ្លូអេ​ដែល​មាន​កូន​ប្រុស​ពីរ​នាក់​បាន​និយាយ​ថា​៖​«​ប្ដី​និង​ខ្ញុំ​អាន​ឲ្យ​កូន​របស់​យើង​ស្ដាប់​តាំង​ពី​កូន​នៅ​ក្នុង​ផ្ទៃ ហើយ​ក្រោយ​ពី​ពួក​គេ​កើត​មក​យើង​ក៏​នៅ​តែ​បន្ត​អាន​ឲ្យ​ពួក​គេ​ស្ដាប់​ដែរ។ យើង​សប្បាយ​ដែល​យើង​នៅ​តែ​បន្ត​ធ្វើ​ដូច​នោះ។ ក្រោយ​មក កូន​ៗ​របស់​យើង​សប្បាយ​ក្នុង​ការ​អាន ហើយ​ពួក​គេ​មាន​ទម្លាប់​អាន​ជា​ទៀង​ទាត់​»។

     គោល​ការណ៍​គម្ពីរ​៖ ​«​តាំង​ពី​អ្នក​នៅ​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នានា​»។—ធីម៉ូថេ​ទី​២ ៣:១៥

  •   បង្កើត​បរិយាកាស​ល្អ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អាន។ សូម​ធ្វើ​ឲ្យ​កូន​ៗ​ស្រួល​អាន ដោយ​ត្រៀម​ទុក​សៀវភៅ​ផ្សេង​ៗ​សម្រាប់​ពួក​គេ។ ម្ដាយ​ម្នាក់​ឈ្មោះ​ថាម៉ារ៉ា​ដែល​មាន​កូន​បួន​នាក់​បាន​ឲ្យ​យោបល់​ថា​៖​«​សូម​រក​សៀវភៅ​ដែល​កូន​ៗ​របស់​អ្នក​ចូល​ចិត្ត​អាន ហើយ​ទុក​សៀវភៅ​ទាំង​នោះ​នៅ​ក្បែរ​គ្រែ​របស់​កូន​»។

     គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ យ៉ាង​នេះ ទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ​»។—សុភាសិត ២២:៦

  •   ដាក់​កម្រិត​ក្នុង​ការ​ប្រើ​អ៊ីនធឺណិត។ ឪពុក​ម្នាក់​ឈ្មោះ​ដានីយ៉ែល​បាន​សម្រេច​ថា​ទុក​ល្ងាច​មួយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ឡើយ។ គាត់​បាន​និយាយ​ថា​៖​«​ទោះ​ជា​យើង​មាន​មួយ​ល្ងាច​ក្នុង​មួយ​សប្ដាហ៍​ក៏​ដោយ តែ​យើង​អាច​មាន​ពេល​ស្ងាត់​គ្មាន​សំឡេង​ទូរទស្សន៍។ យើង​ប្រើ​ពេល​នោះ​ដើម្បី​អាន មិន​ថា​អាន​តែ​ម្នាក់​ឯង​ឬ​អាន​ជា​មួយ​គ្នា​ក្ដី​»។

     គោល​ការណ៍​គម្ពីរ​៖ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

  •   ទុក​គំរូ​ល្អ។ ម្ដាយ​ម្នាក់​ឈ្មោះ​ការីនណា​ដែល​មាន​កូន​ស្រី​ពីរ​នាក់​បាន​ឲ្យ​យោបល់​ថា​៖​«​សូម​អាន​កំណត់​ហេតុ​រឿង​ឲ្យ​កូន​របស់​អ្នក​ស្ដាប់​ដោយ​ចិត្ត​រំភើប​និង​មាន​ភាព​រស់​រវើក។ បើ​អ្នក​ចូល​ចិត្ត​អាន នោះ​កូន​របស់​អ្នក​ក៏​ចូល​ចិត្ត​អាន​តាម​គំរូ​របស់​អ្នក​ដែរ​»។

     គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់​»។—ធីម៉ូថេ​ទី​១ ៤:១៣

 មិន​មែន​កូន​ៗ​ទាំង​អស់​ចូល​ចិត្ត​អាន​ទេ។ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ប្រហែល​ជា​ជំរុញ​ពួក​គេ​ឲ្យ​អាន​ដែរ។ ឪពុក​ម្នាក់​ឈ្មោះ​ដាវីឌ​ដែល​មាន​កូន​ស្រី​ពីរ​នាក់​បាន​ធ្វើ​អ្វី​លើស​ពី​នេះ​ទៅ​ទៀត។ គាត់​និយាយ​ថា​៖​«​ខ្ញុំ​បាន​អាន​អ្វី​ដែល​កូន​ខ្ញុំ​បាន​អាន នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ពួក​គេ​ចាប់​អារម្មណ៍​អ្វី​ខ្លះ ហើយ​យើង​អាច​យក​រឿង​នោះ​មក​និយាយ​គ្នា​បាន។ យើង​មាន​ក្រុម​អាន​តូច​មួយ។ ការ​ធ្វើ​ដូច្នេះ គឺ​សប្បាយ​ណាស់!​»។