ការពន្យល់ខគម្ពីរ
ចម្រៀងសរសើរព្រះ ២៣:៤ «ទោះជាខ្ញុំដើរក្នុងជ្រលងងងឹតសូន្យសុងក៏ដោយ»។
«ទោះជាខ្ញុំដើរក្នុងជ្រលងងងឹតសូន្យសុងក៏ដោយ ខ្ញុំនឹងមិនភ័យខ្លាចឡើយ ព្រោះលោកនៅជាមួយនឹងខ្ញុំ ដំបងនិងព្រនង់របស់លោកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព»។—ចម្រៀងសរសើរព្រះ ២៣:៤, គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
«ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច»។—ទំនុកតម្កើង ២៣:៤, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃចម្រៀងសរសើរព្រះ ២៣:៤ a
រាស្ត្ររបស់ព្រះទទួលការថែរក្សានិងការពារ ទោះជាពួកគេកំពុងស្ថិតក្នុងស្ថានភាពពិបាកក្ដី។ ខនេះប្រើពាក្យប្រៀបប្រដូចអំពីរបៀបដែលព្រះយេហូវ៉ាមើលថែពួកអ្នកគោរពប្រណិប័តន៍លោកទៅនឹងរបៀបដែលគង្វាលមើលថែចៀមរបស់គាត់។ b ដូចរៀបរាប់ក្នុងខនេះ ទោះជាពួកគេស្ថិតក្នុងស្ថានភាពដ៏ពិបាកដែលប្រៀបដូចជាជ្រលងដ៏ងងឹតសូន្យសុងនិងមានគ្រោះថ្នាក់ក្ដី ពួកគេមិនមានអារម្មណ៍ថានៅតែឯងទេ តែមានអារម្មណ៍ថាមានសុវត្ថិភាព ព្រោះព្រះនៅក្បែរពួកគេ។
នៅសម័យគម្ពីរ គង្វាលប្រើដំបងឬព្រនង់ដើម្បីការពារហ្វូងចៀមពីសត្វសាហាវ។ តាមធម្មតា ដំបងនោះជាឈើវែងដែលកោងនៅខាងចុង គាត់ប្រើវាដើម្បីនាំហ្វូងចៀមឬកៀងពួកវាឲ្យផុតពីគ្រោះថ្នាក់។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាប្រៀបដូចជាគង្វាលដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកការពារនិងណែនាំអ្នកដែលគោរពប្រណិប័តន៍លោក។ ទោះជាពួកគេស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី ព្រះយេហូវ៉ាថែរក្សាពួកគេតាមរបៀបផ្សេងៗ។
លោកបង្រៀននិងសម្រាលទុក្ខពួកគេតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។—រ៉ូម ១៥:៤
លោកស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ ហើយឲ្យពួកគេមានសេចក្ដីសុខសាន្តទាំងក្នុងចិត្តនិងគំនិត។—ភីលីព ៤:៦, ៧
លោកប្រើអ្នកគោរពប្រណិប័តន៍លោកដែលជាបងប្អូនរួមជំនឿរបស់ពួកគេឲ្យលើកទឹកចិត្តពួកគេ។—ហេប្រឺ ១០:២៤, ២៥
លោកផ្ដល់សេចក្ដីសង្ឃឹមអំពីអនាគតដ៏ល្អប្រសើរដល់ពួកគេ គឺលោកនឹងបំបាត់ចោលនូវការឈឺចាប់ដែលពួកគេជួប។—ចម្រៀងសរសើរព្រះ ៣៧:២៩; ការបើកបង្ហាញ ២១:៣-៥
ព័ត៌មានបន្ថែមអំពីចម្រៀងសរសើរព្រះ ២៣:៤
ចម្រៀងសរសើរព្រះ បទទី២៣ បានតែងដោយដាវីឌ។ ពេលគាត់នៅក្មេងគាត់ជាគង្វាល ហើយក្រោយមកគាត់បានក្លាយទៅជាស្ដេចនៃអ៊ីស្រាអែលសម័យបុរាណ។ ( សាំយូអែលទី១ ១៧:៣៤, ៣៥; សាំយូអែលទី២ ៧:៨) ដាវីឌបានចាប់ផ្ដើមបទនេះដោយរៀបរាប់ថា ព្រះយេហូវ៉ាជាគង្វាលល្អ។ លោកតែងតែដឹកនាំនិងផ្គត់ផ្គង់អ្នកគោរពប្រណិប័តន៍លោក ដូចគង្វាលដឹកនាំ ឲ្យចំណី និងទឹកដល់ហ្វូងចៀមរបស់គាត់ដែរ។—ចម្រៀងសរសើរព្រះ ២៣:១-៣
ក្នុងចម្រៀងសរសើរព្រះ ២៣:៤ ដាវីឌប្រើពាក្យ«លោក»ដើម្បីបង្ហាញថាគាត់កំពុងនិយាយជាមួយព្រះយេហូវ៉ាផ្ទាល់ មិនមែននិយាយទៅបុគ្គលទីបីទេ។ នេះបង្ហាញថាដាវីឌមានមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ដាវីឌដឹងថាព្រះបានមើលថែគាត់ ហើយលោកដឹងច្បាស់ថាគាត់កំពុងជួបទុក្ខលំបាកអ្វីខ្លះ។ ហេតុនេះហើយ គាត់មិនភ័យខ្លាចឡើយ។
ចាប់ពីខ៥និង៦នៃបទនេះ ដាវីឌបានប្ដូរការប្រៀបប្រដូចពីគង្វាលនិងចៀមទៅជាម្ចាស់ផ្ទះនិងភ្ញៀវវិញ។ ព្រះយេហូវ៉ាដូចជាម្ចាស់ផ្ទះដែលមានចិត្តទូលាយ ហើយលោកទទួលដាវីឌដូចជាភ្ញៀវដែលមានកិត្តិយស។ សូម្បីតែសត្រូវរបស់ដាវីឌ ក៏មិនអាចរារាំងព្រះពីការមើលថែគាត់ដែរ។ នៅខចុងក្រោយ ដាវីឌប្រាប់ពីទំនុកចិត្តរបស់គាត់ថា ព្រះនឹងបង្ហាញគុណធម៌និងសេចក្ដីស្រឡាញ់ចំពោះគាត់អស់មួយជីវិត។
ពាក្យប្រៀបប្រដូចនៅចម្រៀងសរសើរព្រះបទទី២៣នេះ រៀបរាប់ថាព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកបន្តផ្គត់ផ្គង់អ្វីដែលអ្នកគោរពប្រណិប័តន៍លោកត្រូវការ។—ពេត្រុសទី១ ២:២៥
a សៀវភៅចម្រៀងសរសើរព្រះមានទាំងអស់១៥០បទ។ ក្នុងគម្ពីរខ្លះ ចម្រៀងសរសើរព្រះបទទី២៣ គឺជាបទទី២២វិញ នេះដោយសារគេរាប់តាមបទគម្ពីរហេប្រឺម៉ាសុរិត ហើយខ្លះទៀតរាប់តាមគម្ពីរភាសាក្រិចសេបធួជីនដែលបកប្រែពីភាសាហេប្រឺនៅសតវត្សរ៍ទី២ មុន.គ.ស។
b នាមរបស់ព្រះគឺយេហូវ៉ា។ គម្ពីរច្រើនតែប្រដូចលោកទៅនឹងគង្វាលដែលចេះថ្នាក់ថ្នមចៀម។ អ្នកគោរពប្រណិប័តន៍លោកបានត្រូវប្រៀបប្រដូចទៅនឹងចៀមដែលត្រូវការការពារនិងការមើលថែពីលោក។—ចម្រៀងសរសើរព្រះ ១០០:៣; អេសាយ ៤០:១០, ១១; យេរេមា ៣១:១០; អេសេគាល ៣៤:១១-១៦