ការពន្យល់ខគម្ពីរ
ចម្រៀងសរសើរព្រះ ៣៧:៤ «អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ា»
«អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ា ហើយលោកនឹងផ្ដល់ឲ្យអ្នកតាមដែលចិត្តអ្នកប្រាថ្នា»។—ចម្រៀងសរសើរព្រះ ៣៧:៤, គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
«ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗដែលអ្នកប្រាថ្នាចង់បាន»។—ទំនុកតម្កើង ៣៧:៤, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃចម្រៀងសរសើរព្រះ ៣៧:៤
អ្នកតែងចម្រៀងសរសើរព្រះលើកទឹកចិត្តអ្នកគោរពប្រណិប័តន៍ព្រះឲ្យមានអំណរដោយសារមានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។ អស់អ្នកដែលមានចំណងមិត្តភាពនោះ អាចជឿជាក់ថាព្រះយេហូវ៉ា aនឹងបំពេញបំណងប្រាថ្នាត្រឹមត្រូវរបស់ពួកគេ។
«អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ា»។ គំនិតនេះគឺថាអ្វីដែលគួរធ្វើឲ្យយើង«មានអំណរក្រៃលែង» គឺការគោរពប្រណិប័តន៍ព្រះពិត។ (ចម្រៀងសរសើរព្រះ ៣៧:៤) ហេតុអ្វីយើងអាចនិយាយដូច្នេះ?
អស់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗដូចរៀបរាប់ក្នុងគម្ពីរ។ ពួកគេមិនគ្រាន់តែស្គាល់ព្រះប៉ុណ្ណោះទេ តែពួកគេដឹងថាការស្ដាប់បង្គាប់លោកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ ជាលទ្ធផល ចិត្តពួកគេមិនស្ដីបន្ទោសពួកគេ ហើយពួកគេអាចជៀសវាងបញ្ហាផ្សេងៗដែលមកពីការធ្វើខុសនិងការសម្រេចចិត្តមិនត្រឹមត្រូវ។ (សុភាសិត ៣:៥, ៦) ជាឧទាហរណ៍ ពេលឃើញមនុស្សលោភលន់ឬមិនទៀងត្រង់មើលទៅចម្រុងចម្រើន រាស្ត្ររបស់ព្រះមិនខឹងឬច្រណែនពួកគេទេ។ (ចម្រៀងសរសើរព្រះ ៣៧:១, ៧-៩) រាស្ត្រលោកសប្បាយដឹងថាមិនយូរទៀតលោកនឹងបំបាត់ចោលអំពើអយុត្តិធម៌គ្រប់យ៉ាង ហើយលោកនឹងឲ្យរង្វាន់ចំពោះការប្រព្រឹត្តល្អរបស់ពួកគេ។ (ចម្រៀងសរសើរព្រះ ៣៧:៣៤) បន្ថែមទៅទៀត ពួកគេមានអំណរក្រៃលែងដោយដឹងថាបិតានៅស្ថានសួគ៌មើលមកពួកគេដោយក្ដីពេញចិត្ត។—ចម្រៀងសរសើរព្រះ ៥:១២; សុភាសិត ២៧:១១
«លោកនឹងផ្ដល់ឲ្យអ្នកតាមដែលចិត្តអ្នកប្រាថ្នា»។ ពាក្យទាំងនេះក៏អាចបកប្រែថា«លោកនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់អ្នក»ឬ«លោកនឹងឲ្យអ្នកនូវអ្វីដែលអ្នកចង់បានបំផុត»។ នេះមិនមានន័យថាអ្វីក៏ដោយដែលយើងសុំ ព្រះយេហូវ៉ាចេះតែឲ្យនោះទេ។ ដូចឪពុកម្ដាយល្អ ព្រះយេហូវ៉ាដឹងថាអ្វីល្អបំផុតសម្រាប់កូនៗលោក។ បន្ថែមទៀត អ្វីដែលយើងសុំនិងរបៀបរស់នៅរបស់យើងត្រូវស្របតាមខ្នាតតម្រានិងបំណងប្រាថ្នារបស់លោក។ (សុភាសិត ២៨:៩; យ៉ាកុប ៤:៣; យ៉ូហានទី១ ៥:១៤) ពេលដែលយើងធ្វើដូច្នេះ យើងអាចអធិដ្ឋានទៅ«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»ទាំងមានទំនុកចិត្តថាលោកនឹងស្ដាប់យើង។—ចម្រៀងសរសើរព្រះ ៦៥:២; ម៉ាថាយ ២១:២២
ព័ត៌មានបន្ថែមអំពីចម្រៀងសរសើរព្រះ ៣៧:៤
ដាវីឌដែលជាស្ដេចជនជាតិអ៊ីស្រាអែលសម័យបុរាណ បានតែងចម្រៀងសរសើរព្រះ បទទី៣៧។ គាត់បានសរសេរចម្រៀងសរសើរព្រះជាកំណាព្យតាមលំដាប់ព្យញ្ជនៈ។ b
ដាវីឌបានរងទុក្ខដោយអយុត្តិធម៌ជាច្រើនលើកច្រើនសា។ គាត់ត្រូវរត់គេចពីស្ដេចសុលនិងអ្នកឯទៀតដែលតាមសម្លាប់គាត់។ (សាំយូអែលទី២ ២២:១) ប៉ុន្តែ ដាវីឌតែងតែទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ គាត់ដឹងថាទីបំផុតព្រះយេហូវ៉ានឹងដាក់ទោសមនុស្សអាក្រក់។ (ចម្រៀងសរសើរព្រះ ៣៧:១០, ១១) ទោះបើពួកគេមើលទៅចម្រុងចម្រើនដូចជា«ស្មៅលាស់ខ្ចី»ក្ដី ពួកគេនឹងក្រៀមស្វិតទៅជាមិនខាន។—ចម្រៀងសរសើរព្រះ ៣៧:២, ២០, ៣៥, ៣៦
ចម្រៀងសរសើរព្រះ បទទី៣៧ បង្ហាញថាអ្នកដែលធ្វើតាមខ្នាតតម្រាព្រះនិងអ្នកដែលមិនធ្វើតាម នឹងទទួលលទ្ធផលយ៉ាងណា។ (ចម្រៀងសរសើរព្រះ ៣៧:១៦, ១៧, ២១, ២២, ២៧, ២៨) ហេតុនេះហើយ ចម្រៀងសរសើរព្រះបទនេះ ជួយយើងបង្កើនប្រាជ្ញានិងក្លាយទៅជាមនុស្សដែលព្រះពេញចិត្ត។
សូមទស្សនាវីដេអូខ្លីនេះដើម្បីមើលសេចក្ដីសង្ខេបនៃសៀវភៅចម្រៀងសរសើរព្រះ។
a នាមរបស់ព្រះជាភាសាហេប្រឺប្រកបជា«យេហូវ៉ា»ជាភាសាខ្មែរ។ ដើម្បីស្វែងរកមូលហេតុដែលសេចក្ដីបកប្រែគម្ពីរជាច្រើនបានប្រើឋានៈ«ព្រះជាម្ចាស់»ឬ«អម្ចាស់»ជំនួសនាមព្រះ សូមមើលអត្ថបទចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។
b កំណាព្យបែបនេះបានត្រូវតែងតាមលំដាប់ព្យញ្ជនៈភាសាហេប្រឺ។ ជាឧទាហរណ៍ វគ្គទី១ចាប់ផ្ដើមដោយព្យញ្ជនៈដំបូង វគ្គទី២ចាប់ផ្ដើមដោយព្យញ្ជនៈបន្ទាប់។ របៀបសរសេរនេះប្រហែលជួយឲ្យស្រួលចាំពាក្យកំណាព្យ។