ការពន្យល់ខគម្ពីរ
ចម្រៀងសរសើរព្រះ ៤៦:១០ «ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ»
«ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ។ ប្រជាជាតិនានានឹងលើកតម្កើងខ្ញុំ មនុស្សទូទាំងលោកានឹងសរសើរតម្កើងខ្ញុំ»។—ចម្រៀងសរសើរព្រះ ៤៦:១០, គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
«ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់។ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។—ទំនុកតម្កើង ៤៦:១០, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃចម្រៀងសរសើរព្រះ ៤៦:១០
ព្រះលើកទឹកចិត្តមនុស្សគ្រប់រូបឲ្យគោរពប្រណិប័តន៍លោក ហើយទទួលស្គាល់ថាលោកមានសិទ្ធិគ្រប់គ្រងផែនដីទាំងមូល។ លោកមានអំណាចនិងឫទ្ធានុភាពដែលគ្មានកម្រិត។ ដូច្នេះហើយ មនុស្សគ្រប់រូបដែលចង់រស់ជារៀងរហូត ត្រូវតែទទួលស្គាល់អំពីនេះ។—ការបើកបង្ហាញ ៤:១១
«ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ»។ ពាក្យភាសាហេប្រឺដែលថា«ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ»គឺជាពាក្យដាស់តឿនពីព្រះយេហូវ៉ា aផ្ទាល់ទៅកាន់មនុស្សគ្រប់ប្រជាជាតិ។ លោកលើកទឹកចិត្តពួកគេឲ្យឈប់ប្រឆាំងលោក ហើយទទួលស្គាល់ថាមានតែលោកមួយប៉ុណ្ណោះដែលសមនឹងទទួលការគោរពប្រណិប័តន៍។
មានពាក្យដាស់តឿនមួយទៀតដែលស្រដៀងនឹងនោះដែរ គឺនៅចម្រៀងសរសើរព្រះ បទទី២។ នៅក្នុងបទនោះ ព្រះបានសន្យាថាលោកនឹងបំផ្លាញពួកអ្នកដែលប្រឆាំងលោក។ ចំណែកអស់អ្នកដែលទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់លោកវិញ ពួកគេនឹងមានសេចក្ដីសុខសាន្តនិងសុភមង្គល ដោយសារពួកគេ«យកលោកជាទីពឹងជ្រក»។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេតែងពឹងផ្អែកលើការណែនាំ កម្លាំង និងប្រាជ្ញាពីលោក ជាពិសេសក្នុងអំឡុងគ្រាពិបាក។—ចម្រៀងសរសើរព្រះ ២:៩-១២
«ប្រជាជាតិនានានឹងលើកតម្កើងខ្ញុំ មនុស្សទូទាំងលោកានឹងសរសើរតម្កើងខ្ញុំ»។ នៅអតីតកាល ពេលព្រះយេហូវ៉ាប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាដើម្បីការពាររាស្ត្ររបស់លោក ប្រជាជាតិនានាបានលើកតម្កើងលោក។ (ដំណើរចាកចេញ ១៥:១-៣) នៅថ្ងៃអនាគត លោកនឹងទទួលការលើកតម្កើងខ្លាំងជាងនោះទៅទៀត ពេលដែលមនុស្សគ្រប់រូបនៅផែនដីចុះចូលក្រោមការគ្រប់គ្រងរបស់លោក និងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។—ចម្រៀងសរសើរព្រះ ៨៦:៩, ១០; អេសាយ ២:១១
ព័ត៌មានបន្ថែមអំពីចម្រៀងសរសើរព្រះ ៤៦:១០
ឯកសារយោងមួយបានហៅចម្រៀងសរសើរព្រះ បទទី៤៦ ថាជា«ចម្រៀងអបអរឫទ្ធានុភាពរបស់ព្រះដែលជាអ្នកការពាររាស្ត្រលោក»។ ពេលច្រៀងចម្រៀងសរសើរព្រះ បទទី៤៦ រាស្ត្ររបស់ព្រះបានបង្ហាញទំនុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ាថាលោកមានសមត្ថភាពជួយការពារពួកគេ។ (ចម្រៀងសរសើរព្រះ ៤៦:១, ២) ពាក្យនេះរំលឹកពួកគេថាព្រះយេហូវ៉ាតែងតែនៅក្បែរពួកគេជានិច្ច។—ចម្រៀងសរសើរព្រះ ៤៦:៧, ១១
ដូច្នេះ ដើម្បីជួយពួកគេឲ្យមានទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះយេហូវ៉ាថាលោកមានសមត្ថភាពការពារពួកគេ ចម្រៀងសរសើរព្រះបទនេះបានលើកទឹកចិត្តពួកគេឲ្យរំពឹងគិតកិច្ចការដ៏អស្ចារ្យដែលលោកបានធ្វើ។ (ចម្រៀងសរសើរព្រះ ៤៦:៨) ជាពិសេស បទនេះបានជួយពួកគេផ្ដោតអារម្មណ៍ទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាថាលោកអាចបញ្ឈប់សង្គ្រាម។ (ចម្រៀងសរសើរព្រះ ៤៦:៩) ក្នុងន័យម្យ៉ាង លោកបានបញ្ចប់សង្គ្រាមនៅសម័យគម្ពីររួចហើយដើម្បីការពាររាស្ត្ររបស់លោកពីសត្រូវដែលមកពីប្រជាជាតិនានា។ ប៉ុន្តែ គម្ពីរសន្យាថាមិនយូរទៀតព្រះនឹងធ្វើដូច្នោះក្នុងកម្រិតធំជាង ពេលលោកបំបាត់ចោលសង្គ្រាមទាំងអស់នៅផែនដី។—អេសាយ ២:៤
តើព្រះយេហូវ៉ានៅតែជួយអ្នកគោរពប្រណិប័តន៍លោកសព្វថ្ងៃនេះទេ? មែន លោកនៅតែជួយ។ ជាក់ស្ដែង សាវ័កប៉ូលព្យាយាមលើកទឹកចិត្តគ្រិស្តសាសនិកឲ្យពឹងផ្អែកទៅលើជំនួយពីព្រះទាំងស្រុង។ (ហេប្រឺ ១៣:៦) គំនិតទាំងនោះមាននៅក្នុងចម្រៀងសរសើរព្រះបទទី៤៦ ហើយនោះពិតជាពង្រឹងទំនុកចិត្តយើងទៅលើសមត្ថភាពការពាររបស់ព្រះ។ គំនិតទាំងនោះជួយយើងឲ្យចាត់ទុក«ព្រះជាទីពឹងជ្រកនិងជាកម្លាំងរបស់យើង»។—ចម្រៀងសរសើរព្រះ ៤៦:១
សូមទស្សនាវីដេអូខ្លីនេះដើម្បីមើលសេចក្ដីសង្ខេបពីសៀវភៅចម្រៀងសរសើរព្រះ។
a យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។