លោតទៅអត្ថបទ

ការ​ពន្យល់​ខ​គម្ពីរ

យេរេមា ១១:១១ «ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ»

យេរេមា ១១:១១ «ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ»

​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖‹មើល! ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ គ្មាន​ពួក​គេ​ណា​ម្នាក់​អាច​គេច​រួច​បាន​ឡើយ។ ពេល​ពួក​គេ​ស្រែក​ហៅ​ខ្ញុំ​ឲ្យ​ជួយ ខ្ញុំ​នឹង​មិន​ព្រម​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត›​»។—យេរេមា ១១:១១, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

​«​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា​៖យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ​»។—យេរេមា ១១:១១, សមាគម​ព្រះ​គម្ពីរ​កម្ពុជា

អត្ថន័យ​នៃ​យេរេមា ១១:១១

 ព្រះ​បាន​និយាយ​ទៅ​កាន់​ជនជាតិ​យូដា​ដែល​រស់​នៅ​ក្នុង​អំឡុង​គ្រា​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ។ ដោយ​សារ​បណ្ដា​ជន​មិន​អើពើ​នឹង​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា a និង​មិន​ស្តាប់​តាម​ការ​កែ​តម្រង់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​លោក​បាន​ឲ្យ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ នោះ​លោក​នឹង​មិន​ការ​ពារ​ពួក​គេ​ពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ពួក​គេ​ឡើយ។—សុភាសិត ១:២៤​-​៣២

 «​ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​»។ ពាក្យ​«​ហេតុ​នេះ​»​ភ្ជាប់​ពី​ខ​មុន​ៗ។ នៅ​យេរេមា ១១:១​-​១០ ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​របស់​លោក​ថា ពួក​គេ​បាន​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា ដែល​បុព្វ​បុរស​របស់​ពួក​គេ​បាន​ធ្វើ​ជា​មួយ​លោក។ (​ដំណើរ​ចាក​ចេញ ២៤:៧​) ជនជាតិ​យូដា​មិន​គោរព​ប្រណិប័តន៍​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ​ទេ តែ​បែរ​ជា​គោរព​បូជា​រូប​ព្រះ​ទៅ​វិញ។ ការ​ក្បត់​ជំនឿ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង រហូត​ដល់​បូជា​កូន​ទៀត​ផង។—យេរេមា ៧:៣១

 «​មើល! ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ​»។ ជា​ញឹក​ញយ ពេល​ដែល​គម្ពីរ​ចែង​ថា​ព្រះ​ធ្វើ​អ្វី​មួយ នោះ​មាន​ន័យ​ថា​លោក​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​អ្វី​នោះ​កើត​ឡើង​ប៉ុណ្ណោះ។ តើ​យើង​អាច​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពេល​រាស្ត្រ​របស់​លោក​បែរ​ចេញ​ពី​លោក​ទៅ​គោរព​បូជា​រូប​ព្រះ​និង​មិន​អើពើ​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក នោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​ក្រៃ​លែង។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​លែង​ទទួល​ការ​ការ​ពារ​ពី​ព្រះ​ដែរ។ ជា​លទ្ធផល សត្រូវ​ដ៏​ខ្លាំង​ក្លា​ដែល​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​វាយ​ឈ្នះ​ក្រុង​យេរូសាឡិម ហើយ​នាំ​យក​ពួក​អ្នក​នៅ​ក្នុង​ក្រុង​នោះ​ទៅ​ធ្វើ​ជា​ឈ្លើយ។ ព្រះ​មិន​ពិត​ទាំង​ប៉ុន្មាន​ដែល​បណ្ដា​ជន​បាន​ទុក​ចិត្ត​មិន​អាច​សង្គ្រោះ​ពួក​គេ​បាន​ឡើយ។—យេរេមា ១១:១២; ២៥:៨, ៩

 ពេល​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​ខ្លាច​ផ្សា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​រាស្ត្រ​របស់​លោក នេះ​មិន​បាន​ន័យ​ថា​លោក​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ឬ​អាក្រក់​នោះ​ទេ។ ខ​គម្ពីរ​យ៉ាកុប ១:១៣ ចែង​ថា​៖​«​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ​»។

 «​ពេល​ពួក​គេ​ស្រែក​ហៅ​ខ្ញុំ​ឲ្យ​ជួយ ខ្ញុំ​នឹង​មិន​ព្រម​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត​»។ ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​ដែល​«​ដៃ​ប្រឡាក់​ដោយ​ឈាម​»​ ឬ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ​មិន​ពិត​នោះ​ឡើយ។ (​អេសាយ ១:១៥; ៤២:១៧​) ប៉ុន្តែ លោក​ស្ដាប់​អស់​អ្នក​ដែល​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​ស្មោះ ហើយ​វិល​មក​រក​លោក​ដោយ​ចិត្ត​រាប​ទាប។—អេសាយ ១:១៦​-​១៩; ៥៥:៦, ៧

ព័ត៌មាន​បន្ថែម​អំពី​យេរេមា ១១:១១

 នៅ​ឆ្នាំ​៦៤៧ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​តែង​តាំង​យេរេមា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ អស់​រយៈ​ពេល​៤០​ឆ្នាំ យេរេមា​បាន​ព្រមាន​បណ្ដា​ជន​យូដា​អំពី​ការ​វិនិច្ឆ័យ​ដែល​ព្រះ​នឹង​ធ្វើ​នា​ពេល​ខាង​មុខ។ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​ទាល់​តែ​សោះ។ ក្នុង​អំឡុង​គ្រា​នោះ យេរេមា​បាន​សរសេរ​ពាក្យ​នៅ​យេរេមា ១១:១១។ ក្រោយ​មក នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ទំនាយ​អំពី​ការ​ព្រមាន​នោះ​បាន​កើត​ឡើង​មែន ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម។—យេរេមា ៦:៦​-​៨; ៣៩:១, ២, ៨, ៩

 យ៉ាង​ណា​មិញ សៀវភៅ​យេរេមា​ក៏​មាន​ដំណឹង​អំពី​សេចក្ដី​សង្ឃឹម​ដែរ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖​«​លុះ​ចប់​៧០​ឆ្នាំ​ហើយ . . . ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ ដោយ​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ទី​នេះ​វិញ​»។ (​យេរេមា ២៩:១០​) ព្រះ​យេហូវ៉ា‹បាន​ធ្វើ​តាម›សេចក្ដី​សន្យា​នោះ​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ដោយ​ឲ្យ​ជន​ជាតិ​មេឌី​ពើស៊ី​វាយ​យក​ក្រុង​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​ខ្ចាត់​ខ្ចាយ​នៅ​ទូ​ទាំង​ចក្រភព​បាប៊ីឡូន ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ហើយ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​តាម​របៀប​ត្រឹម​ត្រូវ។—ប្រវត្តិហេតុ​ទី​២ ៣៦:២២, ២៣; យេរេមា ២៩:១៤

 សូម​ទស្សនា​វីដេអូ​ខ្លី​នេះ​ដើម្បី​មើល​សេចក្ដី​សង្ខេប​នៃ​សៀវភៅ​យេរេមា។

a នាម​របស់​ព្រះ​ជា​ភាសា​ហេប្រឺ ប្រកប​ជា​ភាសា​ខ្មែរ​ថា​«​យេហូវ៉ា​»។ ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន​បាន​ប្រើ​ឋាន:​«​ព្រះ​ជា​ម្ចាស់​»​ឬ​«​ព្រះ​អម្ចាស់​»​ជំនួស​នាម​ព្រះ សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។