ការពន្យល់ខគម្ពីរ
រ៉ូម ១០:១៣ «អង្វររកព្រះនាមព្រះអម្ចាស់»
«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣, សេចក្ដីបកប្រែពិភពលោកថ្មី
«អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។—រ៉ូម ១០:១៣, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃរ៉ូម ១០:១៣
ព្រះមិនរើសមុខទេ ហើយលោកចង់ឲ្យមនុស្សទាំងអស់មានឱកាសទទួលសេចក្ដីសង្គ្រោះនិងជីវិតដែលគ្មានទីបញ្ចប់ មិនថាពួកគេមកពីជាតិសាសន៍ មានពណ៌សម្បុរបែបណា ឬមានឋានៈបែបណាក៏ដោយ។ ប៉ុន្តែ ដើម្បីទទួលបានប្រយោជន៍ទាំងនោះ យើងត្រូវហៅរកនាមព្រះយេហូវ៉ាដែលជានាមរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។ a—ចម្រៀងសរសើរព្រះ ៨៣:១៨
ក្នុងគម្ពីរ ឃ្លា«ហៅរកនាមព្រះយេហូវ៉ា» មិនគ្រាន់តែជាការស្គាល់នាមព្រះនិងប្រើនាមលោកក្នុងការគោរពប្រណិប័តន៍ទេ។ (ចម្រៀងសរសើរព្រះ ១១៦:១២-១៤) ប៉ុន្តែ ការហៅរកនាមព្រះ ក៏រួមបញ្ចូលការទុកចិត្តលោកនិងស្វែងរកជំនួយពីលោកដែរ។—ចម្រៀងសរសើរព្រះ ២០:៧; ៩៩:៦
លោកយេស៊ូគ្រិស្តបានចាត់ទុកនាមរបស់ព្រះថាសំខាន់ណាស់។ ពាក្យដំបូងក្នុងសេចក្ដីអធិដ្ឋានគំរូ លោកបានអធិដ្ឋានថា៖«ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) បន្ថែមទៅទៀត លោកក៏បង្ហាញថាយើងត្រូវស្គាល់ ស្ដាប់បង្គាប់ និងស្រឡាញ់ព្រះយេហូវ៉ាដែរ បើយើងចង់ទទួលជីវិតដែលគ្មានទីបញ្ចប់។—យ៉ូហាន ១៧:៣, ៦, ២៦
ហេតុអ្វីយើងអាចសន្និដ្ឋានថាពាក្យ«ព្រះអម្ចាស់»ដែលបានត្រូវរៀបរាប់នៅរ៉ូម ១០:១៣ពីសមាគមព្រះគម្ពីរកម្ពុជា គឺសំដៅទៅលើព្រះយេហូវ៉ា។ ពីព្រោះខនេះបានដកស្រង់ពីយ៉ូអែល ២:៣២ ហើយខនេះក្នុងបទគម្ពីរហេប្រឺដើមមាននាមព្រះមិនមែនឋានៈ«ព្រះអម្ចាស់»ទេ។ b
ព័ត៌មានបន្ថែមអំពីរ៉ូម ១០:១៣
នៅរ៉ូមជំពូកទី១០ គម្ពីរបង្ហាញថាព្រះពេញចិត្តយើង គឺអាស្រ័យថាយើងមានជំនឿឬមិនមានជំនឿលើលោកយេស៊ូគ្រិស្ត។ (រ៉ូម ១០:៩) ការវែកញែកនេះមានការគាំទ្រពីខគម្ពីរផ្សេងទៀតដែលគេហៅថាសញ្ញាចាស់។ បុគ្គលម្នាក់បង្ហាញជំនឿដោយ«ប្រកាសជាសាធារណៈ»។ នេះរួមបញ្ចូលការប្រកាសដំណឹងល្អអំពីសេចក្ដីសង្គ្រោះដល់ពួកអ្នកមិនជឿ។ ជាលទ្ធផល អ្នកឯទៀតមានឱកាសបណ្ដុះជំនឿដែលនាំទៅដល់ជីវិត។—រ៉ូម ១០:១០, ១៤, ១៥, ១៧
សូមអានរ៉ូមជំពូកទី១០ ជាមួយនឹងការពន្យល់ កំណត់សម្គាល់ និងបទគម្ពីរយោង។
a នាមរបស់ព្រះមានជិត៧.០០០ដង ក្នុងឯកសារគម្ពីរសម័យបុរាណ។ ជាភាសាហេប្រឺ នាមព្រះតំណាងដោយអក្សរបួនតួ ដែលច្រើនតែហៅថាតេត្រាក្រាម ហើយអក្សរបួនតួនោះគឺ«យេហូវ៉ា»។ ប៉ុន្តែ បណ្ឌិតគម្ពីរខ្លះ ច្រើនតែហៅនាមនោះថា«យ៉ាវេ»វិញ។
b តាមមើលទៅអ្នកសរសេរបទគម្ពីរគ្រិស្តសាសនិក បានប្រើនាមព្រះ ពេលពួកគេដកស្រង់បទគម្ពីរ«សញ្ញាចាស់»ដែលមាននាមព្រះ។ វចនានុក្រមគម្ពីរមួយបានរៀបរាប់ថា៖«មានភ័ស្តុតាងខ្លះដែលបញ្ជាក់ថា តេត្រាក្រាមយ៉ាវេដែលជាតំណាងនាមរបស់ព្រះ មានក្នុងបទគម្ពីរខ្លះ ឬបទគម្ពីរទាំងអស់ដែលបានត្រូវដកស្រង់ពីសញ្ញាចាស់មកដាក់ក្នុងសញ្ញាថ្មី ពេលសញ្ញាថ្មីបានត្រូវសរសេរជាលើកដំបូង»(Anchor Bible Dictionary)។ (ក្បាលទី៦ ទំព័រ៣៩២) ដើម្បីស្វែងរកព័ត៌មានថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«នាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច» ក្នុងសេចក្ដីពន្យល់បន្ថែម ផ្នែកក៥ ពីគម្ពីរសិក្សាជាភាសាអង់គ្លេសគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី។ សេចក្ដីពន្យល់បន្ថែម គ២ មានបញ្ជីសេចក្ដីបកប្រែគម្ពីរផ្សេងៗ ដែលមាននាមព្រះក្នុងរ៉ូម ១០:១៣។