ការពន្យល់ខគម្ពីរ
សុភាសិត ១៦:៣ «ទោះជាអ្នកធ្វើអ្វីក៏ដោយ ចូរទុកចិត្តព្រះយេហូវ៉ា»
«ទោះជាអ្នកធ្វើអ្វីក៏ដោយ ចូរទុកចិត្តព្រះយេហូវ៉ា នោះគម្រោងការរបស់អ្នកនឹងបានជោគជ័យ»។—សុភាសិត ១៦:៣, សេចក្ដីបកប្រែពិភពលោកថ្មី
«ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច»។—សុភាសិត ១៦:៣, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃសុភាសិត ១៦:៣
សុភាសិតនេះផ្ដល់ការធានាដល់អ្នកដែលគោរពប្រណិប័តន៍ព្រះពិត ថាគម្រោងរបស់ពួកគេនឹងបានជោគជ័យ បើពួកគេទុកចិត្តលោកដោយស្វែងរកនិងធ្វើតាមការណែនាំពីលោក។
«ទោះជាអ្នកធ្វើអ្វីក៏ដោយ ចូរទុកចិត្តព្រះយេហូវ៉ា»។ មុននឹងធ្វើការសម្រេចចិត្ត អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា aស្វែងរកការណែនាំពីលោកដោយចិត្តរាបទាប។ (យ៉ាកុប ១:៥) តើមានមូលហេតុអ្វីខ្លះ? មូលហេតុមួយ គឺដោយសារមនុស្សមានសមត្ថភាពតិចតួចឬគ្មានសមត្ថភាពសោះក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ផ្សេងៗដែលជះឥទ្ធិពលទៅលើជីវិតរបស់ពួកគេ។ (អ្នកទូន្មាន ៩:១១; យ៉ាកុប ៤:១៣-១៥) មូលហេតុមួយទៀត គឺដោយសារពួកគេប្រហែលជាខ្វះប្រាជ្ញាដើម្បីសម្រេចគម្រោងរបស់ខ្លួន។ ដោយសារមូលហេតុទាំងនេះហើយបានជាមនុស្សពឹងផ្អែកឬទុកចិត្តព្រះក្នុងការសម្រេចគម្រោងរបស់ខ្លួន។ ពួកគេធ្វើដូច្នេះដោយអធិដ្ឋានសុំការណែនាំនិងប្រព្រឹត្តស្របទៅតាមបំណងប្រាថ្នារបស់លោកដែលមានក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។—សុភាសិត ៣:៥, ៦; ធីម៉ូថេទី២ ៣:១៦, ១៧
ឃ្លា«ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់» មានន័យត្រង់ថា«ផ្ទេរកិច្ចការរបស់អ្នកទៅលើព្រះអម្ចាស់»។ ស្របទៅតាមឯកសារយោងមួយ ឃ្លានេះរៀបរាប់អំពី«បុគ្គលម្នាក់ដែលផ្ទេរបន្ទុកពីខ្នងរបស់ខ្លួនដល់បុគ្គលម្នាក់ទៀតដែលខ្លាំងជាងនិងអាចរែកពុនបន្ទុកនោះបានប្រសើរជាង»។ អស់អ្នកដែលពឹងផ្អែកលើព្រះអាចប្រាកដថាលោកនឹងជួយគាំទ្រពួកគេ។—ចម្រៀងសរសើរព្រះ ៣៧:៥; ៥៥:២២
ឃ្លា«ទោះជាអ្នកធ្វើអ្វីក៏ដោយ» មិនមានន័យថាព្រះនឹងពេញចិត្តឬឲ្យពរដល់គម្រោងទាំងអស់ដែលយើងមាននោះទេ។ ដើម្បីទទួលពរពីព្រះយេហូវ៉ា គម្រោងរបស់ពួកគេត្រូវស្របតាមខ្នាតតម្រានិងបំណងប្រាថ្នារបស់លោក។ (ចម្រៀងសរសើរព្រះ ១២៧:១; យ៉ូហានទី១ ៥:១៤) ព្រះមិនឲ្យពរអ្នកដែលមិនស្ដាប់បង្គាប់លោកឡើយ។ តាមពិត «លោករារាំងគម្រោងការរបស់មនុស្សទុច្ចរិត»។ (ចម្រៀងសរសើរព្រះ ១៤៦:៩) នៅដំណាលគ្នានោះ លោកគាំទ្រអស់អ្នកដែលបង្ហាញការចុះចូលចំពោះលោក ដោយធ្វើតាមខ្នាតតម្រារបស់លោកដែលមានក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៣៧:២៣
«នោះគម្រោងការរបស់អ្នកនឹងបានជោគជ័យ»។ សេចក្ដីបកប្រែគម្ពីរខ្លះបកប្រែឃ្លានេះថា«គម្រោងការរបស់អ្នកនឹងបានសម្រេច»។ ក្នុងបទគម្ពីរហេប្រឺឬបទគម្ពីរដែលគេហៅថាសញ្ញាថ្មី បានបកប្រែពាក្យនេះទៅជាភាសាខ្មែរថា«បានសម្រេច»។ ពាក្យនេះបញ្ជាក់អំពីគំនិតនៃការដាក់គ្រឹះ ហើយច្រើនតែសំដៅទៅលើភាពស្ថិតស្ថេរនៃស្នាដៃរបស់ព្រះ។ (សុភាសិត ៣:១៩; យេរេមា ១០:១២) ស្រដៀងគ្នាដែរ ព្រះនឹងធ្វើឲ្យគម្រោងការរបស់អស់អ្នកដែលធ្វើអ្វីត្រឹមត្រូវស្របតាមទស្សនៈរបស់លោកបានជោគជ័យ ដោយជួយពួកគេឲ្យមានភាពនឹងនរក្នុងជីវិត មានសេចក្ដីសុខសាន្ត និងមានសុភមង្គល។—ចម្រៀងសរសើរព្រះ ២០:៤; សុភាសិត ១២:៣
ព័ត៌មានបន្ថែមអំពីសុភាសិត ១៦:៣
ស្ដេចសាឡូម៉ូនបានសរសេរសុភាសិតនេះនិងសុភាសិតជាច្រើនទៀតដែលមានក្នុងសៀវភៅសុភាសិត។ គាត់អាចនិពន្ធសុភាសិតរាប់ពាន់ខ ដោយសារព្រះបានឲ្យប្រាជ្ញាដល់គាត់។—បណ្ដាស្ដេចទី១ ៤:២៩, ៣២; ១០:២៣, ២៤
ក្នុងជំពូកទី១៦ សាឡូម៉ូនបានចាប់ផ្ដើមដោយលើកតម្កើងប្រាជ្ញារបស់ព្រះ និងបង្ហាញថាព្រះស្អប់ខ្ពើមអ្នកដែលមានអំណួតខ្លាំងយ៉ាងណា។ (សុភាសិត ១៦:១-៥) បន្ទាប់មក ជំពូកនេះនាំទៅសេចក្ដីបញ្ចប់ដ៏សំខាន់មួយដែលជាគោលរឿងក្នុងសៀវភៅសុភាសិត គឺថា មនុស្សអាចទទួលជោគជ័យនិងមានប្រាជ្ញាឈ្លាសវៃបាន លុះត្រាតែពួកគេមានចិត្តរាបទាប និងអនុញ្ញាតឲ្យព្រះដឹកនាំជំហានរបស់ពួកគេ។ (សុភាសិត ១៦:៣, ៦-៨, ១៨-២៣) សេចក្ដីពិតបឋមនេះ បានត្រូវលើកឡើងម្ដងហើយម្ដងទៀតក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ១:១-៣; អេសាយ ២៦:៣; យេរេមា ១៧:៧, ៨; យ៉ូហានទី១ ៣:២២
សូមទស្សនាវីដេអូខ្លីនេះដើម្បីមើលសេចក្ដីសង្ខេបនៃសៀវភៅសុភាសិត។
a យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។