ការពន្យល់ខគម្ពីរ
សុភាសិត ១៧:១៧ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា»
«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧, សេចក្ដីបកប្រែពិភពលោកថ្មី
«មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃសុភាសិត ១៧:១៧
មិត្តពិតគឺជាមិត្តដែលគួរឲ្យទុកចិត្តនិងអាចពឹងពាក់បាន។ ពួកគេដូចជាបងប្អូនបង្កើតដែលស្រឡាញ់គ្នា។ ពួកគេតែងតែស្មោះត្រង់និងយកចិត្តទុកដាក់ចំពោះគ្នា ជាពិសេសនៅគ្រាលំបាក។
«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា»។ ឃ្លានេះក៏អាចមានន័យថា«មិត្តពិតតែងតែបង្ហាញសេចក្ដីស្រឡាញ់»។ ពាក្យ«សេចក្ដីស្រឡាញ់»ជាភាសាហេប្រឺក្នុងឃ្លានេះ មិនគ្រាន់តែជាអារម្មណ៍ដែលបុគ្គលម្នាក់មានចំពោះបុគ្គលម្នាក់ទៀតទេ តែជាសេចក្ដីស្រឡាញ់មិនគិតប្រយោជន៍ខ្លួនដែលបុគ្គលម្នាក់បង្ហាញទៅកាន់បុគ្គលម្នាក់ទៀតតាមរយៈការប្រព្រឹត្ត។ (កូរិនថូសទី១ ១៣:៤-៧) សេចក្ដីស្រឡាញ់បែបនេះហើយដែលធ្វើឲ្យចំណងមិត្តភាពរបស់ពួកគេកាន់តែជិតស្និទ្ធគ្នាថែមទៀតទោះជាពេលមានការពិបាកក្ដី ឧទាហរណ៍ ប្រហែលពួកគេមានការយល់ច្រឡំគ្នា ឬមានការតានតឹងចិត្តដោយសារបញ្ហាណាមួយជាដើម។ បន្ថែមទៅទៀត ពួកគេក៏សុខចិត្តអភ័យទោសឲ្យគ្នាទៅវិញទៅមកដែរ។ (សុភាសិត ១០:១២) ពេលមិត្តទទួលអ្វីដែលល្អ មិត្តពិតមិនច្រណែនទេ តែគាត់ចូលរួមត្រេកអរវិញ។—រ៉ូម ១២:១៥
«មិត្តពិត . . . ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។ សុភាសិតនេះផ្អែកទៅលើគំនិតដែលថាបងប្អូនអាចជិតស្និទ្ធគ្នាយ៉ាងខ្លាំង។ ដូច្នេះ ពេលយើងខំព្យាយាមជួយមិត្តដែលកំពុងជួបការពិបាក យើងប្រព្រឹត្តចំពោះគាត់ដូចជាបងប្អូនបង្កើត។ បន្ថែមទៅទៀត ទោះជាមានការពិបាកក្ដី ចំណងមិត្តភាពនោះមិនចុះខ្សោយទេ តែកាន់តែរឹងមាំឡើងដោយសារពួកគេបង្ហាញសេចក្ដីស្រឡាញ់និងការគោរពចំពោះគ្នា។
ព័ត៌មានបន្ថែមអំពីសុភាសិត ១៧:១៧
សៀវភៅសុភាសិតពោរពេញទៅដោយប្រាជ្ញានិងយោបល់ដែលធ្វើឲ្យអ្នកអានគិតពិចារណា។ សៀវភៅនេះមួយផ្នែកធំបានត្រូវសរសេរដោយស្ដេចសាឡូម៉ូន។ គាត់បានសរសេរជាទម្រង់កំណាព្យហេប្រឺ តែមិនមែនដោយប្រើពាក្យចុងជួនទេ។ សុភាសិតខ្លះគាត់ប្រើពាក្យឬឃ្លាដែលស្រដៀងគ្នាដើម្បីបញ្ជាក់អត្ថន័យឲ្យគ្នាទៅវិញទៅមក តែសុភាសិតខ្លះគាត់ប្រើពាក្យផ្ទុយដើម្បីបញ្ជាក់គំនិតផ្សេងគ្នា។ ឧទាហរណ៍ សុភាសិត ១៧:១៧ ឃ្លាទី២បញ្ជាក់អត្ថន័យឲ្យឃ្លាទី១។ ប៉ុន្តែ សុភាសិត ១៨:២៤ ដែលចែងថា៖«មានមិត្តភក្ដិដែលត្រៀមចាំបំផ្លាញគ្នា តែក៏មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត» គឺបញ្ជាក់គំនិតផ្ទុយគ្នាវិញ។
ពេលសាឡូម៉ូនតែងសុភាសិត ១៧:១៧ គាត់ប្រហែលជាបានគិតអំពីមិត្តភាពដ៏ជិតស្និទ្ធរវាងដាវីឌឪពុកគាត់និងយ៉ូណាថានកូនរបស់ស្ដេចសុល។ (សាំយូអែលទី១ ១៣:១៦; ១៨:១; ១៩:១-៣; ២០:៣០-៣៤, ៤១, ៤២; ២៣:១៦-១៨) ទោះជាដាវីឌនិងយ៉ូណាថានមិនមែនជាបងប្អូននឹងគ្នាក៏ដោយ តែពួកគាត់ស្រឡាញ់រាប់អានគ្នាខ្លាំងជាងបងប្អូនទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ យ៉ូណាថានសុខចិត្តលះបង់ជីវិតដើម្បីការពារដាវីឌដែលជាមិត្តសម្លាញ់របស់គាត់ទៀតផង។ a
សូមទស្សនាវីដេអូខ្លីនេះដើម្បីមើលសេចក្ដីសង្ខេបនៃសៀវភៅសុភាសិត។
a សូមមើលអត្ថបទជាភាសាអង់គ្លេសដែលមានចំណងជើងថា«ចំណងមិត្តភាពដ៏ជិតស្និទ្ធ»។