លោតទៅអត្ថបទ

ការ​ពន្យល់​ខ​គម្ពីរ

សុភាសិត ៣:៥, ៦ «កុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ»

សុភាសិត ៣:៥, ៦ «កុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ»

 ​«​ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត កុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ។ ទោះ​ជា​កូន​ធ្វើ​អ្វី​ក៏​ដោយ ចូរ​គិត​ដល់​លោក នោះ​លោក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​របស់​កូន​បាន​រលូន​»។—សុភាសិត ៣:៥, ៦, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

 ​«​កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង។ ចូរ​នឹក​ដល់​ព្រះ​អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះ​អង្គ​នឹង​ត្រួស​ត្រាយ​ផ្លូវ​របស់​កូន​»។—សុភាសិត ៣:៥, ៦, សមាគម​ព្រះ​គម្ពីរ​ខ្មែរ​កម្ពុជា

អត្ថន័យ​នៃ​សុភាសិត ៣:៥, ៦

 ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ យើង​គួរ​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា a ជា​ជាង​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន។

 «​ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត​»។ យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ ពេល​យើង​ធ្វើ​អ្វី​តាម​វិធី​របស់​លោក។ យើង​ត្រូវ​ទុក​ចិត្ត​លោក​ទាំង​ស្រុង គឺ​អស់​ពី​ដួង​ចិត្ត​របស់​យើង។ ក្នុង​គម្ពីរ ពាក្យ​ចិត្ត​សំដៅ​ទៅ​លើ​អ្វី​ដែល​នៅ​ក្នុង​បុគ្គល​ម្នាក់ នេះ​រួម​បញ្ចូល បំណង​ចិត្ត សម្ទុះ​ចិត្ត គំនិត និង​របៀប​គិត​គូរ។ ដូច្នេះ ការ​ទុក​ចិត្ត​ព្រះ​អស់​ពី​ដួង​ចិត្ត នេះ​មិន​គ្រាន់​តែ​ទាក់​ទង​នឹង​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​យើង​ធ្វើ ដោយ​សារ​យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​ដឹង​ថា​អ្វី​ល្អ​បំផុត​សម្រាប់​យើង។—រ៉ូម ១២:១

 «​កុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ​»។ យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ព្រោះ​យើង​មិន​អាច​ពឹង​ផ្អែក​លើ​ការ​វែក​ញែក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​បាន​ទេ។ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ខ្លួន​និង​ឲ្យ​អារម្មណ៍​យើង​ដឹក​នាំ​ជីវិត​ខ្លួន នោះ​យើង​ប្រហែល​ជា​ធ្វើ​ការ​សម្រេច​ដែល​ដំបូង​មើល​ទៅ​ដូច​ជា​ល្អ តែ​ទី​បំផុត​បែរ​ជា​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ទៅ​វិញ។ (​សុភាសិត ១៤:១២; យេរេមា ១៧:៩​) ព្រះ​មាន​ប្រាជ្ញា​ជាង​មនុស្ស​យើង​ឆ្ងាយ​ណាស់។ (​អេសាយ ៥៥:៨, ៩​) ពេល​យើង​ឲ្យ​ព្រះ​ដឹក​នាំ​យើង នោះ​ជីវិត​របស់​យើង​នឹង​បាន​ជោគ​ជ័យ។—ចម្រៀង​សរសើរ​ព្រះ ១:១​-​៣; សុភាសិត ២:៦​-​៩; ១៦:២០

 «​ទោះ​ជា​កូន​ធ្វើ​អ្វី​ក៏​ដោយ ចូរ​គិត​ដល់​លោក​»។ យើង​គួរ​មាន​ទស្សនៈ​ដូច​ព្រះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ។ យើង​ធ្វើ​ដូច្នេះ ដោយ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​លោក និង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ដែល​មាន​ក្នុង​គម្ពីរ។—ចម្រៀង​សរសើរ​ព្រះ ២៥:៤; ធីម៉ូថេ​ទី​២ ៣:១៦, ១៧

 «​លោក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​របស់​កូន​បាន​រលូន​»។ ព្រះ​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​រលូន ដោយ​ជួយ​យើង​ឲ្យ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ (​សុភាសិត ១១:៥​) យ៉ាង​នេះ យើង​អាច​ជៀស​វាង​ពី​បញ្ហា ហើយ​ជីវិត​យើង​មាន​សុភមង្គល​ជាង។—ចម្រៀង​សរសើរ​ព្រះ ១៩:៧, ៨; អេសាយ ៤៨:១៧, ១៨

ព័ត៌មាន​ថែម​ទៀត​អំពី​សុភាសិត ៣:៥, ៦

 សៀវភៅ​សុភាសិត​មាន​គោល​ការណ៍​មួយ​ចំនួន​ដែល​អាច​ជួយ​យើង​មាន​សុភមង្គល​និង​ជោគ​ជ័យ​ក្នុង​ជីវិត​តាម​ទស្សនៈ​ព្រះ។ ចាប់​ពី​ជំពូក​ទី​១​ដល់​ទី​៩ បាន​ត្រូវ​សរសេរ​ជា​ដំបូន្មាន​របស់​ឪពុក​ទៅ​កាន់​កូន​ប្រុស​ជា​ទី​ស្រឡាញ់។ ក្នុង​ជំពូក​ទី​៣ លើក​បញ្ជាក់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ប្រាជ្ញា​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត។—សុភាសិត ៣:១៣​-​២៦

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨