លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី១: ហេតុ​អ្វី​គួរ​ជឿ​ថា​មាន​ព្រះ?

ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី១: ហេតុ​អ្វី​គួរ​ជឿ​ថា​មាន​ព្រះ?

 ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត?

 តើ​ប្អូន​ជឿ​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ទេ? បើ​ប្អូន​ជឿ គឺ​មិន​ចម្លែក​ទេ ព្រោះ​មិន​មែន​មាន​តែ​ប្អូន​ទេ​ដែល​ជឿ​ដូច្នោះ។ យុវវ័យ​ជា​ច្រើន(​និង​មនុស្ស​ពេញ​វ័យ​)ក៏​ជឿ​អ៊ីចឹង​ដែរ។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​និយាយ​ថា​ជីវិត​និង​សកល​លោក​យើង បាន​វិវត្ត​ដោយ​ឯកឯង គ្មាន​ជំនួយ​ពី​ព្រះ​ទេ។

 តើ​ប្អូន​ដឹង​ទេ? ក្រុម​ទាំង​ពីរ​ដែល​មាន​គំនិត​ខ្វែង​គ្នា​នេះ ច្រើន​តែ​និយាយ​អ្វី​ដែល​ពួក​គេ​ជឿ តែ​មិន​ដឹង​មូលហេតុ​ដែល​ពួក​គេ​ជឿ​ដូច្នោះ​ឡើយ។

  •   អ្នក​ខ្លះ​ជឿ​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ តាម​មើល​ទៅ ពួក​គេ​ជឿ​ដូច្នោះ​ដោយ​សារ​ពួក​គេ​បាន​រៀន​ពី​វិហារ​សាសនា​របស់​ពួក​គេ។

  •   រីឯ​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជឿ​ថា​ជីវិត​ទាំង​ឡាយ​បាន​កកើត​ឡើង​ដោយ​សារ​ការ​វិវត្តន៍ តាម​មើល​ទៅ ពួក​គេ​ជឿ​ដូច្នោះ​ព្រោះ​ពួក​គេ​បាន​រៀន​ពី​សាលា។

 អត្ថបទ​ត​ភាគ​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ជឿ​ជាក់​ថា​ជីវិត​គឺ​មាន​ឡើង​ដោយ​សារ​មាន​ព្រះ​បាន​បង្កើត ហើយ​ក៏​ជួយ​ប្អូន​ឲ្យ​ចេះ​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​នេះ​ដែរ។ ប៉ុន្តែ​ដំបូង ប្អូន​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខ្លះ​ៗ​៖

 ហេតុ​អ្វី​ខ្ញុំ​ជឿ​ថា​មាន​ព្រះ?

 ហេតុ​អ្វី​សំណួរ​នេះ​សំខាន់? ព្រោះ​គម្ពីរ​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​ប្អូន។ (​រ៉ូម ១២:១​) នេះ​មាន​ន័យ​ថា ការ​ជឿ​ថា​មាន​ព្រះ មិន​គួរ​ផ្អែក​ទៅ​លើ​តែ

  •  អារម្មណ៍ (​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ប្រភព​ថាមពល​ដែល​ខ្លាំង​ក្លា​)

  •  ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត (​ខ្ញុំ​រស់​នៅ​តំបន់​មួយ​ដែល​កាន់​តាម​សាសនា​)

  •  ការ​បង្ខិត​បង្ខំ (​ឪពុក​ម្ដាយ​ខ្ញុំ​បង្គាប់​ខ្ញុំ​ថា​ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ​)

 ផ្ទុយ​ទៅ​វិញ ប្អូន​ផ្ទាល់​គួរ​ជឿ​ជាក់​ថា​មាន​ព្រះ​មែន ហើយ​ការ​ជឿ​ដូច្នោះ​គួរ​តែ​សម​ហេតុ​ផល​សម្រាប់​ប្អូន។

 ដូច្នេះ តើ​អ្វី​ធ្វើ​ឲ្យ​ប្អូន​ជឿ​ថា​ពិត​ជា​មាន​ព្រះ​មែន? ក្រដាស​លំហាត់​«​ហេតុ​អ្វី​ខ្ញុំ​ជឿ​ថា​មាន​ព្រះ?​»​ នឹង​ជួយ​ឲ្យ​ប្អូន​មាន​ការ​ជឿ​ជាក់​អំពី​នោះ។ បន្ថែម​ទៅ​ទៀត ប្អូន​ប្រហែល​ជា​ឃើញ​ថា​ក្រដាស​លំហាត់​នោះ​នឹង​ជួយ​ប្អូន​ឲ្យ​គិត​ពិចារណា​អំពី​របៀប​ដែល​យុវវ័យ​ឯ​ទៀត​រក​ឃើញ​ចម្លើយ​អំពី​សំណួរ​នេះ។

 ប្អូន​ថេរេសា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​ស្ដាប់​គ្រូ​ពន្យល់​អំពី​ដំណើរ​ការ​ក្នុង​រាង​កាយ​យើង ខ្ញុំ​ជឿ​ជាក់​ទាំង​ស្រុង​ថា​ពិត​ជា​មាន​ព្រះ​មែន។ សរីរាង្គ​នីមួយ​ៗ​ក្នុង​រាង​កាយ​មាន​តួ​នាទី​រៀង​ៗ​ខ្លួន សូម្បី​តែ​សរីរាង្គ​តូច​ក៏​មាន​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​ដែរ ហើយ​វា​បំពេញ​តួ​នាទី​របស់​វា​ទាំង​យើង​មិន​ដឹង​ខ្លួន​ទៀត​ផង។ រូប​កាយ​មនុស្ស​យើង​ពិត​ជា​ស្មុគ​ស្មាញ​ណាស់!​»។

 ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ឃើញ​ប៉ម នាវា ឬ​ឡាន ខ្ញុំ​សួរ​ខ្លួន​ថា​៖‹តើ​អ្នក​ណា​បង្កើត​វា​ឡើង›។ ជា​ឧទាហរណ៍ ដើម្បី​មាន​ឡាន​មួយ​គ្រឿង គឺ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ប្រាជ្ញា​វាង​វៃ​ផលិត​វា​ឡើង។ ព្រោះ​មាន​គ្រឿង​តូច​ៗ​ជា​ច្រើន​ត្រូវ​ដំឡើង​នៅ​កន្លែង​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ឡាន​នោះ​ដំណើរ​ការ​បាន។ បើ​ឡាន​មាន​អ្នក​ដែល​គ្រោង​បង្កើត នោះ​មនុស្ស​យើង​ក៏​ត្រូវ​មាន​អ្នក​គ្រោង​បង្កើត​ដែរ​»។

 ប្អូន​ខារិន​បាន​រៀប​រាប់​ថា​៖​«​សូម្បី​តែ​ផ្នែក​ដ៏​តូច​បំផុត​ក្នុង​សកល​លោក​ក៏​ត្រូវ​ការ​រាប់​រយ​ឆ្នាំ​ដើម្បី​ឲ្យ​មនុស្ស​ដែល​ឈ្លាស​វៃ​បំផុត​ស្វែង​យល់​អំពី​វា​ដែរ។ ពេល​យើង​ទទួល​ស្គាល់​អំពី​ការ​ពិត​នេះ នោះ​យើង​យល់​ថា​សកល​លោក​ទាំង​មូល​មិន​អាច​កកើត​ឡើង​ដោយ​ឯកឯង​បាន​ទេ ត្រូវ​តែ​មាន​បុគ្គល​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​បង្កើត​វា​ឡើង​»។

 ប្អូន​អានថូនី​បាន​រៀប​រាប់​ថា​៖«ពេល​ខ្ញុំ​សិក្សា​អំពី​វិទ្យា​សាស្ត្រ​កាន់​តែ​ច្រើន នោះ​ខ្ញុំ​កាន់​តែ​ពិបាក​ជឿ​ថា​ជីវិត​បាន​វិវត្ត​ដោយ​ឯកឯង​ណាស់។ ជា​ឧទាហរណ៍ ខ្ញុំ​ឃើញ​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ គឺ​សុទ្ធ​តែ​ទាក់​ទង​នឹង​គណិត​វិទ្យា។ ហើយ​ខ្ញុំ​ក៏​កោត​ស្ងើច​អំពី​ចំណុច​វិសេស​របស់​មនុស្ស​ដែរ គឺ​ការ​ចង់​ដឹង​ចង់​យល់។ មាន​តែ​មនុស្ស​ទេ​ដែល​ចង់​ដឹង​ថា​ខ្លួន​មក​ពី​ណា និង​ជីវិត​មាន​គោល​បំណង​អ្វី ហើយ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។ ទ្រឹស្ដី​វិវត្តន៍​ខំ​បក​ស្រាយ​អំពី​អ្វី​ទាំង​អស់​នោះ​ឲ្យ​ទាក់​ទង​នឹង​សត្វ តែ​ទ្រឹស្ដី​នោះ​មិន​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​មនុស្ស​យើង​វិសេស​បែប​នោះ​ឡើយ។ ចំពោះ​ខ្ញុំ ការ​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍​គឺ​ពិបាក​ជាង​ការ​ជឿ​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត»។

 ការ​ពន្យល់​ជំនឿ​របស់​ខ្លួន

 ចុះ​បើ​សិស្ស​រួម​ថ្នាក់​សើច​ចំអក​ឲ្យ​ប្អូន​ដោយ​សារ​ប្អូន​ជឿ​លើ​អ្វី​ដែល​មើល​មិន​ឃើញ? ចុះ​បើ​ពួក​គេ​និយាយ​ថា​វិទ្យា​សាស្ត្រ​មាន​«​ភ័ស្តុតាង​»​អំពី​ការ​វិវត្តន៍?

 ដំបូង សូម​មាន​ទំនុក​ចិត្ត​ចំពោះ​អ្វី​ដែល​ប្អូន​ជឿ។ កុំ​មាន​អារម្មណ៍​ខ្មាស​គេ​ឡើយ។ (​រ៉ូម ១:១៦​) សូម​ប្អូន​ចាំ​ចំណុច​ដូច​ត​ទៅ​៖

  1.  ១. មិន​មែន​មាន​តែ​ប្អូន​ទេ​ដែល​ជឿ​ថា​មាន​ព្រះ មនុស្ស​ជា​ច្រើន​ក៏​ជឿ​អ៊ីចឹង​ដែរ។ នេះ​រួម​បញ្ចូល​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​និង​មាន​ប្រាជ្ញា។ ជា​ឧទាហរណ៍ ពួក​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​ក៏​ជឿ​ថា​មាន​ព្រះ​ដែរ។

  2.  ២. ពេល​អ្នក​ឯ​ទៀត​និយាយ​ថា​ពួក​គេ​មិន​ជឿ​ព្រះ ជួន​កាល​ពួក​គេ​ចង់​មាន​ន័យ​ថា​ពួក​គេ​មិន​យល់​អំពី​ព្រះ។ ពួក​គេ​គ្មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ទស្សនៈ​របស់​ពួក​គេ​ត្រឹម​ត្រូវ​ទេ ពួក​គេ​គ្រាន់​តែ​លើក​ឡើង​សំណួរ​ដូច​ជា​«​បើ​មាន​ព្រះ​មែន ម្ដេច​ក៏​លោក​ឲ្យ​យើង​រង​ទុក្ខ​វេទនា?​»។ ក្នុង​ន័យ​ម្យ៉ាង ពួក​គេ​មិន​ចង់​រក​ហេតុ​ផល​ដែល​បញ្ជាក់​ថា​មាន​ព្រះ​ទេ តែ​គ្រាន់​តែ​សួរ​តាម​អារម្មណ៍​ពួក​គេ​ប៉ុណ្ណោះ។

  3.  ៣. មនុស្ស​មាន​ការ​«​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»។ (​ម៉ាថាយ ៥:៣​) នេះ​រួម​បញ្ចូល​ការ​ជឿ​ថា​មាន​ព្រះ។ ដូច្នេះ បើ​បុគ្គល​ម្នាក់​និយាយ​ថា​គ្មាន​ព្រះ​ទេ គាត់​ត្រូវ​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​សន្និដ្ឋាន​ដូច្នោះ។—រ៉ូម ១:១៨​-​២០

  4.  ៤. ការ​ជឿ​ថា​មាន​ព្រះ​គឺ​សម​ហេតុ​សម​ផល។ ព្រោះ​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ជីវិត​មិន​អាច​កើត​ឡើង​ដោយ​ឯកឯង​បាន​ឡើយ។ គ្មាន​ភ័ស្តុតាង​ណា​ដែល​គាំទ្រ​គំនិត​ថា​អ្វី​ដែល​មាន​ជីវិត​អាច​កើត​ចេញ​ពី​អ្វី​ដែល​គ្មាន​ជីវិត​ទេ។

 ចុះ​បើ​អ្នក​ណា​ម្នាក់​សួរ​ប្អូន​អំពី​មូលហេតុ​ដែល​ប្អូន​ជឿ​ថា​មាន​ព្រះ តើ​ប្អូន​អាច​ឆ្លើយ​យ៉ាង​ណា? សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

 បើ​នរណា​ម្នាក់​និយាយ​ថា​៖​«​មាន​តែ​មនុស្ស​មិន​សូវ​មាន​ចំណេះ​ដឹង​ប៉ុណ្ណោះ​ដែល​ជឿ​ថា​មាន​ព្រះ​»។

 ប្អូន​អាច​ឆ្លើយ​ថា​៖​«​តើ​អ្នក​ពិត​ជា​គិត​បែប​នេះ​មែន? សម្រាប់​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ។ ការ​ពិត តាម​ការ​ស្ទង់​មតិ​សាស្ត្រាចារ្យ​ខាង​វិទ្យា​សាស្ត្រ​ជាង​១.៦០០​នាក់​ពី​សកល​វិទ្យាល័យ​ទំនើប​ៗ គេ​ឃើញ​ថា​មួយ​ភាគ​បី​នៃ​សាស្ត្រាចារ្យ​ទាំង​នោះ​មិន​បាន​អះអាង​ថា​គ្មាន​ព្រះ​ទេ។ a តើ​អ្នក​នឹង​ហៅ​ពួក​គាត់​ថា​ជា​មនុស្ស​មិន​ចេះ​ដឹង​ដោយ​សារ​ពួក​គាត់​ជឿ​ថា​មាន​ព្រះ​ឬ?​»។

 បើ​នរណា​ម្នាក់​និយាយ​ថា​៖ ​«​បើ​មាន​ព្រះ​មែន ម្ដេច​ក៏​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ?​»។

 ប្អូន​អាច​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ប្រហែល​ជា​ចង់​បាន​ន័យ​ថា​អ្នក​មិន​យល់​អំពី​មូលហេតុ​ដែល​ព្រះ​មិន​បាន​ចាត់​វិធានការ​ចំពោះ​ទុក្ខ​វេទនា​របស់​យើង​មែន? [​ទុក​ឲ្យ​គាត់​ឆ្លើយ​] ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ស្ដី​អំពី​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ។ ប៉ុន្តែ ដើម្បី​យល់​អំពី​នេះ យើង​ត្រូវ​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​ពី​គម្ពីរ។ តើ​អ្នក​ចង់​ស្វែង​យល់​ថែម​ទៀត​ទេ?​»។

 អត្ថបទ​បន្ទាប់​នឹង​បក​ស្រាយ​អំពី​មូលហេតុ​ដែល​ទ្រឹស្ដី​វិវត្តន៍ មិន​មាន​ការ​ពន្យល់​សម​ហេតុ​សម​ផល​អំពី​មូលហេតុ​ដែល​យើង​មាន​ជីវិត។

a Source: Social Science Research Council, “Religion and Spirituality Among University Scientists,” by Elaine Howard Ecklund, February 5, 2007.