សំណួរពីយុវវ័យ
តើខ្ញុំត្រូវធ្វើអ្វីក្រោយពីទទួលការជ្រមុជទឹក? ភាគទី១៖ បន្តសកម្មភាពរបស់ប្អូន
យើងត្រូវការការថែរក្សាទ្រព្យសម្បត្តិដែលមានតម្លៃដូចជា ផ្ទះ ឬឡានឲ្យបានល្អ។ ដូចគ្នាដែរ យើងក៏ត្រូវការការថែរក្សាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះដែរ។ តើតាមរបៀបណាប្អូននឹងរក្សាចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះ ក្រោយពីប្អូនទទួលការជ្រមុជទឹក?
ក្នុងអត្ថបទនេះ
បន្តសិក្សាបណ្ដាំរបស់ព្រះ
យោបល់ក្នុងគម្ពីរ៖ «បន្តបង្កើតផលក្នុងគ្រប់ការល្អទាំងអស់ ព្រមទាំងមានចំណេះត្រឹមត្រូវអំពីព្រះកាន់តែច្រើនឡើងៗ»។—កូឡុស ១:១០
តើខគម្ពីរនេះមានន័យយ៉ាងណា៖ ក្រោយពីទទួលការជ្រមុជទឹក ប្អូនត្រូវបន្តការអានគម្ពីរនឹងរំពឹងគិតនូវអ្វីដែលប្អូនបានរៀន។—ចម្រៀងសរសើរព្រះ ២៥:៤; ១១៩:៩៧
អ្វីដែលនឹងកើតឡើង៖ ជួនកាល ប្អូនមិនចង់សិក្សាតែម្ដង។ ប្អូនប្រហែលជាសន្និដ្ឋានថា «នោះមិនមែនជាអ្វីដែលខ្ញុំធ្វើទេ ខ្ញុំមិនពូកែខាងរៀនទេ»។
អ្វីដែលប្អូនអាចធ្វើ៖ ប្អូនអាចរៀនបន្ថែមទៀតពីប្រធានបទនៅក្នុងគម្ពីរដែលប្អូនចាប់អារម្មណ៍។ រៀបចំគម្រោងសិក្សាផ្ទាល់ខ្លួន ដោយធ្វើដូច្នេះការសិក្សាបណ្ដាំរបស់ព្រះ មិនមែនជាបន្ទុកដល់ប្អូនទេ។ គោលដៅរបស់ប្អូនក្នុងការរៀបចំគម្រោងនោះ គឺដើម្បីបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងបណ្ដាំរបស់លោក។ ការសិក្សាបែបនោះនឹងទទួលទាំងប្រយោជន៍និងបរិយាកាសសប្បាយរីករាយ។—ចម្រៀងសរសើរព្រះ ១៦:១១
យោបល់៖ ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីការសិក្សាផ្ទាល់ខ្លួន សូមប្អូនព្យាយាមរកកន្លែងដែលស្ងាត់ ដើម្បីមិនឲ្យមានអ្វីរំខាន។
ត្រូវការជំនួយបន្ថែម?
សូមអាន៖
«តើគម្ពីរអាចជួយខ្ញុំយ៉ាងដូចម្ដេច? ភាគទី២៖ ធ្វើឲ្យការអានគម្ពីរជាអ្វីដែលសប្បាយរីករាយ»
សូមមើលវីដេអូ៖
ការអានគម្ពីរ តើមនុស្សស្រករប្អូននិយាយអ្វីអំពីការអានគម្ពីរ?
សូមថតចម្លង៖
«កាលវិភាគអំណានគម្ពីរ»
បន្តអធិដ្ឋានទៅព្រះយេហូវ៉ា
យោបល់ក្នុងគម្ពីរ៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ»។—ភីលីព ៤:៦
តើខគម្ពីរនេះមានន័យយ៉ាងណា៖ មានរបៀបពីរយ៉ាងដែលប្អូនអាចប្រាស្រ័យទាក់ទងជាមួយព្រះ៖ ប្អូនស្ដាប់លោកពេលដែលប្អូនអានបណ្ដាំរបស់លោក ហើយប្អូននិយាយទៅកាន់លោកពេលដែលប្អូនអធិដ្ឋានទៅលោក។ សូមចាំថាក្នុងសេចក្ដីអធិដ្ឋានរបស់ប្អូន ប្អូនអាចនិយាយអំពីសំណូមពរដែលប្អូនត្រូវការ និងថ្លែងអំណរគុណសម្រាប់ពរដែលប្អូនបានទទួល។
អ្វីដែលនឹងកើតឡើង៖ ដំបូងប្រហែលជាប្អូនគិតថាសេចក្ដីអធិដ្ឋានរបស់ប្អូនមិនមានន័យ។ ប្អូនក៏ប្រហែលជាចាប់ផ្ដើមសង្ស័យថា តើព្រះយេហូវ៉ាពិតជាកំពុងស្ដាប់ប្អូន ឬតើលោកពិតជាឮប្អូននិយាយដែរឬទេ។—ចម្រៀងសរសើរព្រះ ១០:១
អ្វីដែលប្អូនអាចធ្វើ៖ ជារៀងរាល់ថ្ងៃ សូមគិតអំពីអ្វីដែលប្អូនចង់ប្រាប់លោកក្នុងសេចក្ដីអធិដ្ឋាន។ បើសិនជាកាលៈទេសៈរបស់ប្អូនមិនអនុញ្ញាតឲ្យប្អូនអធិដ្ឋានទៅលោកយ៉ាងពេញលេញ សូមកត់ទុកអ្វីដែលប្អូនចង់អធិដ្ឋាន ហើយអធិដ្ឋានអំពីអ្វីទាំងអស់នោះនៅពេលក្រោយក្នុងថ្ងៃនោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនក៏អាចអធិដ្ឋានអំពីសេចក្ដីត្រូវការរបស់បងប្អូនឯទៀតផងដែរ។—ភីលីព ២:៤
យោបល់៖ បើសិនជាប្អូនមានអារម្មណ៍ថា សេចក្ដីអធិដ្ឋានរបស់ខ្លួនមិនមានន័យ សូមអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីរឿងនេះ។ លោកចង់ស្ដាប់អំពីការព្រួយបារម្ភទាំងអស់របស់ប្អូន រួមទាំងកង្វល់ដែលប្អូនមានចំពោះសេចក្ដីអធិដ្ឋានរបស់ប្អូនផងដែរ។—យ៉ូហានទី១ ៥:១៤
ត្រូវការជំនួយបន្ថែម?
សូមអាន៖
សូមថតចម្លង៖
«តើរបៀបណាខ្ញុំអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំកាន់តែល្អប្រសើរឡើង?»
បន្តប្រាប់អ្នកឯទៀតពីជំនឿរបស់ប្អូន
យោបល់ក្នុងគម្ពីរ៖ «ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក . . . ដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក»។—ធីម៉ូថេទី១ ៤:១៦
តើខគម្ពីរនេះមានន័យយ៉ាងណា៖ ពេលប្អូនប្រាប់ពីជំនឿរបស់ខ្លួនទៅកាន់អ្នកឯទៀត ប្អូនក៏ពង្រឹងជំនឿរបស់ខ្លួនឯងផងដែរ។ ជាលទ្ធផលប្អូនអាចសង្គ្រោះជីវិតអស់អ្នកដែលស្ដាប់ប្អូន ហើយប្អូនក៏នឹងសង្គ្រោះជីវិតរបស់ខ្លួនឯងផងដែរ។
អ្វីដែលនឹងកើតឡើង៖ ជួនកាលប្រហែលជាប្អូនមិនចង់ប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្លួននោះទេ។ ហើយប្អូនប្រហែលជាភ័យក្នុងការធ្វើដូច្នេះ ជាពិសេសនៅសាលារៀន។
អ្វីដែលប្អូនអាចធ្វើ៖ ព្យាយាមមិនឲ្យអារម្មណ៍អវិជ្ជមានគ្រប់គ្រងលើការសម្រេចចិត្តរបស់ប្អូនដូចជាអារម្មណ៍ភ័យខ្លាចជាដើម។ សាវ័កប៉ូលបានសរសេរថា៖«ប្រសិនបើខ្ញុំ[ប្រកាសដំណឹងល្អ]ដោយមិនស្ម័គ្រពីចិត្ត ខ្ញុំនៅតែត្រូវបំពេញភារកិច្ចនេះដែលព្រះបានផ្ញើនឹងខ្ញុំ»។—កូរិនថូសទី១ ៩:១៦, ១៧
យោបល់៖ ដោយទទួលការអនុញ្ញាតពីឪពុកម្ដាយ សូមរកបងប្អូនណាម្នាក់ដែលអាចជួយប្អូន ដែលគាត់ជាគំរូល្អក្នុងកិច្ចបម្រើផ្សាយ។—សុភាសិត ២៧:១៧
ត្រូវការជំនួយបន្ថែម?
បន្តចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក
យោបល់ក្នុងគម្ពីរ៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីលើកទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះការប្រជុំគ្នា»។—ហេប្រឺ ១០:២៤, ២៥
តើខគម្ពីរនេះមានន័យយ៉ាងណា៖ គោលដៅចម្បងដែលយើងចូលរួមកិច្ចប្រជុំ គឺដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ម្យ៉ាងវិញទៀត ប្អូនអាចទទួលប្រយោជន៍ពីរយ៉ាង ពេលដែលប្អូនចូលរួមកិច្ចប្រជុំ។ ទី១ ប្អូនអាចទទួលការលើកទឹកចិត្តពីបងប្អូនរួមជំនឿ។ ទី២ ប្អូនអាចផ្ដល់ការលើកទឹកចិត្តដល់បងប្អូនរួមជំនឿដោយចូលរួមកិច្ចប្រជុំនឹងរួមចំណែកក្នុងកិច្ចប្រជុំ។—រ៉ូម ១:១១, ១២
អ្វីដែលនឹងកើតឡើង៖ ជួនកាល ប្អូនប្រហែលជាពិបាកផ្ចង់អារម្មណ៍ ហើយនេះធ្វើឲ្យប្អូនមិនបានទទួលប្រយោជន៍ពីការណែនាំដ៏មានតម្លៃនៅក្នុងកិច្ចប្រជុំ។ ឬក៏ប្អូនចង់ឈប់ចូលរួមកិច្ចប្រជុំទាំងអស់ ហើយឲ្យអ្វីផ្សេងមកបំបែរអារម្មណ៍របស់ប្អូន ដូចជាការធ្វើកិច្ចការសាលានៅផ្ទះជាដើម។
អ្វីដែលប្អូនអាចធ្វើ៖ ចូរតាំងគោលដៅទទួលប្រយោជន៍យ៉ាងពេញលេញពីកិច្ចប្រជុំទាំងអស់ ដោយមិនគិតច្រើនពេកពីកិច្ចការសាលា ហើយព្យាយាមចូលរួមកិច្ចប្រជុំឲ្យបានទៀងទាត់។ រួមចំណែកក្នុងកិច្ចប្រជុំដោយលើកដៃឆ្លើយ។ ក្រោយប្រជុំចប់ ប្អូនអាចសរសើរបងប្អូនណាម្នាក់ចំពោះចម្លើយរបស់គាត់ និងផ្នែកដែលពួកគាត់មានក្នុងកិច្ចប្រជុំ។
យោបល់៖ សូមរៀបចំទុកជាមុន។ ថតចម្លងកម្មវិធីJWបណ្ណាល័យ ហើយចុចលើរូបភាព«កិច្ចប្រជុំ» ដើម្បីដឹងអំពីអ្វីដែលយើងនឹងរៀនក្នុងកិច្ចប្រជុំនីមួយៗ។
ត្រូវការជំនួយបន្ថែម?៖
សូមអាន៖
«ហេតុអ្វីត្រូវចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិក?»