សំណួរពីយុវវ័យ
ចុះបើខ្ញុំមិនចូលចិត្តទៅសាលា?
ប្អូនមិនចូលចិត្តទៅសាលាប្រហែលដោយសារគ្រូតឹងរ៉ឹង មានការបង្ខិតបង្ខំពីសិស្សរួមថ្នាក់ មានលំហាត់សាលាមិនចេះអស់ ថែមទាំងមានប្រឡងច្រើនទៀត។ នេះប្រហែលជាមូលហេតុត្រឹមត្រូវមួយចំនួនដែលប្អូនមិនចង់ទៅ។ a យុវវ័យម្នាក់ឈ្មោះរេឆឺល b បាននិយាយថា៖
«ក្រៅពីសាលា ខ្ញុំទៅកន្លែងណាក៏បានដែរ។ ខ្ញុំសប្បាយជាងបើទៅលេងឆ្នេរសមុទ្រ ទៅជាមួយមិត្តភក្តិ ជួយការងារផ្ទះ ឬជួយធ្វើម្ហូបជាដើម»។
បើប្អូនមានអារម្មណ៍ស្រដៀងនឹងរេឆឺល អំឡុងពេលនៅសាលាប្រហែលជាធ្វើឲ្យប្អូនមានអារម្មណ៍ដូចជាជាប់គុក ហើយត្រូវស៊ូទ្រាំរហូតដល់ប្អូនត្រូវដោះលែងគឺពេលដែលប្អូនរៀនចប់។ តើមានវិធីល្អជាងឲ្យប្អូនមានទស្សនៈត្រឹមត្រូវចំពោះពេលវេលាដែលប្អូនមាននៅសាលាទេ?
តើប្អូនដឹងទេ? ពេលប្អូនបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវចំពោះសាលារៀន នោះប្អូនអាចគ្រប់គ្រងស្ថានភាព ហើយឈប់គិតថាការរៀននៅសាលាគឺជាអ្វីមួយដែលប្អូនត្រូវស៊ូទ្រាំទៀត។ ក្នុងន័យម្យ៉ាង សាលារៀននឹងទៅជាមធ្យោបាយដែលប្អូនប្រើដើម្បីបណ្ដុះបណ្ដាលជំនាញនិងអភិវឌ្ឍន៍ខ្លួន។ នោះជាអ្វីដែលប្អូនត្រូវការពេលប្អូនក្លាយជាមនុស្សពេញវ័យ។
ដើម្បីមានទស្សនៈត្រឹមត្រូវចំពោះការរៀននៅសាលា សូមគិតអំពីចំណុចដូចខាងក្រោម៖
ការអប់រំ។ ពេលប្អូនរៀនកាន់តែច្រើន ប្អូនកាន់តែចេះដោះស្រាយបញ្ហាដែលប្អូននឹងជួបនាពេលខាងមុខ មិនថានៅកន្លែងធ្វើការ និងក្នុងទិដ្ឋភាពផ្សេងទៀតក្នុងជីវិត។ នោះនឹងជួយឲ្យប្អូនមិនពឹងផ្អែកលើអ្នកឯទៀតរាល់ដងដែលប្អូនជួបបញ្ហាឡើយ។ សូមសួរខ្លួនថា៖‹ទោះបីមានអ្វីជាច្រើននៅសាលាដែលខ្ញុំមិនចូលចិត្តក្ដី តើមានប្រយោជន៍អ្វីខ្លះដែលខ្ញុំនឹងទទួលពីការអប់រំនៅទីនោះ?›។
គោលការណ៍គម្ពីរ៖«ចូររក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត»។—សុភាសិត ៣:២១
ដើម្បីស្វែងយល់ថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«ចុះបើខ្ញុំរៀនខ្សោយ?»។
ទម្លាប់របស់ប្អូន។ ទម្លាប់ប្រចាំថ្ងៃនៅសាលា អាចជួយប្អូនឲ្យចេះប្រើប្រាស់ពេលវេលា ចេះលត់ដំខ្លួន និងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម។ គុណសម្បត្តិទាំងនេះជាអ្វីដែលប្អូនត្រូវការពេលដែលប្អូនធំពេញវ័យ។ សូមសួរខ្លួនថា៖‹តើតាមរបៀបណាទម្លាប់ប្រចាំថ្ងៃនៅសាលាជួយខ្ញុំឲ្យចេះលត់ដំខ្លួន និងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម? តើមានចំណុចណាខ្លះដែលខ្ញុំអាចរីកចម្រើនថែមទៀត?›។
គោលការណ៍គម្ពីរ៖«អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍»។—សុភាសិត ១៤:២៣
ដើម្បីស្វែងយល់ថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«តើតាមរបៀបណាខ្ញុំអាចប្រើពេលវេលារបស់ខ្ញុំដោយឈ្លាសវៃ?»។
ទំនាក់ទំនងជាមួយអ្នកឯទៀត។ ការទាក់ទងជាមួយនឹងមិត្តភក្តិនៅសាលាអាចជួយប្អូនឲ្យចេះយោគយល់និងចេះគោរពអ្នកឯទៀត។ ប្អូនប្រុសចូស៊ូអាបានរៀបរាប់ថា៖«ការរៀនឲ្យចេះសន្ទនាជាមួយអ្នកឯទៀត ក៏សំខាន់ដូចនឹងការរៀនប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រដែរ។ ព្រោះជំនាញនោះមានប្រយោជន៍ពេញមួយជីវិតតែម្ដង»។ សូមសួរខ្លួនថា៖‹តើមេរៀនអ្វីខ្លះដែលខ្ញុំរៀននៅសាលាបានជួយខ្ញុំឲ្យចុះសម្រុងនឹងអ្នកឯទៀតទោះជាពួកគេមានមជ្ឈដ្ឋាននិងជំនឿខុសពីខ្ញុំក៏ដោយ?›។
គោលការណ៍គម្ពីរ៖«ចូរខំប្រឹងឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់»។—ហេប្រឺ ១២:១៤
ដើម្បីស្វែងយល់ថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីពូកែសន្ទនាជាង?»។
អនាគតរបស់ប្អូន។ ការអប់រំនៅសាលាអាចជួយប្អូនឲ្យស្គាល់កម្រិតសមត្ថភាពរបស់ប្អូន និងជួយប្អូនឲ្យកំណត់គោលដៅស្របទៅតាមសមត្ថភាពនោះ។ យុវតីម្នាក់ឈ្មោះប៊្រូកបានរៀបរាប់ថា៖«អ្នកប្រហែលជាអាចទទួលការបង្ហាត់បង្រៀនណាមួយដូចខ្ញុំដែរ ដើម្បីអ្នកអាចរកការងារធ្វើ ពេលអ្នកបញ្ចប់ការសិក្សា»។ សូមសួរខ្លួនថា៖‹តើខ្ញុំផ្គត់ផ្គង់ខ្លួនឯងតាមរបៀបណាក្រោយពីខ្ញុំរៀនចប់? តើការអប់រំនៅសាលាអាចជួយខ្ញុំយ៉ាងដូចម្ដេចក្នុងការរកការងារណាមួយនៅថ្ងៃក្រោយ?›។
គោលការណ៍គម្ពីរ៖«ចូរធ្វើឲ្យផ្លូវដើររបស់កូនបានរលូន នោះកូននឹងដើរដោយមានលំនឹងរឹងមាំ»។—សុភាសិត ៤:២៦