លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក?

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក?

 ថ្មី​ៗ​នេះ តើ​ប្អូន​មាន​មិត្ត​ភក្តិ​ឬ​សមាជិក​គ្រួសារ​ណា​ម្នាក់​បាន​ស្លាប់​ទេ? បើ​មាន​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក​ដោយ​សារ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

 តើ​ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ពេក​ឬ?

 អ្នក​ខ្លះ​កើត​ទុក្ខ​តែ​មួយ​ភ្លែត​ទេ តែ​អ្នក​ខ្លះ​ទៀត​កើត​ទុក្ខ​ខ្លាំង​និង​អស់​រយៈ​ពេល​ជា​យូរ។

 ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​តា​ខ្ញុំ​បាន​ស្លាប់​អស់​ពីរ​ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​តែ​គិត​អំពី​គាត់​រាល់​ថ្ងៃ។ ពេល​និយាយ​ពី​គាត់​ម្ដង​ៗ ខ្ញុំ​យំ​រហូត​»។

 ប្អូន​អាលីសុន​បាន​រៀប​រាប់​ថា​៖​«​យាយ​ខ្ញុំ​ជា​អ្នក​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សម្រេច​គោល​ដៅ តែ​ពេល​ដែល​ខ្ញុំ​បាន​សម្រេច​ហើយ គាត់​បែរ​មិន​នៅ​ទៅ​វិញ។ រាល់​ដង​ដែល​ខ្ញុំ​សម្រេច​គោល​ដៅ​ណា​មួយ ខ្ញុំ​នឹក​ដល់​យាយ​ខ្ញុំ​រហូត ព្រោះ​គាត់​មិន​នៅ​ក្បែរ​ខ្ញុំ​ទៀត​ទេ​»។

 ក្នុង​អំឡុង​ពេល​កើត​ទុក្ខ ប្អូន​អាច​នឹង​មាន​អារម្មណ៍​ផ្សេង​ៗ។ ជា​ឧទាហរណ៍​៖

 ប្អូន​ណាឌីន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ពិបាក​ជឿ​ខ្លាំង​ណាស់​ថាពូ​ខ្ញុំ​ស្លាប់។ ទោះ​ជា​កន្លង​ទៅ​អស់​មួយ​រយៈ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ពិបាក​ជឿ​ដដែល។ នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​រឿង​នេះ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​រថ​ភ្លើង​កិន​អ៊ីចឹង​»។

 ប្អូន​ខាលឡូស​បាន​រៀប​រាប់​ថា​៖​«​ពេល​តា​ខ្ញុំ​ស្លាប់ ខ្ញុំ​ខឹង​គាត់​ណាស់ ព្រោះ​គាត់​មិន​បាន​ខ្វល់​ពី​សុខភាព​របស់​គាត់​ទេ ទោះ​កូន​ចៅ​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ណា​ក៏​ដោយ​»។

 ប្អូន​អាឌ្រាណា​បាន​រៀប​រាប់​ថា​៖​«​ពេល​តា​ខ្ញុំ​ស្លាប់ មាន​តែ​ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​ប៉ុណ្ណោះ​ដែល​មិន​បាន​នៅ​ទាន់​ដង្ហើម​គាត់។ ខ្ញុំ​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មិន​បាន​លា​គាត់​ចុង​ក្រោយ​»។

 ប្អូន​ចារេដ​បាន​រៀប​រាប់​ថា​៖​«​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ក្រោយ​ពី​រឿង​នោះ​កើត​ឡើង ពេល​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​ខ្ញុំ​ចេញ​ទៅ​ណា​មក​ណា​ម្ដង​ៗ ខ្ញុំ​តែង​ភ័យ ហើយ​ខ្លាច​ថា​តិច​គាត់​ស្លាប់​ដែរ​ទៅ​»។

 ប្អូន​ជូលាណឺ​បាន​រៀប​រាប់​ថា​៖​«​បី​ឆ្នាំ​មុន យាយ​ខ្ញុំ​បាន​ស្លាប់។ ខ្ញុំ​ស្ដាយ​ណាស់​ដែល​ខ្ញុំ​មិន​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​គាត់​កាល​ដែល​គាត់​នៅ​រស់​»។

 ពេល​កើត​ទុក្ខ គឺ​ធម្មតា​ទេ​ដែល​យើង​មាន​អារម្មណ៍​ដូច​ជា ពិបាក​ជឿ ខឹង ខឹង​ខ្លួន​ឯង ភ័យ និង​ស្ដាយ​ជា​ដើម។ បើ​ប្អូន​មាន​អារម្មណ៍​ទាំង​នេះ​មែន សូម​ចាំ​ថា​វា​នឹង​រសាយ​ទៅ​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ នៅ​ដំណាល​គ្នា​នោះ ប្អូន​អាច​ស៊ូ​ទ្រាំ​នឹង​ការ​កើត​ទុក្ខ​បាន។ តើ​តាម​របៀប​ណា?

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​ពេល​កើត​ទុក្ខ

 ប្រាប់​អារម្មណ៍​ដល់​មិត្ត​ភក្តិ។ គម្ពីរ​ចែង​ថា​មិត្ត​ពិត​«​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។ (​សុភាសិត ១៧:១៧​) ពេល​ប្អូន​ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​នរណា​ម្នាក់ នោះ​ប្អូន​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។

 ប្អូន​អ៊ីវឹត​បាន​រៀប​រាប់​ថា​៖​«​ធម្មតា​ទេ​ដែល​យើង​កើត​ទុក្ខ ហើយ​យើង​ប្រហែល​ជា​គិត​ថា​គ្មាន​ថ្ងៃ​ខ្ញុំ​បាន​ធូរ​ទេ។ ហេតុ​នេះ​ហើយ​ជា​ការ​ល្អ​ឲ្យ​យើង​និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់​»។

 រំលឹក​អនុស្សាវរីយ៍​ដែល​ប្អូន​មាន​ជា​មួយ​គាត់។ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ល្អ បញ្ចេញ​អ្វី​ល្អ​ពី​របស់​ល្អ​ដែល​គាត់​បាន​សន្សំ​ទុក​ក្នុង​ចិត្ត​»។ (​លូកា ៦:៤៥​) ប្អូន​អាច​កត់​ទុក​អ្វី​ល្អ​ៗ​អំពី​គាត់ ឬ​ប្អូន​អាច​រៀប​ចំ​សៀវភៅ​កម្រង​អនុស្សាវរីយ៍​ក៏​បាន។

 ប្អូន​ចេហ្វ្រី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​កត់​ទុក​អ្វី​ទាំង​អស់​ដែល​មិត្ត​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​មុន​គាត់​ស្លាប់។ ការ​ធ្វើ​ដូច្នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​នឹក​ចាំ​គំរូ​របស់​គាត់ ហើយ​ចង់​ធ្វើ​តាម​គំរូ​នោះ។ ការ​សរសេរ​អំពី​គាត់​បាន​ជួយ​ខ្ញុំ​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក​»។

 មើល​ថែ​សុខភាព​របស់​ប្អូន។ គម្ពីរ​បញ្ជាក់​ថា​ការ​ហាត់​ប្រាណ​គឺ​ផ្ដល់​ប្រយោជន៍​ដល់​រាង​កាយ។ (​ធីម៉ូថេ​ទី១ ៤:៨​) ដូច្នេះ សំខាន់​ណាស់​ឲ្យ​ប្អូន​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ហាត់​ប្រាណ​និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។

 ប្អូន​ម៉ារៀ​បាន​រៀប​រាប់​ថា​៖​«​ពេល​កំពុង​កើត​ទុក្ខ យើង​ពិបាក​គិត​ឲ្យ​បាន​ច្បាស់​លាស់។ ដូច្នេះ ជា​ការ​សំខាន់​ដែល​យើង​ថែ​រក្សា​សុខភាព។ សូម​កុំ​ភ្លេច​បរិភោគ​និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​»។

 ជួយ​អ្នក​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

 ប្អូន​ខាលឡូស​បាន​រៀប​រាប់​ថា​៖​«​សូម​ព្យាយាម​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក​ឯ​ទៀត ជា​ពិសេស​ដល់​អ្នក​ដែល​កំពុង​កើត​ទុក្ខ។ ការ​ធ្វើ​ដូច្នេះ​អាច​រំលឹក​យើង​ថា​អ្នក​ឯ​ទៀត​ក៏​កំពុង​រង​ទុក្ខ​ដែរ​»។

 ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​ថា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:២​) គម្ពីរ​ក៏​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​រុំ​របួស​ឲ្យ​ពួក​គេ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៧:៣

 ប្អូន​ជើនិត​បាន​រៀប​រាប់​ថា​៖​«​ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង ហើយ​សុំ​លោក​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង។ ថ្ងៃ​ខ្លះ​ប្រហែល​ល្អ ថ្ងៃ​ខ្លះ​ប្រហែល​ជា​មិន​សូវ​ល្អ​ទេ តែ​ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ក្បែរ​យើង​ជា​និច្ច​»។

 កុំ​តម្រូវ​ពី​ខ្លួន​ហួស​ហេតុ​ពេក។ សូម​ចាំ​ថា​មនុស្ស​ម្នាក់​ៗ​កើត​ទុក្ខ​ខុស​គ្នា។ គម្ពីរ​ចែង​ថា​យ៉ាកុប​«​មិន​ព្រម​ស្ដាប់​ពាក្យ​សម្រាល​ទុក្ខ​»​ទេ ពេល​គាត់​ដឹង​ថា​កូន​ប្រុស​របស់​គាត់​បាន​ស្លាប់។ (​ដើម​កំណើត ៣៧:៣៥​) ដូច្នេះ មិន​មែន​ចម្លែក​ឡើយ​បើ​ប្អូន​កើត​ទុក្ខ​អស់​រយៈ​ពេល​យូរ។

 ប្អូន​ថេល័រ​បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​យាយ​ធំ​របស់​ខ្ញុំ​បាន​ស្លាប់​អស់​១៥​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​នៅ​មាន​អ្វី​ជា​ច្រើន​រំលឹក​ខ្ញុំ​អំពី​គាត់​»។

 ឧបមា​ថា ប្អូន​បាក់​ឆ្អឹង។ ប្អូន​ច្បាស់​ជា​ឈឺ​ខ្លាំង​ណាស់ ហើយ​ក៏​ត្រូវ​ការ​ពេល​ឲ្យ​វា​ជា​សះ​ស្បើយ​ដែរ។ ម្យ៉ាង​ទៀត គ្រូ​ពេទ្យ​ប្រហែល​ជា​ឲ្យ​ការ​ណែនាំ​ដល់​ប្អូន​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​របស់​ប្អូន​ឆាប់​ជា​សះ​ស្បើយ។

 ស្រដៀង​គ្នា​ដែរ ពេល​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ យើង​ហាក់​ដូច​ជា​មាន​«​របួស​»​ដ៏​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​ក៏​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​របួស​នោះ​ជា​សះ​ស្បើយ​ដែរ។ ដូច្នេះ សូម​អត់​ធ្មត់។ សូម​ពិចារណា​យោបល់​ក្នុង​អត្ថបទ​នេះ ហើយ​មើល​ថា​មួយ​ណា​មាន​ប្រយោជន៍​ជាង​គេ​សម្រាប់​ប្អូន។