លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ហ្គេម​អេឡិចត្រូនិក?

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ហ្គេម​អេឡិចត្រូនិក?

 សំណួរ​ចម្លើយ​អំពី​ហ្គេម​អេឡិចត្រូនិក

 នៅ​សហរដ្ឋ​អាម៉េរិក មនុស្ស​បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​លេង​ហ្គេម​អេឡិចត្រូនិក . . .

  1.  ១. ជា​មធ្យម តើ​អ្នក​លេង​ហ្គេម​អេឡិចត្រូនិក​មាន​អាយុ​ប៉ុន្មាន?

    1.  ក. ១៨​ឆ្នាំ

    2.  ខ. ៣០​ឆ្នាំ

  2.  ២. ក្នុង​ចំណោម​អ្នក​លេង​ហ្គេម តើ​មាន​ប្រុស​ប៉ុន្មាន​ភាគ​រយ ស្រី​ប៉ុន្មាន​ភាគ​រយ?

    1.  ក. ប្រុស​៥៥​ភាគ​រយ ស្រី​៤៥​ភាគ​រយ

    2.  ខ. ប្រុស​១៥​ភាគ​រយ ស្រី​៨៥​ភាគ​រយ

  3.  ៣. ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​ខាង​ក្រោម​នេះ តើ​ក្រុម​មួយ​ណា​លេង​ហ្គេម​ច្រើន​ជាង?

    1.  ក. ស្រី​អាយុ​១៨​ឆ្នាំ​និង​ចាស់​ជាង

    2.  ខ. ប្រុស​អាយុ​១៧​ឆ្នាំ​និង​ក្មេង​ជាង

 ចម្លើយ (ផ្អែក​ទៅ​លើ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៣)​៖

  1.  ១. ខ. ៣០​ឆ្នាំ

  2.  ២. ក. ស្រី​៤៥​ភាគ​រយ​ដែល​ជិត​ស្មើ​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​លេង​ហ្គេម​ទាំង​អស់។

  3.  ៣. ក. ស្រី​អាយុ​១៨​ឆ្នាំ​និង​ចាស់​ជាង​ស្មើ​នឹង​៣១​ភាគ​រយ​នៃ​អ្នក​លេង​ហ្គេម រីឯ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​ក្មេង​ជាង​មាន​តែ​១៩​ភាគ​រយ​ប៉ុណ្ណោះ។

 ទិន្នន័យ​ទាំង​នោះ​ប្រហែល​ជា​បង្ហាញ​ប្រាប់​ប្អូន​ថា​អ្នក​ណា​កំពុង​លេង។ ប៉ុន្តែ ទិន្នន័យ​ទាំង​នោះ​មិន​បង្ហាញ​ប្រាប់​ប្អូន​អំពី​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ដែល​មក​ពី​ការ​លេង​ហ្គេម​អេឡិចត្រូនិក​ទេ។

 ឥទ្ធិពល​ល្អ

 នៅ​ខាង​ក្រោម​នេះ​គឺ​ជា​ពាក្យ​សម្ដី​របស់​យុវវ័យ​មួយ​ចំនួន​ស្ដី​អំពី​ហ្គេម​អេឡិចត្រូនិក។ តើ​ប្អូន​យល់​ស្រប​នឹង​ពាក្យ​សម្ដី​មួយ​ណា?

  •  ប្អូន​អៃរីន​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ពេល​សប្បាយ ហើយ​បង្កើន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​»។

  •  ប្អូន​អាណេត​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​អាច​ជួយ​យើង​ឲ្យ​បន្លប់​ទុក្ខ​»។

  •  ប្អូន​គ្រិស្តតូហ្វើ​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​អាច​ជួយ​យើង​ឲ្យ​ចេះ​បត់​បែន​រហ័ស​»។

  •  ប្អូន​អេមី​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ល្បង​ប្រាជ្ញា​ជួយ​បង្វឹក​បង្ហាត់​សមត្ថភាព​គិត​គូរ​»។

  •  ប្អូន​អានថូនី​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ជួយ​យើង​ឲ្យ​ចេះ​គិត​វែង​ឆ្ងាយ​»។

  •  ប្អូន​ថូម៉ាស់​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ខ្លះ​ជួយ​យើង​ឲ្យ​ចេះ​សហការ​ជា​មួយ​មិត្ត​ភក្ដិ​»។

  •  ប្អូន​យ៉ាអែល​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ខ្លះ​ជួយ​យើង​ឲ្យ​ហាត់​ប្រាណ​»។

 តើ​ប្អូន​យល់​ស្រប​នឹង​ពាក្យ​សម្ដី​ណា​ខ្លះ? ដូច​ពួក​គាត់​បាន​និយាយ វីដេអូ​ហ្គេម​អាច​មាន​ប្រយោជន៍​ដល់​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ព្រម​ទាំង​ខួរ​ក្បាល។ ហ្គេម​ខ្លះ​អាច​ជា​របៀប​មួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ពេល​វេលា​ដើរ​លឿន ដូច​អ្វី​ដែល​ប្អូន​អាណេត​បាន​ប្រាប់ ​«​ហ្គេម​អាច​ជួយ​យើង​ឲ្យ​បន្លប់​ទុក្ខ​»។ សរុប​សេចក្ដី​ទៅ ការ​លេង​ហ្គេម​មិន​តែង​តែ​ខុស​ទេ។

 ● គម្ពីរ​ប្រាប់​ថា​៖​«​មាន​ពេល​សម្រាប់​គ្រប់​សកម្មភាព​នៅ​ក្រោម​មេឃ​»។ នេះ​រួម​បញ្ចូល​ការ​លេង​កម្សាន្ត​ដែរ។—អ្នក​ទូន្មាន ៣:១​-​៤

 ឥទ្ធិពល​អាក្រក់

 តើ​ការ​លេង​ហ្គេម​ស៊ី​ពេល​វេលា​ប្អូន​ច្រើន​ពេក​ឬ​ទេ?

 ប្អូន​អាណេត​បាន​រៀប​រាប់​ថា​៖​«​ពេល​ណា​ខ្ញុំ​ចាប់​ផ្ដើម​លេង​ហ្គេម ខ្ញុំ​ពិបាក​ឈប់​ណាស់។ ហើយ​ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា‹ខ្ញុំ​លេង​តែ​មួយ​វគ្គ​ទៀត​ទេ!›។ ប៉ុន្តែ​ភ្លេច​ៗ​ខ្លួន អស់​ប៉ុន្មាន​ម៉ោង​បាត់។ ក្រោយ​មក ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ចំណាយ​ពេល​លេង​ហ្គេម​យូរ​ពេក!​»។

 ប្អូន​សឺរីណឺ​បាន​រៀប​រាប់​ថា​៖​«​វីដេអូ​ហ្គេម​ពិត​ជា​ស៊ី​ពេល​យើង​ច្រើន​ណាស់។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​បាន​សម្រេច​កិច្ច​ការ​ផ្សេង​ៗ ដោយ​សារ​យើង​បាន​ឈ្នះ​ហ្គេម​ប្រាំ​វគ្គ។ ប៉ុន្តែ ក្នុង​ជីវិត​ពិត យើង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​អង្គុយ​អស់​រាប់​ម៉ោង​លេង​ហ្គេម​ប៉ុណ្ណោះ​»។

 សរុប​សេចក្ដី​៖ ពេល​វេលា​គឺ​មាន​តម្លៃ​ជាង​លុយ។ ពីព្រោះ​បើ​ប្អូន​បាត់​លុយ ប្អូន​ប្រហែល​ជា​អាច​រក​លុយ​មក​វិញ។ ប៉ុន្តែ បើ​ប្អូន​ខ្ជះ​ខ្ជាយ​ពេល​វេលា ប្អូន​មិន​អាច​យក​ពេល​វេលា​នោះ​មក​វិញ​បាន​ទេ។ ដូច្នេះ សូម​កុំ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​ការ​លេង​ហ្គេម!

 ● គម្ពីរ​ចែង​ថា​៖‹ចូរ​បន្ត​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា និង​ចូរ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត›។—កូឡុស ៤:៥

 តើ​ហ្គេម​អេឡិចត្រូនិក​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​ប្អូន​ឬ​ទេ?

 ប្អូន​សេត​បាន​រៀប​រាប់​ថា​៖​«​នៅ​ក្នុង​ហ្គេម មាន​ការ​បាញ់​គ្នា​ឬ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ចិត្ត។ ប៉ុន្តែ​ក្នុង​ជីវិត​ពិត ទង្វើ​ទាំង​នេះ​អាច​នាំ​ឲ្យ​ជាប់​គុក​ឬ​ស្លាប់​ជា​មិន​ខាន​»។

 ប្អូន​អាណេត​បាន​រៀប​រាប់​ថា​៖​«​ហ្គេម​ជា​ច្រើន​ត្រូវ​ប្រយុទ្ធ​ជា​មួយ​សត្រូវ​ដើម្បី​ទៅ​ដល់​គោល​ដៅ។ ដូច្នេះ នេះ​តម្រូវ​ឲ្យ​សម្លាប់​សត្រូវ​យ៉ាង​សាហាវ​ឃោរឃៅ​»។

 ប្អូន​ណេថិន​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល​ពេល​លេង​ហ្គេម​ជា​មួយ​មិត្ត​ភក្ដិ ដោយ​មិន​ដឹង​ខ្លួន​យើង​អាច​និយាយ​ពាក្យ​មិន​សមរម្យ​ដូច​ជា​៖‹ងាប់​ទៅ!› ឬ‹យើង​នឹង​សម្លាប់​ឯង›​»។

 សរុប​សេចក្ដី​៖ សូម​ជៀស​ចេញ​ពី​ហ្គេម​ដែល​លើក​ស្ទួយ​អ្វី​ដែល​ព្រះ​ស្អប់ រួម​មាន​អំពើ​ឃោរឃៅ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​មន្ត​អាគម។—កាឡាទី ៥:១៩​-​២១; អេភេសូរ ៥:១០; យ៉ូហាន​ទី​១ ២:១៥, ១៦

 ● គម្ពីរ​ប្រាប់​ថា ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ស្អប់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​«​ស្អប់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ​»​ដែរ។ (​ចម្រៀង​សរសើរ​ព្រះ ១១:៥​) ទោះ​ជា​ប្រភេទ​ហ្គេម​ដែល​ប្អូន​លេង​មិន​បង្ហាញ​ថា​ប្អូន​នឹង​ទៅ​ជា​មនុស្ស​បែប​នោះ​ទៅ​ថ្ងៃ​ខាង​មុខ​ក្ដី តែ​វា​បង្ហាញ​ថា​ឥឡូវ​នេះ ប្អូន​ជា​មនុស្ស​បែប​ណា។

 សូម​គិត​អំពី​នេះ​៖ យោង​ទៅ​តាម​សៀវភៅ​មួយ​រៀប​រាប់​ថា​៖​«​ការ​លេង​ហ្គេម​វីដេអូ​ដែល​មាន​អំពើ​ឃោរឃៅ​មាន​ឥទ្ធិពល​ទៅ​លើ​ក្មេង​ៗ​ខ្លាំង​ជាង​ការ​មើល​តាម​ទូរទស្សន៍​ទៅ​ទៀត ពីព្រោះ​ក្មេង​មិន​គ្រាន់​តែ​អង្គុយ​មើល​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ឬ​តួ​អង្គ​ដែល​ប្រព្រឹត្ត​ទេ តែ​ពួក​គេ​ផ្ទាល់​ជា​តួ​អង្គ​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ ម្ល៉ោះ​ហើយ ការ​លេង​ហ្គេម​វីដេអូ​បែប​នេះ​គឺ​ប្រៀប​ដូច​ជា​យើង​កំពុង​រៀន​ពី​គ្រូ​ម្នាក់​នៅ​ក្នុង​ថ្នាក់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ(​Getting to Calm​)។—សូម​ពិនិត្យ​បន្ថែម អេសាយ ២:៤

 ទទួល​ស្គាល់​ការ​ពិត​អំពី​ការ​លេង​ហ្គេម

 យុវវ័យ​ជា​ច្រើន​នាក់​បាន​រៀន​ឲ្យ​ចេះ​មាន​តុល្យភាព​ក្នុង​ការ​លេង​ហ្គេម។ សូម​ពិចារណា​ឧទាហរណ៍​ពីរ។

 ប្អូន​ចូសេហ្វ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​លេង​វីដេអូ​ហ្គេម​រហូត​ដល់​យប់​ជ្រៅ ដោយ​គិត​ថា​៖‹ខ្ញុំ​ត្រូវ​ការ​ដេក​តែ​ប្រាំ​ម៉ោង​ហ្នឹង! អ៊ីចឹង​លេង​ត​មួយ​វគ្គ​ទៀត មាន​ទៅ​អី›។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ចេះ​ដាក់​កម្រិត​ទៅ​លើ​ការ​លេង​ហ្គេម។ ដូច្នេះ ខ្ញុំ​លេង​ហ្គេម​ដើម្បី​កម្សាន្ត​យូរ​ៗ​ម្ដង​ប៉ុណ្ណោះ។ និយាយ​រួម​ទៅ មិន​ថា​យើង​ធ្វើ​អ្វី​ក៏​ដោយ យើង​គួរ​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព មិន​មែន​ដោយ​ជ្រុល​ពេក​ទេ​»។

 ប្អូន​ដាវីឌ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​កាត់​បន្ថយ​ការ​លេង​ហ្គេម ដូច្នេះ​ហើយ ខ្ញុំ​អាច​សម្រេច​ការ​បាន​ច្រើន​ជាង​ដូច​ជា បង្កើន​កិច្ច​បម្រើ​ផ្សាយ ជួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ និង​រៀន​ឧបករណ៍​ភ្លេង​ជា​ដើម។ ខ្ញុំ​ឃើញ​ថា មាន​អ្វី​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ក្នុង​ជីវិត​ពិត​»។

 ● គម្ពីរ​ចែង​ថា បុរស​និង​ស្ត្រី​ដែល​មាន​គំនិត​ចាស់​ទុំ​«​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​»។ (​ធីម៉ូថេ​ទី​១ ៣:២, ១១​) ពួក​គេ​មាន​ការ​កម្សាន្ត តែ​ពួក​គេ​ក៏​ចេះ​ទប់​ចិត្ត​ដោយ​ដឹង​ថា​ពេល​ណា​គួរ​ឈប់។—អេភេសូរ ៥:១០

 សរុប​សេចក្ដី​៖ ការ​លេង​ហ្គេម​អេឡិចត្រូនិក​អាច​ជា​ការ​កម្សាន្ត​ល្អ លុះ​ត្រា​តែ​យើង​ចេះ​ដាក់​កម្រិត​ឬ​ជ្រើស​រើស​ប្រភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដូច្នេះ សូម​កុំ​វក់​នឹង​ការ​លេង​ហ្គេម​រហូត​ដល់​ភ្លេច​ធ្វើ​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត។ ជា​ជាង​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​ការ​ឈ្នះ​ក្នុង​ហ្គេម សូម​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​ក្នុង​ជីវិត​ពិត។ យ៉ាង​នេះ ប្អូន​នឹង​ទៅ​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ។